វិធីសាស្ត្រ​ដោះស្រាយ​ជម្លោះ​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (ភាគ​បញ្ចប់)

ដោយ សាន សែល
2016.09.14
កម្មករ​រោងចក្រ ក្លូប័ល តវ៉ា ៨៥៥ កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​សំណង​ប្រាក់​អតីតភាព​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo/Alexander Ledet

អ្នក​ឃ្លាំ​មើល​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ផ្សេង​ទៀត​រក​ឃើញ​ថា កម្ពុជា ត្រូវ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន​ទាក់ទង​នឹង​អភិបាលកិច្ច​ល្អ ប្រសិន​បើ​គេ​ចង់​ឲ្យ​វិស័យ​នេះ​មាន​ការ​រីក​ចម្រើន និង​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។

ការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​វិស័យ​កាត់​ដេរ​កម្ពុជា របស់​លោក យូកុ អាសុយ៉ាម៉ា (Yoko Asuyama) អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច (Institute of Developing Economies) និង​លោក នៅ សីហា ទីប្រឹក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ការ​អប់រំ (Educational Development Institute) សន្និដ្ឋាន​ថា នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា។ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​បាន​លើក​ឡើង​ថា ការ​ប្រើ​លុយ​ក្រោម​តុ និង​តម្លៃ​អគ្គិសនី​ថ្លៃ​ជា​បញ្ហា​ត្រូវ​កែលំអ។

លោក អាត់ ធន់ តាមដាន​ឃើញ​ថា វិនិយោគិន​ចិន តែង​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​មាន​មន្ត្រី​មាន​អំណាច ដើម្បី​យក​ធ្វើ​ជា​ខ្នង​បង្អែក​ដោយ​មិន​ខ្លាច​ការ​ដាក់​ទោស​ទណ្ឌ៖ «ពេល​មាន​ជម្លោះ​ជាមួយ​កម្មករ គេ​មិន​សូវ​ខ្វល់​ទៅ​ជជែក​ជាមួយ​កម្មករ​ប៉ុន្មាន​ទេ។ ពេល​ដែល​បញ្ឈប់​កម្មករ​ម្នាក់​ពី​ការងារ បើ​តាម​ច្បាប់​គេ​ត្រូវ​ចំណាយ​ពី ១​ពាន់ ទៅ ២​ពាន់​ដុល្លារ តែ​គេ​ទៅ​ពឹង​មន្ត្រី​ដើម្បី​ធ្វើ​កិច្ចការ ព្រោះ​ចំណាយ​ប្រាក់​តិច»

នៅ​ខែ​កក្កដា លោក អៀ សុផល ប្រាប់​អាស៊ីសេរី​ថា ពី​ប្រាក់​ចំណេញ​ទាំងនេះ ថៅកែ​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ។ ក៏ប៉ុន្តែ​លោក​គិត​ថា​មាន​មូលហេតុ​ដែល​រារាំង​មិន​ឲ្យ​គេ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​តាម​ទិដ្ឋភាព​ជាក់ស្តែង នោះ​គឺ​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ដែល​ម្ចាស់​រោងចក្រ​បង់​ប្រាក់​ជូន​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ប័ណ្ណ​វិនិយោគ​ដើម្បី​នាំ​ចេញ ដែល​ប្រាក់​ទាំងនោះ​អាច​យក​មក​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ។

ទោះ​បី​ជា​បែប​នេះ​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បន្ត​អះអាង​ថា ក្រសួង​មិន​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ការ​សូកប៉ាន់​រវាង​ក្រុមហ៊ុន និង​មន្ត្រី​ក្រសួង​នោះ​ទេ។ ប្រសិន​បើ​ករណី​ពុក​រលួយ​កើត​ឡើង​មែន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ដោះស្រាយ​រឿង​នេះ៖ «បើ​សិន​ករណី​នេះ​កើត​ឡើង​មែន កម្មករ​មាន​ភស្តុតាង គាត់​នឹង​ដាក់​ពាក្យ​បណ្ដឹង គាត់​មិន​ទុក​ឲ្យ​អំពើ​ពុក​រលួយ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គាត់​ទេ។ បើ​សិន​ជា​មាន​អំពើ​ពុក​រលួយ វិនិយោគិន​ជប៉ុន មិន​មក​រក​ស៊ី​នៅ​កម្ពុជា ទេ។ យើង​មាន​លក្ខខណ្ឌ​វិនិយោគ​ច្បាស់លាស់ និង​តម្លាភាព»

សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​ត្រី​ភាគី​ស្វែង​រក​តួលេខ​ប្រាក់​ខែ​គោល​កម្មករ នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤។
សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​ត្រី​ភាគី​ស្វែង​រក​តួលេខ​ប្រាក់​ខែ​គោល​កម្មករ នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Morm Moniroth


បើ​តាម​អង្គការ​មូលនិធិ​អាស៊ី (មិថុនា ២០១៦) រដ្ឋាភិបាល​ចិន បាន​អនុម័ត​គោល​នយោបាយ និង​សេចក្ដី​ណែនាំ​ចំនួន ៣៣​ចំណុច ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​របស់​ក្រុមហ៊ុន​វិនិយោគ​ចិន រក​ស៊ី​នៅ​ក្រៅ​ប្រទេស។

ការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​វិស័យ​កាត់​ដេរ​កម្ពុជា របស់​លោក យូកុ អាសុយ៉ាម៉ា (Yoko Asuyama) និង​លោក នៅ សីហា បង្ហាញ​ថា ស្ថានភាព​ជម្លោះ​ការងារ និង​បញ្ហា​សហជីព​ការងារ​មាន​ការ​កែប្រែ​បាន​ច្រើន ដោយ​ការ​កើន​នូវ​វប្បធម៌​សន្ទនា​រវាង​សហជីព និង​ភាគី​ដែល​ពាក់ព័ន្ធ។

ចំពោះ​តួនាទី​របស់​រដ្ឋាភិបាល​វិញ លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​លើក​តម្កើង​សហជីព សហជីព​នឹង​មាន​សំឡេង​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន​កាន់​តែ​ខ្លាំង។ តែ​លោក​គិត​ថា វា​ពិបាក​ទៅ​រួច ដោយ​កម្ពុជា នៅ​មិន​ទាន់​មាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង ពិសេស​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ច្រើន ដូច្នេះ​វិនិយោគិន​ល្អ​ដែល​គោរព​សិទ្ធិ​កម្មករ និង​ច្បាប់​ការងារ មិន​ចង់​មក​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា៖ «មាន​រោងចក្រ​ខ្លះ​ខំ​កែប្រែ តែ​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត។ មន្ត្រី​រដ្ឋ ឬ​សមាគម ធ្វើ​ឲ្យ​គេ​ពិបាក។ តែ​បើ​ក្រុមហ៊ុន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល វា​ងាយ​ស្រួល​ច្រើន»

អ្នក​ជំនាញ​ផ្នែក​សាមគ្គីភាព​ការងារ​អន្តរជាតិ លោក ឃុន ថារ៉ូ ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​បង្កើន​ឆន្ទៈ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ពិសេស​បង្កើន​ទំនាក់ទំនង​វិជ្ជាជីវៈ។ លោក​ផ្ដល់​អនុសាសន៍​ទៀត​ថា រដ្ឋាភិបាល​ដើរ​តួនាទី​សំខាន់ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពិសេស​ការ​ដាក់​ទោស​ទណ្ឌ​ដោយ​យុត្តិធម៌​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ពិត​ប្រាកដ។

ចំណែក​អង្គការ​មូលនិធិ​អាស៊ី បង្ហាញ​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន (មិថុនា ២០១៦) ថា ក្រុមហ៊ុន​ចិន ជាច្រើន​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ដោយ​ផ្ទាល់ ជា​ជាង​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។ ក្នុង​បរិបទ​ទូទៅ ប្រទេស​ម្ចាស់​ផ្ទះ​ដើរ​តួនាទី​សំខាន់​លើ​ការ​អនុវត្ត​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​របស់​វិនិយោគិន​បរទេស ដ្បិត​វិនិយោគិន​បរទេស​ទាំងនោះ​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ និង​បទដ្ឋាន​របស់​ប្រទេស​ម្ចាស់​ផ្ទះ។ នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​អភិបាលកិច្ច​ផ្នែក​សង្គម និង​បរិស្ថាន​របស់​ប្រទេស​ម្ចាស់​ផ្ទះ​អន់​ខ្សោយ រដ្ឋាភិបាល​នៃ​វិនិយោគិន​បរទេស និង​សហគមន៍​អន្តរជាតិ​មាន​តួនាទី​សំខាន់​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។