អ្នក​វិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​អត់​លុយ​សម្រាប់​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ១៩ បាន​ជា​ខ្ចី​ពី​ធនាគារ​ចិន​ ៦៥លាន​ដុល្លារ​

ដោយ ហេង រស្មី
2020-09-16
Share
ទង់ជាតិ​កម្ពុជា​ចិន ៨៥៥ រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។
Photo: RFA

អ្នក​វិភាគ​និយាយ​ថា​ របប​ក្រុង​ភ្នំពេញ​គ្មាន​ថវិកា​បម្រុង​ទុក​​ក្នុង​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​ជំងឺ​កូវីដ១៩ ទើប​បាន​ជា​សម្រេច​ខ្ចី​លុយ​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ស្ដារ​សមត្ថភាព​ តាម​​ជនបទ​ឡើងវិញ។ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រភព​ធនធាន​ទាំង​អស់​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​ត្រៀម​បន្ថែម​ថវិកា​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​សង្គម​លោក​​ បណ្ឌិត​ សេង សារី ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មាន​កញ្ចប់​ថវិកា​ សម្រាប់​បម្រុង​ជំងឺ​កូវីដ​ ១៩​ គឺ​ជា​រឿង​មិន​ពិត។ ដោយ​សារ​កាល​ពី​ពេល​ថ្មីៗ នេះ​រដ្ឋាភិបាល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ។

លោក​ថា ប្រជាពលរដ្ឋ​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ពិត​ពី​ខាង​រដ្ឋាភិបាល​ទេ​ ថា​តើ​ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ខ្ចី​ ពី​ធនាគារ​ ចិន​ ហើយ​ប្រាក់​កម្ចី​នោះ​យក​មក​ធ្វើ​អ្វី​ខ្លះ៖ «បើ​ក្នុង​ករណី​កម្ចី​ហ្នឹង​ ដោះ​ស្រាយ​បញ្ហា​កូវីដ​ មែន​បាទ។ អា​ហ្នឹង​មាន​ន័យ​ថា​ រដ្ឋាភិបាល​ដែល​ប្រកាស​កន្លង​មក​ថា​ មាន​លុយ​ប៉ុន្មាន​ ពាន់​លាន​ដុល្លារ​ គឺ​ជា​ការ​អះអាង​មិន​ពិត​ទាល់​តែ​សោះ។​បើ​សិន​ជា​ពិត​មាន​ន័យ​ថា​ រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហើយ។ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​ថា​ ជា​ការ​ពន្យារ​ម្ដង​ហើយ​ម្ដង​ទៀត​ ហើយ​ក៏​យើង​មិន​ដឹង​ថា​ លុយ​ហ្នឹង​នៅ​ឯណា

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​សង្គម​រូប​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១២​ កញ្ញា​ កន្លង​ទៅ​នេះ ​បាន​ស្នើសុំ​ប្រាក់​ កម្ចី​ចំនួន ៦៥លាន​ដុល្លារ​ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា​ អេ អាយ អាយ ប៊ី (AIIB) ​របស់​ប្រទេស​ចិន​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ស្ដារ​សមត្ថភាព​ តាម​​ជនបទ​ឡើងវិញ។​​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ធនាគារ អេ អាយ អាយ ប៊ី ​(AIIB)​ បាន​ឲ្យ​ដឹង​ថា​ ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​របប​ក្រុង​ភ្នំពេញ​នេះ​ ស្ថិត​ក្រោម​ កម្មវិធី​ជាតិ​ស្ដារ​សមត្ថភាព​ផលិតភាព​ជនបទ​ឡើងវិញ​» ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៥ ​លាន​ដុល្លារ​ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ដារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ ឡើងវិញ​របស់​ធនាគារ ​អេ អាយ អាយ ប៊ី(AIIB)

អ្នក​វិភាគ​សង្គម​លោក​ គឹម សុខ​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ហ្វាំង​ឡង់​ បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ខ្វះខាត​ថវិកា​យ៉ាង​ខ្លាំង​សម្រាប់​ដោះ​ស្រាយ​គ្រា​ មាន​អាសន្ន។​លោក​បន្ថែម​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​ជួប​វិបត្តិ​​ធ្ងន់ធ្ងរ មិន​ត្រឹម​តែ​គ្មាន​កញ្ចប់​ថវិកា​ សម្រាប់​ទ្រង់​ទ្រង់​សេដ្ឋកិច្ច​ជាតិ និង​ដោះ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្កើន​បន្ទុក​បំណុល​​​សម្រាប់​ប្រទេស​កម្ពុជា ថែម​ទៀត​ផង៖ «កម្ចី​នានា​ពី​ប្រទេស​ចិន​ក្នុង​ដំណាក់​កាល​ពេល​នេះ​ទៅ​មុខ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន បង្កើន​គ្រោះ​បី​យ៉ាង​ធំ​សម្រាប់​កម្ពុជា​។​ទី​១ លុយ​កម្ចី​នោះ​ ត្រូវ​លោក​ក្រុម​លោក​ ហ៊ុន សែន​ យក​ទៅ​ប្រើ​បំប៉ន​កម្លាំង​ការពារ​អំណាច​ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ ប្រជាពលរដ្ឋ​ខ្មែរ។​ទី​២​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយ​ក្រុម​លោក​ ហ៊ុន សែន​ ទៅ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ សង​បំណុល​វ័ណ្ឌក​កាន់​តែ​ច្រើន​ថែម​ទៀត។ទី៣ កាល​ណា​ខ្ចី​កាន់​តែ​ច្រើន​ លើស​បន្ទុក​ដែល​អាច​សង​បាន​ ក្រុម​លោក​ ហ៊ុន សែន​ នឹង​ប្រើ​វិធី​ប្រគល់​តំបន់​សេដ្ឋកិច្ច​ ណា​មួយ​ឲ្យ​ចិន​គ្រប់​គ្រង​ ចាត់​ចែង​ផ្ដាច់​មុខ​តែ​ម្ដង»

