"កម្ពុជា​មិន​អាច​ពឹង​​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ទំនាក់ទំនង​វិនិយោគ​ជាមួយ​ប្រទេស​ខាង​ក្រៅ"

ដោយ តាំង សារ៉ាដា
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែកលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​បិទ​ជិត​ដោយ​គ្មាន​ទំនាក់ទំនង​វិនិយោគ​ជាមួយ​បណ្ដា​ប្រទេស​ខាង​ក្រៅ ជា​ពិសេស​បណ្ដា​ប្រទេស​លោក​សេរី​នោះ​ទេ ដោយសារ​ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

​អង្គការ​លើក​ស្ទួយ​ខាង​វិស័យ​ការងារ​នៅ​កម្ពុជា បាន​លើក​ទឹក​ចិត្ត​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើន​គុណភាព​ខាង​វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​ខ្លួន​អោយ​ខ្លាំង ហើយ​ស្រូប​យក​កម្លាំង​ពលកម្ម​របស់​ខ្មែរ​រាប់​លាន​នាក់​ដែល​កំពុង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​វិញ ប្រសើរ​ជាង​ការ​ប៉ុនប៉ង​បិទ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី។

​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ដែល​ហៅ​កាត់​ថា សង់ត្រាល់ (Central) លោក មឿន តុលា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អ្វី​ដែល​កម្ពុជា ត្រូវ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​អោយ​កាន់​តែ​រឹងមាំ​ថែម​ទៀត​នៅ​ក្នុង​ពិភព​នៃ​ទីផ្សារ​សេរី​បើក​ចំហ​នោះ គឺ​កម្ពុជា ត្រូវ​បង្កើន​គុណភាព​នៃ​កម្លាំង​ពលរដ្ឋ​របស់​ខ្លួន បង្កើន​ការ​ផលិត​របស់​ខ្លួន និង​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ជា​ជាង​ការ​បិទ​ច្រក​​រក​ស៊ី​របស់​ខ្លួន​ជាមួយ​ពិភព​ខាង​ក្រៅ៖ «ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ យើង​ក៏​មិន​អាច​ថា ខ្លួន​ឯង​ហ្នឹង​រស់​ដោយ​មិន​អាច​ពឹងផ្អែក​ទីផ្សារ​បរទេស​ដែរ។ ដូចជា​ប្រទេស​ថៃ​ក្តី ប្រទេស​ម៉ាឡេស៊ី ក្តី ទោះបីជា​ប្រទេស​គេ​មាន​ចំណូល​មធ្យម​អី​អ៊ីចឹង​មែន ក៏ប៉ុន្តែ​នៅ​ពឹង​ផ្អែក​ដដែល។ ដូច​ប្រទេស​ថៃ នាំ​ចេញ​គ្រឿង​សមុទ្រ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ទៅ​អង់គ្លេស​អី​ច្រើន​ណាស់។ នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ គឺ​យើង​មិន​អាច​ថា យើង​មិន​ពឹងផ្អែក​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ទេ គឺ​ត្រូវ​តែ​ពឹង។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើត​ឱកាស​ការងារ​អោយ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​អត់​មាន​ជំនាញ ឬ​មាន​ជំនាញ​តិចតួច​ហ្នឹង»

​លោក​បន្ត​ថា កម្ពុជា​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​របស់​អង្គការ​នេះ។ គោលការណ៍​របស់​អង្គការ WTO ដែល​កម្ពុជា សុំ​ចូល​ជា​សមាជិក​កាល​ពី​ឆ្នាំ​២០០៥ គឺ​តម្រូវ​អោយ​មាន​ការ​ដក​រាល់​របាំង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ជា​សមាជិក​របស់​ខ្លួន ដើម្បី​អាច​អោយ​ប្រទេស​ទាំង​នោះ​អាច​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​ទទួល​ទំនិញ​មក​លក់​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ។

​លោក មឿន តុលា បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា ចង់​បិទ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ខាង​ក្រៅ លុះត្រាតែ​លោក ហ៊ុន សែន ដក​ខ្លួន​ចេញ​ពី​សមាជិក WTO នេះ​សិន។ ការ​អះអាង​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់​ក្នុង​ទីក្រុង​ភ្នំពេញ​ថា កម្ពុជា​មិន​ត្រូវ​ពឹងផ្អែក​លើ​កា​រដក​ដង្ហើម​ពី​ខាង​ក្រៅ​នោះ​ទេ ហើយ​កម្ពុជា ក៏​មិន​ត្រូវ​ពឹងផ្អែក​លើ​វិស័យ​តែ​មួយ​នោះ​ដែរ គឺ​កម្ពុជា ត្រូវ​តែ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «យើង​មិន​ត្រូវ​ពឹង​ផ្អែក​លើ​ផ្នែក​មួយ ហើយ​ភ្លេច​ផ្នែក​មួយ​នោះ​ទេ គឺ​យើង​ត្រូវតែ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ យើង​អភិវឌ្ឍ​ទាំង​ក្នុង​វិស័យ​កសិកម្ម យើង​អភិវឌ្ឍន៍​ដោះស្រាយ​ទាំង​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម និង​សេវាកម្ម​ដែល​សុទ្ធសឹងតែ​រួម​ចំណែក​ក្នុង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស។ យើង​មិន​ធ្វើ​ជា​អ្នក​ដែល​តែង​ទទួល​រង់ចាំ​អុកស៊ីហ្សែន​ពី​គេ​ទេ»

​លោក ហ៊ុន សែន ព្រមាន​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ កម្ពុជា​នឹង​ត្រូវ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ដោយសារ​តែ​កម្ពុជា បាន​ចាក​ចេញ​ពី​ប្រទេស​ក្រីក្រ​មក​នៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ត្រូវ​បាន​ព្យាករ​​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខ​នេះ កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​នឹង​លែង​មាន​ការ​អនុគ្រោះ​ពន្ធ​តែម្ដង។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក មឿន តុលា អះអាង​ថា កម្ពុជា​អាច​លំបាក​គេច​ផុត​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ដោយសារ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​នៅ​មាន​កម្រិត​ដាច់​ឆ្ងាយ​ពី​គ្នា​ពេក ហើយ​ម្យ៉ាង​ទៀត កម្ពុជា​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុម​ប្រទេស​អ្នក​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា ដោយសារ​កម្ពុជា បាន​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​លំបាក​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ នោះ​ណាស់។

​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​នាំ​ផលិតផល​របស់​ខ្លួន​​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​ទឹកប្រាក់​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ ហើយ​បាន​រួច​ពន្ធ​ចំនួន​ជាង ៦០០​លាន​ដុល្លារ រី​ឯ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​ជាង ២​ពាន់​លាន​ដុល្លារ ហើយ​បាន​រួច​ពន្ធ​ជាង ២០០​លាន​ដុល្លារ។ ដូច្នេះ​ប្រសិនបើ​បណ្តា​ប្រទេស​ទាំង​នេះ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​មែន  គឺ​កម្ពុជា​នឹង​ខាត​ប្រាក់​ចំណេញ​ពី​ពន្ធ​របស់​ខ្លួន​ចំនួន​ជាង ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​ទឹក​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ ស្មើ​នឹង​ប្រាក់​ចំណាយ​របស់​ជាតិ​ទាំងមូល​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល