កម្ពុជានិង​ថៃ​សម្រេច​បើក​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១​ ឧសភា​

ដោយ ខែ សុណង
2022.04.30
Share on WhatsApp
Share on WhatsApp
កម្ពុជានិង​ថៃ​សម្រេច​បើក​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១​ ឧសភា​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បន្ទាយមានជ័យ

ពលរដ្ឋ​រស់នៅ​ព្រំដែន​ប៉ោយប៉ែត និង​អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រេកអរ​ដែល​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​ថៃ នឹង​បើក​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​ឡើងវិញ នៅ​ថ្ងៃទី​០១​ឧសភា ។ ពួកគាត់​លើកឡើង​ថា ការ​បើក​ច្រកព្រំដែន​អន្តរជាតិ​ដ៏​សំខាន់​នេះ មិន​ត្រឹមតែ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា ថៃ និង​ជនបរទេស​ឯទៀត​ងាយស្រួល​ឆ្លងដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ច្រកព្រំដែន​ងាយស្រួល​ប្រកប​របរ​ចិញ្ចឹមជីវិត ខណៈ​ដែល​ពួកគាត់​រង​ផល​ប៉ះពាល់​ជីវភាព​ជា​ខ្លាំង បន្ទាប់ពី​បិទ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក។

នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថៃ នៅ​ថ្ងៃទី​៣០ ខែមេសា នាំគ្នា​ប្រុងប្រៀប​បោសសម្អាត​លាង​ជម្រះ​ផ្លូវថ្នល់ ដើម្បី​បើក​ទទួល​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ បាន​ធ្វើ​ដំណើរ​ចេញចូល​ដោយ​ងាយ ចាប់ពី​ថ្ងៃទី​១ ខែឧសភា តែ​ត្រូវ​មាន​លិខិតឆ្លងដែន​ប៉ាស្ព័រ (Passport) ឬ​ប័ណ្ណ​ឆ្លងដែន (Border Pass) ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ទើប​អាច​ឆ្លងដែន​បាន​។ ការ​បើក​ថ្ងៃ​ដំបូង​នេះ អាជ្ញាធរ​ប្រទេស​ទាំងពីរ ក៏​ត្រៀមកម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ដែរ ដោយ​រំពឹង​ថា នឹង​មាន​មនុស្ស​ច្រើន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

បុគ្គលិក​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត លោក យស រ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​៣០ មេសា​នេះ​ថា លោក​សាទរ​ចំពោះ​ការ​បើក​ច្រកព្រំដែន​ឡើងវិញ​នេះ ព្រោះ​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត​នេះ​នឹង​មាន​ការងារ​ធ្វើ​ដូច​ធម្មតា​វិញ​។​លោក​បន្ថែ​មថា ក្រោយពី​មាន​ជំងឺ​កូវីដ​-១៩​មក នៅ​ក្រុង​ប៉ោយប៉ែត​នេះ​មាន​មនុស្ស​ធ្វើដំណើរ​តិចតួច​ប៉ុណ្ណោះ មិន​អ៊ូអរ​ដូច​ពីមុន​ឡើយ ។ លោក​បន្ត​ថា នៅពេល​ឮ​ថា​បើក​ឲ្យ​ចេញចូល​វិញ ម្នាក់ៗ​មានចិត្ត​រីករាយ ហើយ​យល់ថា ប្រហែល​ស្ថានការណ៍​កូវីដ​ធូរស្រាល​ឡើង​វិញ៖ «​បាទ បើ​ថា​តាម​អ្នក​នៅ​តាម​ជាយដែន​នេះ តែ​គេ​បើក​ច្រក​គឺ​មាន​ចិត្ត​សប្បាយ​ហើយ ព្រោះ​យើង​អាច​មាន​ចំណូល ជាង​កាលដែល​មិនទាន់​បើក​អីចឹង​ណា»

ចំណែកឯ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ក៏​ស្វាគមន៍​ចំពោះ​ការ​បើក​ច្រកព្រំដែន​នេះ​ដែរ​។ លោក​ថា ការ​បិទ​ព្រំដែន​កន្លង​មក​នេះ វា​មាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ដល់​កម្មករ​អូស​រទេះ អ្នក​រត់​ម៉ូតូឌុប និង​អ្នក​លក់ទំនិញ​ខ្នាត​តូច​។ លោក​ឲ្យ​ដឹង​បន្ថែម​ថា ពេល​គេ​បិទ​ច្រកព្រំដែន​នោះ ឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ផល​លំបាក​ជាង​ប្រជាពលរដ្ឋ​ថៃ ព្រោះ​ខ្មែរ​យើង​ចូល​ទៅ​លក់ដូរ​នៅ​ថៃ​ច្រើន ហើយ​គាត់​ចុះឡើង​ញឹកញាប់​ធ្វើ​ឲ្យ​បង់ថ្លៃ​ធ្វើដំណើរ​ច្រើន​ពេល​ឆ្លងដែន ដល់​ឮ​ថា​ស្អែក​បើកផ្លូវ​បែប​នេះ​ពលរដ្ឋ​មាន​ការ​ត្រេកអរ​គ្រប់ៗ​គ្នា​៖ «ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត​ទីមួយ​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចេញចូល​រក​ទទួលទាន​ទាំងអស់គ្នា ទាំង​កម្មករ​អូស​រទេះ​ម៉ូតូឌុប ចង់​និយាយ​ថា ដឹក​អីវ៉ាន់​ចេញ​មក​នៅ​ច្រក​ហ្នឹង​។ ចង់​និយាយ​ថា អ៊ីចឹង។ ហើយ​អាជីវករ​អី​នឹង​អាច​ចេញចូល​តាម​ធម្មតា​ដូច​មុន​វិញ អាហ្នឹង​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ បើសិនជា​បើក​ទៅ​នៅ​មាន​កម្រិត​គាត់​នៅតែ​ពិបាក​ដដែល​ហ្នឹង​។​សម្រាប់​យើង​មើល​ស្ថានភាព​រយៈពេល​កន្លងមក​កម្មករ​អូស​រទេះ​នេះ​គាត់​មិន​ដែល​ប្រើ​ប័ណ្ណ​ឆ្លង​ព្រំដែន​នឹង​ទេ ភាសា​អង់គ្លេស​ហៅថា បរដឺ​ផាស​(Border Pass)»

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សួរនាំ​អំពី​រឿង​នេះ តែ​លោក ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​មិនអាច​និយាយ​បាន។

ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​មាន​ភ្ញៀវ​បរទេស​ចេញចូល​ប្រទេស​ដោយ​មិន​ចាំបាច់​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​ដូច​ពីមុន​ឡើយ គឺ​សុំ​ឲ្យ​តែ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​។ សេចក្តី​សម្រេច​នេះ​គឺ​បាន​ចេញ​ដោយ​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃទី​២២​មេសា​កន្លង​ទៅ​នេះ​។ មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្លង​ប្រទេស​ថៃ ហៅ​កាត់​ថា CCSA បាន​ប្រជុំ​ជាមួយ​ផ្នែក​ត្រួតពិនិត្យ​ជំងឺឆ្លង ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ថា សេចក្តីសម្រេច​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០១​ខែឧសភា​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។