ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើសេចក្ដីព្រាងយុទ្ធសាស្ត្រ គ្រប់គ្រងបំណុលរដ្ឋជំពាក់បរទេស សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ការកំណត់យុទ្ធសាស្ត្រនេះ ធ្វើឡើងខណៈមានការព្រមានជារឿយៗ ពីក្រុមអ្នកជំនាញរឿងជាប់ផុងក្នុងអន្ទាក់បំណុលចិន ហើយតួលេខដែលកម្ពុជាខ្ចីបុលបរទេស ក៏ចេះតែបន្តកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។
នេះមិនមែនជាលើកដំបូងទេ ដែលរបបក្រុងភ្នំពេញ ដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ដែលខ្លួនជំពាក់បរទេសនោះ។ សេចក្តីព្រាង «យុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» ធ្វើឡើង បន្ទាប់ពីឯកសារយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំ២០១៥-២០១៨ បានផុតសុពលភាព។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា សេចក្តីព្រាង «យុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នេះ ធ្វើឡើងដោយពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងបំណុលឆ្នាំចាស់ ២០១៥-២០១៨ ការវិភាគលើហានិភ័យ បញ្ហាប្រឈម និងឱកាសនៃការគ្រប់គ្រងបំណុលកម្ពុជា។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងបំណុលរហូតដល់ឆ្នាំ២០២៣ខាងមុខនេះ គឺដើម្បីបន្តធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចិរភាពនៃការគ្រប់គ្រងបំណុលសាធារណៈក្នុងរយៈពេលកំណត់នេះ។ ក្រសួងគូសបញ្ជាក់ថា រដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៥ ដើម្បីធានាចិរភាពបំណុលសាធារណៈរបស់រដ្ឋ។ គោលការណ៍គន្លឹះទាំង៥នេះ រួមមានដូចជា៖ ការតម្រូវឱ្យខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចកម្ពុជាអាចទ្រាំទ្របាន ការខ្ចីបុលតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ការខ្ចីសម្រាប់តែវិស័យអាទិភាពដើម្បីយកទៅទ្រទ្រង់ចិរភាពកំណើន និងផលិតភាពសេដ្ឋកិច្ច និងប្រើប្រាស់សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាដើម។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច នៅមិនទាន់ចែកចាយសេចក្តីព្រាងយុទ្ធសាស្ត្រថ្មីនេះ ជាសាធារណៈនៅឡើយទេ ក៏ប៉ុន្តែ បច្ចុប្បន្ន គណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ របស់ក្រសួងសេដ្ឋកិច្ច កំពុងប្រជុំពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់បំណុលសម្រាប់រយៈពេលកំណត់ថ្មីនេះ ជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ។
របាយការណ៍ចុងក្រោយចេញផ្សាយក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបុលពីម្ចាស់ឥណទានបរទេសសរុបមានតម្លៃដល់ទៅជិត ១ម៉ឺន ២ពាន់លានដុល្លារអាមេរិក ឬប្រមាណជិត ១២ប៊ីលានដុល្លារអាមេរិក។ ក្នុងចំណោមបំណុលដែលរដ្ឋខ្ចីបុលបរទេសនេះ មហាមិត្តចិននៅតែជាម្ចាស់បំណុលខ្ពស់ជាងគេរបស់កម្ពុជា គឺស្មើនឹងជាង ៤ពាន់៧រយ លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណជិត ៤០ភាគរយ នៃបំណុលដែលកម្ពុជាជំពាក់បរទេសសរុប។
