ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនដាច់ស្បៀងអាហារ ដោយសារថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យពួកគាត់ អស់រយៈពេលពីរខែមកហើយ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែជួយអន្តរាគមន៍ដល់ពលករទាំងនោះជាបន្ទាន់ ដើម្បីពួកគាត់បានប្រាក់ទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃ។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃលើកឡើងថាពួកគាត់ដាច់ស្បៀងអាហារអស់រយៈពេល២ខែមកហើយពោលគឺចាប់តាំងពីថៅកែថៃមិនបើកប្រាក់ឈ្នួលដល់ពួកគាត់រហូតមក។ពួកគាត់បារម្ភថាបើសិនជាថៅកែមិនបើកឱ្យបានឆាប់ៗទេនោះទេអាចនឹងមានជីវភាពកាន់តែលំបាកជាងនេះដែលអាចនឹងប៉ះពាល់ដល់សុខភាពជាពិសេសប៉ះពាល់ការលូតលាស់របស់កុមារ។
នៅក្នុងបន្ទប់ដ៏តូចមួយដែលមានគ្នា៥នាក់ភាគច្រើនជាស្ត្រីនិងកូនក្មេងផងនោះលោកស្រី មាន សារៀមដែលបច្ចុប្បន្នមកធ្វើការសំណង់នៅខេត្តសាមុតប្រាកានប្រទេសថៃ (Samut Prakan) អស់រយៈពេលជាង៥ខែជាកម្មករសំណង់។ លោកស្រីអាចរកចំណូលបានជាង៣រយបាត (៣០០បាត) ក្នុងមួយថ្ងៃដើម្បីចិញ្ចឹមកូន៣នាក់និងសល់លុយខ្លះផ្ញើទៅឱ្យអ្នកផ្ទះនៅឯស្រុកដើម្បីសងបំណុលធនាគារ។លោកស្រីប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ខែកុម្ភៈថាឥឡូវនេះលោកស្រីគ្មានលុយសម្រាប់ទិញបាយហូបនោះទេដោយសារតែថៅកែមិនបើកលុយឱ្យអស់រយៈពេល២ខែមកហើយ៖
«ពិបាកនឹងឯងយើងជំពាក់គេនៅឯស្រុកផងហើយមិនមានលុយឱ្យគេម៉ែឪនៅឯផ្ទះក៏ឈឺហើយយើងយកកូនមកក៏មិនបានរៀនបានសូត្រ។ ចំណាយច្រើនយើងធ្វើការតែពីរនាក់ហើយកូនដេកស៊ីកូនក្មេងវាដែលដូចយើងមនុស្សធំបើវាទា (សុំញាំ) គឺទាយកតែពីបានដល់ពេលអត់តាំងយំរំពង»។
អ្នកខេត្តបន្ទាយមានជ័យរូបនេះរៀបរាប់ទាំងអស់សង្ឃឹមថាពេលខ្លះបើថៅកែបើកលុយឱ្យ១ពាន់បាតស្មើនឹងជាង១០ម៉ឺនរៀលគឺគ្រាន់ទុកទិញអាហារហូបចុកបន្តិចបន្តូចព្រឹកល្ងាចដើម្បីរស់នៅតែប៉ុណ្ណោះ។ លោកស្រីបន្តថាមិនដឹងត្រូវធ្វើបែបណានោះទេបើសិនជាជូនដំណឹងដល់ស្ថានទូតខ្មែរនៅប្រទេសថៃ ខ្លាច ប៉ូលិសថៃចាប់ពួកគាត់បញ្ជូនមកខ្មែរវិញព្រោះលោកស្រីនិងពលករមួយចំនួនទៀតធ្វើការដោយខុសច្បាប់ព្រោះមិនមានលុយធ្វើលិខិតឆ្លងដែនឬប៉ាស្ទ័រនិងប័ណ្ណការងារទេ។
ស្រដៀងគ្នានេះដែរពលករម្នាក់ទៀតគឺលោកស្រី ចុង ម៉ៅដែលនៅក្បែរនឹងលោកស្រី មាន សារៀមដែរនោះលើកឡើងថាលោកស្រីមិនអាចត្រឡប់ទៅប្រទេសខ្មែរវិញបានទេព្រោះលោកស្រីជំពាក់លុយបងប្អូននិងធនាគារដែលតម្រូវឱ្យលោកស្រីត្រូវប្រឹងប្រែងរកចំណូលដូច្នេះលោកស្រីមានតែតស៊ូលំបាករង់ចាំថៅកែបើកលុយឱ្យ។ ទោះយ៉ាងណាលោកស្រីទទូចឱ្យស្ថានទូតខ្មែរជួយសម្រួលដល់ពួកគាត់ក្នុងការធ្វើប៉ាស្ទ័រនិងប័ណ្ណការងារក្នុងតម្លៃទាបដើម្បីឱ្យពួកគាត់អាចរស់នៅដោយស្របច្បាប់នៅប្រទេសថៃ។
«ខ្ញុំជួបផលលំបាកតែរឿងអត់ហូបអត់បាយអត់លុយហើយមានកូនក្មេងតូចៗផង។ ចង់ឱ្យបងៗជួយរកការងារថ្មីឱ្យពួកខ្ញុំធ្វើខ្លាចទៅកន្លែងផ្សេងគេធ្វើប៉ាស្ទ័រឱ្យ។ ថៅកែកាលពីមុនៗលុយគាត់ចេញដល់ពេលចូលមកដល់ខែនេះមិនដឹងម៉េចគាត់ខាតគាត់អីក៏មិនដឹងគាត់មិនមានលុយបើកឱ្យ»។
អ្នកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យរូបនេះអះអាងថាពលករខ្មែរដែលធ្វើការសំណង់ដោយខុសច្បាប់ជាមួយនឹងលោកស្រីនៅខេត្តសាមុតប្រាកាននេះមានជាង២០គ្រួសារដែលមានចំនួនមនុស្សចាស់ជិត៣០នាក់និងមានកុមារ៥នាក់។ លោកស្រីថាភាគច្រើនជាអ្នកមកពីខេត្តបន្ទាយមានជ័យហើយពួកគាត់រស់នៅដោយការភ័យខ្លាចប៉ូលិសថៃចាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរនិងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាពលករដាច់ស្បៀងនេះបានទេនៅថ្ងៃទី០៥ខែមករាដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះមន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន មានប្រសាសន៍ថាកាលពីថ្មីៗនេះលោកបានទៅជួបនឹងពលករជាង២០គ្រួសារនោះហើយដោយលោកសង្កេតឃើញថាពលករភាគច្រើនខ្វះខាតហើយគ្មានលុយទិញបាយហូបចុកឱ្យបានត្រឹមត្រូវ។ លោកថាបញ្ហានេះមិនមែនទើបតែមានទេគឺមានស្ទើរតែគ្រប់កន្លែងឱ្យតែមានពលករខ្មែរធ្វើការដោយសារភាគច្រើនពួកគេចាញ់បោកមេខ្យល់។ លើសពីនេះលោកទទូចស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃជួយដោះស្រាយបញ្ហាអត់ស្បៀងដល់ពលករខ្មែរឱ្យបានទាន់ពេលវេលាដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់៖
«ខាងរដ្ឋាភិបាលគាត់គួរតែមានវិធានការជួយជ្រុងជ្រែងជួយអប់រំពលករតាមតំបន់ឱ្យពួកគាត់យល់ដឹងបន្ថែមអំពើការធ្វើយ៉ាងម៉េចឱ្យយើងនឹងមានសិទ្ធិពេញលេញមានសិទ្ធក្នុងការធ្វើការងារដោយស្របច្បាប់នៅស្រុកគេ។ សូមបញ្ជាក់បន្ថែមថាបើសិនជាវិធានការណាមួយដើម្បីឱ្យបងប្អូនយើងវាជារឿងល្អជាពិសេសសម្រាប់បងប្អូនយើងពលករ»។
របាយការណ៍របស់ក្រសួងការងារកម្ពុជាឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរជាង ១លាន២សែននាក់កំពុងធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថាមានពលករខ្មែរកំពុងធ្វើការដោយស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ២លាននាក់ដោយមួយចំនួនពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារនិងបាត់បង់ផលប្រយោជន៍ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ។
អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជាសង្កេតឃើញថាបញ្ហាចំណាកស្រុកដោយខុសច្បាប់របស់ពលករខ្មែរកើតមានជាច្រើនឆ្នាំមកនេះជាចំណុចដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្ពស់។ ពួកគេបារម្ភថាកន្លងមករដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយនោះទេដែលធ្វើឱ្យពលរដ្ឋនៅតែបន្តឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេសដោយសារតែពួកគេមានជីវភាពខ្វះខាតខណៈដែលតម្លៃឯកសារផ្សេងៗនិងលិខិតឆ្លងដែនមានតម្លៃខ្ពស់ហួសពីលទ្ធភាពរបស់ពួកគាត់។ដូច្នេះពួកគេទទូចឱ្យអាជ្ញាធរកម្ពុជាសហការនឹងអាជ្ញាធរថៃជួយសម្រួលក្នុងការធ្វើលិខិតឆ្លងដែនក្នុងតម្លៃទាបសមរម្យដែលពលរដ្ឋខ្មែរអាចធ្វើបាននិងជួយឧបត្ថម្ភស្បៀងកំឡុងពេលដែលពួកគាត់កំពុងខ្វះខាតដូចពេលនេះ។ ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃភាគច្រើនលើកឡើងថាការធ្វើចំណាកស្រុកទៅក្រៅប្រទេសឃ្លាតឆ្ងាយពីគ្រួសារដោយសារតែគ្មានការងារធ្វើនៅកម្ពុជាឬការងារក្នុងស្រុកបានប្រាក់ចំណូលទាបបើធៀបនឹងប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។