ប្រជាកសិករប្រមាណ ១ពាន់នាក់ យកគោយន្ត និងចាក់ស្រូវបិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ និងរកទីផ្សារលក់ផលិតផលកសិផលរបស់ពួកគាត់។ ការបិទផ្លូវនៅម៉ោងជាង ១០ព្រឹកថ្ងៃទី១៨ កញ្ញា នេះ កើតឡើងបន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះថោក និងគ្មានទីផ្សារ ស្របពេលដែលកសិករចាប់ផ្ដើមប្រមូលផលកសិផលរបស់ពួកគេ។
ការតវ៉ាបិទផ្លូវនេះ បណ្ដាលឲ្យកកស្ទះចរាចរណ៍ប្រមាណ ១០គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ៥ ដោយរថយន្តជាច្រើនគ្រឿងត្រូវឈប់មិនអាចបន្តដំណើរទៅមុខបាន ប៉ុន្តែពួកគាត់បានយល់ព្រមបើកផ្លូវឲ្យរថយន្តធ្វើដំណើរឡើងវិញហើយនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ បន្ទាប់ពីអភិបាលខេត្តបាត់ដំបង បានចុះទៅជួបដោះស្រាយជាមួយពួកគាត់។
ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ចេញថវិកាប្រមាណជិត ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ ប្រជាកសិករនេះ កាលពីថ្ងៃទី១៦ កញ្ញា នៅលើគណនីហ្វេសប៊ុក (facebook) របស់លោក។
ដោយសារបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានសុំការអភ័យទោសប្រជាពលរដ្ឋ ពិសេសកសិករ នៅពេលដែលក្រសួងរបស់លោកមិនអាចជួយដោះស្រាយកង្វល់ពួកគេពាក់ព័ន្ធនឹងបញ្ហាក្រុមឈ្មួញបន្ទាបតម្លៃកសិផល ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។