កសិករអំពាវនាវសុំទុន និងបច្ចេកទេសដាំដំណាំពីរដ្ឋាភិបាល ដើម្បីពួកគាត់មានលទ្ធភាពដាំបន្លែឱ្យមានគុណភាពល្អ ដើម្បីបង្កើនជីវភាពគ្រួសារ និងរួមចំណែកកាត់បន្ថយការនាំបន្លែពីក្រៅចូលពីផ្សារក្នុងស្រុក។ ការអំពាវនាវរបស់កសិករបែបនេះ ស្របពេលដែលស្ថានភាពគ្រួសារពួកគាត់កំពុងជួបទុក្ខលំបាក ក្នុងដំណាក់កាលរងវិបត្តិកូវីដ ១៩ និងក្នុងពេលដែលកម្ពុជាត្រូវចំណាយប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំៗ សម្រាប់ការនាំចូលបន្លែពីក្រៅប្រទេស។
តំណាងសហគមន៍សាមគ្គី ស្រុករមាសហែក ខេត្តស្វាយរៀង លោកស្រី ខៀវ សារុន ថ្លែងថា កសិករភាគច្រើននៅក្នុងភូមិលោកស្រីធ្វើតែស្រែទេ ចំណែកការដាំដំណាំមានតិចតួចប៉ុណ្ណោះ ហើយការដាំដុះនោះទៀតសោត គឺពួកគាត់ដាំ តាមទម្លាប់ និងតាមបែបធម្មជាតិ។
លោកស្រីស្នើឱ្យមន្ត្រីជំនាញកសិកម្មចុះណែនាំ អំពីរបៀបដាំដំណាំ និងផ្ដល់ទុនជួយដល់កសិករក្នុងការបង្កបង្កើនផល ឱ្យបានល្អជាងមុន៖ «ពួកខ្ញុំដាំបន្លែរហូត ទាំងប្រាំងទាំងវស្សាហ្នឹង លក់បានដែរ គ្រាន់តែ ថា លក់វា មិនបាន ច្រើន ដោយផ្សារតម្លៃទីផ្សារហ្នឹងយើងអត់អាចកំណត់តម្លៃបានទេ ។ហើយម្យ៉ាងវិញទៀត ដោយសារវាមានបន្លែនាំចូល មកពី ក្រៅ គេលក់តម្លៃថោក ហើយបើប្រសិនជា ប្រជាពលរដ្ឋ ដាំបានច្រើនដូចគ្នា ហើយលក់ក្នុងតម្លៃថោក គឺវាអត់ចំណេញទេ ដល់អីចឹងទៅ គាត់ធ្វើត្រឹមល្មមហូបក្នុងគ្រួសារ និងលក់ឱ្យអ្នកភូមិតិចតួចទេ»។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោកស្រី អឿង សារី ឱ្យដឹងថា មន្ត្រីជំនាញមិនដែលចុះទៅ ណែនាំបច្ចេកទេសថ្មីៗដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកស្រីនោះទេ។ លោកស្រីថា បើរដ្ឋាភិបាល អាចផ្ដល់ទុន និងផ្ដល់បច្ចេកទេសដាំដុះបន្ថែមទៀត នោះ សហគមន៍លោកស្រីនឹងមានលទ្ធភាពដាំដំណាំ ឱ្យកាន់តែមានគុណភាពល្អ តាមតម្រូវការទីផ្សារក្នុងស្រុក៖ «សម្រាប់ ខ្ញុំមើលឃើញ ឃើញតែស្រែក មកពី លើ ប៉ុន្តែជាក់ស្ដែង មកដល់ពេលនេះ គឺខ្ញុំអត់ទាន់ឃើញ មានគម្រោងណាដាក់ឱ្យលុយ ហើយបង្រៀន អី អត់មានចំណាត់ការហ្នឹង មកដល់ ថ្នាក់មូលដ្ឋានទេ ។ តែនេះសម្រាប់សហគមន៍ខ្ញុំទេ ក្រែងលោកន្លែងផ្សេងគេដាក់ឱ្យអី ខ្ញុំក៏អត់ដឹងគ្រប់ជ្រុងជ្រោយដែរ ខ្ញុំក៏មិនហ៊ានថាមេចដែរ ប៉ុន្តែមកខាងខ្ញុំ គឺអត់ឃើញមានអីទេ បើ ប្រជាពលរដ្ឋ មិនមាន គំនិតដាំ ឬធ្វើខ្លួនឯងគឺអត់ទេ ដូចជាខ្ញុំអីចឹង»។
