កម្មករធ្វើការនៅតាមកាស៊ីណូ នៅខេត្តព្រះសីហនុ ជិត ៨ពាន់ (៧.៧០០) នាក់ បានបាត់បង់ការងារធ្វើ ក្រោយពេលជនជាតិចិន បិទការភ្នាល់ល្បែងតាមអ៊ីនធឹណិត (Online Game) ហើយចាកចេញត្រលប់ ទៅប្រទេសចិនវិញ ខណៈអាជ្ញាធរខេត្តព្រះសីហនុ ក៏កំពុងចុះត្រួតពិនិត្យមើលការបិទល្បែងអនឡាញ នៅគ្រប់កាស៊ីណូទាំងអស់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា ប្រាប់អាស៊ីសេរីថា កម្មករធ្វើការនៅកាស៊ីណូ ផ្នែកអនឡាញ ជាងប្រាំពីរពាន់ ប្រាំពីររយ (៧.៧០០) នាក់ បានបាត់បង់ការងារធ្វើ ក្នុងរយៈពេល ៣ខែមកនេះ។ ប៉ុន្តែកម្មករទាំងនោះ ភាគច្រើនធ្លាប់ជាកម្មការិនីរោងចក្រកាត់ដេរ ហើយមកធ្វើការផ្នែកហ្គេមអនឡាញ ដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនៅរោងចក្រ។ លោកថ្លែងបន្តថា ពួកគេខ្លះបានត្រឡប់ទៅធ្វើជាកម្មការិនីរោងចក្រវិញហើយ ខណៈអ្នកខ្លះត្រឡប់ទៅស្រុកកំណើតវិញ៖ « មានកាស៊ីណូ ពិសេសអនឡាញ ហ្នឹង បិទ មានកម្មករខ្មែរហ្នឹង ៧ពាន់ ៧រយនាក់ជាង បាត់បង់ការងារ»។
រដ្ឋាភិបាលបានចេញសារាចរ កាលពីខែសីហាឲ្យបិទអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច ប្រព័ន្ធអ៊ិនធឺណិត អនឡាញ គ្រប់រូបភាពទាំងអស់ នៅប្រទេសកម្ពុជា។ រដ្ឋាភិបាលអះអាងថា មានឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាព ល្បែងភ្នាល់អ៊ីនធឹណិតប្រភេទនេះ ធ្វើសកម្មភាពបោកប្រាស់ ចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះ ទាំងនៅក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
បន្ថែមពីលើសារាចរនោះ កាលពីថ្ងៃទី២១ ធ្នូ ក្នុងពេលចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកំពត លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ថែមទៀតឲ្យបិទល្បែងភ្នាល់តាមអ៊ីនធឹណិតនេះ ឲ្យអស់ត្រឹមចុងឆ្នាំ២០១៩ ដើម្បីស្រវាចាប់យកអ្នកវិនិយោគទុនល្អៗ ជាងអ្នកវិនិយោគទុនផ្នែកល្បែង៖ « អ្នកជំនួញធំៗ អ្នករកស៊ីធំៗ ដែលជាអ្នកមានប្រាក់កាក់ មិនហ៊ានចូលមកកម្ពុជា ដោយសារខ្លាចក្រុម ម៉ាហ៊្វីយ៉ា (Mafia) ។ ដូច្នេះអ្វីក៏ដោយ ត្រូវតែមានការបង់ថ្លៃ ត្រូវតែមានការបង់ថ្លៃ។ យើងសុខចិត្តមិនមានអនឡាញ ក៏ប៉ុន្តែយើងច្បាស់ជានាំមក នូវប្រទេសរបស់យើង ប្រកបដោយសុវត្ថិភាព និងសន្តិសុខ ហើយយើងនាំមកនូវអ្នកវិនិយោគ ដែលសុចរិត និងអ្នកវិនិយោគដែលមានប្រាក់កាក់មក រស់នៅកម្ពុជា »។
