អ្នកជំនាញចង់ឃើញរដ្ឋាភិបាលកៀរគរវិនិយោគិនល្អៗមកកម្ពុជា ប្រសើរជាងទទួលជនជាតិចិនមួយចំនួនជាប់ទោសឧក្រិដ្ឋ
2022.12.05

ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន កៀរគរអ្នកវិនិយោគិនល្អៗមកបណ្ដាក់ទុននៅកម្ពុជា ប្រសើរជាងទទួលស្វាគមន៍តែចំពោះជនជាតិចិន ហើយពួកគេមួយចំនួនថែមទាំងជាប់ទោសពីបទឧក្រិដ្ឋ និងមានឈ្មោះជាឧក្រិដ្ឋជនថែមទៀតផង។ អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា កម្ពុជាមិនមែនទទួលតែវិនិយោគិនជាជនជាតិចិននោះទេ គឺរដ្ឋាភិបាលតែងបើកទូលាយឱ្យអ្នកវិនិយោគិននៃបណ្ដាប្រទេសនានាដែលចង់ចូលមកបណ្ដាទុនវិនិយោគនៅកម្ពុជា។
អ្នកឃ្លាំមើលបញ្ហាសង្គម និងស្ថានការណ៍នយោបាយកម្ពុជា លើកឡើងថា បើកម្ពុជានៅតែគ្មានការអនុវត្តច្បាប់ត្រឹមត្រូវបណ្ដែតបណ្ដោយឱ្យអ្នកវិនិយោគបរទេសដែលមានឈ្មោះជាឧក្រិដ្ឋជនចូលមករកស៊ីនៅកម្ពុជា នោះក្រុមហ៊ុន ឬអ្នកវិនិយោគិនល្អៗផ្សេងទៀតនឹងមិនហ៊ានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឡើយ។ ពួកគេចង់ឃើញរដ្ឋាភិបាលមានយន្តការច្បាស់លាស់ក្នុងការកៀរគរវិនិយោគិនត្រឹមត្រូវរួមចំណែក លើកស្ទួយសេដ្ឋកិច្ចជាតិពិតប្រាកដ ជាជាងរដ្ឋាភិបាលស្វាគមន៍តែអ្នកជំនួញជនជាតិចិនមួយចំនួនដែលមានប្រវត្តិរឿងរ៉ាវអាស្រូវឱ្យចូលមករកស៊ីនៅកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ធ្នូថា អ្នកវិនិយោគិនល្អៗតាមបណ្ដាប្រទេសជុំវិញពិភពលោកនឹងពិបាកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយសារតែប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាលឯកបក្សពោរពេញដោយអំពើពុករលួយដែលជាហេតុធ្វើឱ្យអ្នកវិនិយោគបរទេសមួយចំនួនគ្មានទំនុកចិត្ត។ លោកសង្កេតឃើញថា អ្នកជំនួញដែលមករកស៊ីនៅកម្ពុជាភាគីច្រើនជាក្រុមហ៊ុនទុច្ចរិត ជាពិសេសអ្នកជំនួញជនជាតិចិនដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ហើយពួកគេពុំសូវគិតគូរអំពីលក្ខខណ្ឌក្នុងការគោរពសិទ្ធិរបស់កម្មករខ្មែរឡើយ។
លោក រ៉ុង ឈុន រិះគន់ទៀតថា ការណ៍ដែលរដ្ឋាភិបាលឯកបក្សមានមោទនភាពចំពោះក្រុមហ៊ុនចិន និងជនជាតិចិនដែលកំពុងមានវត្តមាននៅកម្ពុជាច្រើនលើសលុបថា ជួយជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនោះ គឺខុសពីការពិត ព្រោះលោកថាក្រុមហ៊ុនចិនដែលមករកស៊ីនៅកម្ពុជាភាគច្រើន «បែបហុតទឹកសម្លឹងកាក» តែប៉ុណ្ណោះ៖
«ការនាំចេញទីផ្សារធំៗទាក់ទងសំលៀកបំពាក់ ស្បែង កាបូប នាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដូចជាទៅជប៉ុន។ ប៉ុន្តែ ចិននាំតែផលិតផលកសិកម្មបន្តិចបន្តួចនោះទេ។ បើយើងរូបភាពខាងក្រៅគឺយើងថា ចិនជួយកម្ពុជាសម្បើមណាស់ តាមការពិតចិនមកដឹករ៉ែ ដឹកត្បូង ដឹកថ្មម៉ាបពីកម្ពុជាស្ទើរតែអស់ហើយនៅក្នុងដី ដឹកព្រៃឈើ កាប់ដើមឈើដឹកចេញទៅចិន ដឹកខ្ទេចដឹកខ្ទីអស់ហើយ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា កម្ពុជាមានច្បាប់ត្រឹមត្រូវ និងបើកសិទ្ធិឱ្យអ្នកវិនិយោគគ្រប់ជាតិសាសន៍ដែលមានបំណងចង់មករកស៊ីនៅកម្ពុជា ដោយមិនមែនទទួលតែអ្នកជំនួញជនជាតិចិននោះទេ។ លោក សុខ ឥសាន បន្ថែមទៀតថា ចំពោះអ្នកជំនួញបរទេសណាដែលជាប់ទោសឧក្រិដ្ឋហើយមករកស៊ីនៅកម្ពុជានោះ ប្រសិនបើសមត្ថកិច្ចរកឃើញ និងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសសាម៉ីនោះ កម្ពុជានឹងចាប់បញ្ជូនអ្នកជំនួញទាំងនោះត្រឡប់ទៅប្រទេសពួកគេវិញ៖
