សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងប្រជុំជាមួយតំណាងសមាជិករបស់ខ្លួនដែលមានជាងមួយរយ (១១៤) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីរកនីតិវិធីជួយសម្រួលដល់ពលរដ្ឋតាមសំណើរដ្ឋាភិបាល។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលោក កាំង តុងងី មិនទាន់អាចវាយតម្លៃបានថា ខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងអាចជួយបញ្ចុះការប្រាក់បានកម្រិតណាឬក៏ជួយពន្យារពេលសងប្រាក់ត្រឡប់បានប៉ុន្មានខែទេ។ តែលោកឲ្យដឹងថា នៅសប្ដាហ៍ក្រោយខាងសមាគមនឹងចេញប្រកាសអំពីនីតិវិធីក្នុងការជួយសម្រួលនេះ។ លោកបន្តថា សមាគមនឹងស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលហើយខិតខំរកនីតិវិធីដើម្បីឈានដល់ការជួយសម្រួលពលរដ្ឋក្នុងស្ថានភាពនេះ៖ « យើងពិនិត្យមើល ក្នុងទិដ្ឋភាពផ្លូវច្បាប់ក្នុងទិដ្ឋភាពប្រតិបត្តិការវាយ៉ាងម្ដេច ? អ៊ីចឹងណា។ អ៊ីចឹងយើងកំពុងតែជជែកជាមួយអ្នកពាក់ព័ន្ធនៅក្នុងវិស័យហ្នឹង ដើម្បីដឹងថា ឥឡូវយើងត្រូវចេញរបៀបម្ដេច ? យើងអ្វីមានលក្ខខណ្ឌគ្រប់គ្រាន់បច្ចេកទេសអ្វីគ្រប់គ្រាន់។ ប៉ុន្តែជាគោលការណ៍រួម គឺសមាគមមីក្រូហិរញ្ញវត្ថុយើងហ្នឹងគោរពតាមការស្នើសុំការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការជួយដល់អតិថិជនរបស់យើងក្នុងពេលរងផលប៉ះពាល់»។
សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី០៧ ខែមេសា ដាក់ចេញផែនការ ៦ ចំណុចដើម្បីគាំពារ និងជួយសម្រួលដល់ការសងត្រឡប់របស់អតិថិជនក្នុងពេលកំពុងរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរដោយផ្ដោតសំខាន់លើកូនបំណុលដែលកើតជំងឺកូវីដ ១៩ និងកូនបំណុលជាប់កាតព្វកិច្ចចត្តាឡីស័ក។
បន្ថែមពីលើផែនការទាំង ៦ ចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា បានស្នើសុំបន្ថែមទៀតឲ្យខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើកលែងនិងពន្យារពេលការបង់សងប្រាក់ទាំងស្រុង ទាំងប្រាក់ដើមនិងការប្រាក់ឲ្យបានពីរខែព្រមទាំងលើកលែងការផាកពិន័យនិងលើកលែងការរឹបអូសទាំងស្រុងក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ។ លើសពីនេះ លោកបានស្នើឲ្យការអនុវត្តនេះមានវិសាលភាពដល់កម្មករកម្មការិនីដែលបានបាត់បង់ការងារធ្វើ ពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ផងដែរ។
លោក ហ៊ុន សែន ក៏ស្នើសុំឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតគូរជួយបន្ថែមដល់អតិថិជនដែលជាប់កាតព្វកិច្ចចត្តាឡីស័ក ការបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម និងការបន្ថយអត្រាការប្រាក់ជាដើម។
ពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញលោក សុខ ហេង ត្រេកអរចំពោះការជួយសម្រួលក្នុងការបង់ប្រាក់សងត្រឡប់ ប៉ុន្តែ លោកយល់ថា វិធានការនេះនៅមិនទាន់គ្រប់គ្រាន់ទេ ដោយសារពលរដ្ឋជួបវិបត្តិកូវីដ១៩ លើកនេះធ្ងន់ធ្ងរខ្លាំងពេករហូតដល់ថ្នាក់គ្មានប្រាក់ចំណូលសោះ។ លោក សុខ ហេង ចង់ឲ្យរដ្ឋាភិបាលនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយពន្យារការបង់ប្រាក់ទាំងស្រុងសម្រាប់ពលរដ្ឋទូទៅដែលបាត់បង់ចំណូលទាំងស្រុងរហូតដល់អាចមានលទ្ធភាពអាចចេញរកប្រាក់បានឡើងវិញ៖ « សារ៉ូ ហ្មង និយាយឲ្យចំ សារ៉ូតែម្ដង។ ប្រហែលជាមិនអាច ( មានលទ្ធភាពបង់លុយ ) តទៅទៀតទេបងអើយ។ សល់របស់ប៉ុន្មានលក់ចង់អស់ហើយ ចេះតែទប់ទល់។ ប្រហែលជាទប់ទល់លែងបាន។ ឥឡូវចប់ហើយបងអើយ ! ព្រោះអស់លទ្ធភាពហើយ។ មួយថ្ងៃគ្មានបានចំណូលទេបង។ គេបិទផ្លូវវេងស្រេង ពីយើងទៅស្ទឹងមានជ័យ ដល់ផ្លូវដែលត្រូវដឹកហ្នឹង មានអ្វីទៀតដល់គេបិទផ្លូវទៅហើយគេក៏ខ្លាច ( កូវីដ ) យើងក៏ខ្លាច ( កូវីដ ) ដល់អ៊ីចឹងទៅ ពិបាកណាស់បង»។
