អ្នកវិភាគលើកឡើងថា ពួកគេសោកស្ដាយ ដែលរដ្ឋាភិបាលចិន ផ្ដល់ព័ត៌មានពិតនៃការឆ្លងវីរុសកូរ៉ូណា (Coronavirus) យឺតយ៉ាវ ដែលបានបណ្ដាលឱ្យជំងឺនេះរាតត្បាតពេញពិភពលោក ហើយបានសម្លាប់មនុស្សជិត ២សែននាក់។ ពួកគេថា ការមិនផ្តល់ព័ត៌មានច្បាស់លាស់ អំពីគ្រោះថ្នាក់នៃជំងឺ Covid-19 បណ្ដាលឱ្យ ពលរដ្ឋកម្ពុជារងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយនិងឃ្លាំមើលសង្គមលោកបណ្ឌិត មាស នី ប្រាប់អាស៊ីសេរីថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ (Covid-19) មក វិស័យសំខាន់ៗរបស់កម្ពុជា ដូចជា រោងចក្រកាត់ដេរ សហគ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍ ក្លឹបកម្សាន្ត ខារ៉ាអូខេ ព្រមទាំងកាស៊ីណូ សុទ្ធតែទទួលផលអវិជ្ជមាន។
លោកបញ្ជាក់ថា ទីផ្សារនិងហាងលក់ទំនិញស្ទើរតែទាំងអស់នៅកម្ពុជា បានបិទទ្វារបន្តបន្ទាប់ ហើយអ្នកធ្វើការក្រៅប្រព័ន្ធកំពុងប្រឈមមុខទៅនឹងជីវភាពគ្រួសារយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជន បានកំពុងតែបង្ខំឱ្យពួកគេសងបំណុលរបស់ខ្លួន៖ «យើងដឹងហើយថា ពលរដ្ឋចិនរាប់រយលាននាក់បានធ្វើការចេញទៅធ្វើទេសចរណ៍នៅក្នុងប្រទេសដទៃក្នុងពិភពលោក ក្នុងរយៈពេលបួនប្រាំឆ្នាំហ្នឹង គឺច្រើនមែនទែនបាទ ដោយរួមមានទាំងប្រទេសកម្ពុជាផងដែរ»។
ជំងឺកូវីត១៩ នេះ (Covid-19) កើតឡើងដំបូងគេនៅទីក្រុងវូហាន ប្រទេសចិន តាំងពីដើមខែធ្នូឆ្នាំ២០១៩ ប៉ុន្តែប្រទេសកុម្មុយនិស្តមួយនេះ ទើបតែជូនដំណឹង ដល់អង្គការសុខភាពពិភពលោក (WHO) កាលពីដើមខែមករាឆ្នាំនេះ។ នេះបើតាមការអះអាងរបស់អង្គការសុខភាពពិភពលោក។
កត្តានេះហើយ បណ្ដាលឱ្យសហរដ្ឋអាមេរិកចោទអង្គការសុខភាពពិភពលោកថា មានភាពលម្អៀងទៅរកចិន ហើយជឿទៅលើតែរបាយការណ៍ របស់គណៈកម្មការសុខភាពជាតិ របស់ចិនខ្លាំងពេក។សហរដ្ឋអាមេរិកបានលើកឡើងថា ប្រទេសចិនមិនបានផ្តល់ព័ត៌មានច្បាស់លាស់ អំពីជំងឺកូវីដ១៩នេះទេ ដែលជាហេតុបណ្ដាលឱ្យប្រទេសរបស់ខ្លួន មិនបានត្រៀមខ្លួនជាមុនក្នុងការបង្ការវីរុសកូរ៉ូណានេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា ប្រទេសចិនអាចប្រឈមនឹងផលវិបាក ប្រសិនបើប្រទេសនេះទទួលខុសត្រូវចំពោះការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ ដោយសារការស្លាប់នៅអឺរ៉ុបដោយជំងឺ Covid-19 មានចំនួនជាង ១៧ ម៉ឺននាក់ (១៧១.២៤៩)។
ប្រទេសអូស្ត្រាលីក៏បានដាក់សម្ពាធទៅលើប្រទេសចិនផងដែរ។ ប្រទេសនេះបានទាមទារឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ ទៅលើប្រភពដើមនៃវីរុសកូរ៉ូណានេះ ថា តើវាឆ្លងយ៉ាងដូចម្តេច។
លោកបណ្ឌិត មាស នី បារម្ភថា បើសិនជាជំងឺ Covid-19 នេះ បន្តរាតត្បាតយូរតទៅទៀត ទាំងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក អាចនឹងប្រឈមមុខកាន់តែធ្ងន់ធ្ងរឡើង ព្រោះប្រទេសមួយចំនួនបានប្រកាសក្ស័យធនជាបណ្ដើរៗហើយ៖ «ខ្ញុំមានជំនឿថា ផ្អែកទៅលើអ្វីដែលកើតឡើងបច្ចុប្បន្ន ដូចជាប្រទេសកម្ពុជាយើងជាអាថ៌ហ្នឹង គឺទោះបីជាជំងឺកូវីដ១៩ហ្នឹង ការរីករាលដាលមានសភាពយឺតហើយចំនួនអ្នកកើតនៅតិច ក៏ប៉ុន្តែបើយើងមើលវិបត្តិសេដ្ឋកិច្ចធំធេងណាស់ ហើយអ្វីដែលជារបាយការណ៍របស់ស្ថាប័នរបស់ពាណិជ្ជកម្មឬក៍ស្ថាប័នហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន ក៏បានសារភាពហើយដែរថា សេដ្ឋកិច្ចពិភពលោកហ្នឹងបានធ្លាក់ដាំក្បាលចុះលឿនមែនទែន»។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងស្រុតចុះខ្លាំងបំផុត មិនធ្លាប់មានពីមុនមក ដែលអាចធ្លាក់មកនៅក្រោមសូន្យ គឺរហូតដល់ទៅដក ១,៦ ភាគរយ ក្នុង ឆ្នាំ២០២០ នេះ។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ ខែមេសាថា លោកមិនយល់ស្របចំពោះការចោទប្រកាន់ទៅលើប្រទេសចិនថា បានលាក់ព័ត៌មានអំពីការឆ្លងជំងឺកូវីត១៩ទេ។ លោកបន្តថា នេះគ្រាន់តែជាការចោទប្រកាន់គ្មានភស្តុតាង ព្រោះមិនទាន់មានប្រភពណាបានស្រាវជ្រាវរកឃើញឯកសារច្បាស់លាស់ ដើម្បីដាក់បន្ទុកទៅលើប្រទេសចិននៅឡើយទេ៖ «រឿងបញ្ហាកូវីដនៅកម្ពុជានេះមិនមែនឆ្លងដោយជនជាតិចិនចូលមកកម្ពុជាទេ តែផ្ទុយទៅវិញគឺមកពីជនជាតិអឺរ៉ុប។ ក៏ប៉ុន្តែខ្ញុំយល់ថាដោយសារជំងឺកូវីដនេះវាផ្ទុះចេញពីទីក្រុងវូហាន ចេញពីចិនមែន ក៏ប៉ុន្តែប្រហែលជនជាតិទាំងអស់នោះ មកចម្លងចេញពីក្រុងវូហាន ហើយបន្តមកចូលកម្ពុជា ក៏ប៉ុន្តែបើនិយាយពីឆ្លងផ្ទាល់ជនជាតិចិនចូលមកកម្ពុជាហ្នឹងមិនមានករណីច្រើនទេ គឺមានតែម្នាក់គត់»។
លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានផែនការប្ដឹងប្រទេសចិនទេ ហើយពិភពលោកមិនអាចស្តីបន្ទោសទៅលើប្រទេសចិនបានឡើយ ព្រោះពេលនេះមិនមែនជាពេលវេលាចោទគ្នាទេ គឺត្រូវចេះរួមកម្លាំងគ្នាដើម្បីរកវ៉ាក់សាំងក្នុងការទប់ទល់មេរោគកូរ៉ូណានេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ មានប្រសាសន៍ថា ប្រទេសចិនជាអ្នកទទួលខុសត្រូវ ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណានេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសកុម្មុយនិស្តមួយនេះ មិនបានជូនដំណឹងដល់ពិភពលោក ដើម្បីឱ្យមានការប្រុងប្រយ័ត្នជាមុន។
លោកថា កម្ពុជានិងប្រទេសដ៍ទៃទៀត បានបណ្ដែតបណ្ដោយឱ្យជនជាតិចិនយ៉ាងច្រើន ចូលមកប្រទេសរបស់ខ្លួន ដោយសារតែមានផលប្រយោជន៍ធំជាមួយប្រទេសចិន ហើយមូលហេតុនេះ បានធ្វើឱ្យមានការឆ្លងរីករាលដាល វីរុសកូរ៉ូណាធ្ងន់ធ្ងរ នៅតំបន់អាស៊ីទាំងមូល៖ «ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពិតជាមានប្រភពមកពីប្រទេសចិនមែន។ រដ្ឋាភិបាលចិនមានកំហុសលាក់ព័ត៌មានមិនបង្ហាញការពិតឱ្យពិភពលោកមានការប្រុងប្រយ័ត្នអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ហ្នឹង»។
មកទល់នឹងថ្ងៃទី២១ មេសា សហរដ្ឋអាមេរិកបានរកឃើញអ្នកផ្ទុកជំងឺកូវីត១៩ ចំនួនជាង ៧៨ម៉ឺននាក់ (៧៨៨.១១០) និងស្លាប់ជាង ៤ម៉ឺន ២ពាន់នាក់ (៤២.៣៧៤)។ ប្រទេសអេស្ប៉ាញមានអ្នកផ្ទុកជំងឺ ជាង ២០ម៉ឺននាក់ (២០៤.១៧៨) និងស្លាប់ជាង ២ម៉ឺននាក់ (២១.២៨២)។ អីតាលីមានអ្នកផ្ទុកជំងឺជាង ១៨ម៉ឺននាក់ (១៨១.២២៨) និងស្លាប់ជាង ២ម៉ឺន ៤ពាន់នាក់(២៤.១១៤)។ ប្រទេសអាល្លឺម៉ង់មានអ្នកផ្ទុកជំងឺចំនួនជាង ១៤ម៉ឺន ៧ពាន់នាក់ (១៤៧.១០៣) និងស្លាប់ជាង ៤ពាន់ ៨រយនាក់ (៤.៨៦២)។
ចំណែកនៅប្រទេសកម្ពុជាវិញមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១២២នាក់ ប៉ុន្តែមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។