រដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ ដើម្បី​លើ​កម្ពស់​គុណភាព និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ

រដ្ឋាភិបាល​សម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ ដើម្បី​លើ​កម្ពស់​គុណភាព និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ និង​ដើម្បី​ពង្រឹង​លើ​កិច្ចការ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ដាំដុះ។

នាយកដ្ឋាន​នេះ​ ចំណុះ​ក្រោម​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

នៅ​ក្នុង​អនុក្រឹត្យ ដែល​ចុះ​ហត្ថលេខា​ដោយ លោក ហ៊ុន​ សែន កាលពីពីថ្ងៃទី៧ វិច្ឆិកា ដែល អ្នក​កាសែត​ទើប​ទទួល​បាន នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា​បាន​បញ្ជាក់​ពី​មុខងារ និង​ការ​ទទួល​ខុស​ត្រូវ របស់ នាយកដ្ឋាន​ពូជ​ដំណាំ​នេះ រួមមាន ​រៀបចំ​គោល​នយោបាយ កសាង​ផែនការ​យុទ្ធសាស្ត្រ ថវិកា កម្មវិធី និង​កម្មវិធី និង​គម្រោង​អភិវឌ្ឍពូជ​ដំណាំ។

ធ្វើ​អធិការ​កិច្ច​អាជីវកម្ម​ពូជ​ដំណាំ​នៅ​ក្នុង​ឃ្លាំង​ស្តុក និង​នៅ​លើ​ទីផ្សារ និង​តាមដាន​ការ​ប្រើ​ពូជ​ដំណាំ​នៅ​ទីវាល។

រៀប​ចំ​បែបបទ បង្កើត​បញ្ជី​ប្រភេទ​ពូជ​ដំណាំ​របស់​ជាតិ និង​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ ដើម្បី​គ្រប់គ្រង នៃ​ការ​បញ្ជាក់​គុណភាព​ដល់​អតិថិជន ព្រម​ទាំង​កិច្ចការ​ពាក់ព័ន្ធ​សំខាន់ៗ មួយ​ចំនួន​ទៀត។

ការ​សម្រេច នាយកដ្ឋាន​ពូជ​ដំណាំ ស្រប​ពេល​ដែល កសិករ និង​អ្នក​ជំនាញ កសិកម្ម​មួយ​ចំនួន បារម្ភ​អំពី ការ​ខ្វះ​ខាត​ពូជ​ដំណាំ​ដែល​ល្អ និង​មាន​គុណភាព ក្នុង​ការ​ប្រើប្រាស់​ក្នុង​រដូវ​ដាំដុះ​ម្តងៗ។

ពួក​គាត់​ឲ្យដឹង​ថា ពូជ​ដំណាំ​ដែល​ប្រាស់​សព្វថ្ងៃ​ភាគ​ច្រើន គឺ​ជា​ពូជ​រក្សា​ទុក​ដោយ​ខ្លួន​ឯង ហើយ​ចែកចាយ ប្រើប្រាស់​ត​គ្នា និង​មួយ​ចំនួន​ទៀត​ស្វែង​រក​ទិញ​នៅ​លើ​ទីផ្សារ ដែល​ពូជ​ទាំង​នោះ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដូច​វៀតណាម និង ប្រទេស​ ថៃ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។