តម្លាភាព​ប្រាក់​វិនិយោគ​របស់​ចិន​នៅ​តាម​រោងចក្រ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា (ភាគ​១)

ដោយ សាន សែល
2016.09.08
កម្មករ​រោងចក្រ ញូវ អាកឃីត ២០១៦ ៨៥៥ កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
RFA

វិនិយោគិន​ចិន ទាំង​ចិន​ដី​គោក តៃវ៉ាន់ និង​ហុងកុង ជា​សសរ​ស្ដម្ភ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង​របស់​កម្ពុជា ឲ្យ​មាន​ការ​រីក​លូតលាស់។ ក្រៅ​ពី​វិនិយោគិន​ចិន មាន​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ដែល​បណ្ដាក់​ទុន​ក្នុង​វិស័យ​កាត់​ដេរ ដូចជា​អង់គ្លេស ជប៉ុន កូរ៉េ និង​ម៉ាឡេស៊ី ជាដើម។ ប៉ុន្តែ​វិនិយោគិន​ចិន​ដី​គោក បូក​នឹង​តៃវ៉ាន់ និង​ហុងកុង តំណាង​ឲ្យ​ជិត ៥៥​ភាគរយ (៥៤,%) នៃ​វិនិយោគិន​បរទេស​ទាំងមូល​ក្នុង​ឆ្នាំ​២០១៥។

ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា នឹង​ចុះ​ខ្សោយ បើ​វិស័យ​កាត់​ដេរ​គាំង​លែង​ដំណើរ​ការ ប៉ុន្តែ​នៅ​ពី​ក្រោម​ដំបូល​រោងចក្រ​ភាគច្រើន​របស់​ថៅកែ​ចិន ជា​រឿយៗ​កម្មករ​ត្អូញត្អែរ​ពី​ការ​រំលោភ​ច្បាប់​ការងារ ដែល​ពេល​ខ្លះ​ត្រូវ​ចេញ​តវ៉ា​តាម​ផ្លូវ​ប្រឆាំង​នឹង​ការ​រឹតត្បិត​សិទ្ធិ​កម្មករ និង​បរិយាកាស​អាប់អួរ​ក្នុង​រោងចក្រ។

ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា នៅ​រក្សា​បាន​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​អត្រា​រង្វង់ ៧​ភាគរយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក និង​បន្ត​រឹងមាំ​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៅ​មុខ។ វិស័យ​កាត់​ដេរ​ជា​សសរ​ស្ដម្ភ​សំខាន់​មួយ​ក្នុង​ចំណោម​៤ (កសិកម្ម ទេសចរណ៍ និង​សំណង់) ដែល​ជួយ​បំប៉ន និង​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រសិទ្ធិនាម​ថា​ជា «ខ្លា​សេដ្ឋកិច្ច​ថ្មី​ក្នុង​ទ្វីប​អាស៊ី»

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ថា វិនិយោគិន​ចិន ជា​អ្នក​បណ្ដាក់​ទុន​បរទេស​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។

វិស័យ​កាត់​ដេរ​នៅ​បន្ត​ជា​ឥន្ធនៈ​លេខ​១ សម្រាប់​បញ្ឆេះ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា ពិសេស​សម្រាប់​ពាណិជ្ជកម្ម​នាំ​ចេញ​ទៅ​បរទេស។ វិស័យ​នេះ​ក៏​រក្សា​តំណែង​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា អះអាង​ថា វិស័យ​កាត់​ដេរ​ជា​ចលករ​សំខាន់​មួយ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច។

កម្មករ​កម្មការិនី​រោងចក្រ អ៊ឹម វ៉េ កាត់​ដេរ​អន្តរជាតិ (M & V) នៅ​ខេត្ត​កំពង់ឆ្នាំង តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​អត្ថប្រយោជន៍ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Chin Chetha
កម្មករ​កម្មការិនី​រោងចក្រ អ៊ឹម វ៉េ កាត់​ដេរ​អន្តរជាតិ (M & V) នៅ​ខេត្ត​កំពង់ឆ្នាំង តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​អត្ថប្រយោជន៍ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

