កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត នៅដើមខែមិថុនាខាងមុខ ដោយប្រើថវិកាប្រមាណ ១ពាន់ ៤រយលានដុល្លារ ($១.៤០០)។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្ដែត កាលពីថ្ងៃទី២១ មេសា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត ជាផ្លូវទី២ នៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីរូបនេះ ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនដែលបានវិនិយោគលើផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត បានដាក់ទុន១ពាន់៤រយលានដុល្លារអាម៉េរិក។ ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងសិក្សាផ្លូវលឿនពីភ្នំពេញទៅសៀមរាប បន្ថែមទៀតផងដែរ ហើយសិក្សាស្រាវជ្រាវលើគម្រោងនេះ នឹងបញ្ចប់នៅចុងខែឧសភាខាងមុខ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ទៀតថា ក្រោយពីសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបរួចហើយ រដ្ឋាភិបាលនឹងប្រជុំត្រួតពិនិត្យរួមគ្នា ដែលនឹងអាចមានការចុះ MOU បន្ទាប់ពីទទួលបានព័ត៌មានលម្អិតពីផ្លូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។