ប្រជាកសិករ ជាច្រើនគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក និងគ្មានអ្នកទិញ ស្របពេលដែលដំណាំរបស់ពួកគាត់ដល់ពេលប្រមូលផល។ អ្នកភូមិ អះអាងថា កសិករខ្លះបានទុកស្ពៃក្ដោបចោលពេញចម្ការជាច្រើនថ្ងៃ ដោយមិនទាន់មានឈ្មួញណាចូលទៅទិញកសិផលរបស់ពួកគាត់នៅឡើយទេ។
ប្រជាកសិករនៅភូមិក្ដុលលើ ឃុំក្ដុលតាហែន ស្រុកបវេល លោកស្រី សឹម សាវ ថ្លែងនៅថ្ងៃទី២៤ មករាថា ស្ពៃក្ដោបចុះថោកខ្លាំងប្រមាណ ២សប្ដាហ៍មកហើយ ដោយពុំមានអាជ្ញាធរណាជួយរកទីផ្សារលក់កសិផលជួនពួកគាត់នៅឡើយទេ។ កសិកររូបនេះបន្តថា លោកស្រីខ្ចីប្រាក់ពីធនាគារជាង ២ពាន់ពាន់ដុល្លារអាមេរិក (២.០០០) ធ្វើដើមទុនដាំស្ពៃក្ដោបនៅលើផ្ទៃ ១ហិកតារ ដោយរំពឹងថានឹងបានប្រាក់សងគេវិញនៅពេលប្រមូលផល។ លោកស្រីបន្តថា សព្វថ្ងៃស្ពៃក្ដោបតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាម នៅតែគ្មានឈ្មួញចូលទៅទិញកសិផលរបស់ពួកគាត់ទៀត។ លោកស្រីបញ្ជាក់ទៀតថា ដំណាំរបស់ពួកគេដល់ពេលប្រមូលផលប្រមាណ១សប្ដាហ៍ហើយ ប៉ុន្តែកសិករចេះតែនាំគ្នាពន្យារពេលប្រមូលផល ដើម្បីលក់បានថ្លៃជាងមុខ ក៏ប៉ុន្តែនៅតែគ្មានឈ្មួញចូលទៅទិញដដែល៖ «ខ្ញុំមានតែចោលហ្នឹងឯង បើស្ពៃគ្រប់អាយុកាត់ហើយ បើអ្នកគេកាត់មុនបានមួយគីឡូ ៤០០រៀល គេកាត់អស់ខ្លះទៅ។ ខ្ញុំនៅសល់ច្រើនពេលចម្ការ ហើយម្នាក់ថ្ងូររឿងស្ពៃថោកគ្រប់គ្នា អាគេមិនទិញហើយវាថោកទៀត។ ណាមួយជំពាក់គេហើយរកប្រាក់ឡើងការឱ្យគេមិនបាន មានលុយណា អ្នកដាំបន្លែសង្ឃឹមលក់បន្លែហ្នឹងហើយ ។បានតែ៦០០និង៧០០ក៏វាគ្រាន់ដែរ បើបានតែ៥០០អីស្ទើរតែមិនបានរួចខ្លួនផង » ។
រីឯកសិករនៅស្រុកបវេលម្នាក់ទៀត លោក ប៉ោ យឿត ថ្លែងថា ដំណាំស្ពៃក្ដោបរបស់លោកមានចំនួន២ហិកតារ ហើយលោកបានចំណាយអស់ដើមទុនប្រមាណ៥ពាន់ដុល្លារអាមេរិក។លោកថា ដំណាំរបស់លោកដល់ពេលប្រមូលផលប្រមាណ ៥ថ្ងៃហើយ នៅពុំមានឈ្មួញទិញនៅឡើយទេ។កសិកររូបនេះថា ស្ពៃក្អោបរបស់លោកមិនអាចទុកយូរបានទៀតទេ ដូច្នេះលោកព្រួយបារម្ភជាខ្លាំងខ្លាចតែស្ពៃក្ដោបរលួយខូចអស់ ធ្វើឱ្យមិនមានប្រាក់សងធនាគារ ដែលលោកបានខ្ចីគេដាំដុះកន្លងមក៖ «តម្លៃវាថោកហើយអត់មានអ្នកយកទៀត វាប៉ះពាល់វារលួយខូចអស់ វាមិនបានចំណេញទេ បើដល់ខែថ្ងៃហើយមិនបានកាត់ស្ពៃមិនដឹងធ្វើម៉េច។និយាយពីទាក់ទងទៅអស់គ្រប់កន្លែងហើយ តែរកអ្នកទិញមិនបាន ។មិនបាច់និយាយទេ វាពិបាកអស់ពីពិបាកហើយទាំងគេទាំងខ្ញុំ។ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយរកទីផ្សារឱ្យពួកខ្ញុំផង និងសុំកុំឱ្យនាំបន្លែពីក្រៅប្រទេសចូលមកកម្ពុជាច្រើនពេក » ។
