ប្រទេសកម្ពុជា បានអនុវត្តជាង ៤០% សម្រាប់បញ្ញត្តិផ្នែកអេ (A) នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (Trade Facilitation Agreement =TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយបញ្ញត្តិផ្នែកប៊ី (B) និងស៊ី (C) ផ្ដោតលើការងារកំណែទម្រង់អាទិភាព កម្ពុជា នឹងត្រូវជូនដំណឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីកៀរគរជំនួយបច្ចេកទេសនាពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី៤ មេសា នារាជធានីភ្នំពេញថា ការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយចំណាយលើពាណិជ្ជកម្មសកលដែលជាមធ្យមប្រហែល ១៤,៣% ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបានផលប្រយោជន៍ច្រើនពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះ ដោយសារប្រទេសទាំងនោះបានចំណាយខ្ពស់លើការធ្វើពាណិជ្ជកម្មសកល៖ « ជាមួយនឹងភាពជោគជ័យ វឌ្ឍនភាព និងភាពល្អប្រសើរទាំងនេះ វាមានសារសំខាន់ដែលកម្ពុជា បន្តពង្រឹងវិស័យច្បាប់ និងក្រមខណ្ឌគតិយុត្តិ ពិសេសទាក់ទងនឹងពាណិជ្ជកម្ម ដើម្បីធានាមិនត្រឹមតែភាពរឹងមាំផ្នែកច្បាប់ប៉ុណ្ណោះទេ តែថែមទាំងជាយន្តការសម្រាប់អនុវត្តរក្សាបាននូវតម្លាភាព និងភាពអាចទុកចិត្តបាន ដែលអនុលោមទៅតាមបទដ្ឋាន និងស្តង់ដារដែលមានលក្ខណៈជាអន្តរជាតិ »។
កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក បានចូលជាធរមានកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការផ្តល់សច្ចាប័នចំនួន ១១២ ឬស្មើនឹង ២/៣ នៃចំនួនសមាជិក ១៦៤ប្រទេសរបស់អង្គការពាណិជ្ជកម្មពិភពលោក។
កិច្ចព្រមព្រៀងនេះ គឺជានីតិវិធីថ្មីស្ដីពីព្រំដែន វិធីសាស្ត្រ និងកាតព្វកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលដែលជាសមាជិក អនុវត្ត។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់នូវតម្លាភាពផ្នែកច្បាប់ វិធាន នីតិវិធី និងសមភាព ក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារតាមព្រំដែន សម្រួលការបំពេញបែបបទគយ និងកាត់បន្ថយឧបសគ្គរដ្ឋបាល សម្រាប់ការដឹកទំនិញឆ្លងកាត់។
កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្មកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការផ្តល់សច្ចាប័ននេះជាការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទាំងនៅថ្នាក់តំបន់ និងពិភពលោក តាមរយៈការស្វែងរកវិធីពន្លឿនការដឹកទំនិញ ការបញ្ចេញទំនិញ និងការសម្រួលបែបបទគយ និងការដឹកទំនិញឆ្លងកាត់ព្រំដែន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) យល់ថា កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក នឹងផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ប្រសិនបើរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវ ដោយសម្លឹងមើលឲ្យឆ្ងាយ។ លោកថា វានឹងជួយលុបបំបាត់នូវចំណង ឬលក្ខខណ្ឌផ្សេងៗទៀត នាំឲ្យមានការចល័តផលិតផលទំនិញដោយសេរី។
