អ្នក​វិភាគ​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ពិនិត្យ​មើល​ផល​ប៉ះពាល់​បរិស្ថាន​ មុន​នឹង​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ចិន​​​សាង​សង់​ទំនប់​វារីអគ្គិសនី​ ស្ទឹង​តាតៃ​លើ

0:00 / 0:00

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ពិនិត្យ​មើល​ផល​ប៉ះពាល់​បរិស្ថានបណ្តាលមកពី​ ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ នៅ​ក្នុង​ប្រទេស​កម្ពុជាឲ្យបាន​ច្បាស់លាស់មុន​នឹង​សម្រេច​ឲ្យ​សាងសង់​។​ ការ​ស្នើ​សុំ​នេះ​បាន​កើត​ឡើង​ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ចិន​ ដើម្បី​អនុវត្ត​គម្រោង​សាង​សង់​វារី​អគ្គិសនី​ ស្ទឹងតាតៃលើ នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​មាន​អនុភាព​ ៥០០​ គីឡូវ៉ុល​ ចំនួន ២ ​ខ្សែ ដោយ​តភ្ជាប់​ ពី​ខេត្ត​បាត់ដំបង​ ឆ្ពោះ​ទៅ​ព្រំដែន​ថៃ និង​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ។​គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ ជាង​ ៨​០០​ លាន​ដុល្លា។​

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​ បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​នៅ​ឡើយ​ ដូច្នេះ​​ការ​វាយ​តម្លៃ​​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ មាន​ទំហំ​ប៉ុណ្ណា​ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​ពី​បរិស្ថាន​ជា​មុន​ៗ​ នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ណាមួយ។​

លោក​បន្ត​ថា​ កន្លង​មក​ក្រសួង​ឧស្សាហកម្ម ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​ បាន​កំណត់​ទី​តាំង​សក្ដានុពល​ប្រមាណ​៦០​ កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ ត្រៀម​អភិវឌ្ឍន៍​វិស័យ​វារីអគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រំពឹង​ថា​ នឹង​ទទួល​បាន​ថាមពល​ចំនួន​ ១ម៉ឺន​ មេហ្កាវ៉ាត់​។​

លោក​បញ្ជាក់​ទៀត​ថា​ អង្គការ​សង្គម​ស៊ីវិល​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ មាន​ផល​ប៉ះពាល់​ជា​បឋម​កន្លង​មក​មាន​ការ​ជន់ លិច នៅ​តំបន់​ផ្នែក​ខាង​លើ​នៃ​ទំនប់​វារីអគ្គិសនី​ និង​ផល​ប៉ះពាល់​បរិស្ថាន​ និង​ជីវចម្រុះ​ បាន​ប្រែប្រួល​នៅ​តាម​ដង​ទន្លេ​ជា​ពិសេស​ទន្លេ​មេគង្គ​ ​ការ​បម្លាស់ទី​របស់​ត្រី​ និង​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ជលផល​ និង​ផល​ប៉ះពាល់​ចុង​ក្រោយ​គឺ​ការ​ប្រែ​ប្រួល​នៃ​ផលិត​ផល​ព្រៃ​ឈើ​។​ដោយសារ​ជា​ទូទៅ​យើង​ឃើញ​ថា​ មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប៉ែក​ខាង​លើ​ ក៏​ដូច​ជា​ប៉ែក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​ ដើម្បី​ធានា​បាន​នូវ​ចរន្ត​ទឹក​បង្កើត​ថាមពល​អគ្គិសនី។​

