កម្ពុជា​រំពឹង​​ថា ការ​​នាំ​​ចេញ​​អង្ករ​​ក្រអូប​​នឹងកើន​​ឡើង​វិញ​ទៅ​​សហភាព​អឺរ៉ុប​

0:00 / 0:00

កម្ពុជារំពឹង​ថា បរិមាណ​នាំ​ចេញ​អង្ករ​ក្រអូប​កើន​ឡើង​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ឡើង​វិញ​ ក្រោយ​ពី​គណៈកម្មការ​អឺរ៉ុប​ នឹង​បិទ​បញ្ចប់​​វិធានការ​ការពារ​ ​ត្រឹម​ថ្ងៃទី១៨ ខែមករា ​ឆ្នាំ២០២២ ខាងមុខ។

អគ្គលេខាធិការ​សហព័ន្ធស្រូវ​អង្ករ​កម្ពុជាលោក លន់ យ៉េង មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ កាលពី​យប់ថ្ងៃទី២៨ ខែធ្នូ​ថាមូលហេតុ​គណៈកម្មការ​អឺរ៉ុប បាន​តម្រូវ​ឲ្យ​កម្ពុជា​ បង់ពន្ធ​អង្ករ​ក្រអូប​នាំ​ចេញ​​រយៈពេល ​៣ ​ឆ្នាំ ដែល​នឹង​ផុត​កំណត់​នៅ​ខែមករា ឆ្នាំ២០២២ ដោយ​សារ​កសិករ​នៃ​ប្រទេស​ផលិត​អង្ករ​នៅ​សហភាព​អឺរ៉ុប ខាតបង់ប្រាក់ មិនអាច​ប្រកួតប្រជែង​ជាមួយ​អង្ករ​ក្រអូប​នាំចេញ​ពី​កម្ពុជា​បាន​​ រួមមានអង្ករ​សែន​ក្រអូប និង​អង្ករ​ផ្កាម្លិះ៖ «ខែមករា ឆ្នាំ២០២២នេះ គឺ​ចប់​ជា​ស្ថាពរ ​ជា​គោលការណ៍​ដែលកំណត់​ក្នុង​វិធានការ​រក្សាការពារ របស់​សហគមន៍អឺរ៉ុប ​បើគាត់​បន្តគាត់​ត្រូវ​ប្រាប់​យើង​តាំង​ពី​៦ ខែមុន ប៉ុន្តែ​មក​ដល់​ពេល​នេះ​អត់​មាន​ទេ វិធានការ​នេះ យោង​តាម​បណ្តឹង​របស់​ប្រជាកសិករ​នៅ​អឺរ៉ុប ក្នុង​នោះ​កសិករ​អ៊ីតាលី គាត់បាន​ប្តឹង​ថា ពួកគាត់​លក់​ខាតបង់ មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​អង្ករ​កម្ពុជា​បាន »

​វិធានការ​រក្សាការពារ​របស់គណៈកម្មការ​អឺរ៉ុប ដែល​តម្រូវឱ្យ​កម្ពុជា​ ​បង់ពន្ធការ​នាំអង្ករ​ក្រអូប​រយៈពេល​៣​ឆ្នាំ គឺ​នៅ​ឆ្នាំដំបូង២០១៩ ត្រូវបង់ពន្ធ ​១៧៥ ​អឺរ៉ូ​ (EU) ក្នុង​១តោន ១៥០ ​អឺរ៉ូ​ នៅ​ឆ្នាំ​២០២០​ និង​បង់ពន្ធ ​១២៥ ​អឺរ៉ូ​ ក្នុងមួយតោន នៅ​ឆ្នាំ​២០២១​។

អគ្គលេខាធិការសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាលោក លន់ យ៉េង អះអាងថា បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ តម្រូវ​ឲ្យ​បង់​ពន្ធ​មក ការ​នាំចេញ​អង្ករ​ក្រអូប​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប មាន​ប្រមាណ​៣០% ​នៃ​ការ​នាំ​ចេញ​សរុប​។​ ក៏ប៉ុន្តែចាប់ពី​ឆ្នាំ២០២២ ខាងមុខនេះ​ត​ទៅ លោករំពឹងថា ការនាំ​អង្ករ​ចេញ​ អាច​កើន​ដល់​ជាង៤០% ទៅ៥០% នៃ​បរិមាណ​អង្ករ​នាំចេញ​សរុប​ក្នុង​មួយ​ឆ្នាំៗ៖ « កំណើន​អាច​កើន​ ដល់​ពី​៤០ % ទៅ ៥០ % នៃ​ការ​នាំចេញ​សរុបរបស់​យើង​ដូច​ពី​មុន នេះ​មាន​ន័យ​ថា បច្ចុប្បន្ន ឆ្នាំនេះ យើង​នាំ​ចេញ​ជាង ៦៣​ម៉ឺនតោន បើតាម​ព្យាករណ៍ ក្នុងប៉ុន្មាន​ថ្ងៃ​បញ្ចប់​ឆ្នាំ២០២១ បើ​សិន​ដក​ពន្ធ​អញ្ចឹង​ ធ្វើ​ឲ្យ​យើង​អាច នាំចេញ​ខ្ទង់ពី​២៥ម៉ឺន ទៅ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ »

អង្ករ​ក្រ​អូ​បប្រណីត​ក្នុង​មួយ​តោនតម្លៃ ​ពី ៩៣០ ទៅ ៩៥០​ដុល្លារ​អា​មេ​រិ​ក ហើយ​អង្ករ​ក្រអូប​ធម្មតា​ គឺ​តម្លៃពី ៨២០ ទៅ ៨៥០​ដុល្លារ​អាមេ​រិ​ក ក្នុងមួយតោន លក់នៅទីផ្សារសហភាពអឺរ៉ុប។ ទោះជា​យ៉ាង​នេះក្តី លោក​លន់ យ៉េងបារម្ភ​ថា បញ្ហា​ប្រឈម​សំខាន់ៗ​ គឺលទ្ធភាពនៃ​ការដឹកជញ្ជូន​តាម​សមុទ្រ ពិសេស​កង្វះ​ទូកុងតឺន័រ និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។