លោកពន្យល់ថា រដ្ឋាភិបាលអាចយកខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះមកច្នៃបន្ថែម ធ្វើជាយន្តការ និងវេទិកាជជែកពិភាក្សាផ្សេងៗទៀតលើចំណុចដែលមិនទាន់អនុវត្តបានប្រសើររវាងវិស័យឯកជន និងរដ្ឋាភិបាល៖ « ដូច្នេះថាតើហេតុអ្វីយើងមិនប្រើប្រាស់គោលការណ៍ផ្សេងៗនៅក្នុងកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មនេះ តាមរយៈរឿងដែលកើតមានឡើងនេះ ជាពិសេសផ្ដោតពីផលិតផលមួយទៅផលិតផលមួយ។ យើងអាចធ្វើរឿងហ្នឹងជាអាទិភាពមួយដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ហើយប្រសិនបើប្រទេសកម្ពុជា សម្រេចចិត្តដើរនៅក្នុងផ្លូវនេះ និងធ្វើការក្នុងវិស័យនេះ ប្រទេសកម្ពុជា មានការរីកចម្រើនខ្ពស់ថែមទៀតពីលើអ្វីដែលមាននាពេលបច្ចុប្បន្ន »។
លោកបញ្ជាក់ថា បើទោះជាកម្ពុជា ធ្វើប្រសើរឡើងខ្លះ ក៏ប៉ុន្តែការរត់ឯកសារនៅជាបញ្ហាស្មុគស្មាញ ត្រូវការចំណាយពេលវេលាច្រើន។
ខណៈវិស័យក្រុមហ៊ុនឯកជនដើរតួនាទីសំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច លោក វីល្លៀម ហៃដ្ត លើកឡើងថា ការជំរុញលើកទឹកចិត្តដល់វិស័យឯកជន ពិសេសសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដោយការជួយផ្តល់ទុន និងការពន្លឿនការរត់ឯកសារ។
ចំណុចនេះ ត្រូវបានសេដ្ឋវិទូពាណិជ្ជកម្មជាន់ខ្ពស់នៃ យូ.អេស.អាយ.ឌី (USAID) លោកបណ្ឌិត នីហាល ពីធីហ្គាឡា (Nihal Pitigala) អះអាងថា វិស័យឯកជនជាសសរស្ដម្ភនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។ លោកមានប្រសាសន៍ថា វិស័យឯកជនដើរតួនាទីជាអ្នកឃ្លាំមើល និងតាមដានការអនុវត្តរបស់រដ្ឋាភិបាលឲ្យមានគណនេយ្យភាព និងភាពទទួលខុសត្រូវ ហើយរដ្ឋាភិបាលត្រូវធានាតម្លាភាពនៅតាមព្រំដែន និងបង្កើនការលាតត្រដាងព័ត៌មានពាណិជ្ជកម្មលើអ៊ីនធឺណិត៖ « បាទ ! ខ្ញុំចង់និយាយថា ការបង្កើតឲ្យមានកិច្ចពិភាក្សាជាប្រចាំលើរបៀបវារៈដែលកំណត់រួចហើយ ហើយជាមូលដ្ឋាន នេះជាដំណើរការនៃកិច្ចព្រមព្រៀងនេះ។ យើងមានកិច្ចប្រជុំជាប្រចាំ និងរបៀបវារៈច្បាស់លាស់ ដូចជាយើងបានកំណត់ពេលវេលាច្បាស់លាស់ក្នុងសម្រេចអ្វីមួយ ហើយអ្វីដែលយើងបានសម្រេច និងគ្រោងនឹងសម្រេចឲ្យបាន »។
លោកបន្ថែមទៀតថា ភាគីរដ្ឋាភិបាល និងវិស័យឯកជន គួរមានការទាក់ទងគ្នា សម្របសម្រួលគ្នា និងជួបពិភាក្សាគ្នាជាប្រចាំ។
កម្ពុជា មានសក្ដានុពលផ្នែកធម្មជាតិសម្រាប់វិស័យកសិកម្ម ហើយកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក នឹងជួយឲ្យផលិតផលកសិកម្មកម្ពុជា ចរាចរឆ្លងព្រំដែនបានកាន់តែឆ្ងាយ និងសេរី។ នេះបើតាមឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត។
ទោះបីជាយ៉ាងណា លោក វីល្លៀម ហៃដ្ត កត់សម្គាល់ថា កម្ពុជា នាំចេញផលិតផលកសិកម្មតិចតួចមែនទែន។ លោកបានឲ្យយោបល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវធានាគុណភាព និងអនាម័យផលិតផល ដោយការគ្រប់គ្រងឲ្យបាននូវការកំណត់កម្រិតជាតិគីមីក្នុងបន្លែផ្លែឈើ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
សំណួរថា តើការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងត្រូវចាប់ផ្ដើមពេលណា?
លោកបណ្ឌិត នីហាល ពីធីហ្គាឡា (Nihal Pitigala) យល់ថា ការអនុវត្តកាន់តែឆាប់កាន់តែល្អ ហើយរយៈពេល ២ ទៅ ៣ឆ្នាំវាជាពេលវេលាល្អ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា បានបង្កើតគណៈកម្មាធិការជាតិស្ដីពីការសម្រួលពាណិជ្ជកម្ម។ លោកបណ្ឌិត នីហាល សង្ឃឹមថា រដ្ឋាភិបាលបានបង្កើតខ្ទង់ចំណាយមួយសម្រាប់អនុវត្តកិច្ចព្រមព្រៀងនេះ។
បន្ថែមពីលើនេះ លោកបណ្ឌិតយល់ថា ជំនួយផ្នែកបច្ចេកទេស អាចត្រូវផ្តល់ដល់ភាគីកម្ពុជា ប្រសិនរដ្ឋាភិបាលស្នើសុំម្ចាស់ជំនួយ និងភ្នាក់ងារអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
