ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចបញ្ជូនកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម ឱ្យរដ្ឋសភាអនុម័ត ខណៈរដ្ឋាភិបាលរំពឹងថា កិច្ចព្រមព្រៀងនេះនឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅតាមព្រំដែន។ ប៉ុន្តែសង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងយល់ថា ពលរដ្ឋខ្មែរអាចមិនទទួលបានផលចំណេញច្រើនដូចពលរដ្ឋវៀតណាម ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឡើយ។
ការសម្រេចបញ្ជូនកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ទៅឱ្យរដ្ឋសភាអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ មីនានេះ។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាលោក ថេង សាវឿន ប្រាប់អាស៊ីសេរីថា ជាទូទៅការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន នឹងធ្វើឱ្យពលរដ្ឋប្រទេសទាំងពីរ ទទួលបានផលចំណេញតិច ឬច្រើន តាមរយៈការទទួលបានមុខរបរ និងការងារធ្វើទាំងការងារប្រើប្រាស់កម្លាំងនិងជំនាញ។ ប៉ុន្តែលោកយល់ថា ដោយសារការនាំចេញទំនិញកសិកម្ម និងឧស្សាហកម្មរបស់វៀតណាម មានសន្ទុះខ្លាំងជាងកម្ពុជា ដូច្នេះដើម្បីឱ្យការធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម ទទួលបានតុល្យភាព គឺរដ្ឋាភិបាលកម្ពុជាគួរតែបំពាក់បំប៉នសមត្ថភាពរបស់ពលរដ្ឋរស់នៅតាមព្រំដែនបន្ថែមទៀត រួមទាំងការផ្ដល់បច្ចេកទេស និងទុនដើម្បីជួយឱ្យពួកគាត់អាចផលិតនិងនាំចេញផលិតផលពីកម្ពុជាទៅវៀតណាមកាន់តែច្រើន។
លោក ថេង សាវឿន៖ «អ្វីដែលត្រូវគិតមួយទៀតនោះគឺការពង្រឹងទៅលើនីតិវិធី នៃការត្រួតពិនិត្យគុណភាពគ្រប់មុខ ទាំងមុខទំនិញនាំចូលមកកម្ពុជាហើយគុណភាពនៃការនាំទំនិញទៅប្រទេសវៀតណាមផងដែរ ដើម្បីចៀសវាងនូវផលប៉ះពាល់ណាមួយ ដែលអាចប៉ះពាល់ដល់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ»។
រដ្ឋាភិបាលបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ នឹងផ្ដល់ផលប្រយោជន៍មួយចំនួន ដូចជាការបង្កើតក្របខណ្ឌ និងលក្ខខណ្ឌធានាចាំបាច់នានាសម្រាប់បង្កើននិងជំរុញការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន ដូចជាបង្កើតទីផ្សារ អភិវឌ្ឍផ្សារព្រំដែន ប្រព័ន្ធភស្តុភារកម្ម និងសេវាគាំទ្រនៅតំបន់ព្រំដែន។ កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់មធ្យោបាយទូទាត់ជារូបិយប័ណ្ណបរទេស ដែលអាចផ្លាស់ប្ដូរជាប្រាក់រៀលរបស់កម្ពុជា ឬប្រាក់ដុងរបស់វៀតណាម និងសម្រួលការចេញចូលតាមប៉ុស្តិ៍ត្រួតពិនិត្យ ឬច្រកទ្វារព្រំដែន ដោយពាណិជ្ជករ ឬពលរដ្ឋតាមព្រំដែន និងការដឹកជញ្ជូនទំនិញ។ លើសពីនេះ កិច្ចព្រមព្រៀងនេះ ក៏ជួយសម្របសម្រួលដើម្បីអនុញ្ញាតឱ្យមធ្យោបាយដឹកជញ្ជូនចេញចូល ឱ្យដល់ទីកន្លែងយកទំនិញចេញនៅតាមព្រំដែន។
រដ្ឋាភិបាលប្រទេសទាំងពីរ សង្ឃឹមថា នៅពេលអនុវត្តកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៅពេលខាងមុខនេះ នឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅតាមព្រំដែន ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការបង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាពសម្រាប់ប្រជាជនប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំ២០១៨ នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន សួន ហ្វ៊ុក ដែលលោកធ្វើជានាយករដ្ឋមន្ត្រីវៀតណាម នៅកាលណោះ។