រដ្ឋសភាជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ បាន​អនុម័ត​​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា​៨,២​ពាន់​លាន​ដុល្លារ​អាមេរិក។រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ​ លើ​ការសាងសង់ និង​ការ ស្ដារ​ឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កើន​ឡើង​ ១១៧,៩ ​ភាគរយ​ ធៀប​នឹង​ការ​ចំណាយ​កាលពី​ឆ្នាំ​ ២០១៩​ ហើយ​ រដ្ឋាភិបាល​នឹង​ខ្ចី​មូលនិធិ​អន្តរជាតិ​ ២ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​នេះ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​លោក​ មាស​ សុខ​ក្សេម​ ក្សាន្ត​ ថ្លែង​ការពារ​រដ្ឋាភិបាល​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រភព​ធនធាន​ទាំង​អស់​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​ត្រៀម​បន្ថែម​ថវិកា​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក​បន្ថែមថា ថវិកា​សម្រាប់​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ គឺយើង​ប្រើ​ប្រាស់​ប្រភព​ធនធាន​ទាំង​អស់​។​ដោយ​ឡែក​សម្រាប់​ប្រាក់​កម្ចី​ និង​ប្រាក់​សម្បទាន​នានា​ មិន​មាន​អ្វី​ប៉ះពាល់​ដល់​កម្ពុជា​ទេ ដោយ​សារ​តាម​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ចី​ ដោយ​ផ្អែក​លើ​អត្រា​ការប្រាក់​សមហេតុសមផល​ ដែល​អាច​អោយ​កម្ពុជា​មាន​លទ្ធភាព​សង​ទៅ​ម្ចាស់​ដើម​វិញ៖ «ថវិកា​សម្រាប់​កូវីដ​១៩​ នេះ​គឺ​យើង​គ្រាន់​តែ​ជា​ការ​ត្រៀម​បន្ថែម​ទេ​ ហើយ​ដូច​បាន​ជម្រាប​ជូន​ចឹង​លក្ខខណ្ឌ​នៃ​ការ​ខ្ចី​របស់​យើង​គឺ​ជាការ​ប្រាក់​មួយ​ដែល​ច្បាប់​ បាន​អនុញ្ញាត​។​អញ្ចឹង​មិន​មែន​ជា​បញ្ហា​អ្វីទេ។​ការ​ខ្ចី​ពី​ធនាគារ​គ្រាន់​ជា​ការ​បម្រុង​​ទុក​ បើ​សិន​ជា​ករណី​ក្នុង​ការ​ពន្យា​ពេល​​ អូស​បន្លាយ​នៃ​ជំងឺ​នេះ​វែង​ឆ្ងាយ​តទៅ​ទៀត»

ព្រឹត្តិបត្រ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិនា​ឆ្នាំ​២០២០​ ឲ្យ​ដឹងថា​ ​រដ្ឋាភិបា​ល​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៩​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ ខ្ចី​ឥណទាន​សម្បទាន​ ជាមួយ​ដៃ​គូ​ អភិវឌ្ឍន៍​នានា​ សរុប​ចំនួន​ជាង​ ១ម៉ឺន ២​ពាន់​លាន​ដុល្លារ (.២៨៨.២៧លានដុល្លារ) ឬ​ស្មើ​នឹង​ប្រមាណ ៦៦,២២​%​ នៃ​ច្បាប់​អនុញ្ញាត។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​ កម្ពុជា​មាន​បំណុល​សាធារណៈ​ សរុប​ចំនួន​ជាង​៧​ពាន់​លាន​ដុល្លារ(៧ ៥៩៩ លាន​ដុល្លារ)​។​ក្នុង​នោះ​មាន​បំណុល​​ សាធារណៈ​ក្នុង​ប្រទេស​មាន​ចំនួន ០,០៤% ស្មើ​ប្រមាណ​២,៧៤ លាន​ដុល្លារ​ និង​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ មាន​ចំនួន​ប្រមាណ ៩៩,៩៦% ស្មើ​ចំនួន​ ៧ ៥៦៩​លាន​ដុល្លារ។

នៅ​ក្នុង​ឆ្នាំ​២០១៩​ កម្ពុជា​ បាន​សង​បំណុល​ជូន​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ជាង​៣​រយ​លាន​ដុល្លារ(៣០៨,៨៣លាន​ដុល្លារ)។ ក្នុង​នោះ​បំណុល​សាធារណៈ​ក្នុង​ប្រទេស​ចំនួន​០,០៤​លាន​ដុល្លារ​ និង​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​៣​រយលាន​ដុល្លារ(៣០៨,៧៩លាន​ដុល្លារ)។​

កាលពី​ចុងឆ្នាំ​ ២០១៨ បំណុល​ជាតិ​ត្រូវ​បាន​ជំរុញ​ភាគច្រើន​តាមរយៈ​កម្ចីសម្បទាន​ទ្វេភាគី និង​ពហុភាគី ភាគច្រើន​មកពី​ប្រទេស​ចិន

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល