ពលរដ្ឋ​ឃុំ​សាគ្រាម​ខេត្តកំពង់ធំ​ប្រមាណ​៧០​ភាគរយ​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​ដោះបំណុល

0:00 / 0:00

ក្រោយ​ចប់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ប្រមាណ​ជាង ៧០​ភាគរយ​នៅក្នុង​ឃុំ បាន​នាំគ្នា​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយសារ​ពួកគេ​មិន​អាច​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក និង​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​មូលដ្ឋាន​បារម្ភ​ខ្លាច​ពលរដ្ឋ​ទាំងនោះ​ទៅ​ធ្វើ​ការងារ​ឆ្លងដែន ចាញ់​បោក​មេខ្យល់ ដោយសារ​ពលរដ្ឋ​មួយចំនួន​មិន​មាន​ឯកសារ​ត្រឹមត្រូវ។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សាគ្រាម​អះអាង​ថា ពលរដ្ឋ​នៅក្នុង​ឃុំ​ប្រមាណ​ជាង​៧០​ភាគរយ បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​ពួកគេ​គិត​ថា នៅ​ទីនោះ​ស្រួល​រកលុយ​ចិញ្ចឹម​គ្រួសារ​ជាង​នៅ​កម្ពុជា។ ក្រៅ​ពី​នោះ​ពួកគេ​ថា ការងារ​នៅក្នុង​ស្រុក មិន​អាច​រក​ប្រាក់​ដោះបំណុល​បាន​នោះ​ទេ ។ អ្នកភូមិ​បន្ថែម​ថា អ្នក​ទាំងនោះ​ភាគច្រើន​នាំគ្នា​ទៅ​ស៊ីឈ្នួល ធ្វើ​ការងារ​សំណង់ ដោយ​បាន​ប្រាក់​ឈ្នួល​ក្នុង​មួយថ្ងៃ ចន្លោះ​ពី​១០​ដុល្លារ ទៅ​១៥​ដុល្លារ ច្រើនជាង​ក្នុងស្រុក​ដែល​ពួកគេ​រកបាន​តែ​៣​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សាគ្រាម លោក ង៉ោ បូរ៉ា បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែ​តុលា​ថា ក្រោយ​ចប់​បុណ្យ​ភ្ជុំបិណ្ឌ​ភ្លាម ពលរដ្ឋ​នៅក្នុង​ឃុំ នាំគ្នា​សម្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ច្រើន​ជាង​សព្វមួយដង ដោយសារ​ពួកគេ​ធ្វើ​ការងារ​នៅក្នុង​ស្រុក​មិនអាច​រក​ប្រាក់​បាន​ដោះបំណុល​ធនាគារ។ លោក​បន្ថែម​ថា នៅក្នុង​ភូមិ​មាន​ភាព​ស្ងប់ស្ងាត់ និង​មានតែ​មនុស្ស​ចាស់ជរា​នៅ​មើលថែ​ចៅ​តែប៉ុណ្ណោះ រីឯ​គ្រួសារ​ខ្លះទៀត បាន​បង្ខំ​ឲ្យ​កូន​ឈប់​រៀន​ទៅ​ធ្វើ​ការងារ​ដែរ។

លោក ង៉ោ បូរ៉ា៖ «គាត់​ចំណាក​ទីមួយ​គាត់​ទៅ​ថៃ ទៅ​ថៃ​ច្រើន គាត់​ទៅ​ភ្នំពេញ ភាគច្រើន​គឺ​ទៅ​ថៃ ពលរដ្ឋ​ពេញកម្លាំង​៧០​ភាគរយ ៨០​ភាគរយ គាត់​ចំណាកស្រុក គាត់​មិន​សូវ​នៅ​ធ្វើស្រែ​ធ្វើ​ចម្ការ​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត​នៅ​ឃុំ​សាគ្រាម គឺ កញ្ញា លី រ៉ាក់សា កត់សម្គាល់​ថា ពលរដ្ឋ​នៅក្នុង​ឃុំ​របស់​កញ្ញា ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​មាន​ការ​កើនឡើង ក្នុងអំឡុងពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កញ្ញា​បន្ថែម​ថា ពលរដ្ឋ​ទាំងអស់​នោះ​ភាគច្រើន​នាំគ្នា​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់ រីឯ​អ្នក​ខ្លះទៀត​បង្ខំចិត្ត​ទៅ​ធ្វើ​ការ​នៅ​ទីនោះ ដោយសារតែ​មុខរបរ​កសិកម្ម របស់​ពួកគេ ដូចជា ដំឡូង ស្វាយចន្ទី និង​ស្វាយ មាន​ការ​ខាតបង់ និង​មិនអាច​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន។

