ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​បន្ថែម​ទៀត​នឹង​ធ្លាក់ខ្លួន​ក្រ​ដោយសារ​វិបត្តិ​កូវីដ

0:00 / 0:00

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​បន្ថែម​ទៀត នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ (Covid-19) ក្នុង​ឆ្នាំ​២០២០​នេ។ ធនាគារ​ពិភពលោក​ព្រមាន​ថា ហេតុការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​រង​ការ​គំរាមកំហែង​ខ្លាំង​បំផុត ហើយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​ខ្ចីបុល បរទេស​បន្ថែម​ទៀត។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​តួលេខ​កំណើន សេដ្ឋកិច្ច​របស់​ខ្លួន​នា​ពេល​ខាងមុខ តែ​កម្ពុជា​មិន​ទាត់​ចោល​លទ្ធភាព​ខ្ចីបុល​បរទេស បន្ថែម​ទៀត​នោះ​ទេ ប្រសិនបើ​គ្មាន​ធនធាន​ថវិកា​គ្រប់គ្រាន់។

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ឆ្នាំ​២០២០​នេះ អាច​នឹង​កើន​ឡើង​ដល់​ទៅ ១១​ភាគរយ បន្ថែម​ទៀត លើ​ចំនួន​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ស្រាប់​កាលពី​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការ​កើន​ឡើង​នេះ មាន​ន័យថា ចំនួន​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ចំណាយ​លើស​ពី ១,៩០ ដុល្លារ​ក្នុង​មួយថ្ងៃ អាច​នឹង​ត្រូវ​កើន​ឡើងវិញ​រហូតដល់​ជិត ២៥% ឬ​ស្មើនឹង​ប្រមាណ ៤​លាន​នាក់។

របាយការណ៍​បច្ចុប្បន្ន​ភាព សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វដ​១៩ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ធនាគារ​ពិភពលោក​គូស​បញ្ជាក់​ថា មនុស្ស​យ៉ាងហោចណាស់​ជាង ១​លាន​៧​សែន​នាក់ (១,៧៦​លាន​នាក់​) ពិសេស​ក្នុងចំណោម​ក្រុម​គ្រួសារ​ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ទិញ​លក់ដុំ និង​រាយ វិស័យ​កាត់ដេរ សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម កំពុង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ​។ ក្នុង​នោះ គ្រាន់តែ​ក្នុង​វិស័យ​កាត់ដេរ​តែឯង ពលរដ្ឋ​ប្រមាណ ១​សែន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ដោយសារ​រោងចក្រ​ប្រមាណ ១៣០ បាន​បិទ ឬ​ផ្អាក​សកម្មភាព គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មេសា។

សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក លី សុដែត ថ្លែង​ក្នុង​ វីដេអូ​ឃ្លិប​របស់​ធនាគារ​ពិភពលោក​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ បាន​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង​ក្លា ជាពិសេស​បាន​ធ្វើ​ឱ្យ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទាំង​បី​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​ទេសចរណ៍ វិស័យ​នាំចេញ និង​វិស័យ​សំណង់៖ «វិស័យ​ទាំង​បី​នេះ គឺ​ផ្ដល់​កំណើន​ដល់​ទៅ​៧០ % នៃ​កំណើន​សរុប ក្នុង​ឆ្នាំ​២០១៩ ហើយ​ផ្ដល់​ការងារ​រហូតដល់​ទៅ ៤០ % នៃ​ការងារ​សរុប​របស់​ប្រទេស កម្ពុជា​យើង​។ ដោយសារតែ​ការ​ប៉ះពាល់​ទៅលើ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា​ទាំង​បី​នេះ ហើយ ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ ក្នុង​ឆ្នាំ​២០២០​នេះ គឺ​រហូតដល់​អវិជ្ជមាន ១ % ។ យើង​មានការ​ព្យាករណ៍​មួយទៀត ហៅថា ការ​ព្យាករណ៍​ក្នុង​សេណារីយ៉ូ ដែល​ភាព​អវិជ្ជមាន​រហូតដល់ ២ , %»។

បើ​តាម​ធនាគារ​ពិភពលោក ការ​ធ្លាក់​ចុះ​ កំណើន​សេដ្ឋកិច្ច​នេះ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ តាំងពី​ឆ្នាំ​១៩៩៤​មក។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ លោក ថេង បញ្ញាធន ជុំវិញ​ការ​កើនឡើង​នៃ​តួលេខ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៩ ឧសភា​។ រីឯ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ពុំ​មាន​ប្រតិកម្ម​ទៅ​នឹង ការ​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក រហូត​ដល់​ទៅ​ជិត -៣%​នេះ​ទេ តែ​លោក​ថា កម្ពុជា​នឹង​ចេញ​ការវាយតម្លៃ​ចំពោះ​កំណើន សេដ្ឋកិច្ច​ខ្លួនឯង នា​ពេល​ខាងមុខ៖ «រឿង​ពាក់ព័ន្ធ​នឹង​កំណើន រាជរដ្ឋាភិបាល​នឹង​មាន​តួលេខ​ខ្លួនឯង​មួយទៀត ដែល​យើង​នឹង​ចេញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ»។

