រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ១៦ជំពូក និង ១៥៨មាត្រា ដែលជំពូកនីមួយៗបានចែងផ្សេងៗគ្នា ដូចជាអំពីអធិបតេយ្យភាពអំពីរបបនយោបាយសេដ្ឋកិច្ច និងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋជាដើម។ ទន្ទឹមគ្នានេះ ត្រង់មាត្រា៦២ និង៦៣ បានចែងថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត និងជួយរកទីផ្សារលក់ផលិតផលជូនកសិករ។
គិតចាប់តាំងពីឆ្នាំ១៩៩៣ ឬរយៈពេល ២៣ឆ្នាំមកនេះ ដែលកម្ពុជា មានរដ្ឋធម្មនុញ្ញ តើរដ្ឋាភិបាលបានដោះស្រាយទីផ្សារលក់កសិផលកសិកម្មជូនកសិករមានប្រសិទ្ធភាពហើយ ឬនៅ?
ដ្បិតតែរដ្ឋធម្មនុញ្ញនេះ ជាច្បាប់កំពូលរបស់រដ្ឋក្ដី ហើយត្រង់មាត្រា៦២ និង៦៣ បានចែងយ៉ាងច្បាស់ថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត និងជួយរកទីផ្សារលក់ផលិតផលជូនកសិករក្ដី ប៉ុន្តែការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលត្រូវបានអ្នកជំនាញកសិកម្មមើលឃើញថា ចាប់ពីឆ្នាំ១៩៩៣ ឬ ២៣ឆ្នាំមកនេះ រដ្ឋាភិបាលនៅតែបរាជ័យស្វែងរកទីផ្សារលក់កសិផលជូនកសិករកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៩៣ មក អ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្មយល់ថា ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដូចជាទឹក ទុន បច្ចេកទេស ពិសេសបញ្ហាខ្វះទីផ្សារនៅតែបរាជ័យ។ បញ្ហាទាំងនេះបានធ្វើឲ្យកសិករ ពិសេសកសិករខ្នាតតូចជាច្រើនបង្ខំចិត្តបោះបង់ការងារកសិកម្ម រួចនាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
មិនតែប៉ុណ្ណោះ ដោយសារខ្វះអន្តរាគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើឲ្យកសិករខ្លះក្លាយជាកូនបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រោះចំណូលដែលបានមកពីវិស័យកសិកម្មមិនអាចទូទាត់ជាមួយថ្លៃដើមផលិតដែលបានចំណាយទៅលើជី ពូជ និងថ្នាំពុលកសិកម្មជាដើម។ ជាងនេះទៀត បើទោះបីជាកសិផលកសិកម្ម ដូចជា ពោត សណ្ដែក ដំឡូង ស្រូវ កៅស៊ូ ត្រឡាច ល្ពៅ និងទិន្នផលកសិកម្មផ្សេងទៀតជាដើម ផលិតបានផលខ្ពស់បែរជាលក់មិនចេញទៅវិញ ហើយបើលក់ចេញតម្លៃទៀតសោតនៅលើមាត់ឈ្មួញជាអ្នកកំណត់ថែមទៀតរហូតដល់ទិន្នផលកសិកម្មខ្លះត្រូវឈ្មួញបញ្ចុះតម្លៃរហូតមិនដល់ ២០០រៀល ក្នុង១គីឡូក៏មាន។

បន្ថែមពីនេះទៀត កសិករជាច្រើនស្ទើរគ្រប់បណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា បានត្អូញត្អែរ និងដាក់សំណួរតៗគ្នាថា កម្ពុជាជាប្រទេសកសិកម្ម និងចូលជាសមាជិកអាស៊ានហើយ ហេតុអ្វីដាំបានស្រូវ ស្រូវថោក? ហេតុអ្វីដាំបានល្ពៅ ល្ពៅថោក? ហេតុអ្វីដាំដំឡូងបាន តែដំឡូងថោក តើនេះជាកំហុសអ្នកណា?
តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលនៅតែបរាជ័យក្នុងការស្វែងរកទីផ្សារលក់កសិផលជូនកសិករ?សម្រាប់បរិបទកម្ពុជា នៅក្នុងនីតិកាលទី៥ នេះវិញ ត្រូវបានអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានបង្ហាញក្ដីបារម្ភពីលទ្ធភាពទទួលបានទីផ្សារលក់កសិផលនៅតែជាឧបសគ្គបន្តប្រឈមដល់ជីវភាពកសិករ ដែលអាចនឹងបង្កជាក្ដីបារម្ភដល់កង្វះលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ទៀតថា បើទោះជារដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម មានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ពិសេសគោលនយោបាយថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍កសិកម្ម និងរកទីផ្សារជូនកសិករក្តី ប៉ុន្តែនៅតែមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកយល់ថា មូលហេតុដែលដែលធ្វើឲ្យរដ្ឋាភិបាលនៅតែបរាជ័យដោះស្រាយបញ្ហាទីផ្សារលក់កសិផលជូនកសិករ និងបណ្ដាលឲ្យផលិតកម្ម និងកសិផលកសិកម្មនៅតែពិបាកប្រកួតប្រជែងលើទីផ្សារបានមកពីកង្វះគោលនយោបាយលើកទឹកចិត្តកសិករ ខ្វះប្រព័ន្ធធារាសាស្ត្រ ថវិកាជាតិចំណាយមិនចំគោលដៅ និងមិនមានការបែងចែកអំណាចដល់ថ្នាក់មូលដ្ឋានជាដើម៖ «កត្តាទីផ្សារនៅកម្ពុជា តែងប្រឈមរាល់ឆ្នាំ ពិសេសឲ្យតែដល់រដូវប្រមូលផល គឺកសិករតែលក់តម្លៃបានថោក ហើយកម្ពុជា ដឹងតែជំពាក់បំណុលធនាគារ អ៊ីចឹងបានន័យថា យន្តការនៃការអនុវត្តរបស់រដ្ឋគឺអត់ត្រូវមានន័យថា ដាក់ថ្នាំអត់ត្រូវជំងឺដែលកសិករជួបប្រទះនេះគឺជាបញ្ហាធំដែលកសិករកម្ពុជា ជួបប្រទះធំខ្លាំងតែម្ដង»។
ទន្ទឹមគ្នានេះ អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ យល់ឃើញដែរថា បានជារដ្ឋាភិបាលនៅតែបរាជ័យដោះស្រាយបញ្ហាទីផ្សារលក់កសិផលជូនកសិករ បើទោះជាកម្ពុជា មានរដ្ឋធម្មនុញ្ញក្តី មានកត្តាពីរសំខាន់ ១. កត្តាកសិករខ្លួនឯង និង២ កត្តាខាងក្រៅកសិករ។ កត្តាកសិករខ្លួនឯង លោកពន្យល់ថា កសិករជ្រើសរើសពូជផលិតមិនបានត្រឹមត្រូវ កង្វះបច្ចេកទេសផលិត និងមិនអាចផលិតឲ្យទាន់ពេលវេលាតម្រូវការទីផ្សារ។
ចំណែកឯកត្តាទី២ គឺកត្តាក្រៅពីកសិករ សំដៅលើឈ្មួញតែងទម្លាក់តម្លៃនៅរដូវប្រមូលផលលំហូរនៃការនាំចេញ ឬនាំចូលផលិតផលកសិកម្ម បញ្ហាអាកាសធាតុ ខណៈកម្ពុជា គ្មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ និងកង្វះការអន្តរាគមន៍ពីរដ្ឋាភិបាលជាដើម៖ «កសិករជាអ្នកផលិតនៅស្រុកខ្មែរ យើងនេះអត់ទាន់ចេះសហការគ្នាទេ គឺការសហការគ្នារវាងកសិករ និងកសិករនៅមានកម្រិត ហើយចំណែកកត្តាខាងក្រៅកសិករ គឺពាក់ព័ន្ធនឹងកត្តាឈ្មួញ បន្ទាប់តម្លៃកសិករ ពាណិជ្ជករនាំចេញនាំចូល ការលូកដៃនិងការអន្តរាគមន៍របស់រដ្ឋដោយរបៀបណា»។
រដ្ឋធម្មនុញ្ញមាត្រា៦២ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ ទន្ទឹមគ្នានេះ ត្រង់មាត្រា៦៣ រដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
បច្ចុប្បន្ន ដោយសារកង្វះការអន្តរាគមន៍ពីរដ្ឋាភិបាលឲ្យទាន់ពេលវេលា ហើយកសិផលកសិកម្មលក់បានថោកពេក គឺនៅតាមផ្ទះកសិករជាច្រើនបានត្រឹមតែប្រមូលផលពីចម្ការមកគរទុកចោល។ អ្នកខ្លះក៏បោះវាចោលឱ្យរលួយចោលគ្មានស្ដាយស្រណោះ។
ត្រង់ចំណុចកសិករយល់ថា បើទោះបីជាង ២៣ឆ្នាំមកនេះ ក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋមានកាតព្វកិច្ចទទួលខុសត្រូវ យកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យក្តី ផ្ទុយទៅកសិករនៅអះអាងថា ពួកគេនៅតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ហើយជីវភាពពួកគេកាន់តែមានជីវភាពក្រទៅៗ។