ក្នុង​ឆ្នាំ​២០១៥ ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង​តំណាង​ឲ្យ ៧៨​ភាគរយ ឬ​មាន​តម្លៃ ៦.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (6.3 billion USD) នៃ​ការ​នាំ​ទំនិញ​ទៅ​បរទេស​សរុប​របស់​កម្ពុជា ដែល​វា​បាន​កើន​ឡើង​ចំនួន ៧,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់​នា​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ កើន​ឡើង ៣៩​ភាគរយ មាន​តម្លៃ ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ក្នុង​រយៈពេល​ដូច​គ្នា។

សហភាព​អឺរ៉ុប ជា​ទិសដៅ​នាំ​ចេញ​ធំ​ជាង​គេ​សម្រាប់​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែក​ជើង​របស់​កម្ពុជា។ ជាក់ស្ដែង​កាល​ពី​ឆ្នាំ​២០១៥ ផលិតផល​ផ្នែក​នេះ​នាំ​ចេញ​ទៅ​អឺរ៉ុប ចំនួន ៤៦​ភាគរយ ហើយ ៣០​ភាគរយ​នាំ​ទៅ​សហរដ្ឋ​អាមេរិក និង ២៤​ភាគរយ​ទៀត​នាំ​ចេញ​ទៅ​ប្រទេស​ដទៃ ដូចជា​ជប៉ុន និង​កាណាដា។ ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប តម្លៃ ៧១៧,៨​លាន​ដុល្លារ នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក តម្លៃ ៤១៩​លាន​ដុល្លារ នាំ​ចេញ​ទៅ​កាណាដា តម្លៃ ៤១,៧​លាន​ដុល្លារ នាំ​ចេញ​ទៅ​ជប៉ុន តម្លៃ ៣៤,៦​លាន​ដុល្លារ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា វិនិយោគិន​បរទេស​ផ្ដល់​មក​នូវ​ចំណេះ​ដឹង និង​ជំនាញ​ឯកទេស​ស្ដីពី​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ពួក​គេ​ក៏​ផ្ដល់​នូវ​ផល​ប្រយោជន៍ និង​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​សំខាន់ (economic and income-generating benefit) ដល់​កម្ពុជា គឺ​ការ​បង្កើត​ការងារ​ដោយ​ផ្ទាល់។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ គូស​បញ្ជាក់​ថា វិស័យ​កាត់​ដេរ​រួម​ចំណែក​ជួយ​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ។ លោក​បន្ថែម​ទៀត​ថា វិស័យ​កាត់​ដេរ​មាន​លក្ខខណ្ឌ និង​ផ្ដល់​ជីវភាព​ប្រសើរ​ជាង​វិស័យ​កសិកម្ម។

ចំណែក​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បញ្ជាក់​ថា វិស័យ​នេះ​បង្កើត​ការងារ​ផ្លូវ​ការ​ក្នុង​វិស័យ​ឯកជន​បាន​ច្រើន​ជាង​គេ ដោយ​ស្រូប​យក​កម្លាំង​ការងារ​ចំនួន​ជាង ៦២​ម៉ឺន​នាក់។

រីឯ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់ (GMAC) លោក កាំង ម៉ូនីកា អះអាង​ថា វិនិយោគិន​ចិន មាន​សារសំខាន់​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា ហើយ​ចិន ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់។

ទោះ​បី​ជា​យ៉ាង​ណា កម្លាំង​ពលកម្ម​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​មាន​ភាគច្រើន​ក្នុង​ផ្នែក​ផលិតកម្ម (កាត់ ដេរ តម្រឹម) ខណៈ​ការងារ​ផ្នែក​គ្រប់គ្រង និង​បច្ចេកទេស គ្រប​ដណ្ដប់​ដោយ​ជន​បរទេស ពិសេស​ជនជាតិ​ចិន។

បើ​ទោះ​ជា​ប្រទេស​ចិន បន្ត​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពិសេស​ពាំនាំ​នូវ​រូបិយវត្ថុ​អន្តរជាតិ និង​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ក៏​គម្រោង​វិនិយោគ​របស់​ចិន មាន​ភាព​ស្មុគស្មាញ និង​ចម្រូងចម្រាស​ច្រើន។