«វិនិយោគិនណាដែលប្រព្រឹត្តមិនត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់ហើយមានពាក់ព័ន្ធនៅខាងក្រៅអាហ្នឹងយើងក៏ធ្លាប់មានការដោះស្រាយ ជាមួយរដ្ឋាភិបាលប្រទេសជាមិត្តដែរ ដែលមានទំនាក់ទំនងជាមួយគ្នាដោះស្រាយតាមផ្លូវច្បាប់ចាប់បញ្ជូនយកទៅវិញជាបន្តបន្ទាប់ហើយ។ ច្បាប់សម្រាប់បរទេសទាំងបរទេសណាក៏ចូលមកកម្ពុជាបានដែរ ឱ្យតែគោរពច្បាប់វិនិយោគរបស់កម្ពុជា មិនមែនបើកសម្រាប់តែជនជាតិចិនទេបាទ»។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះទំនងផ្ទុយពីការពិត និងគ្រាន់តែការពារមុខមាត់រដ្ឋាភិបាលតែប៉ុណ្ណោះ។ ផ្ទុយពីការពិត គឺត្រង់ថា រដ្ឋាភិបាលកម្ពុជាខ្វះកិច្ចសហប្រតិបត្តិជាមួយប្រទេសក្នុងតំបន់ក្នុងការចាប់បញ្ជូនខ្លួនអ្នកជំនួញមានឈ្មោះជាអ្នកទោសឧក្រិដ្ឋ និងមានប្រវត្តិអាស្រូវបញ្ជូនទៅប្រទេសពួកគេវិញ។ ជាក់ស្តែង ថ្មីៗនេះសមត្ថកិច្ចនៃប្រទេសថៃបានចាប់ខ្លួនអ្នកជំនួញជនជាតិចិនម្នាក់តាមដីការបស់ប៉ូលិសអាំងទែប៉ូល (Interpol) ពាក់ព័ន្ធរឿងបើកបនល្បែងខុសច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានកម្ពុជាផង។ លើសពីនេះ កម្ពុជាមិនត្រឹមខ្វះកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធរឿងចាប់ខ្លួនអ្នកជំនួញជនជាតិចិនរូបនោះទេ ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន សែន បែរជាផ្តល់សញ្ញាតិខ្មែរឱ្យអ្នកជំនួញចិនរូបនោះ ព្រមទាំងផ្តល់សិទ្ធិឱ្យវិនិយោគបែបទីក្រុងរណប វិស័យបនល្បែង នៅតំបន់ទីក្រុងឡុង បេ (Long Bay) ក្នុងខេត្តកោះកុងថែមទៀតផង។ លោក ហ្ស៊ី ហ្ស៊ីជាំង (She Zhijiang) ជាអ្នកជំនួញចិនម្នាក់ដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ហើយលោកត្រូវបានប៉ូលិសថៃចាប់ខ្លួននៅទីក្រុងបាងកក (BangKok) កាលពីខែសីហា កន្លងទៅ ពាក់ព័ន្ធនឹងការបើករបរអាជីវកម្មខុសច្បាប់លើវិស័យបនល្បែងឆបោកនៅកម្ពុជា និងនៅប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៀត។
ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន តែងតែផ្តល់ភាពទុកចិត្តលើមិត្តដែកថែបរបស់លោកជានិច្ច ដែលធ្វើឱ្យអ្នកជំនួញជនជាតិចិនបន្តមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាជាបន្តបន្ទាប់ រហូតពួកគេមួយចំនួនចូលមកកម្ពុជាដណ្ដើមការងារអាជីវកម្មរបស់ពលរដ្ឋខ្មែរថែមទៀតផង។ បច្ចុប្បន្ន ក្រុមហ៊ុនចិនបានបោះទុនវិនិយោគកម្ពុជាច្រើងជាងគេ។ របាយការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា ឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២១ ទឹកប្រាក់វិនិយោគរបស់ជនជាតិចិននៅកម្ពុជាសរុបមានចំនួន ជាង២៧ ពាន់លានដុល្លារ (២៧.