ចាប់តាំងពីរដ្ឋាភិបាលបញ្ជាឲ្យបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឹណិតជាង ៣ខែមកនេះ អ្នកខេត្តព្រះសីហនុ ឲ្យដឹងថា ជនជាតិចិន បានសម្រុកចាកចេញទាំងក្រុមៗ ជាបន្តបន្ទាប់។ ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុវិញអះអាងថា ជនជាតិចិន បានត្រឡប់ចូលមកកម្ពុជាវិញ មានចំនួនច្រើនដូចគ្នា។
បច្ចុប្បន្ន អាជ្ញាធរខេត្តព្រះសីហនុ កំពុងចុះពិនិត្យមើលកាស៊ីណូទូទាំងខេត្ត ដើម្បីបញ្ឈប់ការភ្នាល់ល្បែងអនឡាញ។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា ថ្នាក់ដឹកនាំខេត្តបានចុះត្រួតពិនិត្យតាមទីតាំងនានា ដើម្បីបិទអាជីវកម្មល្បែងអនឡាញទាំងអស់ត្រឹមម៉ោងសូន្យ នៅចុងឆ្នាំនេះ។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋខេត្តព្រះសីហនុប្រាប់ថា ប៉ុន្មានថ្ងៃនេះ ជនជាតិចិនបានសម្រុកចេញកាន់តែច្រើន ពេលកាស៊ីណូបិទផ្នែកហ្គេមអនឡាញ ជាបន្តបន្ទាប់ ហើយកាស៊ីណូខ្លះ បានបិទទ្វារទាំងស្រុង។
បុគ្គលិកកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ យុវជន ស៊ាង វីន ប្រាប់ថា កាស៊ីណូ ដែលលោកធ្លាប់ធ្វើការបានបិទទ្វារហើយ។ យុវជនរូបនេះកំពុងដើររកការងារថ្មី ហើយថា ប្រហែលជាមិនអាចរកការងារថ្មីធ្វើបានទេ នៅខេត្តព្រះសីហនុ ដោយសារកាស៊ីណូបិទទ្វារជាបន្តបន្ទាប់ និងមិនរើសបុគ្គលិកថ្មី។
លោក ស៊ាង វីន ប្រាប់ថា លោកចង់ចេញពីខេត្តព្រះសីហនុ ទៅដើររកការងារធ្វើនៅរាជធានីភ្នំពេញវិញ។ លោកបញ្ជាក់ថា កាស៊ីណូ ដែលលោកធ្លាប់ធ្វើការកន្លងមក មិនសូវសំបូរបុគ្គលិកខ្មែរទេ គឺមានតែប៉ុន្មាននាក់ទេជាខ្មែរ កាន់ផ្នែកទទួលភ្ញៀវ និងបកប្រែភាសា។ ចំណែកអ្នកចែកបៀ អ្នកកាន់ម៉ាស៊ីន ឬផ្នែកហ្គេមអនឡាញ គឺជាជនជាតិចិនទាំងអស់ ហើយភ្ញៀវក៏សុទ្ធតែជាជនជាតិចិនដែរ គ្មានខ្មែរទេ។ លោកថា ថៅកែកាស៊ីណូជនជាតិចិនខ្លះ បិទកាស៊ីណូ ឬបិទល្បែងភ្នាល់អនឡាញស្ងាត់ៗ ហើយរត់ចោលកម្មករ មិនទាន់បើកប្រាក់ឈ្នួលឲ្យ ក៏មានដែរ៖ « ពឹងផ្អែកលើភ្ញៀវចិន អនឡាញហ្នឹងណា ហើយពេលពួកគាត់បន្តចាកចេញរាប់ម៉ឺននាក់ អ៊ីចឹងទៅ គ្រប់បណ្ដាកាស៊ីណូ ដែលថា បើកល្បែងផ្ទាល់ណា ល្បែងចាក់ផ្ទាល់ហ្នឹង ក៏អត់មានភ្ញៀវទៅលេងដែរ វាស្បើយ ធ្លាក់ចុះជាគំហុកហ្មង ច្រើនមែនទែន។ អ៊ីចឹងធ្វើឲ្យបណ្ដាកាស៊ីណូ ដែលគាត់បើកជាលក្ខណៈលេងល្បែង អត់មានភ្ញៀវចូលលេង ហើយកម្មករ បុគ្គលិកខ្មែរហ្នឹង គេចាប់ផ្ដើមជម្រុះ ឬក៏ថៅកែរត់ខាតអ៊ីចឹងទៅ គឺរត់ចោលតែម្ដង គឺអត់បានបើកលុយ បើកអ្វីឲ្យបុគ្គលិកទេ។ ខ្លះបាតុកម្ម បាតុអ្វីអ៊ីចឹងទៅ។ ថៅកែខ្លះណាទៅដល់ប្រទេសដទៃទៀត ឬក៏ទៅស្រុកគាត់វិញ អ៊ីចឹងទៅ។ វាបញ្ហាប្រឈមច្រើន »។