នៅ​ក្នុង​អត្ថបទ​ស្រាវជ្រាវ​ស្ដីពី «ឥទ្ធិពល​ចិន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» របស់​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បង្ហាញ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន ស្ដីពី​ការ​មិន​លូក​ដៃ​ក្នុង​រឿង​ផ្ទៃក្នុង​ប្រទេស​ដទៃ ធ្វើ​ឲ្យ​ប្រាក់​វិនិយោគ​របស់​ចិន ទាក់ទាញ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ផ្ដាច់ការ ឬ​ពាក់​កណ្ដាល​ផ្ដាច់ការ ដូចជា​ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា។

ថ្លៃ​ឈ្នួល​ពលកម្ម​មិន​ទាប​ទេ​នៅ​កម្ពុជា បើ​ធៀប​នឹង​ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​កម្ពុជា ហើយ​ថ្លៃ​អគ្គិសនី​ក៏​ថ្លៃ តែ​កម្ពុជា ក៏​មាន​ពិន្ទុ​មិន​ល្អ​ផ្នែក​អំពើ​ពុក​រលួយ។ កម្ពុជា អាច​ប្រកួត​ប្រជែង​លើ​វិស័យ​កាត់​ដេរ​នេះ មាន​ន័យ​ថា កម្ពុជា មាន​ចំណុច​អនុគ្រោះ​ច្រើន។ ប្រទេស​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​២០០៤។ តាម​រយៈ​កម្រិត​ប្រទេស​អភិវឌ្ឍន៍​តិចតួច ប្រទេស​កម្ពុជា ទទួល​បាន​ការ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប ដែល​កម្មវិធី​អនុគ្រោះ​នោះ​មាន​ឈ្មោះ​ថា «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ» នៅ​ឆ្នាំ​២០០១។ នេះ​ជា​អត្ថប្រយោជន៍​សម្រាប់​វិនិយោគិន​វិស័យ​កាត់​ដេរ។ កម្មវិធី​អនុគ្រោះ​នេះ​ហើយ​ជា​កត្តា​មួយ​ទាក់ទាញ​ពួក​វិនិយោគិន​បរទេស​មក​កម្ពុជា។

របាយការណ៍​ផែនការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៤-២០១៨ របស់​រដ្ឋាភិបាល​កម្ពុជា (ឆ្នាំ​២០១៤) ឲ្យ​ដឹង​ថា វិនិយោគិន​បរទេស​កាន់​កាប់​ជិត ៩៥​ភាគរយ​នៃ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា មាន​រោងចក្រ​កាត់​ដេរ​ចំនួន ១.០០៤ បាន​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៥។ នៅ​ឆ្នាំ​ដដែល​នេះ បើ​យោង​តាម​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា មាន​រោងចក្រ​ថ្មី​ចំនួន ៧២ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក​ស៊ី​នៅ​កម្ពុជា ក្នុង​នោះ​វិនិយោគិន​ចិន ទទួល​បាន ៦០​ភាគរយ ឬ​ប្រមាណ ៤៣​រោងចក្រ (ចិន​ដី​គោក ៣៤,% តៃវ៉ាន់ ១០,% ហុងកុង ១០%)

ម្យ៉ាង​ទៀត តម្លាភាព​ក្នុង​វិនិយោគ​រោងចក្រ​កាត់​ដេរ គឺ​ជា​បញ្ហា​នៃ​ការ​ប្រកួតប្រជែង​ដែល​ម្ចាស់​រោងចក្រ​មិន​ចង់​បញ្ចេញ​ទិន្នន័យ​ច្រើន​ពេក​ទេ ដូច​ការ​រក​ស៊ី​ផ្សេង​ទៀត​ដែរ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ក្រសួង​ពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ប្រទេស​កម្ពុជា ជាច្រើន​លើក​ច្រើន​សា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើសុំ​ព័ត៌មាន​ទិន្នន័យ​របស់​វិនិយោគិន​ចិន ស្ដីពី​គម្រោង និង​ទំហំ​ប្រាក់​វិនិយោគ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ស្ថាប័ន​ទាំងនេះ​មិន​ឆ្លើយ​តប។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល
សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល
RFA

