ធនាគារ​ពិភពលោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​ត្រឹម ២,៥% ក្នុង​ឆ្នាំ​២០២០

ធនាគារ​ពិភពលោក World Bank ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក មក​នៅ​ត្រឹមតែ ២,៥%​។ ការ​ព្យាករណ៍​នេះ ធ្វើឡើង​នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​ប្រចាំ​ឆ្នាំ ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ស្ដីពី​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក្នុងអំឡុង​ពេល​វិបត្តិ ជំងឺ​រាតត្បាត កូវីដ-១៩។

ធនាគារ​ពិភពលោក​ពន្យល់​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រង​ការ​ប៉ះទង្គិច​ខ្លាំង ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​។ បញ្ហា​នេះ​បណ្ដាល​ឱ្យ​មានការ​ថមថយ​ចុះ​ខ្លាំង ក្នុង​វិស័យ​ចម្បងៗ​ជួយ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ក្នុង​ត្រីមាស​ទី​មួយ ឆ្នាំ​២០២០​នេះ​។ ធនាគារ​ពិភពលោក វាយតម្លៃ​ថា ហានិភ័យ​បណ្ដាល​ឱ្យ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ រួមមាន ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ស្រុក ការ​អូស​បន្លាយ​ការ​ធ្លាក់ចុះ​នៃ ចំនួន​ភ្ញៀវ​ទេសចរ និង​ការ​កែ​សម្រួល​ទីផ្សារ​អចលនទ្រព្យ​ជាដើម។

យ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ងើប​មកវិញ ក្នុង​ឆ្នាំ​២០២១ មក​នៅ ៥,៩% ក្រោម​សេណារីយ៉ូ​ជាក់លាក់​។ ធនាគារ​ពិភពលោក ផ្ដល់​អំណះអំណាង​ថា វិស័យ​ទេសចរណ៍ រង​ការ​ប៉ះទង្គិច​ខ្លាំង ជាងគេ​បំផុត ក្នុងចំណោម​វិស័យ​ដទៃ​ទៀត ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា គឺ​ដោយសារតែ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ-១៩​។ ដូចគ្នា​នេះ​ដែរ ធនាគារ​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ ក៏​រង​ការ​រង្គោះរង្គើ​ខ្លាំង ដោយសារតែ​គ្មាន​តម្រូវការ​ជា​សាកល ព្រមទាំង​ការ​ដកហូត​ដោយ​ផ្នែក នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA របស់​សហភាព​អឺរ៉ុប​។ ផល​ប៉ះពាល់​នេះ ក៏​បន្ត​រាលដាល ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ ខណៈ​ភាព​ចលាចល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។