លោកប៉ាន់ស្មានថា ជនជាតិចិនទាំងនោះ ទំនងបានចាកចេញពីខេត្តព្រះសីហនុអស់ហើយ។ លោក ថា ការបិទល្បែងភ្នាល់តាមអនឡាញនេះ ក៏មានឥទ្ធិពលធ្វើឲ្យធ្លាក់ចុះភ្ញៀវចិន នៅតាមកាស៊ីណូ លេងល្បែងភ្នាល់នៅលើតុដែរ គឺដោយសារជនជាតិចិន បានចាកចេញពីខេត្តព្រះសីហនុច្រើន ធ្វើឲ្យកាស៊ីណូខ្លះ ខ្សត់ភ្ញៀវចូលលេង។
ចំណែកបុគ្គលិកកាស៊ីណូម្នាក់ទៀត ជាអ្នកបកប្រែភាសាចិន សុំមិនប្រាប់ឈ្មោះ ឲ្យដឹងថា លោក អត់ការងារធ្វើច្រើនខែហើយ ដោយសារជនជាតិចិនបិទកាស៊ីណូ ហើយត្រឡប់ទៅវិញ។ លោកថា បច្ចុប្បន្ន លោកឡើងមកស្រុកកំណើតវិញ ដើម្បីទៅរកការងារធ្វើនៅភ្នំពេញម្ដង ព្រោះការងារនៅខេត្តព្រះសីហនុ ចាប់ផ្ដើមខ្សត់ខ្លាំង៖ « ខ្ញុំធ្វើការងារឲ្យជនជាតិចិន ខាងបកប្រែ។ តែឥឡូវពួកគាត់ទៅប្រទេសគាត់វិញទៅ ខ្ញុំអត់មានការងារធ្វើ ខ្ញុំមកនៅស្រុកវិញ។ បាទ ! ធ្វើការងារខាង ( បកប្រែ ) អនឡាញបង។ ខ្ញុំអត់ដឹងដែរ អត់ថា ហេតុអ្វីពួកគាត់ទៅវិញទៅ ខ្ញុំធ្វើការងារជាមួយគាត់រយៈពេលខ្លី គាត់បិទក្រុមហ៊ុនទៅ ខ្ញុំមកផ្ទះវិញទៅ ព្រោះកំពង់សោម ឥឡូវ វាក្រកន្លែងការងារធ្វើអ៊ីចឹងណាបង»។
តួលេខរបស់អគ្គស្នងការនគរបាលជាតិ ធ្លាប់ចេញផ្សាយថា ជនជាតិចិននៅក្រុងព្រះសីហនុ មានចំនួនជាង ២២ម៉ឺននាក់ គឺច្រើនជាងនៅតាមបណ្ដាខេត្តផ្សេងៗ ទាំងអស់ ហើយពួកគេ គឺជាអ្នកជំនួញ និងអ្នកទេសចរណ៍។ ចំណែកកាស៊ីណូវិញ មានចំនួន ៧៣ទីតាំង កំពុងធ្វើប្រតិបត្តិការអាជីវកម្មល្បែងស៊ីសងរាល់ថ្ងៃ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ឱ្យដឹងថា មកដល់ចុងខែធ្នូនេះ កាស៊ីណូចំនួន ៤កន្លែង បានបិទប្រតិបត្តិការអាជីវកម្មទាំងស្រុង ២៣កន្លែង បានបញ្ឈប់បុគ្គលិកទាំងអស់ នៅសល់តែអ្នកយាម ហើយកាស៊ីណូ ចំនួន ៣៣កន្លែងទៀត បានព្យួរការងារបុគ្គលិកបណ្ដោះអាសន្ន។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេតឃើញថា កម្មករធ្វើការនៅកាស៊ីណូជាច្រើន ពិតជាបាត់បង់ការងារធ្វើមែន ហើយយុវជនជាច្រើន នៅមិនទាន់បានការងារថ្មីធ្វើទេ។ ចំណែកជនជាតិចិនវិញ ក៏រាងស្បើយខ្លះដែរ តែនៅមានចំនួនច្រើន បើធៀបនឹង កាលពីជំនាន់ចិន មិនទាន់សម្រុកចូលខ្លាំង៖ « ដោយសារតែ វាមានការបិទល្បែងហ្នឹងទៅណា ហ្នឹងហើយ ហើយកាស៊ីណូធំៗផ្សេងទៀតហ្នឹង វាមានដែរ វាមានខ្មែរយើងខ្លះនៅធ្វើទីហ្នឹង។ ប៉ុន្តែវាមិនមែនត្រូវការធនធានមនុស្សច្រើន ដូចល្បែងហ្គេមអនឡាញទេ។ ចង់និយាយថា អាហ្គេមអនឡាញហ្នឹង មួយអគារហ្នឹង គេមានបុគ្គលិកកាន់កុំព្យូទ័រមួយៗ តែម្ដង។ ខ្ញុំសួរគាត់ ( បុគ្គលិក ) ហើយ ថា វាក៏អត់ដឹងដែរ តែភាគច្រើនអ្នកលេងនៅក្រៅប្រទេសទេ ចង់និយាយអ៊ីចឹងណា អាហ្គេមអនឡាញហ្នឹង អត់មានអ្នកមកលេងផ្ទាល់ទេ»។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិមនុស្ស និងការងារ (Central) លោក ឃុន ថារ៉ូ គាំទ្រការបិទល្បែងភ្នាល់តាមអ៊ីនធឹណិតនៅកម្ពុជា។ ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលត្រូវបន្តទទួលខុសត្រូវ រកការងារស្របច្បាប់ ក្នុងវិស័យស្រដៀងគ្នាឲ្យកម្មករកាស៊ីណូទាំងនោះ បានធ្វើការវិញ និងឲ្យពួកគេទទួលបានប្រាក់ឈ្នួលសមរម្យ៖ « ខេត្តព្រះសីហនុហ្នឹង តម្រូវការកម្លាំងពលកម្មហ្នឹង ត្រូវគឹត្រូវតែមានការធានា ថា កម្មករហ្នឹងគាត់អាចមានឱកាសក្នុងការចាប់យកនូវមុខរបរ ឬការងារណា ដែលក្រៅពីសេវាកម្មផ្នែកកាស៊ីណូហ្នឹង ដូចជា សណ្ឋាគារ ដូចជាសេវាផ្សេងៗទៀតហ្នឹង ដើម្បីឲ្យធានានូវអតិប្រមាណ នូវកម្លាំងពលកម្ម ការស្រូបយកកម្លាំងពលកម្មហ្នឹង ហើយយើងអាច Replace ( ជំនួស ) ។ យើងអាចកម្មករទាំងអស់ គាត់បាត់បង់ការងារហ្នឹង គាត់អាចព្យាយាមនៅក្នុងការសម្របសម្រួលណា ដែលសណ្ឋាគារ ឬក៏សេវាកម្មផ្សេងទៀត ដែលមានលក្ខខណ្ឌប្រហាក់ប្រហែល ប៉ុន្តែមានការចុះបញ្ជីការត្រឹមត្រូវ អាហ្នឹង វាអាចជួយសម្រួលលក្ខខណ្ឌកម្មករ ដែលគាត់បាត់បង់ការងារ»។
ឆ្លើយតបការលើកឡើងនេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា អះអាងថា ក្រៅពីកម្មករកាស៊ីណូភាគច្រើន បានត្រឡប់ទៅធ្វើការរោងចក្រវិញ មន្ទីរការងារខេត្ត បានអំពាវនាវដល់កម្មករ ដែលមិនទាន់រកបានការងារថ្មីធ្វើ ឬកម្មករមិនមានជំនាញ ឱ្យទៅរៀនជំនាញដោយឥតគិតថ្លៃ នៅវិទ្យាស្ថានបច្ចេកទេសរបស់រដ្ឋ ចំនួន ២ នៅខេត្តព្រះសីហនុ ដែលចំណុះឲ្យក្រសួងការងារ។ លោកថា មន្ទីរការងារខេត្ត ក៏បានព្យាយាមរកទីផ្សារការងារសម្រាប់កម្មករដែរ។
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៥កន្លែង មានរោងចក្រធំតូច ជាង ២០០រោងចក្រ និងមានរោងសិប្បកម្ម ជាង ១ពាន់កន្លែង ដែលអាជ្ញាធរអះអាងថា អាចស្រូបទាញកម្លាំងពលរដ្ឋ បានជាង ៨ម៉ឺននាក់៕
( ជនជាតិចិនរៀបចំចាកចេញពីខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ រូបថត៖ លោក ស៊ាង វីន អតីតបុគ្គលិកកាស៊ីណូ ខេត្តព្រះសីហនុ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។