ក្រុមហ៊ុនផលិតរថយន្ត SUV និង Pickup ហ្រេ្គតវ៉ល ខូអិលធីឌី (Great Wall Motor Co., Ltd) របស់ប្រទេសចិនមានគម្រោងនាំចេញរថយន្តជជុះដំបូងរបស់ខ្លួនពីក្រុងធានជីន (Tianjin) ទៅកាន់បណ្ដាប្រទេសអាស៊ី និងអាហ្រិ្វក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុននាំចេញ និងនាំចូលរថយន្ត ធានជីន (Tianjin) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្គ្រេត វ៉ល បានអោយដឹងនៅថ្ងៃចន្ទថា រថយន្តជជុះចំនួន ១០គ្រឿង ដែលមានតម្លៃ ២៧.000ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវលក់នៅតាមប្រទេសនានា រួមមានប្រទេសកម្ពុជា នីហ្សេរីយ៉ា និងហ្កាណា (Nigeria Ghana) ជាដើម។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់អាស៊ីសេរីនៅថ្ងៃចន្ទថា លោកមិនទាន់បានដឹងពីគម្រោងនាំចូលរថយន្តជជុះនេះនៅឡើយទេ ព្រោះមាននាយកដ្ឋានមួយផ្សេងទៀត ជាអ្នកទទួលខុសត្រូវពីការនាំចូលរថយន្ត ប៉ុន្តែលោកនិយាយថា ក្រុមហ៊ុនដែលគ្រោងនាំចូលរថយន្តមកកាន់ប្រទេសកម្ពុជា គួរតែមាននាំគ្រឿងបន្លាស់ និងបង្កើតកន្លែងជួសជុលជាច្រើនទីតាំងនៅស្រុកខ្មែរ បើមិនដូច្នោះទេ ការនាំចូលរថយន្តមិនអាចប្រកួតប្រជែងទៅនឹងការលក់នៅទីផ្សារក្នុងស្រុកបានទេ៖ « វាស៊ីសងការរៀបចំរបស់ក្រុមហ៊ុនមួយៗ ហ្នឹង គាត់មានគ្រឿងបន្លាស់ គាត់មានកន្លែងជួសជុល កន្លែងអីទេ ហីតែអត់មានអាហ្នឹង ក៍យ៉ាប់ដែរ មកមិនឈ្នះគេទេ » ។
គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ ខេត្តក្វាងទុង ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បាននាំចេញរថយន្តជជុះ ៣០០គ្រឿងទៅកាន់ប្រទេសកម្ពុជា នីហ្សេរីយ៉ា ភូមា និងរុស្ស៊ីផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។