សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ ជំរុញ​ឱ្យ​របប​ភ្នំពេញ​បង្ហាញតម្លាភាព​នៃចំណូល​បាន​មក​ពីអាជីវកម្ម​ប្រេង

ដោយ៖​ អាស៊ីសេរី
2020.12.29
សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ ជំរុញ​ឱ្យ​របប​ភ្នំពេញ​បង្ហាញតម្លាភាព​នៃចំណូល​បាន​មក​ពីអាជីវកម្ម​ប្រេង ផ្ទាំងផ្សព្វផ្សាយ​អំពី​អណ្ដូង​ប្រេងកាត​ក្រោម​បាត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ។
រូប៖ ក្រសួង​រ៉ែ និង​ថាមពល

អង្គការ​សង្គម​ស៊ីវិល និងគណបក្ស​សង្គ្រោះជាតិ ទាមទារ​ឱ្យ​​របបលោក ហ៊ុន សែន ​បង្ហាញ​តម្លាភាព​ចំពោះ​ចំណូល​បានមក​ពី​អាជីវកម្ម​ប្រេង។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​ទទួល​បាន​ដំណក់​ប្រេងជា​​លើកដំបូង​នៅថ្ងៃទី២៩ ធ្នូ ក្រោយ​រង់​ចាំ​អស់​រយៈពេល​៣០ ឆ្នាំ។

អង្គការ​សង្គម​ស៊ីវិលផ្នែក​ប្រឆាំង​អំពើ​ពុក​រលួយ និងមន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ សាទរ​ចំពោះការ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បូម​ប្រេង​ពី​ប្លុក A នៃ​ដែនសមុទ្រ​កម្ពុជា ប៉ុន្តែពួក​គេ​ថា ជំហាន​បន្ទាប់​ គឺរដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការគ្រប់​គ្រង​ចំណូល​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍ថា ចំណូល​បាន​ពីអាជីវកម្ម​​ប្រេង នឹង​ក្លាយ​ជា​​ប្រភព​ចំណូល​ថ្មី​មួយ​ទៀត​របស់រដ្ឋាភិបាល ​​បន្ថែម​លើ​​វិស័យ​កសិកម្ម ​ទេសចរណ៍ និង​វិស័យ​ដទៃទៀត​ដែល​មាន​ស្រាប់។ លោក​បន្តថា ការ​យក​ចំណូល​ពីអាជីវកម្ម​​ប្រេងទៅ​ពង្រឹង​វិស័យអប់រំ និង​សុខាភិបាល បូក​រួម​ទាំង​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធទឹក​ភ្លើងបន្ថែម​ទៀតនោះ គឺជារឿងត្រឹម​ត្រូវ ព្រោះទាំងនេះសុទ្ធសឹង​ជា​មូលដ្ឋាន​គ្រឹះនៃការកសាង​សេដ្ឋកិច្ចសម្រាប់​​ពលរដ្ឋ​ខ្មែរ​ជំនាន់ក្រោយ។

ទោះជាយ៉ាងនេះក្តី លោក ប៉ិច ពិសី គូស​បញ្ជាក់ថា ក្តីកង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​អំពើ​ពុករលួយ​ក្នុង​ការគ្រប់គ្រង និង​ចាត់ចែង​​ចំណូល​បានមក​ពីអាជីវកម្ម​ប្រេង ពីព្រោះ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អឡើយ​ទាក់ទងនឹង​អំពើ​ពុករលួយ«ដោយសារ​ប្រព័ន្ធគណនេយ្យភាព ប្រព័ន្ធសុចរិតភាព​នៅក្នុងវិស័យ​សាធារណៈហ្នឹង មិន​ទាន់​រឹងមាំនៅឡើយ​ យើង​មាន​ការ​បារម្ភអំពី​តម្លាភាព ហើយ​និង​លទ្ធភាពនៃ​ការគ្រប់គ្រងថវិកា​ដែល​ចូល​ពី​ប្រេង​ហ្នឹង ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់​ ហើយ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​បាត់​បង់​តាម​រយៈ​អំពើ​ពុករលួយ​ជាដើម»

ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ គឺបន្ទាប់​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាសាធារណៈអំពី​ដំណឹង​ស្តីពីការ​ទទួល​បាន​ដំណក់​ប្រេងជា​​លើក​ដំបូងក្នុងដែន​សមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ។

