អ្នកវិភាគ​ថា​កម្ពុជា​នឹង​មាន​ភាព​វឹកវរ​បើ​សិន​ជា​អន្តរជាតិ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ

ដោយ ទីន ហ្សាការីយ៉ា
2017-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ក្រុម​សហជីព​មួយ​ចំនួន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា នឹង​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​មិន​រក​ច្រក ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ឲ្យ​បាន​កាន់តែ​ឆាប់​ទេ​នោះ។ ការ​លើក​ឡើង​នេះ នៅ​ខណៈ​ប្រទេស​ទទួល​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា មាន​សហរដ្ឋអាមេរិក និង​សហគមន៍​អាមេរិក​កំពុង​រៀបចំ​នីតិវិធី​ឡើងវិញ ចំពោះ​ការ​អនុគ្រោះ​ពន្ធ​នាំចូល​របស់​កម្ពុជា។

ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុងតែ​វិវឌ្ឍ​ទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នឹង​ប្រឈម​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​មិន​វិល​មក​រក​តុ​ចរចា​វិញ​ទេ​នោះ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២ ធ្នូ ថា កម្ពុជា​មិន​អាច​ធ្វើដំណើរ​ទៅមុខ ដោយ​គ្មាន​ការ​ពឹង​ពាក់​លើ​ដៃគូ​បរទេស​បានទេ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ នៅ​ខណៈ​ពលរដ្ឋ​កម្ពុជា បាន​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ។ លោក មាស នី ព្រួយបារម្ភ​ថា បើសិនជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​លុបចោល​ការ​អនុគ្រោះ​ពន្ធ​នាំចូល​នោះ កម្ពុជា​នឹង​ជួប​ហានិភ័យ​កាន់តែ​ធ្ងន់ធ្ងរ។ «»

ការ​លើកឡើង​របស់​​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​នេះ នៅ​ស្រប​ពេល​មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ប្រកាស​ថា គេ​នឹង​លុបចោល​ការ​អនុគ្រោះ​ពន្ធ​នាំចូល រួម​ទាំង​អាមេរិក​ផង បើសិនជា​រដ្ឋាភិបាល​មិន​ឈប់​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​មិន​កែប្រែ​ស្ថានភាព​នយោបាយ​ឲ្យ​ប្រសើរ​វិញ​ទេ​នោះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ខ្វល់​ពី​ការ​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សំណាក់​សហគមន៍​អន្តរជាតិ​នេះ​ទេ ព្រោះ​លោក​អះអាង ថា​កម្ពុជា​បច្ចុប្បន្ន មិន​ដូច​កម្ពុជា​កាលពី​ប្រមាណ ៣០​ឆ្នាំមុន​នោះ​ឡើយ។ ថ្លែង​នៅ​ចំពោះ​កម្មករ​រោងចក្រ​កាត់​ដែរ​រាប់ពាន់​នាក់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា លោក ហ៊ុន សែន បញ្ជាក់​ថា កាល​ពី​មុន​កម្ពុជា រង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជុំ​ទិស អាច​រស់​បាន ចុះ​ឥឡូវនេះ ហេតុ​អី​រស់​មិនបាន?។ លោក​ថែម​ទាំង​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ប្រទេស​ដែល​ជា​អ្នកទទួល​ទិញ ឲ្យ​ទទួលខុសត្រូវ​លើ​អ្នក​វិនិយោគ​ថែមទៀត បើសិនជា​បិទ​ការ​អនុគ្រោះ​ពន្ធ​មែន​នោះ។ «»

ឆ្លើយតប​និង​ការ​លើកឡើង​នេះ លោក បណ្ឌិត មាស នី ពន្យល់​ថា ស្ថានភាព​កម្ពុជា​សព្វថ្ងៃ​នេះ ខុស​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ពីព្រោះ​ថា កម្ពុជា​មាន​ចំណង​ជាច្រើន​ជាមួយ​សហគមន៍​អន្តរជាតិ បើសិនជា​រដ្ឋាភិបាល​មិន​ខ្វល់​អំពី​បញ្ហា​នេះ​ទេ កម្ពុជា​មិន​អាច​ជៀស​ផុត​ពី​ភាព​វឹកវរ​សង្គម​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ លោក បណ្ឌិត មាស នី ជំរុញ​ឲ្យ​គណបក្សប្រឆាំង និង​គណបក្ស​កាន់អំណាច ត្រូវ​រក​វិធី​ដើម្បី​ចរចា​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ​វិញ​ប្រសើរ​ជាង។ «»

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​លើ​គោលការណ៍​បង្រួបបង្រួម​ជាតិ ក៏ប៉ុន្តែ​គណបក្ស​កាន់អំណាច ពិសេស​លោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ធ្លាក់​ដុនដាប​ដូច​សព្វថ្ងៃ​នេះ។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ដែល​ដឹកនាំ​ឆ្ពោះ​ទៅ​ផ្ដាច់ការ​បែបនេះ។ «»