នេះមានន័យថា ពលរដ្ឋខ្មែរម្នាក់ៗ ដែលសូម្បីតែទារកទើបកើតមកភ្លាម កំពុងជាប់ជំពាក់បំណុលបរទេសជាង ៧០០ដុល្លារអាមេរិក ឬជំពាក់ចិនក្នុងម្នាក់ៗ ជិត ៣០០ដុល្លារអាមេរិក។ បំណុលនេះ នៅមិនទាន់រាប់បញ្ចូលការប្រមើលទុកនៅពេលដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិកនៅឡើយនោះទេ ជាការឆ្លើយតបនឹងការណ៍ដែលរបបក្រុងភ្នំពេញ បានរម្លាយប្រជាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលខ្វះភាពស្របច្បាប់។ ទន្ទឹមនឹងការជាប់ជំពាក់បំណុលរបស់ពលរដ្ឋខ្មែរម្នាក់ៗ និងកម្ពុជាជារួម ដែលចេះតែកើននោះត្រកូល «ហ៊ុន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្អែកតាមការប៉ាន់ស្មានរបស់អង្គការឃ្លាំមើលពិភពលោក ឬ Global Witness កាលពីឆ្នាំ២០១៦ ឯណោះ អាចមានទ្រព្យសម្បត្តិរួមគ្នាសរុបប្រមាណពី ៥០០លាន ទៅដល់ ១ពាន់លានដុល្លារអាមេរិក។
ក្រៅពីនេះ កម្ពុជាជំពាក់ដៃគូអន្តរជាតិដទៃទៀត ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ជាង២ពាន់ ៦រយលានដុល្លារអាមេរិក ស្មើនឹងជាង ២២ភាគរយ បន្តដោយជំពាក់ប្រទេសជប៉ុន ជិត ១ពាន់ ៥រយលានដុល្លារអាមេរិក ឬស្មើនឹងជាង ១១ភាគរយ។
ការសិក្សាស្រាវជ្រាវបែបវិភាគគោលនយោបាយមួយចេញផ្សាយដោយសាកលវិទ្យាល័យ Harvard University របស់សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅស្ដីពីនយោបាយការទូតអន្ទាក់បំណុល៖ យុទ្ធសាស្ត្រពង្រីកឥទ្ធិពលសេដ្ឋកិច្ចថ្មីរបស់ចិន និងផលវិបាកចំពោះគោលនយោបាយការបរទេសអាមេរិកលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចិនបានពង្រីកការផ្ដល់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យប្រទេសដទៃទៀត ដែលប្រទេសទាំងនោះគ្មានលទ្ធភាពសងបំណុលវិញបាន។ ការសិក្សានេះថា ចិនបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្របង្កើនទឹកប្រាក់ឱ្យបរទេសខ្ចីបុលនេះ គឺដើម្បីសម្រេចបានមហិច្ឆតាយុទ្ធសាស្ត្ររបស់ខ្លួននៅតាមទីតាំងភូមិសាស្ត្រជំនួញពាណិជ្ជកម្មសំខាន់ៗ នៅលើពិភពលោក។
បន្ថែមលើការស្រាវជ្រាវនេះមជ្ឈមណ្ឌល ដើម្បីការអភិវឌ្ឍសាកល (Center for Global Development - CGD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨ បានដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងចំណោមក្រុមប្រទេសគោលដៅចំនួន២៣ ដែលកំពុងប្រឈមនឹង «ហានិភ័យបំណុលគួរឱ្យកត់សម្គាល់» នាពេលបច្ចុប្បន្ននេះ។
ឆ្លើយតបទៅនឹងការកើនឡើងនៃបំណុលដែលកម្ពុជាចេះតែជំពាក់បរទេស ជាពិសេសមហាអំណាចចិនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនេះ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ធ្លាប់ព្រមានថា កម្ពុជាបច្ចុប្បន្ន កំពុងក្លាយខ្លួនជាជនរងគ្រោះនៃនយោបាយការទូតបែបអន្ទាក់បំណុលរបស់ចិន ក្រោមរូបភាពនៃគម្រោងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសនេះ។ លោកធ្លាប់ផ្ដល់អនុសាសន៍ថា ដើម្បីឱ្យកម្ពុជាគេចផុតពីអន្ទាក់បំណុលរបស់ចិននេះរបបលោក ហ៊ុន សែន ត្រូវបញ្ឈប់ខ្ចីបុលពីចិនក្នុងចំនួនដ៏ច្រើនលើសលុបបែបនេះតទៅទៀត ហើយកម្ពុជាត្រូវពង្រីកភាពចម្រុះនៃប្រភពម្ចាស់បំណុលរបស់ខ្លួន ចៀសជាងពឹងផ្អែកតែទៅលើមហាអំណាចចិនតែឯកឯងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។