កសិករ​តាម​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ថា ​ខ្វះ​ទឹក​ធ្វើស្រែ​ចម្ការ

ដោយ យន់ សាមៀន
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ  ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ស្រោចស្រព។ រូប​ថត កាល​ពី​ថ្ងៃទី២០ កក្កដា ២០១៩។
ទិដ្ឋភាព​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ស្រោចស្រព។ រូប​ថត កាល​ពី​ថ្ងៃទី២០ កក្កដា ២០១៩។
photo provided

កសិករ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ថា ពួកគេ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​ចម្ការ​ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ផលដំណាំ​របស់​ពួក​ប្រឈម​ការខូចខាត​។ អ្នក​ជំនាញ​ខាង​កសិកម្ម​លើកឡើង​ថា បញ្ហា​នេះ​តែង​កើតឡើង​ស្ទើរ​រៀងរាល់​ឆ្នាំ ប៉ុន្តែ​រដ្ឋាភិបាល ឬ​ក្រសួង​ជំនាញ​នៅ​មិនទាន់​អាច​ដោះស្រាយ​ជូន​កសិករ​ឱ្យ​បាន​សមស្រប​នៅឡើយ​ទេ។

កសិករ​ត្អូញត្អែរ​ថា ឆ្នាំនេះ​ពួកគាត់​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ផលដំណាំ​ជាថ្មី ធ្វើ​ឱ្យ​ពួកគាត់​បាត់​ប្រាក់​ចំណូល​ក្នុង​ការ​ទ្រទ្រង់ ជីវភាព​គ្រួសារ​ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ជំពាក់​លុយ​ធនាគារ។

កសិករ​ម្នាក់​នៅ​ស្រុក​ស្វាយជ្រំ ក្នុង​ខេត្ត​ស្វាយរៀង លោកស្រី យស សុភណ្ឌ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែ​ធ្នូ​ថា ពេល​នេះ​ដំណាំ​ស្រូវ​របស់​លោក​ស្រី កំពុង​ស្កក​ខូច​ជា​បណ្តើរៗ​​ ហើយ ដោយ​សារ​​គ្មាន​​ទឹក​​ស្រោចស្រព។ ពលរដ្ឋ​រូប​នេះ​ត្អូញត្អែរ​ថា នៅ​តំបន់​លោកស្រី​រស់នៅ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ជា​ស្ទឹង បឹង ប្រឡាយ​នោះ​ទេ គឺ​ជីក​អណ្ដូង​ដើម្បី​បាន​ទឹក​ប្រើប្រាស់​និង​ធ្វើស្រែ៖ «តំបន់​​ខ្ញុំ​​គឺ ​គ្មាន​ទឹកតែ​ម្ដង​លោកគ្រូ​មានតែ​ទឹក​អណ្ដូង ទឹក​អណ្ដូង​បូម​ពី​ដី ក៏​វា​ពិបាក​ដែរ​ឥឡូវ ព្រោះ​បូម​អត់​សូវ​ឡើង»

កសិករ​រូប​នេះ​លើកឡើង​ទៀត​ថា លោកស្រី​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​មក​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ទេ។ ជាងនេះ​ទៅ​ទៀត​លោកស្រី​ថា ប្រសិនបើ​ពលរដ្ឋ​ណា​ហ៊ាន​បង្ហោះ​បញ្ហា​ខ្វះ​ទឹក​នេះ​តាម​បណ្ដាញ​សង្គម​គឺ​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ជាស​កម្ម​គណបក្សប្រឆាំង​ថែម​ទៀត​ផង៖ «យើង​និយាយ​រឿង​ខ្វះ​ទឹក​ខ្វះ​អីចឹង​ទៅ​យើង​ស្នើ​ទៅ​អាជ្ញាធរ​គេ​ចោទ​យើង​ជា​បក្ស​ប្រឆាំង​ថា​យើង​ដើរ​បំផុស​បំផុល​អីចឹង​ទៀត​នាំ​មានរឿង​ទៀត​មិនដែល​មាន​នរណា​មក​ជួយ»

ពលរដ្ឋ​ម្នាក់ទៀត​នៅ​ខេត្ត​កំពង់ចាម លោក ឈុន ធា ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ករណី​ខ្វះ​ទឹក​ធ្វើស្រែ​នេះ។ លោក​ថា ប្រសិន​បើ​បញ្ហា​ខ្វះ​ទឹក​នេះ​នៅតែ​បន្ត​អូស​បន្លាយ​តទៅទៀត​នឹង​ធ្វើ​ឱ្យ​ផលដំណាំ​របស់​លោក​ជួប​បញ្ហា៖ «ស្រុក​ខ្មែរ​យើង​ពឹង​ពាក់​លើ​ផ្នែក​កសិកម្ម​ស្ទើរតែ​ទាំង​អស់ហើយ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​រឿង​ហ្នឹង​ឱ្យ​ម៉ត់​ចត​បន្តិច»

ជុំវិញ​ការ​ត្អូញត្អែរ និង​ការ​លើកឡើង​របស់​ពល​រដ្ឋ​បែបនេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក ក្រសួងកសិកម្ម និង​​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​បាន​ទេ នៅ​​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​បាន​ជូនដំណឹង​ពី​បញ្ហា​រាំងស្ងួត​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ ហើយ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ទឹក​ប្រើប្រាស់។

បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជាអតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក (CEDAC) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

អ្នក​ជំនាញ​វិស័យ​កសិកម្ម លោក​បណ្ឌិត យ៉ង់ សាំងកុមារ លើកឡើង​ថា បញ្ហា​ខ្វះ​ទឹក​នេះ​ជា​រឿង​ដដែលៗ។ លោក​បណ្ឌិត​យល់​ថា ដើម្បី​កែ​បញ្ហា​នេះ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​គួរ​ទម្លាក់​ថវិកា​មក​ថ្នាក់ក្រោម​ដើម្បី​អាច​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ប្រើ​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច​នៅ​តាម​មូលដ្ឋាន៖ «ស្រុក​ខ្មែរ​យើង​សំបូរ​អូរ សំបូរ​ស្ទឹង សំបូរ​បឹង យើង​ស្តារ​វា​វិញ​ទាំងអស់​ទៅ​មាន​ទំនប់​តូចៗ​មាន​អាង​ទឹក​តូចៗ​ឱ្យ​បាន​ច្រើន​ទៅ​កុំ​ចាំតែ​ធ្វើ​អា​ធំៗ​រាប់​លានៗ​(​ដុល្លារ)»

កសិករ​ចង់​ឃើញ​រដ្ឋាភិបាល​ទម្លាក់​ថវិកា​ជួយ​ដល់​ពលរដ្ឋ​ដែល​ជួប​ការខូចខាត​ផលដំណាំ​ព្រោះ​បញ្ហា​ខ្វះ​ទឹក​នេះ ដូចដែល​រដ្ឋ​បាន​អន្តរាគមន៍​ករណី​ស្រូវ​ចុះថោក​ដែរ​។ ពួកគេ​ព្រួយបារម្ភ​ថា បើ​បញ្ហា​របស់​ពួកគេ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​គិតគូរ​ទេ នឹង​ធ្វើ​ឱ្យ​ពួកគេ​ចំណាក​ស្រុក​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល