ដំណើរ​កម្សាន្ត​តាម​ឡូរី​នៅ​ខេត្តបាត់ដំបង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទស្សនា

ដោយ សុជីវី
2022.12.22
ដំណើរ​កម្សាន្ត​តាម​ឡូរី​នៅ​ខេត្តបាត់ដំបង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទស្សនា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​អង្គុយ​លើ​ឡូរី ត្រៀម​ចេញ​ដំណើរ ឃុំ​អូរដំបង២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង រូបថត​ថ្ងៃ​ទី០៨ វិច្ឆិកា ២០១៤។
RFA

តំបន់​ទេសចរណ៍​ឡូរី​ជើងភ្នំ​បាណន់ ខេត្ត​បាត់ដំបង កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​ជា​ហូរហែ​បន្ទាប់ពី​មានការ​រៀបចំ​បន្ថែម​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​កែច្នៃ​អម​ជាមួយ​ធម្មជាតិ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​បង្កើន​ការ​ផ្សព្វផ្សាយ និង​ពង្រឹង​សេវាកម្ម ហើយ​បង្កើត​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត ដើម្បី​រក្សា​និរន្តរភាព​តំបន់​ទេសចរណ៍ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​តំបន់​នោះ។

ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទភ្នំបាណន់ ជា​តំបន់​ទេសចរ​មួយ​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​។ ទោះជា​យ៉ាងណា​នៅពេល​ទៅដល់​ប្រាសាទបុរាណ​មួយ​នេះ អ្នកដំណើរ​មិនអាច​រំលង​បាន​ឡើយ នូវ​តំបន់​ទេសចរ​ក្បែរ​ជើងភ្នំ​បាណន់ នោះ​គឺ​ការ​ជិះ​ឡូរី​កម្សាន្ត​ជុំវិញ​ជើងភ្នំ​។ ដំណើរ​កម្សាន្ត​ដោយ​ជិះ​ឡូរី​ជុំវិញ​ជើងភ្នំ​បាណន់ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុងចំណោម​តំបន់​ទេសចរណ៍​ដទៃទៀត​នៅ​ខេត្តបាត់ដំបង​។​

ភ្ញៀវ​ទេសចរ​មកពី​ខេត្ត​សៀមរាប លោកស្រី ចាន់ ស្រីនួន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ធ្នូ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​គ្រួសារ​លោកស្រី​បាន​មក​កម្សាន្ត​នៅ​ភ្នំ​បាណន់​។ លោកស្រី​ឱ្យ​ដឹង​ថា ការ​ជិះ​ឡូរី​កម្សាន្ត​នៅ​ជុំវិញ​ជើងភ្នំ​បាណន់ បាន​បង្កើត​បរិយាកាស​ថ្មី​មួយ​ខុសពី​ដំណើរ​កម្សាន្ត​ដទៃទៀត ព្រោះ​លោកស្រី​អាច​អង្គុយ​គយគន់​ទេសភាព ការរៀបចំ​តុបតែង​សួនផ្កា ដើមឈើ​ប្លែកៗ នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​ឡូរី​រត់ ដោយ​មិន​ចាំបាច់​ចំណាយ​កម្លាំង​ដើរ​ឆ្ងាយ​នោះ​ឡើយ។

លោកស្រី ចាន់ ស្រីនួន៖ «រមណីយដ្ឋាន​ធំ​ហើយ​មាន​ទេសភាព​ស្អាត​។ មានការ​ច្នៃប្រឌិត ការ​តុបតែង​ស្អាត​ប្លែក​ខុសពី​កន្លែង​ដទៃ»។

មណ្ឌល​កម្សាន្ត​តាម​ឡូរី មាន​តាំងនៅ​ជើងភ្នំ​បាណន់ ស្ថិត​ក្នុង ភូមិ​ឈើទាល ឃុំ​កន្ទឺ​២ ស្រុក​បាណន់។ បច្ចុប្បន្ន​មណ្ឌល​កម្សាន្ត​មួយ​នេះ​មាន​ផ្ទៃដី ៨​ពាន់​ម៉ែត្រការ៉េ​ (៨.០០០​ម៉ែត្រការ៉េ​) ដែល​ជា​ដី​សហគមន៍ ដោយ​សង់​ផ្លូវដែក​សម្រាប់​ឡូរី​រត់​ប្រវែង ៥​គីឡូម៉ែត្រ និង​បែង​ចែក​ជា ៣​ផ្នែក គឺ កន្លែង​លក់​សំបុត្រ ផ្លូវ​ធ្វើដំណើរ និង​សួន​កម្សាន្ត។

កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​កែច្នៃ​មួយ​នេះ​ជាងគេ គឺ​ការ​ធ្វើ​ដំណើរ​គយគន់​ទេសភាព វាលស្រែ និង​សួនផ្កា​នៅ​តាម​ដងផ្លូវ នៅ​លើ​ឡូរី មុន​ទៅដល់​សួនផ្កា ដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរ​និយម​សម្រាក​លំហែកាយ និង​ថតរូប​ជាមួយនឹង​សួនផ្កា​ចម្រុះ​ពណ៌​ជាប់​នឹង​ទេសភាព​ជើងភ្នំ​ពណ៌​បៃតង។

ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ចំពោះ​ភ្ញៀវ​ជាតិ​ក្នុង​ម្នាក់​មានតម្លៃ ១​ម៉ឺន​ ២​ពាន់​រៀល ​(១២.០០០​រៀល​) និង​ភ្ញៀវ​បរទេស​ម្នាក់​តម្លៃ ៦​ដុល្លា​។ នៅ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ប្រពៃណី​ជាតិ មាន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត និង​ប្រើប្រាស់​សេវាកម្ម​ឡូរី នេះ មាន​ចំនួន​ចន្លោះ​ពី ១​ពាន់​នាក់ ទៅ ២​ពាន់​នាក់ ក្នុង​មួយថ្ងៃ។

ភ្ញៀវ​ទេសចរ​ម្នាក់​ទៀត​មក​ពី​ខេត្ត​បន្ទាយមានជ័យ កញ្ញា ធី តូតា ឱ្យ​ដឹង​ថា កញ្ញា​មក​លេង​កម្សាន្ត​នៅ​ទីនេះ ៤​ដង​មក​ហើយ​។ កញ្ញា​បន្ត​ថា ត្បិត​ឡូរី​ជើងភ្នំ​បាណន់​ជា​តំបន់​ទេសចរណ៍​កែច្នៃ​ក៏​ពិត​មែន តែ​វា​មាន​ទេសភាព​ធម្មជាតិ​ច្រើន និង​មានការ​រៀបចំ​ប្លែកៗ ទាក់ចិត្ត​អ្នក​ទៅ​កម្សាន្ត​មិន​ឱ្យ​ធុញទ្រាន់​នោះ​ឡើយ​។ កញ្ញា​ថា នៅពេល​ទំនេរ​ពី​ការ​ប្រកប​ការងារ កញ្ញា​តែង​នាំ​ឪពុកម្ដាយ និង​បងប្អូន​មក​ជិះ​ឡូរី​កម្សាន្ត ព្រោះ​មាន​កន្លែង​ថតរូប​ស្អាតៗ និង​មាន​ភាព​ងាយស្រួល សម្រាប់​មនុស្ស​ចាស់​ដោយ​គ្រាន់តែ​អង្គុយ​មើល​ទេសភាព​ជុំវិញ​ជើងភ្នំ ដោយ​មិនបាច់​ចំណាយ​កម្លាំង​ដើរ​ឆ្ងាយ​នោះ​ឡើយ។

កញ្ញា ធី តូតា៖ «មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ប្រហែល​ជាង​ ១០​នាក់ (​ជិះ​)​ ពីរ​ឡាន​ពេញៗ​ ហ្មង»។

