សង្គមស៊ីវិលសម្ដែងក្តីបារម្ភអំពីការធ្លាក់ចុះភ្ញៀវទេសចរនៅកម្ពុជានៅឆ្នាំនេះ ព្រោះមានការភ័យខ្លាចឆ្លងវីរុសខូរូណាថ្មីនេះ។ ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមិនទាន់មានវត្តមានជំងឺឆ្លងរលាកសួតដែលបង្កដោយវីរុសខូរូណា (Coronavirus) នៅឡើយទេ។
មន្ត្រីជំនាញខាងទេសចរណ៍ព្រមានថា វិស័យទេសចរណ៍នៅកម្ពុជាអាចប៉ះពាល់ធ្ងន់ធ្ងរដោយសារតែជំងឺវីរុសខូរណាថ្មីនេះ។
ប្រធានសមាគមមគ្គទេសន៍អង្គរខេត្តសៀម រាប លោកខៀវ ធី ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ ខែមករាថា ការផ្អាកជើងយន្តហោះមួយចំនួននៅចិន នឹងអាចបង្កផលអវិជ្ជមានដល់សវិស័យទេសចរណ៍កម្ពុជាមិនខាន៖ «វិស័យទេសចរណ៍នឹងធ្លាក់ចុះដោយសារគេមិនហ៊ានដើរ ដោយសារខ្លាចឆ្លងមេរោគ»។
លោកបន្តថា តាមបទពិសោធន៍ ភ្ញៀវទេសចរបរទេសធ្លាប់បានធ្លាក់ចុះខ្លាំងកន្លងមក នៅពេលមានជំងឺផ្តាសាយបក្សីនៅឆ្នាំ២០១៥ និងជំងឺពងបែកដៃជើងក្នុងឆ្នាំ២០១២ ហើយក្រោយមក មានជំងឺរាតត្បាតសាកលក្នុងឆ្នាំ២០០៩ និងជំងឺសារ (SARS) ក្នុងឆ្នាំ២០០៣។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីថ្ងៃសុក្រម្សិលមិញនេះ ប៉ុន្តែលោកបានបដិសេធផ្ដល់សម្ភាសន៍។
ទោះបីយ៉ាងណា ក្រសួងទេសចរណ៍ឱ្យដឹងថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦លាន២សែននាក់ (៦,២លាននាក់) ក្នុងនោះមានជនជាតិចិន ២ លាននាក់ ដែលមានប្រាក់ចំណូលសរុប ៤លាន ៣សែន៥ម៉ឺន (៤,៣៥ លាន) ដុល្លារអាមេរិក។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង ក៏យល់ឃើញថា កម្ពុជាអាចនឹងមានហានិភ័យខ្ពស់ ចំពោះការឆ្លងជំងឺរលាកសួតដែលបង្កដោយវីរុសខូរូណានេះ បើសិនជារដ្ឋាភិបាលមិនមានវិធានការជាក់លាក់ទេ ព្រោះមានលំហូរអ្នកទេសចរចិនច្រើន៖ «យើងដឹងហើយថាកំណើនទេសចរណ៍ អ្នកដែលចេញចូលជាទេសចរណ៍ អ្នកមករកស៊ីហ្នឹងគឺសំបូរទៅដោយជនជាតិចិន ហើយជនជាតិចិនទាំងអស់ហ្នឹង យើងក៏មិនហ៊ានធានាថា ពួកគេហ្នឹងមិនមានការឆ្លងជំងឺទាំងអស់ហ្នឹងមកពីប្រទេសរបស់គេដែរ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រាប់អាស៊ីសេរី នៅយប់ថ្ងៃសុក្រទី២៤ខែមករានេះថា កម្ពុជាមិនទាន់មានជំងឺឆ្លងរលាកសួត ដែលបង្កដោយវីរុសខូរូណានេះនៅឡើយទេ ប៉ុន្តែក្រសួងបានដាក់ម៉ាស៊ីនស្ទង់កម្ដៅបន្ថែម នៅតាមច្រកអន្តរជាតិផ្លូវគោក៣កន្លែង រួមមានប៉ោយប៉ែត បាវិត និង ព្រែកចាក។
លោកថា កម្ពុជាបានដាក់ម៉ាស៊ីនស្ទង់កម្តៅនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣កន្លែងផងដែរ គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្រសួងសុខាភិបាលក៏បានដាក់ពង្រាយមន្ត្រីជាង២.០០០នាក់ ដែលបានបណ្ដុះបណ្ដាលរួចហើយ ដើម្បីតាមដានរោគសញ្ញានៃវីរុសខូរូណានេះនៅទូទាំងប្រទេស៖ «យើងមានត្រៀមមន្ទីរពិសោធន៍ ហើយយើងនិងជំរុញឱ្យមន្ត្រីរបស់យើង គ្រប់ជាន់ថ្នាក់ទាំងអស់ប្រុងប្រយ័ត្នជានិច្ច»។
ទោះបីយ៉ាងណាក៏ដោយ លោក លី សុវណ្ណ បញ្ជាក់ថា កម្ពុជាមិនមានគម្រោងផ្អាកការធ្វើដំណើររបស់អ្នកទេសចរណ៍ជនជាតិចិនទេ ប៉ុន្តែមន្ត្រីក្រសួងសុខាភិបាល ខិតខំតាមដានសុខភាពរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេស។
ជំងឺរលាកសួតដែលបង្កដោយវីរុសខូរូណាថ្មីនេះ បានផ្ទុះឡើងកាលពីចុងខែធ្នូ នៅខេត្តហ៊ូបេ (Hubie) ប្រទេសចិន ហើយបើតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រទី២៤ខែមករា នេះថា ករណីឆ្លងវីរុសខូរូណាថ្មីនេះបានកើនឡើងដល់ ៨៣០ នាក់ហើយ ដោយមានមនុស្ស ២៦ នាក់បានស្លាប់។
យ៉ាងហោចណាស់មានទីក្រុង១០ នៅភាគកណ្ដាលនៃខេត្តហ៊ូបេ ដែលមានប្រជាជនចិនចំនួនជិត៤០លាននាក់ ជាប់គាំងក្នុងការធ្វើដំណើរ បន្ទាប់ពីអាជ្ញាធរចិនបានផ្អាកជើងហោះហើរ រថភ្លើង ឡានក្រុង និងសាឡាងផងដែរ។
ជំងឺវីរុសខូរូណានេះ បានរាលដាលដល់ប្រទេសថៃ សហរដ្ឋអាមេរិក វៀតណាម ជប៉ុន សិង្ហបុរី អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។