សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយដល់កម្ពុជាជាង ៧លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ភាគច្រើននៃជំនួយជាង ៧លានដុល្លារនេះ គឺសម្រាប់ជួយដល់ពលរដ្ឋដែលមានហានិភ័យ ងាយរងគ្រោះ និងប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩។
សហរដ្ឋអាមេរិកផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧លាន ៥សែន ដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសុខាភិបាល បង្កឡើងដោយជំងឺកូវីដ-១៩។ ជំនួយនេះត្រូវបានផ្តល់ឱ្យភាគីកម្ពុជានៅថ្ងៃទី២១ ឧសភា នៅក្នុងពិធីរួមគ្នាមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មើរហ្វី (Patrick Murphy) និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន។
ស្ថានទូតអាមេរិកដកស្រង់សម្ដី លោក ប៉ាទ្រីក មើរហ្វី មានប្រសាសន៍ថា ធនធានទាំងនេះគឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហការជាមួយប្រជាពលរដ្ឋកម្ពុជាដោយការប្ដេជ្ញាចិត្តខ្ពស់៖ «តាំងពីឆ្នាំ ១៩៩២ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា រាប់ពីការជួយកសិករក្នុងការបង្កើនទិន្នផល និងចំណូលរបស់ពួកគេ រហូតដល់ការជួយ ម្ចាស់អាជីវកម្ម និងអតិថិជន ឱ្យទទួលបានផល និងរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជាទៀតផង។ យើងបន្តកិច្ចសហការគ្នានេះជាមួយប្រជាជនកម្ពុជា ជាមួយនឹងការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយនិងនៅតែប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន បង្កឡើងដោយជំងឺរាតត្បាតជាសាកលកូវីដ - ១៩»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកចំពោះការផ្តល់ជំនួយបន្ថែមចំនួន ៧លាន ៥សែនដុល្លារនេះ។ លោកបញ្ជាក់ថា ទឹកប្រាក់ ៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការស្តារសម្បទានសេដ្ឋកិច្ចឡើងវិញ ហើយ ២លាន ៥សែនដុល្លារទៀត គឺសម្រាប់ការការពារសុខុមាលភាពពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយសប្បុរសធម៌ដល់កម្ពុជានៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលនេះកាយវិការប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជា»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ជឿថា ជំនួយរបស់សហរដ្ឋអាមេរិក មានភាពចាំបាច់ និងឆ្លើយតបនឹងតម្រូវការរបស់កម្ពុជាក្នុងវិបត្តិជំងឺកូវីដ-១៩។ លោកថា ការផ្តល់ជំនួយជាបន្តបន្ទាប់នេះ សបញ្ជាក់ឱ្យឃើញថា សហរដ្ឋអាមេរិកនៅតែជាដៃគូដ៏ល្អ ដែលកម្ពុជាត្រូវការជានិច្ច ហើយក៏អាចជួយឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងវិញដែរ៖ «អាមេរិកនៅតែអាចឆ្លើយតបនៅក្នុងគ្រាលំបាកដែលកម្ពុជាជួបប្រទះដែរ ហើយជំនួយនេះវាអាចជួយជំរុញឱ្យនយោបាយរវាងប្រទេសទាំងពីរហ្នឹងកាន់តែមានទំនុកចិត្តក្នុងការកសាងជំនឿទាក់ទងគ្នាឡើងវិញ»។
គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់ជាង ១១លានដុល្លារដល់កម្ពុជា។ ទឹកប្រាក់ទាំងនេះ គឺជាការបន្ថែមលើជំនួយបច្ចេកទេសដ៏ច្រើន ដែលមានជាយូរមកហើយរបស់ក្រុមអ្នកជំនាញសហរដ្ឋអាមេរិក។
នៅថ្ងៃទី២១ ឧសភា ដដែល ក្រៅពីកម្មវិធីផ្តល់ជំនួយជាង ៧លានដុល្លារនេះហើយ ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក មើរហ្វី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ផងដែរ។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់នៅលើបណ្តាញធ្វីតធើរ (Twitter) ថា នៅក្នុងជំនួបនោះ លោកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើការពង្រឹងវិស័យច្បាប់ ការជួញដូរមនុស្ស និងការពារកុមារ សារៈសំខាន់របស់សង្គមស៊ីវិល និងយុត្តិធម៌ស្មើភាពគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។