ឡូរី មាន​វត្ត​មាននៅ​លើទឹក​ដី​ប្រទេស​កម្ពុជា ជាង​៨០​ឆ្នាំ​មក​ហើយ​។ កាល​ពីមុន ឡូរី ជា​ប្រភេទ​យាន​ចល័ត ព្រោះ​បើកបរ​ជាមួយ​ផ្លូវ​រថភ្លើង បើ​កាលណា​មាន​រថភ្លើង​បរ​ឆ្លងកាត់ គេ​ត្រូវ​លើក​គ្រែ​ឫស្សី និង​កង់ នោះ​ចេញពី​ផ្លូវ លុះត្រា​រថភ្លើង​បរ​ផុត​ទើប​គេ​ដាក់​ទៅវិញ​ហើយ​បន្តដំណើរ​ទៅមុខ​ទៀត​។ គេ​ប្រើប្រាស់​វា​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​ស្រាលៗ និង​អីវ៉ាន់​ផ្សេងៗ ជំនួស​កម្លាំង​មនុស្ស ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​រត់​នៅ​លើ​ផ្លូវ​រថភ្លើង ក្រោយ​មក​វា​បាន​ក្លាយ​ជា​យាន​សម្រាប់​ដឹក​អ្នកដំណើរ​វិញ​។ ប៉ុន្តែ​ដោយសារ​ចរាចរ​ផ្លូវដែក​ពី​បន្ទាយមានជ័យ មក​ភ្នំពេញ កាន់​តែ​មាន​សកម្មភាព​មមាញឹក ទើប​ធ្វើ​ឱ្យ​អយស្ម័យយាន​តូច​មួយ​នេះ ប្ដូរ​មក​ប្រើ​ផ្លូវដែក​ដាច់ដោយឡែក​វិញ។

ឡូរី បង្កើត​ឡើង​ពី​គ្រឿង​បង្គំ រួមមាន គ្រែ​ឫស្សី ដែល​មាន​ទទឹង​ប្រមាណ ២​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ប្រមាណ ៣​ម៉ែត្រ មាន​កង់​៤​ធ្វើ​ពី​ដែក និង​ម៉ាស៊ីន​សាំង​មួយ​សម្រាប់​រុញ​ឱ្យ​កង់​ឱ្យ​មាន​ចលនា​ទៅមុខ ដោយមាន​ហ្វ្រាំង​សម្រាប់​ចាប់​ពេល​ដល់​គោលដៅ។

ស្ថាបនិក​មណ្ឌល​កម្សាន្ត​ឡូរី​ជើងភ្នំ​បាណន់ លោក សយ បូរ៉ា ឱ្យ​ដឹង​ថា អ្នក​ទៅ​ជិះ​ឡូរី​កម្សាន្ត​ភាគ​ច្រើន​ជា​ជនបរទេស ព្រះសង្ឃ និង​ចាស់ៗ​ដែល​បាន​ធ្វើ​បុណ្យទាន​ហែ​មកកាន់​វត្ត​នៅ​តំបន់​នោះ​នៅ​រៀងរាល់​ចុង​សប្ដាហ៍​។ យ៉ាងណា លោក​ស្នើ​សុំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត ចូលរួម​ពង្រីក​តំបន់​ទេសចរណ៍​មួយ​នេះ​បន្ថែម​ទៀត ដោយ​ប្រមូល​អ្នកជំនាញ​បើកបរ​ឡូរី ឬ​បង្ហាត់​ជំនាញ​នេះ​ទៅ​អ្នក​ចង់​ធ្វើ​ការ​ងារ​នេះ។

លោក សយ បូរ៉ា៖ «ពេល​មានបុណ្យ​មាន​ទាន គាត់​ (អ្នក​បើក​ឡូរី​)​ ក៏​ឈប់​ដែរ ហើយ​ឈប់​គាត់​អត់​មាន​ប្រាប់​យើង​មុន​ទេ​។ ហើយ​ក្នុង​ការ​បើក​ឡូរី​នេះ ដូច​ឃើញ​ស្រាប់​ហើយ ផ្លូវ​មាន​ឡើង​ភ្នំ មិនមែន​គ្រប់គ្នា​ចេះតែ​បើក​បានទេ ទាល់តែ​យើង​រៀន ហ្វឹកហាត់​ឱ្យ​ស្ទាត់ កន្លែង​ណា​ឡើង​ភ្នំ​គេ​ធ្វើ​ម៉េច ចុះ​ភ្នំ​គេ​ធ្វើ​ម៉េច»។