កញ្ញា លី រ៉ាក់សា៖ «គាត់​ធ្វើស្រែ​ចម្ការ​មិន​សូវ​បាន​ផល ដូច​ជា​ធ្វើ​ដំឡូង​ជូន​កាល​ទឹក​លិច​អ៊ីចឹង​គាត់​ខាត ធ្វើ​ដំឡូង​ដោយសារ​គាត់​យក​លុយ​ធនាគារ​ធ្វើ ដល់​ពេល​ដំឡូង​ខូច​ក៏​គាត់​កប់​លុយ​អ៊ីចឹង​ឯង​គាត់​អត់​មាន​អ្វី​បង់ ជូន​កាល​ក៏​គាត់​រត់​ទៅ​ប្រទេស​ថៃ ធ្លាប់​សួរ​គាត់​អ៊ីចឹង គាត់​នៅ​យក​ចៅ​[​មើល​]​កូន​គាត់​ធ្វើការ​ចំណាកស្រុក ដើម្បី​យក​លុយ​មក​បង់​ធនាគារ»។

ជុំវិញ​រឿង​នេះ មេឃុំ​សាគ្រាម លោក ចាន់ សុផល ទទួលស្គាល់​ថា មាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ពិតមែន ប៉ុន្តែ​លោក​ថា មាន​ប្រមាណ​តែ​៣០​ភាគរយ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​នាំ​គ្នា​ធ្វើការ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​មួយចំនួន​ទៀត ទៅធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​ពលរដ្ឋ​ទាំងអស់​នោះ​ភាគច្រើន ជំពាក់​បំណុល​ធនាគារ។ លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ ដែល​បាន​ទៅ​ធ្វើ​ការ​ឆ្លង​ដែន​នៅ​ប្រទេស​ថៃ មិន​មាន​ឯកសារ​ត្រឹមត្រូវ ប៉ុន្តែ​លោក​ថា កន្លង​ទៅ​អាជ្ញាធរ​ឃុំ និង​អង្គការ​សង់ត្រាល់ (CENTRAL) បាន​ផ្សព្វផ្សាយ​អប់រំ​អំពី​ផ្លូវច្បាប់ និង​ការ​ធ្វើ​ចំណាកស្រុក ដោយ​ស្របច្បាប់​និង​ឲ្យ​បាន​ត្រឹម​ត្រូវជា​បន្ត​បន្ទាប់​មក​ហើយ​ដែរ។

លោក ចាន់ សុផល៖ «និយាយ​រួម​ទៅ​តំបន់​ខ្ញុំ​នេះ​ច្រើនតែ​យក​លុយ​ធនាគារ គាត់​យក​លុយ​ពី​ធនាគារ​ទៅ​ដល់​គាត់​ដោះ​ការប្រាក់​មិនទាន់​ទៅ​គាត់​ត្រូវ​ការ​ធ្វើ​ចំណាកស្រុក​។ ជីវភាព​នៅ​តំបន់​របស់​ខ្ញុំ​របរ​កសិកម្ម​វា​អស់ហើយ ស្រែ ចម្ការ ស្វាយចន្ទី ប៉ុណ្ណោះ​ឯង​ទេ ដល់​ផុត​ដំណាំ​សម្រាប់​ជីវភាព​របស់​គាត់​ទាន់​ចិត្ត​គាត់​ត្រូវ​ធ្វើការ​ចំណាកស្រុក​។ និយាយ​រួម​ទៅ​ជំពាក់​ធនាគារ​ច្រើន»។