ពាក់ព័ន្ធនឹងស្ថានភាពបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះអង្គការសិទ្ធិមនុស្សនៅកម្ពុជាក៏បានជំរុញឲ្យគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីរកមធ្យោបាយថែមទៀត ដើម្បីជួយបន្ថយការលំបាកពលរដ្ឋក្នុងស្ថានភាពនេះ។ អង្គការលីកាដូ និងអង្គការជាដៃគូបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃទី០៩ ខែមេសា បង្ហាញថា បុគ្គលិកឥណទានមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្ដល់ប្រាក់កម្ចីខ្នាតតូចបានរំលោភបំពានសិទ្ធិកូនបំណុលនៅពេលពួកគាត់គ្មានលុយសងស្ថាប័នទាំងនេះតាមកាលកំណត់។
នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក អំ សំអាត ស្វាគមន៍ការជួយសម្រួលការលំបាករបស់ពលរដ្ឋបន្ថែមទៀតដោយស្ថាប័នផ្ដល់ប្រាក់កម្ចី យល់ព្រមលើកលែងការសងត្រឡប់វិញទាំងស្រុង។ ទោះយ៉ាងណាលោកថា ខាងសង្គមស៊ីវិលចង់ឃើញស្ថាប័នផ្ដល់ប្រាក់កម្ចីជួយសម្រួលដល់អតិថិជនទូទៅទាំងកើតជំងឺកូវីដ១៩ និងមិនកើតជំងឺ ព្រោះពលរដ្ឋសុទ្ធតែកំពុងរងផលប៉ះពាល់ពីវិបត្តិនេះទាំងអស់៖ « ខាងមីក្រូហិរញ្ញវត្ថុហ្នឹងក៏គួរតែពិចារណាឲ្យបានល្អិតល្អន់ណា ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលជួបលំបាក ហើយមួយទៀត យើងឃើញហើយថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលក៏មានកញ្ចប់ថវិកាសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងកាលៈទេសៈនៃការរីករាលដាលកូវីដ១៩នេះដែរ។ អ៊ីចឹង គ្រាន់តែទទូចថា សុំរដ្ឋាភិបាល លោកពិនិត្យបន្ថែមទៀតណា នៅក្នុងលទ្ធភាពនៃការជួយ»។
សង្គមស៊ីវិល និងសហគមន៍ក្រីក្រជាង១០០ស្ថាប័ន កាលពីដើមខែ (០៦) មេសាបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាស្នើឱ្យផ្អាកបង់លុយសងត្រឡប់ទាំងការទាំងដើមរយៈពេល ៣ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានស្នាក់នៅផ្ទះការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ និងជាការផ្ដល់លទ្ធភាពឱ្យពលរដ្ឋរកប្រាក់សងបំណុលនៅពេលក្រោយ។
លោក កាំង តុងងី ឲ្យដឹងថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី៣នេះ ខាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទាន់ទទួលបានរបាយការណ៍រួមរបស់អតិថិជនដែលស្នើសុំរៀបចំឥណទានឡើងវិញទេ។ តែគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ មានអតិថិជនជាងបីសែន (៣៤០.០០០) នាក់ បានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណបួនប៊ីលាន (៤ប៊ីលាន) ដុល្លារអាមេរិក។ លោក កាំង តុងងី ឲ្យដឹងថា តាមបទពិសោធន៍ក្នុងព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ កាលពីឆ្នាំមុន ក្នុងមួយសប្ដាហ៍មានពលរដ្ឋខ្ទង់ពីរម៉ឺន (២០.០០០) នាក់ស្នើសុំរៀបចំឥណទានឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។