ជុំវិញ​រឿង​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ជិះ​ឡូរី​នេះ មាន​ចំនួន​កើនឡើង បន្ទាប់​ការ​រីក​រាលដាល​ជម្ងឺ​កូវីដ​១៩ បាន​ថយ​ចុះ​។ លោក​ថា ក្រៅពី​ការ​ផ្ដល់​ការងារ​ដល់​អ្នក​បើក​ឡូរី មណ្ឌល​កម្សាន្ត​មួយ​នេះ​បាន​ផ្ដល់​ការងារ​ដល់​អាជីវករ កម្មករ និង​មគ្គុទ្ទេសក៍​ទេសចរ​ផង​ដែរ​។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​លើកយក​ប្រធានបទ​តំបន់​ទេសចរ​មួយ​នេះ មក​ពិភាក្សា និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល ដើម្បី​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា៖ «ឥឡូវនេះ​ការរៀបចំ គឺ​ដំណើរការ​បាន​ល្អ​ហើយ និង​អាច​ចិញ្ចឹម​អ្នកស្រុក​នេះ​តំបន់​ហ្នឹង​បាន​មួយចំនួន ប្រជាជន​ដែរ​រកស៊ី​មុខរបរ​តាមផ្លូវ​ហ្នឹង​តាំងពី ឃុំ​ឈើទាល រហូតដល់​បាណន់ កន្ទឺ​១ កន្ទឺ​២ ហ្នឹង​។ គាត់​បាន​ទទួល​ផលប្រយោជន៍​ពី​កន្លែង​ហ្នឹង​ដែរ»។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ឃើញ​ថា មន្ទីរ​ទេសចរណ៍ គួរ​សហការ​ជាមួយ​ម្ចាស់​មណ្ឌល​កម្សាន្ត​មួយ​នេះ​បន្ថែម​ទៀត ដើម្បី​បង្កើត​អ្វី​ថ្មីៗ​ បន្ថែម​ទៀត​។ លោក​បន្ត​ថា ក្នុង​នោះ​ត្រូវ​មាន​ការ​ពង្រឹង​សេវាកម្ម តម្លៃ អនាម័យ និង​សុវត្ថិភាព​។ បន្ថែម​ពី​នេះ លោក​ថា មន្ទីរ​ទេសចរណ៍​ត្រូវ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នេះ ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​កាន់តែ​ច្រើន។

លោក យិន ម៉េងលី៖ «អ៊ីចឹង​ខ្លួន​ដែល​ជា​រដ្ឋ​ដែល​មាន​តួនាទី​ក្នុង​ការ​មើល​ (​ថែ​)​ ហ្នឹង ត្រូវ​ខិតខំ​ផ្សព្វផ្សាយ​ពិនិត្យ​ទៅលើ​សេវា​ផ្សេងៗ​ និង​បរិស្ថាន​។ អាហ្នឹង​ទើប​ទេសចរណ៍​ហ្នឹង​រស់​បាន​យូរ​អង្វែង​។ ព្រោះ​យើង​ឃើញ​ហើយ​ថា វិស័យ​ទេសចរណ៍​ហ្នឹង​ជា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង គឺ​ងាយ​ក្នុង​ការ​រក​ចំណូល​ចូល​រដ្ឋ​។ អ៊ីចឹង​យើង​មិន​ត្រូវ​ឱ្យ​វិស័យ​ទេសចរណ៍​ ដែល​រស់​ឡើង​ ហើយ​ត្រូវ​ស្លាប់​ទៅវិញ​ទេ​។ ត្រូវ​ខិតខំ​យ៉ាងណា​ទៀត ទាំង​ឯកជន ទាំង​រដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់គ្នា»។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បង្ហាញថា ភ្ញៀវ​ទេសចរ​ចំនួន ជាង​៥០​ម៉ឺន​នាក់​(៥៦៥.៦១៨​នាក់​) ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​ពាន់​នាក់ (១.១១១​នាក់​) បាន​ដើរលេង​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ជាង​ ២០​កន្លែង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ។

រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង ដែល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជាងគេ រួមមាន ក្រុង​បាត់ដំបង រមណីយដ្ឋាន​ភ្នំ​សំពៅ ប្រាសាទ​បាណន់ ប្រាសាទឯកភ្នំ រមណីយដ្ឋាន​អាង​កំពីងពួយ និង​មណ្ឌល​កម្សាន្ត​ឡូរី​ជើងភ្នំ​បាណន់ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។