២ពាន់លានដុល្លារអាមេរិក)។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី ពិនិត្យឃើញថា ទម្រង់ការងារនៃប្រទេសចិនកុម្មុយនីស្ត និងបណ្ដាប្រទេសលោកសេរី ដែលផ្ដល់កម្ចីឥណនទានឱ្យកម្ពុជា ឬបញ្ជូនវិនិយោគិនមកអភិវឌ្ឍកម្ពុជានោះ គឺមានភាពខុសគ្នា។ លោកថា ជំនួយបណ្ដាប្រទេសលោកខាងលិចតែងតែគិតគូរអភិបាលកិច្ចល្អ ការលុបបំបាត់អំពើពុករលួយ ដោយមានពហុភាគីចូលរួមចំណែកបញ្ចេញមតិយោបល់តាមបែបប្រជាធិបតេយ្យ។ លោកបន្ដថា រាល់ជំនួយនានា ឬរដ្ឋាភិបាលកម្ពុជាទៅខ្ចីបុលពីប្រទេសចិនវិញ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការចរចាគ្នាទ្វេភាគី ពោលគឺគ្មានការចូលរួមជាមតិយោបល់ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាថា លុយកម្ចី ឬជំនួយពីប្រទេសចិនទាំងនោះ អភិវឌ្ឍប្រទេសជាតិទទួលបានអភិបាលកិច្ចល្អ និងមាននិរន្តរភាពបែបណានោះទេ៖
«បញ្ហាអវិជ្ជមានបច្ចុប្បន្ននេះគឺអំពើពុករលួយ ជនជាតិចិននេះគឺជាមួយអំពើពុករលួយចង់ក្លាយជាប្រពៃណីទៅហើយ។ អ៊ីចឹងហើយ របៀបរបបសូកប៉ាន់ ក្នុងការទទួលបានការងារ ក្នុងការសម្រួលការងារឱ្យលឿនវាជាទម្លាប់របស់អ្នកជំនួញចិន ឬជនជាតិចិន ហើយបូកផ្សំជាមួយកម្ពុជាយើង វាមានភាពទន់ខ្សោយក្នុងការកម្ចាត់អំពើពុករលួយ វាមានចន្លោះប្រហោងច្រើនផង វាធ្វើឱ្យអំពើពុករលួយនេះធ្វើឱ្យក្លាយជាកត្តារាំងស្ទះសំខាន់ណាស់នៃលំហូរនៃការទទួលបានផលលាភផ្នែកខាងអភិវឌ្ឍសេដ្ឋកិច្ចហ្នឹងទៅដល់ដៃពលរដ្ឋ»។
បណ្ឌិត សេង សារី ពន្យល់ថា ត្រង់ចំណុចរដ្ឋាភិបាលនៃប្រទេសចិន និងកម្ពុជាចរចាគ្នាទ្វេភាគីក្នុងការទទួលជំនួយ និងកម្ចី ឬចរចាជាមួយអ្នកវិនិយោគចិនបែបទ្វេភាគីនេះហើយ ដែលជាហេតុធ្វើឱ្យមន្ត្រីជាន់ខ្ពស់គ្រាក់ៗក្នុងរដ្ឋាភិបាលឯកបក្សអាចមានឱកាសបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន។ លើសពីនេះទៀត វាក៏ជាឱកាសសម្រាប់មន្ត្រីទាំងនោះប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលធ្វើឱ្យការវិនិយោគ ឬការអភិវឌ្ឍជាតិគ្មានប្រសិទ្ធិភាព និងគ្មានតម្លាភាព។ បណ្ឌិត សេង សារី លើកឡើងទៀតថា បច្ចុប្បន្នក្រោមស្លាកអភិវឌ្ឍរបស់ក្រុមហ៊ុនចិនមួយចំនួនដែលពាក់ព័ន្ធរឿងបញ្ហារំលោភសិទ្ធិមនុស្ស ការច្បាមយកដីធ្លីពលរដ្ឋ ហើយទោះបីជាអ្នកភូមិមួយចំនួនបន្តទាមទារតវ៉ាជាង ១ទសវត្សរ៍ហើយក៏ដោយក្ដី ក៏រដ្ឋាភិបាលមិនអាចដោះស្រាយឱ្យពួកគាត់ទទួលបានយុត្តិធម៌នៅឡើយទេ។
បណ្ឌិត សេង សារី យល់ថា ហេតុផលទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅតែយល់ឃើញអវិជ្ជមានលើជនជាតិចិន ឬក្រុមហ៊ុនចិនដែលមានវត្តមានលើទឹកដីខ្មែរ ហើយពួកគាត់នៅតែចាត់ទុកថា ជនជាតិចិនមិនបានរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋកម្ពុជា ដូចដែលរដ្ឋាភិបាល និងស្ថានទូតចិនតែងតែប្រកាសក្តែងៗនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។