មកដល់ត្រង់ចំណុចនេះ ដើម្បីឲ្យវិស័យកសិកម្មវិលទៅរកភាពល្អប្រសើរឡើងវិញ និងកុំឲ្យរដ្ឋាភិបាលនៅតែបរាជ័យដោះស្រាយបញ្ហាទីផ្សារជូនកសិករបន្តទៀត អ្នកជំនាញកសិកម្ម លោកបណ្ឌិត យង់ សាំងកុមារ បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គក្នុងវិស័យកសិកម្មសំខាន់ គឺកង្វះទុន កង្វះទឹក និងកង្វះទីផ្សារ ដែលជាកត្តារាំងស្ទះដល់ដំណើរការផលិតកម្ម។ ជាងនេះទៀត លោកសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញទៅបណ្ដុះបណ្ដាល និងដឹកនាំកសិករឲ្យចេះសហការគ្នា និងចេះផលិតទាន់តម្រូវការទីផ្សារ៖ «ក្រសួងកសិកម្ម ត្រូវអន្តរាគមន៍ឲ្យខ្លាំង គឺត្រូវមានអ្នកជំនាញខាងអភិវឌ្ឍន៍កសិកម្ម ទៅបណ្ដុះបណ្ដាល គាំទ្រកសិករឲ្យចេះផលិតឲ្យទាន់តម្រូវការទីផ្សារ និងឲ្យចេះសហការគ្នា ដើម្បីផ្សារភ្ជាប់ទីផ្សារទៅតាមផលិតផលនីមួយៗ»។
បន្ថែមពីនេះទៀត អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលដែរថា រដ្ឋាភិបាលគួរតែបង្កើនចំនួនថវិកាជាតិផ្ដល់បច្ចេកទេសផលិត និងការវេចខ្ចប់ឲ្យត្រូវស្តង់ដារជូនកសិករ លើកទឹកចិត្តកសិករដែលផលិតផ្ទាល់។ ជាងនេះលោកថា កសិករខ្លួនឯងក៏ត្រូវចេះចងក្រងគ្នាជាសហគមន៍ដើម្បីបានសំឡេងរួមគ្នាលើកឡើងពីបញ្ហារបស់ខ្លួនដាក់ជូនរដ្ឋាភិបាល ហើយរដ្ឋាភិបាលត្រូវតែបង្កើតគោលនយោបាយអភិវឌ្ឍន៍កសិកម្មត្រូវតែមានការចូលរួមពីកសិករ៖ «ខ្ញុំសង្កេតឃើញថា នៅរដ្ឋសភាមិនទាន់មានតំណាងរាស្ត្រដែលចេញពីកសិករទេ អ៊ីចឹងមិនទាន់បានលើកឡើងពីបញ្ហាប្រឈមរបស់កសិករនោះឡើយទេ អ៊ីចឹងយើងគួរតែមានតំណាងកសិករនៅរដ្ឋសភាជជែកពីបញ្ហាប្រឈមរបស់កសិករ អ៊ីចឹងខ្ញុំយល់ថា វិធីនេះអាចឲ្យសំឡេងរបស់កសិករត្រូវវាលើកមកជជែកពិភាក្សា ព្រមទាំងជួយសង្គ្រោះវិស័យកសិកម្មបាន»។
ក្រៅពីរដ្ឋធម្មនុញ្ញ កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចរុះរើគណៈរដ្ឋមន្ត្រីលោកអះអាងថា ការរុះរើនេះ ព្រោះមានរដ្ឋមន្ត្រីមួយចំនួនហាក់ស្ពឹកស្រពន់ ហើយលោកថា វាដល់ពេលហើយដែលកម្ពុជា ធ្វើកំណែទម្រង់ត្រូវ «ងូតទឹក ឆ្លុះកញ្ចក់ និងដុះក្អែល» នោះ។ ការធ្វើកំណែទម្រង់នេះ បន្ទាប់ពីលោកសង្កេតឃើញថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្ពឹកស្រពន់ជាងគេនៅក្នុងការបំពេញការងារ។
ក្រោយកំណែទម្រង់ភ្លាមៗ រដ្ឋមន្ត្រីនៃក្រសួងកសិកម្មថ្មី លោក វេង សាខុន ក៏ធ្លាប់បានថ្លែងថា លោកមានការឈឺចាប់ក្នុងនាមជាកូនខ្មែរមួយរូបនៅពេលឃើញកម្ពុជា នាំចូលផលិតផលបន្លែត្រីសាច់រាប់តោនពីប្រទេសជិតខាងជារៀងរាល់ថ្ងៃ គ្រាដែលកម្ពុជា មានទឹកមានដី និងមានធនធានមនុស្សជាច្រើនអាចបង្កបង្កើនផល ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារបានដោយខ្លួននោះ។
កាលណោះរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ក៏បានប្រកាសប្រឹងប្រែងផ្ដល់នូវបច្ចេកទេសដាំដុះខ្ពស់ដល់ប្រជាកសិករខ្មែរ ព្រមទាំងស្វែងរកប្រភពទុនពីម្ចាស់ជំនួយជួយបង្កើនលទ្ធភាពក្នុងការដាំដុះ។ ចំណែកឯការងារស្វះស្វែងរកទីផ្សារដើម្បីកសិផលរបស់ខ្មែរ លោកនឹងខិតខំដោះស្រាយឲ្យបានប្រសើរឡើង។
