សង្គមស៊ីវិលស្នើរដ្ឋាភិបាលរកដំណោះស្រាយដល់ពលរដ្ឋដែលតវ៉ាជាមួយក្រុមហ៊ុនឧកញ៉ា ឡេង ចាន់ណា ជាជាងគ្រាន់តែចេញមុខច្រានចោលថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងអ្នកជំនួញរូបនេះ។ ការស្នើរបស់មន្ត្រីសង្គមស៊ីវិលនេះ ក្រោយមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី២១ ខែកុម្ភៈ ដោយច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត មានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
ប្រភពដដែលបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានាថាលោក ហ៊ុន ម៉ាណែត ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករមានឧកញ៉ា ឡេង ចាន់ណា ជាប្រធាន ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស លោក ហ៊ុន ម៉ាណែត។ ប្រភពដដែលឱ្យដឹងទៀតថា លោក ហ៊ុន ម៉ាណែត មិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ ព្រមទាំងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើបុគ្គលដែលយកឈ្មោះ លោក ហ៊ុន ម៉ាណែត ទៅពាក់ព័ន្ធនឹងអំពីខុសច្បាប់របស់ខ្លួន។
ការចេញមកបំភ្លឺរបស់រដ្ឋាភិបាលក្រោយមានការតវ៉ារបស់ពលរដ្ឋដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណា ទាមទារឱ្យក្រុមហ៊ុនសងប្រាក់ដើម និងការប្រាក់ដែលក្រុមហ៊ុននេះជំពាក់ពួកគេ និងក្រោយពីមានការផ្សព្វផ្សាយវីដេអូរបស់ឧកញ៉ា ឡេង ចាន់ណា ដែលនិយាយថា ក្រុមហ៊ុនរបស់អ្នកស្រី គឺមានលោក ហ៊ុន ម៉ាណែត នៅពីក្រោយខ្នង។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ការឆ្លើយតបរបស់រដ្ឋាភិបាលដូចនេះមិនទាន់អាចឱ្យពលរដ្ឋទទួលយកបានទេ។ លោក វ៉ន ចាន់ឡូត បន្ថែមថា រដ្ឋាភិបាលគួរចេញមុខរកដំណោះស្រាយដល់ពលរដ្ឋដោយយុត្តិធម៌ និងតម្លាភាពដើម្បីបង្ហាញថា រដ្ឋាភិបាលមានភាពឯករាជ្យពិតប្រាកដ។
លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាលខ្លួនឯងក៏គួរតែពិនិត្យមើលទៅលើទំនាក់ទំនងជាពិសេសគឺការដែលទទួលយកអំណោយពីអ្នកជំនួញ ហើយក៏ដូចជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅក្នុងការកាត់ឆ្វៀលដីទ្រព្យសម្បត្តិរបស់ជាតិហ្នឹងទៅឱ្យវិស័យឯកជន»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបញ្ហានេះ ពីអ្នកស្រី ឡេង ចាន់ណា បានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រដ្ឋាភិបាលគួរតែអន្តរាគមន៍លើក្រុមហ៊ុនដែលបោកលុយរបស់ពលរដ្ឋទៅធ្វើជាដើមទុនរកស៊ីរបស់ខ្លួន។ លោក យង់ គិមអេង បន្តថា រដ្ឋាភិបាលគួរតែចូលរួមបំបាត់ករណីនេះ ដើម្បីបង្ការកុំឱ្យកើតមានបន្តទៀត។
លោក យង់ គិមអេង៖ «ដោយសារបញ្ហាទាំងអស់ហ្នឹង នឹងកើតមានរាលដាលជាច្រើនទៀត ពីព្រោះករណីក្រុមហ៊ុនការដាក់លុយ ដាក់អីនេះមានភាពស្មុគស្មាញច្រើនណាស់ ហើយក៏ជាបញ្ហាមួយដ៏គ្រោះថ្នាក់ដែរ ប៉ុន្តែយើងឃើញថា កន្លងមកហេតុអ្វីបានជារដ្ឋាភិបាលលោកចេះតែផ្ដល់អាជ្ញាប័ណ្ណ»។
អ្នកស្រី ឡេង ចាន់ណា គឺជាប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលបោះទុនរកស៊ីលក់បុរីនៅខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០២២មក គឺជាបុគ្គលដែលមានទំនាក់ទំនងជិតស្និតជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្រោយការតវ៉ារបស់ពលរដ្ឋ អ្នកស្រី ឡេង ចាន់ណា បានលើកឡើងក្នុងវីដេអូថា អ្នកស្រីមិនញញើតនឹងបុគ្គលណាទេ ព្រោះក្រុមហ៊ុនរបស់អ្នកស្រី ជាដៃគូរបស់រដ្ឋាភិបាល និងត្រូវបានជួយជ្រោមជ្រែងដោយរដ្ឋាភិបាល រីឯសមាគមរបស់អ្នកស្រី បង្កើតឡើងដោយលោក ហ៊ុន ម៉ាណែត និងគំរាមថតរូបប្រជាពលរដ្ឋរងគ្រោះដែលហ៊ានតវ៉ាទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