សំឡេង«​ ប្រសិន​បើ​ជា​កម្ពុជា​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៅ​តាម​តំបន់​ដែល​មាន​សក្ដានុពល ដែល​បាន​សិក្សា​ដោយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល ក៏​ដូច​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ជាង​៦០​ កន្លែង​នេះ។​ ផល​ប៉ះពាល់​ប្រាកដ​ជា​អាច​វាយ​តម្លៃ​បាន​ ហើយ​អ្វី​ដែល​ជា​សំខាន់ វា​មាន​ផល​ប៉ះពាល់​វិជ្ជមាន​ ឬ​អវិជ្ជមាន​គឺ​វា​អាស្រ័យ​ ទៅ​លើ​ការ​ស្រាវជ្រាវ​ពិត​ប្រាកដ​មួយ​។ ក៏​ប៉ុន្តែ​ដំណាក់កាល​ នេះ​យើង​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ការ​សន្និដ្ឋាន​ ឬ​ក៏​វាយ​តម្លៃ​ថា​ ផល​ប៉ះពាល់​ពិត​ប្រាកដ​ ក្រោយ​ពី​ការ​អភិវឌ្ឍន៍​វិស័យ​វារី​អគ្គិសនី​ហ្នឹង​ ទទួល​បាន​ផល​វិជ្ជមាន​ ឬ​អវិជ្ជមាន។»

​​​​​​​​​ក្រសួង​រ៉ែ និង​ថាមពល​កាល​ពី​ថ្ងៃ​ទី​០៨​ ធ្នូ​កន្លង​ទៅ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ ក្រុម​ហ៊ុន​ចិន​ ដើម្បី​អនុវត្ត​គម្រោង​សាង​សង់​វារី​អគ្គិសនី​ ស្ទឹង​តាតៃ​លើ ដែល​មាន​អនុភាព​ ៥០០​ គីឡូវ៉ុល​ ចំនួន ២ ​ខ្សែ ដោយ​តភ្ជាប់​ ពី​ខេត្ត​បាត់ដំបង​ ឆ្ពោះ​ទៅ​ព្រំដែន​ថៃ និង​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ។​គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ ជាង​ ៨​០០​ លាន​ដុល្លា។​

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ កាល​ពី​​ថ្ងៃ​ទី​ ៨ ​ខែ​ធ្នូ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​គម្រោង​ សាង​សង់​វារី​អគ្គិសនី​ ស្ទឹងតាតៃលើ ​ជាមួយ​នឹង​ក្រុមហ៊ុន​ ឆាយ​ណា​ ណា​សូ​ណាល់​ ហេវី​ ម៉ា​ឈិន​ន័រ​រី ខប​ផ័រ​រ៉េ​សិន​( China​ National ​Heavy​ Machinery​ Corporation​) និង​ក្រុមហ៊ុន​ ស៊ីន​តិច( Schneitec ​​)​។

​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​នៅ​ទី​ស្ដីការ​ក្រសួង​រ៉ែ​ និង​ថាមពល​នោះ​ អគ្គិសនី​កម្ពុជា​ (EDC) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC) ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ-លក់​ ថាមពល​អគ្គិសនី​ជាមួយ​ក្រុមហ៊ុន​​ចិន​ទាំង​ពីរ​នេះ​ផង​ដែរ។​

អាស៊ីសេរី​មិន​ទាន់​សុំ​អត្ថាធិប្បាយ​​ ពី​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ លោក​ វិចទ័រ ហ្សូនា​ ដើម្បី​ឲ្យ​បកស្រាយ​ ពី​ក្តី​កង្វល់ ​របស់​ អង្គការ​ សង្គម​ស៊ីវិល​ បាន​ទេ​នៅ​ថ្ងៃទី​ ១០ធ្នូ​នេះ ​ដោយ​សារ​ តែ​លោក​ប្រាប់​ថា​ជាប់រវល់​។ ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៣​ តុលា​ឲ្យដឹងថា គម្រោង​វារីអគ្គិសនី​ស្ទឹងតាតៃលើ​ គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វារីអគ្គិសនី ប្រើ​ប្រាស់​ប្រភព​ទឹក​របស់​ស្ទឹង​២​ គឺ​ស្ទឹង​កែប​​ និង​ស្ទឹង​តាតៃ​ ដោយ​សាងសង់​ទំនប់​២​ កាត់​ស្ទឹង​ទាំង​ពីរ​បង្កើត​ជា​អាង​ស្តុក​ទឹក​២​​ ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​។​