កំណើន​សេដ្ឋកិច្ច​កម្ពុជា ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង ទៅលើ​ការនាំចេញ​ផលិតផល​វិស័យ​កាត់ដេរ ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ជាង ៦០% នៃ​ការនាំចេញ​ផលិតផល​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា​ទៅ​ពិភពលោក គឺ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ ការ​រីក​លូតលាស់​វិស័យ​កាត់ដេរ និង​រោងចក្រ​នៅ​កម្ពុជា ក៏​ដោយសារតែ​ការ​អនុគ្រោះ​ពន្ធ ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះ​ដែរ។ ប៉ុន្តែ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​យ៉ាង​សន្ធាប់ ទើប​ប្រទេស​ទាំងនោះ​ព្រមាន​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ។

ចំពោះ​ធនាគារ​ពិភពលោក​វិញ ក៏​ធ្លាប់​ចេញ​របាយការណ៍​ព្យាករណ៍​សេដ្ឋកិច្ច​កន្លងមក​ដែរ​ថា ស្ថានភាព​នយោបាយ​មិនល្អ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​កំណើត​សេដ្ឋកិច្ច បាន​៧%​ក្នុង​មួយ​ឆ្នាំ​ដូចដែល​រដ្ឋាភិបាល​រំពឹង​ទុក​នោះ​ទេ ហើយ​វិស័យ​វាយនភណ្ឌ​កាត់ដេរ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​ក្នុង​ការ​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ។

រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​ជាង ១​ពាន់​រោងចក្រ​ក្នុង​នោះ រោងចក្រ​បាន​ចុះបញ្ជី​ជាង ៦០០​ក្រុមហ៊ុន។ ហើយ​កម្មករ​មាន​ជិត ១​លាន​នាក់ ក្នុង​នោះ​កម្មករ​បាន​ចុះបញ្ជី​មាន​ជាង ៧​សែន​នាក់។ ប្រាក់ចំណូល​ពី​វិស័យ​កាត់ដេរ​កាលពី​ឆ្នាំ​២០១៦ មាន៧ពាន់ ៣​រយ​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០១៧ គេ​ព្យាករណ៍​ថា នឹង​កើន​ដល់ ៧​ពាន់ ៨​រយ​លាន​ដុល្លារ តែ​ស្ថានភាព​នយោបាយ​មិនល្អ​ដូច​បច្ចុប្បន្ន​នេះ ខាង​សហជីព​ព្រួយបារម្ភ​ថា ចំណូល​នាំចេញ​ក្នុង​ឆ្នាំ​២០១៧ នឹង​អាច​ធ្លាក់​ចុះ។

 

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ បាន​អំពាវនាវ​ឲ្យ​អ្នកទិញ​កុំ​បញ្ឈប់​ការទិញ​សំលៀកបំពាក់ និង​ទំនិញ​ក្រោម​ការ​អនុគ្រោះ​ពន្ធ។ ចំណែក​ឯ ក្រុមប្រឹក្សា​សហជីព​កម្ពុជា ក៏បាន​សរសេរ​លិខិត​កាលពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា សុំ​ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដោយ​សំណូមពរ ឲ្យ​អាមេរិក​កុំ​បញ្ឈប់​ការទិញ​ផលិតផល​សំលៀកបំពាក់​កាត់ដេរ និង​ស្បែកជើង រួម​ទាំង​ផលិតផល​ផ្សេងៗ​ទៀត​ពី​កម្ពុជា ចូល​ទីផ្សារ​សហរដ្ឋអាមេរិក។ ការ​ស្នើ​សុំ​ជួប​នេះ នៅ​ក្រោយ​ពេល លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​អះអាង​ថា ខាង​សេត​វិមាន កំពុង​រៀបចំ​នីតិវិធី​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​អនុគ្រោះ​ពន្ធ​នាំចូល​របស់​កម្ពុជា និង​ថៃ។

ប្រធាន​សហជីព​កម្មករ​មួយ​ចំនួន ព្រមាន​ពី​ភាព​វឹកវរ​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ នៅ​ពេល​អន្តរជាតិ​ឈប់​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ នៅតែ​បណ្ដែតបណ្ដោយ ឲ្យ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ គ្មាន​ដំណោះស្រាយ​បែបនេះ។ លោក មាស នី បញ្ជាក់​ថា អ្នកនយោបាយ​ត្រូវ​ស្ដាប់​អ្នកសេដ្ឋកិច្ច ទើប​គេ​ហៅថា​អ្នកនយោបាយ​វៃ​ឆ្លាត បើ​ពុំ​ដូច្នោះ​ទេ រដ្ឋាភិបាល​មិន​អាច​គេច​ផុត​ភាព​វឹកវរ​របស់​ក្រុម​កម្មករ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

តាមមើលទៅ តាចាស់ហ៑ុនសែន មានអម្រែក ២ :
- ១= បំរើ បរទេស វៀតណាម ចិន ប្រគល់ទ្រព្យសម្បត្តិជាតិ ទឹកដីអោយគេយកតាមចិត្ត ជាថ្នូរ កាពារអំណាចអោយខ្លួន !
- ២= បំរើ ខ្មែរ ការពារទឹកដី ការពារទ្រព្យសម្បត្តិជាតិ !

Dec 03, 2017 08:21 AM

គេហទំព័រ​ទាំងមូល