ផ្ទុយទៅវិញ ទោះជាកម្ពុជា មានរដ្ឋធម្មនុញ្ញ មានការធ្វើកំណែទម្រង់តាមរយៈការដោះដូរតួនាទីរដ្ឋមន្ត្រី ពិសេសមានការប្ដេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ខិតខំស្វះស្វែងរកទីផ្សារដើម្បីកសិផលរបស់ខ្មែរក្ដី ត្រូវបានអ្នកជំនាញផ្នែកកសិកម្មយល់ថា គ្មានប្រសិទ្ធភាពនោះឡើយ។ ជាងនេះទៀត បញ្ហាខ្វះទីផ្សារលក់កសិផលកសិកម្មក៏បានធ្វើឲ្យប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈឺក្បាលក្នុងការដោះស្រាយបញ្ហានេះរហូតលោកលើកឡើងថា លោកជាអ្នកដែលជួបការលំបាកច្រើនជាងគេក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ហើយថា លោករកតែពេលហូបបាយមិនបានផង ដោយសារតែបញ្ហាតម្លៃស្រូវ និងកសិផលផ្សេងៗទៀតរបស់កសិករ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងរបស់សង្គមស៊ីវិល និងកសិករជុំវិញបញ្ហានេះបាននៅឡើយ នៅថ្ងៃទី១៤ ខែកញ្ញា ដោយសារលោកជាប់ប្រជុំ។ ប៉ុន្តែក្រោយមានរបាយការណ៍ពីកសិផលកសិកម្មដែលកសិករផលិតបានតែគ្មានទីផ្សារលក់ ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមនៃការផលិតស្ទើរតែគ្រប់បណ្ដាខេត្ត ដូចជាកសិករនៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ ជាដើម សុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណីស្រូវ ដំឡូងមី និងល្ពៅ ដែលពួកគេដាំបានមិនមានឈ្មួញទិញ ហើយបញ្ហានេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្តចែកចាយតៗគ្នាមក។
គេឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏បានស្នើប្រធានមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ចាត់វិធានការទប់ស្កាត់ការប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ ដោយការបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្ម។ ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មតាមរាជធានី-ខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក វេង សាខុន បានដាក់ចេញនូវវិធានការចំនួន ៣ចំណុច សម្រាប់ទប់ស្កាត់ការបន្ទាបតម្លៃនេះ។
វិធានការទាំង ៣ចំណុចនោះរួមមាន៖
១. ទប់ស្កាត់ការប្រមូលទិញផ្ដាច់មុខពីសំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចាថ្លៃឲ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្ដែង និងលើកជាវិធានការជូនរដ្ឋរាជធានី ខេត្ត ដើម្បីចូលរួមដោះស្រាយ។
២. ពង្រឹងសមត្ថភាពសហគមន៍ កសិកម្មមូលដ្ឋានលើការប្រមូលទិញកសិផល ពិសេសទិន្នផលស្រូវដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។
៣. ធ្វើការចរចាជាមួយសមាគម ម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។
បើទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញកសិកម្មយល់ថា ការអនុវត្តនឹងបន្តគ្មានប្រសិទ្ធភាព ប្រសិនបើវិធានការទាំងនេះបង្កើតឡើងគ្រាន់តែល្អមើល ឬគ្មានយន្តការច្បាស់លាស់។ ជាងនេះទៀត អ្នកជំនាញកសិកម្មបានផ្តល់អនុសាសន៍ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ថា ដើម្បីជំរុញវិស័យកសិកម្មឲ្យរីកចម្រើន ពិសេសដោះស្រាយបញ្ហាទីផ្សារកសិផលជូនកសិករកម្ពុជា ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គក្នុងវិស័យកសិកម្ម សំខាន់គឺកង្វះទុនកង្វះទឹក និងកង្វះទីផ្សារដែលជាកត្តារាំងស្ទះចម្បងដល់ដំណើរការផលិតកម្មកម្ពុជា។ ជាងនេះទៀត រដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញទៅបណ្ដុះបណ្ដាល និងដឹកនាំកសិករដល់មូលដ្ឋានផ្ទាល់ឲ្យចេះសហការគ្នា និងចេះផលិតទាន់តម្រូវការទីផ្សារ។
អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ព្រមទាំងកសិករ ក៏ស្នើឲ្យអ្នកនយោបាយចរចាគ្នាដើម្បីឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ និងរួមគ្នាគិតគូរពីការអភិវឌ្ឍវិស័យកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។