លោកបន្តថា ទាល់តែស្ពៃក្ដោបមានតម្លៃពី ៧០០ ទៅ ១ពាន់រៀលក្នុងមួយគីឡូក្រាម ទើបកសិករអាចលក់បានប្រាក់ដោះស្រាយជីវភាពគ្រួសារ និងបានប្រាក់សងធនាគារវិញ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងលោក ឈឹម វជីរា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ធ្លាប់ប្រាប់អាស៊ីសេរីថា ស្ពៃក្ដោបចុះថោកដោយសារកសិករដាំដុះជាលក្ខណៈគ្រួសារដោយមិនបានចងក្រងជាសហគមន៍ ហើយពួកគាត់ប្រមូលផលព្រមគ្នាជាច្រើនកន្លែង ដែលធ្វើឱ្យបរិមាណស្ពៃច្រើនលើសតម្រូវការនៅក្នុងទីផ្សារ។លោកបន្ថែមថា អាជ្ញាធរខេត្តនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យមើលដល់ទីកន្លែង ហើយស្នើសុំដល់ឈ្មួញឱ្យពន្យារប្រមូលផលស្ពៃក្ដោបនៅតំបន់ផ្សេង ដើម្បីឱ្យកសិផលលក់បានថ្លៃជាងមុន៖ «ពីព្រោះយើងដឹងហើយទីផ្សារនៅក្នុងស្រុកវាមានកម្រិតដែរ អីចឹងហើយ ទាល់តែបេះធ្វើយ៉ាងម៉េចកុំឱ្យជាន់គ្នាច្រើន អីចឹងបានទាមទារឱ្យយើងមានសហគមន៍។កន្លែងខ្លះមានសហគមន៍ទៅល្អ កន្លែងខ្លះអត់សហគមន៍គាត់ដាំម្នាក់គាត់ហើយគាត់បេះដោយមិនមានស៊ើបសួរព័ត៌មាន។ជួនកាលយើងអាចពន្យារ២ថ្ងៃបានតើមានអីស្ពៃក្ដោបពន្យារការកាត់ អីចឹងវាអាចកុំឱ្យប៉ះពាល់ទីផ្សារ » ។
ទោះជាយ៉ាងណាប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សារឿន មានប្រសាសន៍ថា នៅពេលដល់រដូវប្រមូលផលដំណាំម្ដងៗ គឺប្រជាកសិករតែងជួបបញ្ហាតម្លៃចុះថោកជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា មូលហេតុដែលបន្លែចុះថោក ដោយសារតែអាជ្ញាធរពាក់ព័ន្ធមិនមានផែនការច្បាស់លាស់ ដើម្បីជួយរកទីផ្សារលក់កសិផលជូនកសិករ ស្របពេលដែលបន្លែពីប្រទេសជិតខាងនាំចូលមកកម្ពុជាជារៀងរាល់ថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារកសិផលក្នុងស្រុក។ លោកបញ្ជាក់ទៀតថា បញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនឆាប់ជួយដល់កសិករទេ នឹងធ្វើឱ្យពួកគាត់បោះបង់ការដាំដុះ ហើយនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន ដើម្បីរកប្រាក់សងធនាគារ៖ «អ៊ីចឹងកសិករហ្នឹងខាត ហើយពួកគាត់នឹងជំពាក់បំណុលធនាគារដែលបានខ្ចីប្រាក់ធ្វើដើមទុននោះ ពីព្រោះរដ្ឋមិនបានផ្ដល់ថវិកាជួយដល់ពួកគាត់ទេ។ អីចឹងខ្ញុំស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាជួយដល់កសិករហ្នឹង ហើយត្រូវតែមានផែនការជាក់លាក់ដោះស្រាយបញ្ហារយៈពេលវែងតែម្ដង មិនចាំតែមានបញ្ហាកើតឡើងបានចុះទៅជួបពួកគាត់នោះទេ»។
រដ្ឋធម្មនុញ្ញ មាត្រា៦២ ចែងថា រដ្ឋយកចិត្តដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល។
កសិករទាំងនោះឱ្យដឹងថា នៅស្រុកបវេលមានប្រជាពលរដ្ឋប្រហែល ១០០គ្រួសារប្រកបរបបដាំស្ពៃក្ដោប និងមានផ្ទៃដីរាប់រយហិកតារ ក្នុងនោះកសិករដាំដុះចន្លោះពីកន្លះហិកតារទៅ៣ហិកតារក្នុងមួយគ្រួសារ។ ដំណាំរបស់កសិករទាំងនោះអាចពន្យារពេលប្រមូលផលយ៉ាងយូរ១សប្ដាហ៍ទៅមុខទៀត ស្ពៃក្ដោបនឹងរលួយខូចអស់ ប្រសិនបើពុំមានឈ្មួញទិញកសិផលរបស់ពួកគាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។