ចៅសង្កាត់រងទី២ របស់គណបក្សភ្លើងទៀននៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លោក យិន ធាវី យល់ឃើញថា ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ ហាក់មិនអាចធ្វើឱ្យពលរដ្ឋកម្ពុជានៅតាមព្រំដែនទទួលបានផលចំណេញឡើយ ដោយសារលោកអះអាងថា នៅតាមផ្សាររបស់កម្ពុជាតាមព្រំដែនសម្បូរលក់ទៅដោយផលិតផលមកពីប្រទេសវៀតណាម មិនថា ផលិតផលកសិកម្ម ឬឧស្សាហកម្មឡើយ ហើយនៅក្នុងផ្សារទាំងនោះ មានលក់ផលិតផលខ្មែរតិចតួចបំផុត។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមអាចចេញចូលរាល់ថ្ងៃដើម្បីយកទំនិញមកលក់នៅទឹកដីកម្ពុជា ខណៈពលរដ្ឋកម្ពុជាមិនអាចចេញចូលទៅលក់ដូរនៅទឹកវៀតណាមឡើយ។
លោក យិន ធាវី៖ «ប្រសិនបើយើងមិនឱ្យវៀតណាមចូលឆ្លងមកលក់ដូរនៅស្រុកខ្មែរ យើងអាចចំណេញដែរ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មហ្នឹង បានន័យថា គេឱ្យយើងផ្លាស់ប្ដូរទំនិញគ្នានៅតាមព្រំដែន។ ខ្មែរយើងអាចទៅទិញទំនិញពីវៀតណាម ជាពិសេសកន្លែងអ៊ូអរលក់ផលិតផលកសិកម្មនៅតាមព្រំដែនហ្នឹង យើងអាចយកមកលក់នៅស្រុកខ្មែរ ចៀសវាង(វៀតណាម)យកមកលក់ផ្ទាល់។ កន្លងមក នៅខាងបាវិតហ្នឹង មានជនជាតិវៀតណាមច្រើន មកលក់នៅក្នុងផ្សារហ្នឹង ហើយពេលព្រឹកមកអ៊ីចឹងទៅ ល្ងាចគេត្រឡប់ទៅវិញ»។
ជុំវិញបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ ដោយសារទូរស័ព្ទចូលមិនមានអ្នកទទួល។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៣ពាន់ ៦រយលានដុល្លារ(៣.៦៦៦) ប៉ុន្តែនៅក្នុងនោះ ការនាំចេញពីកម្ពុជាទៅវៀតណាមមានទំហំទឹកប្រាក់ត្រឹម ៥០៧លានដុល្លារ ខណៈវៀតណាមនាំចូលកម្ពុជា ជាង ៣ពាន់លានដុល្លារ(៣.១៥៩)។ ជាមួយគ្នានេះ កសិករកម្ពុជាតែងត្អូញត្អែរពិបាកប្រកួតប្រជែងទីផ្សារលក់ផលិតកសិកម្ម ដូចជាបន្លែ ត្រី សាច់ ដែលនាំចេញពីប្រទេសវៀតណាម ខណៈកសិករវៀតណាមចំណាយថ្លៃដើមផលិតទាប។ កសិករវៀតណាម ចំណាយថោកលើថ្លៃភ្លើង ជីថ្នាំ និងពលកម្ម បើប្រៀបធៀបនឹងការចំណាយរបស់កសិករកម្ពុជា។ លើសពីនេះ ប្រភេទដំណាំផ្សេងទៀតដូចជា ស្វាយចន្ទី និងដំឡូមីជាដើម កម្ពុជាត្រូវពឹងលើទីផ្សារវៀតណាម ដែលលក់បានក្នុងតម្លៃថោក ដោយសារខ្វះរោងចក្រកែច្នៃនៅក្នុងស្រុក។
មន្ត្រីគណបក្សប្រឆាំងនៅព្រំដែនលើកឡើងថា ពលរដ្ឋខ្មែររស់នៅតាមបណ្ដោយព្រំដែននៅតែប្រឈមនឹងការលំបាកក្នុងការរស់នៅ និងការធ្វើស្រែចម្ការ ដោយសារការអភិវឌ្ឍដូចជាការតភ្ជាប់បណ្ដាញផ្លូវ ភ្លើង ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅមានចំនួនតិចតួចបំផុត ខណៈព្រំដែនរបស់វៀតណាមវិញ គឺផ្លូវ ភ្លើង ទឹក និងប្រព័ន្ធធារាសាស្ត្រ ទៅមុនប្រជាពលរដ្ឋ។
ក្រៅពីការអនុម័តកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម គណៈរដ្ឋមន្ត្រី ក៏បានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ដូចជាសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាល នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតនៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។