លោក ហ៊ុន សែន អះអាងថា ការ​ចាប់​ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺ​ជា​ពរជ័យ​សម្រាប់​កម្ពុជា មិន​មែន​ជា​បណ្តាសារ​ដូច​ការ​លើកឡើង​របស់​មនុស្សមួយ​ចំនួន​នោះទេ។ លោកបន្ត​​ថា នេះ​ជា​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ ឆ្ពោះទៅ​បង្កើត​បាន​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្មប្រេង​កាត ឧស្ម័ន និង​ថាម​ពលនៅកម្ពុជា។ លោក​បន្ថែម​ថា ប្រេងដែល​ផលិត​ចេញលើក​ដំបូង​ក្នុង​ទឹកដី​កម្ពុជានេះ គឺជាការដូ​ដ៏​ធំ​សម្រាប់​ជាតិ​ខ្មែរ ​និង​ជា​សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ចាប់ពី​ឆ្នាំ២០២១ តទៅ។

លោក​ថ្លែង​ទៀតថា ចំណូល​ដែល​បាន​មក​ពីប្រេង នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ចំណូលពិត​ប្រាកដ​​ដែល​នឹងត្រូវ​​ទទួល​បាន​ពី​ការ​ទាញ​យក​ប្រេងនេះនៅឡើយទេ«លុយ​ប្រេងនេះ គេ​លើក​ឡើង​២០ ឆ្នាំមុនហើយ ដែល​ក្រោយ​មក​ស្ងាត់។ ខ្ញុំស្តីឱ្យថា កុំ​កំណត់​​ថា ត្រីណា​ត្រូវ​អាំង ត្រីណា​ត្រូវ​ស្ងោរ ត្រូវ​ចៀន ក្នុងពេល​ដែល​មិន​ទាន់​ចាប់​ត្រីបាន។ ឥលូវ​ចាប់​ត្រីបាន​ហើយ គេ​អាច​ដាក់​សំណួរ​បាន។ ដាក់សំណួរថា បើបាន​លុយ​ហ្នឹង អ្ន​កអាច​ចាយ​លើអ្វី ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ឯងថា ខ្ញុំ​នឹង​ផ្តល់​អាទិភាពលើវិស័យ​អប់រំ និង​សុខាភិបាល ប្រាប់​អ្នក​ឯង​ឱ្យ​ច្បាស់»

ក្រុមហ៊ុន​ដែល​ទទួល​បានសិទ្ធិក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុក A នៃ​ដែនសមុទ្រ​ខ្មែរ​នេះ គឺក្រុមហ៊ុន គ្រីស អេនើជី (Kris Energy) របស់​សិង្ហបុរី។ ក្រុមហ៊ុន​នេះ​បាន​ចុះកិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅប្លុក A ដែល​មាន​ទំហំជាង៣ ពាន់​គីឡូម៉ែត្រការ៉េ (៣.០៨៣) ជាមួយ​ភាគីរដ្ឋាភិបាល​កម្ពុជា កាល​ពី​ចុងខែសីហា ឆ្នាំ២០១៧។ តាម​រយៈកិច្ច​ព្រម​ព្រៀងនេះ ក្រុមហ៊ុន គ្រីស អេនើជី (Kris Energy) កាន់កាប់​ភាគហ៊ុន៩៥% ចំណែក រដ្ឋាភិបាល​កម្ពុជា​កាន់​កាប់​ភាគហ៊ុនចំនួន​៥%។

កាល​ពីពេលថ្មីៗនេះ ក្រុមហុនគ្រីសអេនើជី បាន​ស្នើសុំ​​រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីពន្យាពេលបូម​ប្រេង រហូតដល់ខែមេសា ឆ្នាំ២០២១ ក្រោមហេតុផលថា ជំងឺកូវីដ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចូល​សម្ភារៈ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ឆ្លើយតប​ថា បើក្រុមហ៊ុន​មិន​បាន​ដំណើរការ​បូមប្រេង​ជាលើក​ដំបូង​នៅ​ដំណាច់​ឆ្នាំ២០២០ ទេ នោះ​រដ្ឋាភិបាល​មាន​សិទ្ធិផាក​ពិន័យ ហើយ​បើ​ក្រុមហ៊ុនពន្យារពេល​ហួសខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល​មាន​សិទ្ធិបញ្ចប់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន។ តាមពិត រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ពីការ​ពន្យារពេល​បូម​ប្រេងនេះ​ជាច្រើន​លើក​រួចមកហើយ ប៉ុន្តែនៅពេល​កំណើន​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះខ្លាំង​នៅឆ្នាំ២០២០នេះ រដ្ឋាភិបាល​បែរជា​ប្រញាប់​ធ្វើ​ឱ្យ​ការ​បូម​ប្រេង​នេះ​លេចចេញ​ជារូបរាងឡើង។