គម្រោង​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូប​ភាព​វិនិយោគ​ សាងសង់​ ដំណើរ​ការ​ផ្ទេរ​ នៅ​ក្នុង​ទំហំ​វិនិយោគ​សរុប​ចំនួន​ជិត​ ៤០០​លាន​ដុល្លារ (៣៨៩.៤១៤.០០៥​លាន​ដុល្លារ)​ ក្នុង​រយៈពេល ​៣៩​ឆ្នាំ​ ក្នុង​នោះ ​៤​ឆ្នាំ​សម្រាប់​ការ​សាង​សង់​ និង ​៣៥​ឆ្នាំ​ទៀត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​

រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា អគ្គិសនី​តាតៃ​លើ​ អាច​ជួយ​កាត់​បន្ថយ​ការ​ហៀរ​ទឹក​ចោល​ និង​ការ​ពិន័យ​ដោយ​មិន​បាន​ផលិត​អគ្គិសនី​នៅ​វារីអគ្គិសនី​ស្ទឹងតាតៃ​ នៅ​រដូវវស្សា​ និង​ស្តុក​ទឹក​នេះ​ទុក​សម្រាប់​ការ​ផលិត​អគ្គិសនី​នៅ​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​នៅ​រដូវប្រាំង​ និង​បង្ហូរ​ចុះ​មក​ឱ្យ​អាង​វារីអគ្គិសនី​ស្ទឹង​តាតៃ​នៅ​ខាងក្រោម​ ដើម្បី​ផលិត​អគ្គិសនី​បន្ថែម​នៅ​រដូវប្រាំង​ចំនួន​ ១០៨​ លាន​គីឡូវ៉ាត់​ម៉ោង​បន្ថែម​ទៀត​។​ រដ្ឋាភិបាល​មិនទាន់​បកស្រាយ​អំពី​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ឡើយ​ទេ​។​

គិត​ត្រឹម​ខែ​តុលា​ ឆ្នាំ​២០២០​នេះ​ កម្ពុជា​មាន​គម្រោង​«វារីអគ្គិសនី»ថ្មី​ចំនួន​២​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​ និង​ឈាន​ទៅ​ដល់​ការ​ចរចា​កិច្ច​ព្រមព្រៀង​សាងសង់​ក្នុង​ពេល​ខាងមុខ​។​គម្រោង​ទាំងពីរ​នោះ​មាន​គម្រោង​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ និង​គម្រោង​វារីអគ្គិសនី​តាតៃលើ នៅ​ក្នុង​ខេត្ត​កោះកុង​​។​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងត្បូង​ និង​គម្រោង​វារីអគ្គិសនី​តាតៃ​លើ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​។

ប្រទេស​កម្ពុជា​មាន​ទំនប់​វារីអគ្គិសនី​ធំៗ​ចំនួន​៧​ កន្លែង​ គឺ​ទំនប់​វារី​អគ្គិសនី​គិរី​រម្យ​១​ មាន​ថាមពល​១២​ មេហ្កាវ៉ាត់​ មាន​ទី​តាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ទំហំ​៤០០​ មេហ្កាវ៉ាត់​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ទំនប់​វារីអគ្គិសនី​ ស្ទឹង​ប្ញស្សី​ក្រោម ទំហំ​៣៣៨​ មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង​ វារីអគ្គិសនី​ភ្នំ​កំចាយ​ ទំហំ​ជាង​ ១៩៤​ មេហ្កាវ៉ាត់ វារីអគ្គិសនី​គិរីរម្យ​៣​ ទំហំ១៨​ មេហ្កាវ៉ាត់​ នៅ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះ​កុង​ វារីអគ្គិសនី​ស្ទឹង​តាតែ​ ទំហំ​១២០​មេហ្កាវ៉ាត់​ នៅ​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​ និង​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​ក្រោម​ ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង​ ទំហំ​២៤៦ មេហ្កាវ៉ាត។​​​​​

ចាប់​ពី​ឆ្នាំ​ ២០២០​ ដល់​ឆ្នាំ​ ២០៣០​ កម្ពុជា​មិន​ទាន់​មាន​​ផែនការ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ទៀត​ទេ​ ដោយ​សារ​កម្ពុជា​នឹង​ងាក​ទៅ​ស្វែងរក​ប្រភព​ថាមពល​ពី​ធ្យូងថ្ម​ ឧស្ម័ន​ធម្មជាតិ​ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជំនួស​វិញ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។