យ៉ាង​ណា​មិញ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក និង​ការទូត​នៃ​មហាវិទ្យាល័យ អុកស៊ីឌែនថល (Occidental College) នៅ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា» លោក អៀ សុផល ថ្លែង​ប្រាប់​អាស៊ីសេរី ថា វិនិយោគិន​មិន​ចង់​លាតត្រដាង​រូបមន្ត​សម្ងាត់​ក្នុង​ការ​រក​ប្រាក់​ចំណេញ ពីព្រោះ​វា​នឹង​ពិបាក​ប្រកួតប្រជែង ប្រសិន​បើ​គេ​ប្រាប់​ព័ត៌មាន​ច្រើន​ពេក។ លោក​បន្ត​ថា ក្រុមហ៊ុន​ទាំងនោះ​មិន​មែន​ជា​ក្រុមហ៊ុន​សាធារណៈ​ទេ ដូច្នេះ​គេ​មិន​ចាំបាច់​បញ្ជូន​ឯកសារ​ណា​មួយ​ទៅ​ទីផ្សារ​ភាគហ៊ុន​ពី​ចំនួន​ប្រាក់​ចំណេញ ពី​ចំនួន​នៃ​ការ​លក់​ប្រចាំ​ឆ្នាំ។ សាធារណជន​មិន​គួរ​រំពឹង​ថា នឹង​អាច​បើក​បញ្ជី​ចំណូល​ចំណាយ​របស់​ក្រុមហ៊ុន​ផ្នែក​កាត់​ដេរ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក អៀ សុផល មាន​ជំនឿ​ថា ម្ចាស់​រោងចក្រ​អាច​រក​ប្រាក់​ចំណេញ​បាន​ក្នុង​ពេល​ប្រតិបត្តិការ​នៅ​កម្ពុជា៖ «តែ​ខ្ញុំ​ជឿជាក់​ថា ក្រុមហ៊ុន​ទាំងនោះ​រក​ស៊ី​ចំណេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឧបករណ៍​ដែល​គេ​ប្រើ​ក្នុង​រោងចក្រ គឺ​មិន​មែន​ថ្មី​ទាំងអស់​នោះ​ទេ។ អគារ​រោងចក្រ ដី​រោងចក្រ គឺ​ថៅកែ​មិន​ទិញ​នោះ​ទេ ដោយ​ជួល​ប៉ុណ្ណោះ។ ដូច្នេះ​ក្នុង​រយៈពេល​ធ្វើ​វិនិយោគ ២​ឆ្នាំ​ឡើង​ទៅ ថៅកែ​អាច​រក​ប្រាក់​ចំណេញ​បាន​ហើយ។ គេ​មាន​បញ្ជី​ច្បាស់​ថា ប្រាក់​ប៉ុន្មាន​ចំណាយ​លើ​កម្លាំង​ពលកម្ម ប៉ុន្មាន​ចំណាយ​លើ​ដើម​ទុន ហើយ​ថៅកែ​អាច​ចំណេញ​បាន​ប៉ុន្មាន»

សកម្មជន​សិទ្ធិ​កម្មករ និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ គូស​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ចិន មិន​មាន​តម្លាភាព៖ «យើង​ព្យាយាម​សួរ​ច្រើន​ដង។ ពេល​ប្រជុំ​ត្រី​ភាគី ម្ចាស់​រោងចក្រ​និយាយ​ថា​អត់​ចំណេញ​ទេ ខាត​ណាស់។ យើង​ចង់​ដឹង​ពី​ចំនួន​ប្រាក់​វិនិយោគ​សរុប ចំណេញ​ប៉ុន្មាន ខាត​ប៉ុន្មាន? បើ​គាត់​ខាត​មែន រឿង​យើង​តវ៉ា​ជាមួយ​រោងចក្រ រឿង​អី​ទៅ​និយាយ​ជាមួយ​អ្នក​ទិញ»

លោក អាត់ ធន់ មើល​ឃើញ​ថា ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា វិនិយោគិន​ចិន ផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា តែ​សម្រាប់​រូប​លោក អាត់ ធន់ យល់​ថា អ្នក​បញ្ជា​ទិញ​ពី​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អ្នក​បញ្ជា​ទិញ​ដទៃ​ទៀត​ទៅ​វិញ​ទេ ដែល​ផ្ដល់​ការងារ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។