ទាក់ទង​ទៅនឹង​ការទទួល​បាន​ដំណក់​ប្រេង​ជាលើក​ដំបូងនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទាញយក​គុណសម្បត្តិ​ផ្តាច់​មុខថា បើ​គ្មាន​លោក​នាំសន្តិភាពជូនជាតិ​ទេ នោះក៏គ្មាន​លទ្ធផល​ដូចនាពេល​នេះដែរ។ លោក​ថ្លែងទៀតថា ការ​ទទួល​បាន​ដំណក់​ប្រេងនេះ គឺគាប់​ជូន​ចំ​ថ្ងៃ​ខួប​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​២៩ ធ្នូ ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះៗ​របស់​លោក«អ៊ីចឹងកត្តាសន្តិភាព​នាំមក​នូវ​ការ​អភិវឌ្ឍ ដោយ​រួម​ទាំង​សមិទ្ធផល​ថ្មីថ្ងៃនេះ ដំណក់ប្រេង​លើក​ដំបូង ហើយ​សូមបញ្ជាក់​ទៅសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែលជា​អ្នក​ដឹកនាំ​ដ៏​សំខាន់មួយ គេហៅថា តួរង​បន្ទាប់​ពី ហ៊ុន សែន តែម្តង។ និយាយ​ឱ្យ​ជាក់​លាក់ បន្ទាប់ពី ហ៊ុន សែន ទៅ គឺ ទៀ បាញ់ នៅក្នុង​ប្រតិបត្តិការនយោបាយ​ឈ្នះៗនេះ។ សូម​យក​ដំណក់​ប្រេង​ពីឯកឧត្តម ស៊ុយ សែម ទៅរក្សា​ទុក​នៅវិមាន​ឈ្នះៗ​ផង ព្រោះ​ដោយសារ​នយោបាយ​ឈ្នះៗ ទើប​វា​មាន​ប្រេង​កាត អ៊ីចឹង​យក​ដំណក់​ប្រេង​បន្តិច​បន្តួច​យក​ទៅទុក​នៅកន្លែង​ហ្នឹង»

ទោះជា​បែប​នេះក្តី ដំណឹង​នៃ​ការបូម​ប្រេង​ដោយ​ជោគជ័យនេះ កើតឡើង​ស្របពេល​ដែល​របប​ក្រុងភ្នំពេញ កំពុង​ពើបប្រទះ​នឹង​វិបត្តិសេដ្ឋកិច្ច​ផ្ទួនៗ​ដែល​បង្កឡើង​ដោយ​វិបត្តិ​ជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ដោយសារតែ​បាន​បំផ្លាញ​គោលការណ៍​ប្រជាធិប​តេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម។

ជុំវិញរឿងនេះ តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា លោក ហ៊ុន សែន កំពុង​ទាញយក​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន។ លោកបន្ត​​ថា ដោយសារ​តែ​អំពើ​ពុករលួយ រដ្ឋប្រហារ និង​ការដឹកនាំ​បែបផ្តាច់​ការ​របស់​លោក ហ៊ុន សែន និង​ក្រុម​បក្ខពួក​ ទើប​ធ្វើ​ឱ្យ​ការទាញយក​​ប្រេងនេះ អូស​បន្លាយ​រយៈពេល​យូរ ហើយ​ក្រុមហ៊ុន​លោក​ខាងលិចមួយ​ចំនួន​បាន​ដក​ខ្លួន​ចេញពីការ​វិនិយោគនេះ។