ការត្អូញត្អែរបស់កសិករនេះ គឺដោយសារបច្ចុប្បន្ន កម្ពុជានាំចូលបន្លែជាច្រើនមុខពីប្រទេសវៀតណាម ដូចជា ពោតបារាំង ក្រូចឆ្មារ ប៉េងប៉ោះ ស្ពែបូកគោ ត្រប់វែង ល្ពៅ និងផ្កាខាត់ណា ជាដើម។ បន្លែទាំងនេះ សុទ្ធសឹងតែអាចដាំដុះបាននៅក្នុងស្រុក ហើយពីមុនមក កសិករខ្មែរជាច្រើនគ្រួសារធ្លាប់ដាំដុះជាទូទៅ។
អាស៊ីសេរីនៅមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបកស្រាយរឿងនេះបាននៅឡើយ នៅថ្ងៃទី៣០ កក្កដា ដោយលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកនៅពេលថ្មីៗនេះ ថា ក្រសួងកំពុងពង្រឹងនិងជំរុញឱ្យប្រជាពលរដ្ឋដាំដុះ និងចិញ្ចឹមសត្វដើម្បីកាត់បន្ថយការនាំចូលបន្លែ និងសាច់ពីក្រៅប្រទេស។
ប្រធានសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន លើកឡើងថាការអនុវត្តរបស់រដ្ឋាភិបាល ក្នុងការពង្រីកវិស័យកសិកម្មនេះ មិនសូវមានប្រសិទ្ធភាពនៅឡើយទេ។ លោកថា ដើម្បី អនុវត្តការងារនេះឱ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវតែផ្ដល់ ជំនួយបច្ចេកទេស ដើមទុននិងការចុះណែនាំផ្ទាល់ដល់កសិករ។ ទន្ទឹមនឹងនេះ លោកថា រដ្ឋាភិបាលត្រូវពង្រីកប្រព័ន្ធទឹកស្រោចស្រពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស៖ «រដ្ឋាភិបាលត្រូវតែស្នើថវិកា ដាក់បញ្ចូល ទៅលើគម្រោងវិស័យកសិកម្មជាអាទិភាពហ្នឹង ក្នុង ខ្ទង់ចំណាយ ថវិកាជាតិ ហើយយកថវិកាហ្នឹងផ្ដល់ជាទុនកម្ចីដល់ ប្រជាពលរដ្ឋ ដោយមាន អត្រាការប្រាក់ទាបសមរម្យ ហើយមានលក្ខខណ្ឌងាយស្រួលដែលអាចខ្ចីបាន ។ ទី២ឱ្យមន្ត្រី កំរិត ភូមិ ឃុំ ស្រុក មន្ទីរផ្សេងៗ មិនមែនតែមន្ទីរកសិកម្មទេ មន្ទីរផ្សេងៗហ្នឹងដែលជាមន្ត្រីសាធារណៈរបស់រដ្ឋហ្នឹង ដឹកនាំប្រជាពលរដ្ឋធ្វើ ការដាំដុះ ហ្នឹង»។
របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០១៩ កន្លងទៅ កម្ពុជាដាំបន្លែបានជាង ១លានតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំបន្លែចូលពីក្រៅប្រទេសចន្លោះពី២០០(ពីររយ) តោនទៅ៤០០(បួនរយ) តោនក្នុងមួយថ្ងៃ។ តាមរយៈការនាំចូលបន្លែពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនេះ កម្ពុជាត្រូវចំណាយថវិកាប្រមាណ២០០ (ពីររយ) លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដែលបន្លែទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។