ធនាគារ​ពិភពលោក​យល់​ព្រម​ផ្ដល់​ប្រាក់​២០​លាន​ដុល្លារ​សម្រាប់​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

ដោយ ម៉ៅ សុធានី
2020-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP

ធនាគារ​ពិភពលោក (World Bank) ផ្តល់​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ជំងឺ​កូវិដ-១៩ (Covid-19)

នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក អ្នកស្រី អ៊ិនហ្គូណា ដូប្រាហ្យា (Inguna Dobraja) បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ថា ប្រាក់​២០​លាន​ដុល្លារ​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ជាបន្ទាន់ សម្រាប់​សេចក្ដី​ត្រូវការ​ចាំបាច់ ដូចជា​បរិក្ខារ​ពេទ្យ ផ្ដល់​កន្លែង​សម្រាប់​ផ្ដល់​សេវា​ព្យាបាល ទប់ស្កាត់​និង​កាត់បន្ថយ​ការ​រីក​រាលដាល​ជំងឺ​កូវិដ​១៩ ព្រមទាំង​ពង្រឹង​សមត្ថភាព ដល់​ការ​ស្តារ សេដ្ឋកិច្ច​និង​ជីវភាព​ពលរដ្ឋ​ឡើងវិញ ក្នុង​រយៈពេល​ខ្លី។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ប្រាក់​ទាំងនេះ ក៏​សម្រាប់​យក​ទៅ​ប្រើប្រាស់​សម្រាប់​សាងសង់​មណ្ឌល​សង្គ្រោះ​បន្ទាន់ និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​អ្នកជំងឺ​កូវិដ-១៩ នៅ​ក្នុង​រាជធានី ខេត្ត​ក្រុង ទាំង ២៥ នៅ​កម្ពុជា​។ គម្រោង​នេះ នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​បុគ្គលិក​ពេទ្យ​នៃ​ក្រសួងសុខាភិបាល និង​ការ​ជ្រើសរើស​បុគ្គលិក​ពេទ្យ​បន្ថែម ព្រមទាំង​ផ្តល់​ការ​ហ្វឹកហាត់​ដល់​ពួកគេ ដើម្បី​អាច​មាន​លទ្ធភាព ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ទៅតាម​តម្រូវការ សេវា​សុខាភិបាល សម្រាប់​អ្នកជំងឺ​កូវីដ-១៩។

ធនាគារ​ពិភពលោក លើកឡើង​ថា គម្រោង​ឆ្លើយតប​ដ៏​ខ្លី​នេះ គឺជា​ផ្នែក​មួយ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ធនាគារ​ពិភពលោក ដើម្បី​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​សេវា​សុខាភិបាល សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​។ កាលពី​សប្ដាហ៍​មុន គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​និង​សមភាព​នៃ​សេវា​សុខភាព របស់​ធនាគារ​ពិភពលោក ក៏បាន​ផ្ដល់​ប្រាក់ ១៤​លាន​ដុល្លារ សម្រាប់​ទិញ​រថយន្ត​សង្គ្រោះ​បន្ទាន់ សម្ភារៈ​ពេទ្យ និង​បង្កើន​លទ្ធភាព​មន្ទីរ​ពិសោធន៍ ដើម្បី​អាច​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល