កសិករនៅខេត្តបាត់ដំបងអំពាវនាវដល់អាជ្ញាធររបបក្រុងភ្នំពេញឱ្យជួយរកទីផ្សារលក់ស្រូវមានតម្លៃសមរម្យ ដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់អះអាងថា សព្វថ្ងៃតម្លៃស្រូវចុះថោកខ្លាំង ធ្វើឱ្យការលក់ស្រូវមិនគ្រប់សងធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះឡើយ។កសិករជាច្រើនគ្រួសារនៅខេត្តបាត់ដំបងកំពុងខ្វាយខ្វល់ខ្លាចគ្មានអង្ករច្រកឆ្នាំ នៅពេលខាងមុខ ដោយសារតម្លៃស្រូវចុះថោក លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។
កសិករនៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ លោក ប្រុក ខែមធារី ឱ្យដឹងនៅថ្ងៃទី៤ ធ្នូ ថា តម្លៃស្រូវចុះថោកជាបន្តបន្ទាប់ ដោយមិនមានអាជ្ញាធរណាអើពើជួយដល់ពួកគាត់ទេ។ លោកបន្តថា ឆ្នាំនេះលោកធ្វើស្រែនៅលើផ្ទៃដី ១០ហិកតារ ដោយចំណាយអស់ដើមទុនប្រមាណ ៥០០ដុល្លារអាមេរិកក្នុងមួយហិកតារ ហើយប្រាក់ទាំងនោះ លោកខ្ចីពីធនាគារ ដោយរំពឹងថា នឹងសងគេវិញ នៅពេលប្រមូលផលស្រូវ។ កសិកររូបនេះបញ្ជាក់ថា លោកចាប់ផ្ដើមប្រមូលផលស្រូវហើយ បែរជាតម្លៃចុះថោក ដោយស្រូវស្រង៉ែឈ្មួញប្រមូលទិញ ៥បាតកន្លះ ឬស្នើប្រមាណ ៦៥០រៀលក្នុងមួយគីឡូក្រាម៖ «អាមានអ្នកទិញហើយ ស្រូវល្អហើយ នៅវាថាមិនល្អ គឺគេបង្អាប់តម្លៃកសិករណាស់។ ដល់ឆ្នាំទៅមិញស្រូវបានបានថ្លៃហើយទំនិញក៏ថោកជាងឆ្នាំនេះ ដល់តែឆ្នាំនេះថ្លៃសព្វគ្រប់ ពេលបានផលស្រូវថោក។ ប្រជាជនសព្វថ្ងៃនិយាយ ឆ្នាំនេះស្រូវថោកជាងកន្ទក់ អីចឹងសុំឱ្យរដ្ឋាភិបាលជួយមើលកសិករផង កុំឱ្យតែអាងខ្លួនឯងមានមិនមើលកសិករក្រីក្រ។ គេអ្នកដឹកនាំមានអ្នកណាក្រគេជិះឡានគ្រប់គ្នា អ្នកស្រែស៊ីប្រហុកស៊ីអំបិល»។
លោកបន្តថា តម្លៃស្រូវអាចនឹងចុះថោកទៀត ព្រោះកសិករទើបតែចាប់ផ្ដើមប្រមូលផលស្រូវធ្លាក់ថ្លៃរួចទៅហើយ ស្របពេលដែលឈ្មួញចាប់ផ្ដើមទិញស្រូវរើសយកគុណភាពល្អ ចំណែកស្រូវដែលមិនសូវល្អនឹងទម្លាក់ថ្លៃថែមទៀត។
កសិករនៅស្រុកបាណន់ម្នាក់ លោក ហេវ ហេង ថ្លែងថា តម្លៃស្រូវចុះថោកដូចសព្វថ្ងៃនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសារ ធ្វើឱ្យមិនមានដោះស្រាយជីវភាពឡើយ។ លោកថា សព្វថ្ងៃលោកធ្វើស្រូវ ២ហិកតារ ចំណាយអស់ដើមទុនប្រមាណ ១ពាន់ដុល្លារអាមេរិក ប្រាក់នោះខ្លះលោកខ្ចីពីធនាគារ និងជាប្រាក់នៅក្នុងគ្រួសារខ្លះ។ លោកបន្តថា ស្រូវឆ្នាំនេះ ហុចផលចន្លោះពី ៣ទៅ ៤តោនក្នុងមួយហិកតារ៖ «កាលពីប្រាំងធ្វើស្រែម្ដងមិនបានច្រូតទេស្រូវងាប់អស់ ហើយមកលើនេះបើលក់ស្រូវប្រហែលជាមិនរួចខ្លួនទេ ហើយវាមិនបានសល់អីទេអ្នកស្រែ។ វាតាំងពីដល់រដូវប្រមូលផលមក មុនដំបូងតម្លៃ ៦២០ និង៦៣០ក្នុងគីឡូក្រាម ដល់ពេលឥឡូវស្រូវចេះតែចុះថោក ហើយកសិករត្អូញត្អែរគ្រប់គ្នា អ្នកស្រីសុទ្ធតែអ្នកជំពាក់គេ»។
ទាក់ទងនឹងបញ្ហានេះអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងលោក អ៊ឹម សុវណ្ណមុនី ប្រាប់អាស៊ីសេរីថា តម្លៃស្រូវចុះថោកជាងឆ្នាំមុនបន្តិច ដោយសារកសិករចាប់ផ្ដើមប្រមូលផលស្រូវព្រមៗគ្នា នៅគ្រប់ទីកន្លែង ស្របពេល ដែលឈ្មួញមិនទាន់ចុះទិញស្រូវឱ្យបានច្រើនគ្នានៅឡើយ។ លោកបន្តថា កសិករដែលធ្វើស្រូវសែនក្រអូបអាចស្តុកទុកមួយរយៈនឹងលក់បានថ្លៃឡើងវិញ ព្រោះស្រូវប្រភេទនេះមានកសិករដាំដុះតិច៖ «តាមពិតវាមានគម្រោងរបស់រដ្ឋាភិបាលដែរ ទាក់ទងនឹងការជួយជំរុញទៅលើការងារផលិតហើយភ្ជាប់នឹងទីផ្សារ។ ប៉ុន្តែនៅក្នុងនេះខ្ញុំគិតថា ប្រហែលដោយសារការដែលគាត់ដាំទៅប្រមូលផលវាជាន់គ្នា ដែលធ្វើឱ្យតម្លៃវារាងធ្លាក់បន្តិច»។
កសិករឱ្យដឹងថា ស្រូវផ្កាម្លិះឈ្មួញប្រមូលទិញ ៨បាត ឬប្រមាណ ១ពាន់រៀលក្នុងមួយគីឡូក្រាម ដែលថោកជាងពីឆ្នាំមុនតម្លៃប្រហែល ១ពាន់ ៥០០រៀលក្នុងមួយគីឡូក្រាមឯណោះ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សារឿន មានប្រសាសន៍ថា នៅពេលដល់រដូវប្រមូលដំណាំម្ដងៗ ប្រជាកសិករតែងជួបបញ្ហាតម្លៃចុះថោកជារៀងរាល់ឆ្នាំ។ លោក បញ្ជាក់ថា បញ្ហានេះកើតឡើង ដោយសារអាជ្ញាធរពាក់ព័ន្ធមិនអើពើជួយរកទីផ្សារលក់ស្រូវដែលមានតម្លៃសមរម្យជូនកសិករ។ លោកបន្ថែមថា បញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនឆាប់ជួយដល់កសិករទេ នឹងធ្វើឱ្យពួកគាត់បោះបង់ការធ្វើស្រែ ហើយនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន ដើម្បីរកប្រាក់សងធនាគារ៖ «ដោយសារតែខាតបង់ហើយលក់ស្រូវចុះថោកធ្វើកសិករគ្មានលុយគ្រប់គ្រាន់សម្រាប់សងត្រឡប់ និងបង់ការប្រាក់ទៅធនាគារ ដែលពួកគាត់បានខ្ចីនោះទេ។ អីចឹងជាហេតុធ្វើឱ្យកសិករ ជាប់បំណុលវ័ណ្ឌកកាន់តែខ្លាំងឡើង ហើយការប្រាក់នៅធនាគារក៏កាន់តែកើនឡើង»។
រដ្ឋធម្មនុញ្ញ មាត្រា៦២ ចែងថា រដ្ឋយកចិត្តដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល។
កសិករនៅខេត្តបាត់ដំបង ថ្លែងថា ពួកគាត់មិនមានលទ្ធភាពស្តុកស្រូវទុកលក់នៅពេលខាងមុខនោះទេ ដោយសារត្រូវការលក់ស្រូវយកប្រាក់សងធនាគារផង និងយកប្រាក់ដោះស្រាយជីវភាពគ្រួសារ ផង ពីព្រោះកសិករភាគច្រើនពឹងផ្អែកទៅលើរបរធ្វើស្រែរកប្រាក់ចំណូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