ក្រៅពី​ការ​កើន​ឡើង​អត្រា​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ធនាគារ​ពិភពលោក​ព្រមាន​ថា ការ​ធ្លាក់​ចុះ​លំហូរ​វិនិយោគ​ពី​ក្រៅ​ប្រទេស ជាពិសេស​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ អចលនទ្រព្យ​ស្រុត​ចុះ ដែល​អាច​នឹង​បញ្ចប់​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់ ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ​រក​ឃើញ​ថា ពលរដ្ឋ​កាន់តែ​ច្រើន ជំពាក់​បំណុល​ធនាគារ ដែល​មិនមែន​ជា​បំណុល​មីក្រូហិរញ្ញវត្ថុ សម្រាប់​យក​មក​ប្រើ​ប្រាស់ ឱ្យ​វិស័យ​សំណង់ អចលនទ្រព្យ និង​ការទិញ​លក់​លំនៅឋាន​តាមរយៈ​ការ​បង់​រំលស់ ដែល​សរុប​មានតម្លៃ​ជិត ៨​ប៊ី​លាន​ដុល្លារ អាច​នឹង​គ្មាន​លទ្ធភាព​សង​។ នេះ​គេ​នៅ​មិនទាន់​រាប់​ចូល​បំណុល​មីក្រូហិរញ្ញវត្ថុ​តម្លៃ​ជាង ១០ ប៊ី​លាន​ដុល្លារ ជំពាក់​ដោយ​ពលរដ្ឋ​ក្រីក្រ​សរុប​ប្រមាណ​ជាង ២,៦​លាន​គ្រួសារ។

រីឯ បំណុល​រដ្ឋ​ជំពាក់​បរទេស​វិញ ធនាគារ​ពិភពលោក​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ នឹង​ជំរុញ​ឱ្យ​កម្ពុជា ទៅ​ខ្ចីបុល​បរទេស​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​បំណុល​សាធារណ​របស់​រដ្ឋ អាច​នឹង​កើន​ឡើង​ដល់ ៣៥​ភាគរយ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ត្រឹម​ឆ្នាំ​២០២២ ដោយសារតែ​រដ្ឋ​ជួប​នូវ​ឱនភាព​សារពើពន្ធ​ខ្ពស់​បំផុត​ក្នុង​២២​ឆ្នាំ​។ ត្រឹម​ដំណាច់​ឆ្នាំ​២០១៩ រដ្ឋ​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៧,៦​ប៊ី​លាន​ដុល្លារ ហើយ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ របស់​កម្ពុជា។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក មាស សុខសេនសាន ថា រដ្ឋ​អាច​នឹង​ពិចារណា​ខ្ចី​បុល​បរទេស​បន្ថែម​ទៀត ប្រសិនបើ​មាន​ការ​ចាំបាច់៖ «រឿង​បំណុល​អត់​ទាន់​មាន​អ្នកណា​អាច​វាយតម្លៃ បាន​ភ្លាមៗ​ទេ ពីព្រោះ​វា​អាស្រ័យ​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល ដែល​យើង​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០២១ ហើយ​នឹង​អាច​ឈាន​ដល់​ឆ្នាំ​២០២២ បើសិនជា​ស្ថានភាព យើង​ចាក់​លុយ​ទៅ វា​មាន​ប្រសិទ្ធភាព។ យើង​នឹង​រិះរក​នូវ​វិធីសាស្ត្រ​ដើម្បី​ថា តើ​យើង​អាច​នឹង​ចាក់​លុយ​បន្ថែម​ទៀត ហើយ​បើសិន​យើង​អត់​មាន​ប្រភព​គ្រប់គ្រាន់ យើង​នឹង​សម្លឹង​ទៅ​មើល​បំណុល​។ តែ​បើសិនជា​ក្នុង​ករណី​ដែល​ស្ថានភាព​វា​អាច​ប្រសើរ វា​ត្រលប់​មក​រក​ធម្មតា​វិញ ខ្ញុំ​ជឿ​ថា វា​អត់​មានអី​ជា​បញ្ហា​ទេ»។

ប្រឈម​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​មក​នេះ សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក លោក លី សុដែត ថា ធនាគារ​ដាក់​ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​បី សំដៅ​ជួយសង្គ្រោះ​សេដ្ឋកិច្ច និង​ការពារ​សុខភាព​សាធារណៈ៖ «របាយការណ៍​យើង​មាន​អនុសាសន៍​បី​សំខាន់ៗ​។ ទី​មួយ អនុសាសន៍​សំខាន់​បំផុត គឺ​យើង​ត្រូវតែ​ជួយ​គាំពារ​ដល់​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ​ជាងគេ​។ ទី​ពីរ​គឺ​យើង​ត្រូវ​ប្រឹងប្រែង​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ ជាពិសេស គឺ​ធ្វើ​ផ្នែក​កំណែទម្រង់​រចនាសម្ព័ន្ធ​សំខាន់ៗ ហើយ​ទី​បី គឺ​យើង​គិតគូរ​ដល់​ធ្វើ​ម៉េច ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​យើង​ធានា​ផ្នែក​ម៉ាក្រូ​សារពើពន្ធ និង​ផ្នែក​ម៉ាក្រូ​ហិរញ្ញវត្ថុ»។

បើ​ទោះ​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អួតអាង​ថា កម្ពុជា​បាន​កាត់បន្ថយ អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​បាន​ជាង​ពាក់​កណ្ដាល​មក​នៅ​ត្រឹម ១៣,៥​ភាគរយ ធនាគារ​ពិភពលោក កន្លង​មក​ធ្លាប់​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤,៥​លាន​នាក់ នៅតែ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ដដែល នៅ​ពេល​ដែល​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់ ឬ​ហានិភ័យ​ពី​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។