លោក អ៊ុំ សំអាន ទទួល​ស្គាល់ថា ការ​ទាញ​យក​រ៉ែ​ប្រេង​ដោយ​ជោគជ័យ គឺ​ជារឿងគួរ​ឱ្យ​អបអរ ប្រសិន​បើ​ចំណូល​​បាន​មក​ពីវិស័យ​នេះ​ត្រូវ​បាន​យក​ទៅប្រើប្រាស់​ដោយ​ត្រឹមត្រូវ។ ក៏ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា ក្តីបារម្ភនោះ គឺចំណូល​មួយ​ភាគធំ​បានមក​ពីអាជីវកម្ម​ប្រេង អាច​នឹងត្រូវ​​ធ្លាក់​ទៅក្នុង​ហោប៉ៅ​របស់​ក្រុម​គ្រួសារលោក ហ៊ុន សែន ឬ​មន្ត្រីគ្រាក់ៗនៃ​របបក្រុង​ភ្នំពេញ«ជាការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា អំពើពុករលួយ​នៅ​កម្ពុជា​ជា​បញ្ហាមួយ។ នៅពេលបូម​ប្រេង​ហ្នឹងបានហើយ លុយ​មួយ​ចំនួន​ធំ​នឹង​ចូល​ទៅក្នុង​ហោប៉ៅ​មន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់របស់​លោក ហ៊ុន សែន មិន​បាន​ចូល​ទៅក្នុង​ថវិកាជាតិ ហើយ​ពេល​ហ្នឹង​វា​នឹង​ក្លាយ​ជា​បណ្តាសារ​ប្រេង។ ដូចប្រទេស​នៅអាហ្រិកមួយ​ចំនួនអ៊ីចឹង គាត់​មាន​ប្រេង ដល់​ពេល​បូម​ប្រេង​អស់ ប្រទេស​ហ្នឹង​ធ្លាក់​ខ្លួន​ក្រ​ជាង​មុន​ទៀត ព្រោះ​លុយ​ចូល​ទៅក្នុង​ហោប៉ៅ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល។ អ៊ីចឹងខ្ញុំ​ក៏​សុំ​ឱ្យលោក ហ៊ុន សែន ធ្វើ​ម៉េច​គាត់​បំបាត់​អំពើ​ពុករលួយ​ ហើយ​គ្រប់​គ្រង​ចំណូល​បាន​ពីការ​បូម​ប្រេង​ហ្នឹង ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ទើប​អាចមាន​ការ​ទុក​ចិត្ត​ពីប្រជាពលរដ្ឋ ​ហើយ​យើង​សង្ឃឹម​ថា លុយ​ហ្នឹង​នឹង​អាច​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​ពិតប្រាកដ»

កម្ពុជា​បន្ត​​ជាប់​ឈ្មោះក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាងគេបំផុតលើ​ពិភពលោក។ សន្ទស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាពអន្តរជាតិ​កាល​ពី​ខែមករា បង្ហាញថា កម្ពុជា​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរជាងប្រទេសឡាវ និងមីយ៉ាន់​ម៉ាទៅទៀត ហើយ​បើ​គិត​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំងមូល​ កម្ពុជា​គ្រាន់​បើ​ជាង​ប្រទេស​តែពីរប៉ុណ្ណោះ គឺអាហ្វហ្គានីស្ថាន (Afghanistan) ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម និងកូរ៉េខាងជើងដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​បែប​ផ្តាច់ការ​តវង្សត្រកូល។ មូលហេតុ​ចម្បងនោះ គឺដោយសារ​កម្ពុជា​រួម​រឹត​ដោយ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើ​ពុក​រលួយ​ផ្នែក​នយោបាយ។

ក្នុង​បរិបទបែបនេះ អង្គការ​សង្គម​ស៊ីវិល​ផ្នែកប្រឆាំង​អំពើ​ពុករលួយ និង​គណបក្ស​សង្គ្រោះជាតិ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ តាម​ដានឱ្យ​បាន​ដិត​ដល់​ចំពោះ​អាជីវកម្មប្រេង ពីព្រោះ​ពលរដ្ឋ​គឺ​ជាម្ចាស់​ប្រទេស មាន​សិទ្ធិដឹងឮរាល់​ព័ត៌មានទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគនេះ។ ចំណែក រដ្ឋាភិបាល​វិញត្រូវ​តែ​បង្ហាញរាល់​ព័ត៌មានស្តីពីចំណូល​ និងចំណាយ ព្រម​ទាំងការ​វិវឌ្ឍនៃ​អាជីវកម្មប្រេង ព្រោះនេះ​គឺជាកាតព្វកិច្ច​របស់រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។