របាយការណ៍​របស់​សាលាឃុំ​សាគ្រាម បង្ហាញថា ឃុំ​នេះ​មាន​ពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​(២១៤៣​គ្រួសារ​) ស្មើនឹង ជាង​១​ម៉ឺន នាក់​(១០១២៨​នាក់​) ដែល​ជា​អ្នក​រស់​នៅ​ពឹងផ្អែក​ទៅលើ​មុខរបរ​កសិកម្ម​។ អាជ្ញាធរ​ឃុំ​ក៏ បាន​កំណត់ ភូមិ​ចំនួន​៣ ដែល​ជា​ភូមិ​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​លំបាក​ខ្លាំង​ក្នុង​ការពិបាក​រក​ប្រាក់​សង​ទៅ​ម្ចាស់បំណុល មាន​ដូចជា ភូមិ​ព្រិច ភូមិ​ស្រែ​វាល និង​ភូមិ​គន្ទាក។

ទាក់ទិន​នឹ​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​ហៅ​កាត់​សង់​ត្រាល់) លោក ឌី ថេហូយ៉ា យល់​ឃើញ​ថា ពលករ​ចំណាកស្រុក ទទួល​បាន​ផលប្រយោជន៍​តិចតួច គឺ​អាច​រក​ប្រាក់​បាន​ចិញ្ចឹមជីវិត​និង​អាច​សងបំណុល​គេ​បាន ប៉ុន្តែ​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ផង​ដែរ ជាពិសេស​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់។

លោក​ថា ការ​ធ្វើ​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ប្រឈម​នឹង​ការ​ជួញដូរ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ព្រមទាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ថែម​ទៀត​ផង។

លោក ឌី ថេហូយ៉ា៖ «កាលណា​ទៅ​មិន​ស្របច្បាប់ បញ្ហា​ប្រឈម​របស់​គាត់​គឺ​ប្រឈម​ពី​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​កម្លាំង​ពលកម្ម ការ​រង​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម ដោយ​មិន​មាន​ការ​ការពារ​សិទ្ធិ​របស់​ពួកគាត់ នៅពេល​អត់​មានការ​ការពារ​ទាំងអស់​ហ្នឹង​អត់​មានបាន​ការគោរព​សិទ្ធិ​គឺ​គាត់​ទៅ​ធ្វើ​ការងារ​មួយ ដែល​គេ​ហៅថា​ទេសភាព​នា​សម័យ​ទំនើប(Modern slavery)មានន័យថា​ធ្វើការ​ដោយ​បង្ខំ ធ្វើការ​ដោយ​គ្មាន​សេរីភាព ដោយសារតែ​គាត់​ជាប់​ដោយ​បំណុល​ជាដើម​ហ្នឹង»។

បើ​ទោះបី​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បាន​កំណត់​យក​ការ​ពង្រឹង​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​រក​ប្រាក់​ចំណូល​ជា​រឿង​សំខាន់​ក៏ដោយ នៅ​រយៈពេល​ជាង​២​ខែ​បន្ទាប់ពី​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី​មក ពលរដ្ឋ​នៅ​គ្រប់កន្លែង​តែងតែ​លើកឡើង​អំពី​បញ្ហា​លំបាក បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់ចំណូល ព្រមទាំង​រង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សាគ្រាម បាន​ត្អូញត្អែរ​ថា ពួកគេ​មាន​បញ្ហា​ខ្វះ​ថវិកា​ទិញ​ម្ហូបអាហារ ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ជា​ពិសេស​ខ្វះ​លុយ​បង់​ធនាគារ និង​ភ័យខ្លាច​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​គ្មាន​លទ្ធភាព​សងបំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។