កសិករ​នៅ​ស្រុក​គូលែន​ជួប​វិបត្តិ​ដោយសារ​តែ​ផ្លែ​ល្ពៅ​គ្មាន​ទីផ្សារ

ដោយ ហង្ស សាវយុត
2016.09.13
ល្ពៅ​ចុះ​ថោក គូលែន ៨៥៥ កសិករ​នៅ​ភូមិ​ស្រយង់ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បង្ខំ​ចិត្ត​ពុះ​ផ្លែ​ល្ពៅ​កាយ​យក​គ្រាប់​លីង​ហូប ដោយសារ​តែ​ផ្លែ​ល្ពៅ​លក់​បាន​តម្លៃ​ថោក​ពេក កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៦។
RFA/Hang Savyouth

បច្ចុប្បន្ន​កសិករ​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កំពុង​តែ​អស់​សង្ឃឹម​ដោយសារ​តែ​ផ្លែ​ល្ពៅ​ដែល​ពួកគាត់​ដាំ​បាន ត្រូវ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថោក​បំផុត ដូចជា ១​គីឡូក្រាម ថ្លៃ ១៥០ ទៅ ២០០​រៀល​ជាដើម។

ជា​ញឹកញាប់​រដ្ឋាភិបាល​កម្ពុជា តែង​ប្រកាស​ថា វិស័យ​កសិកម្ម​គឺ​ជា​ផ្នែក​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ផលិតផល​កសិកម្ម ជួប​បញ្ហា​ចុះថ្លៃ​ខ្លាំង​នោះ គឺ​គេ​មិន​សូវ​ឮ​រដ្ឋាភិបាល​មាន​គោលនយោបាយ​បន្ទាន់​ណា​មួយ​ដើម្បី​ជួយ​លើក​កម្ពស់​ទីផ្សារ​កសិផល​ទាំង​នោះ​ទេ។

កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន បាន​អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ជូន​ពួកគេ​ឱ្យ​បាន​សមរម្យ​នៅ​រដូវ​ប្រមូល​ផល​ចម្ការ​នា​ចុង​ឆ្នាំ​នេះ។ ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កសិករ​បង្ហាញ​ក្តី​អស់​សង្ឃឹម ដោយសារ​តែ​ដំណាំ​ល្ពៅ​របស់​ពួកគេ​រាប់​រយ​តោន​កំពុង​ទុក​ចោល​ឱ្យ​រលួយ​ខូច​ពាសពេញ​ដី ពីព្រោះ​តែ​លក់​មិន​បាន​ថ្លៃ គឺ​ឈ្មួញ​ហ៊ាន​ដើរ​ទិញ​១​គីឡូក្រាម តម្លៃ​ពី ១៥០ ទៅ ២០០​រៀល​នោះ។

នៅ​តាម​ភូមិ​ជា​ច្រើន​នៃ​ឃុំ​ស្រយង់ ដូចជា​តាម​ចិញ្ចឹម​ផ្លូវ​ជាតិ ឬ​ក៏​មុខ​ផ្ទះ គឺ​មាន​ផ្លែ​ល្ពៅ និង​ត្រឡាច​ដែល​គេ​បោះចោល​ឱ្យ​រលួយ​ពាសពេញ​ដី​គ្មាន​អ្នក​ត្រូវ​ការ​ទេ។

បុរស​អ្នក​ភូមិ​ស្រយង់​ខាងត្បូង ម្នាក់ ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ទៀត ដែល​យក​ផ្លែ​ល្ពៅ​មក​ដាក់​គរ​នៅ​មុខ​ផ្ទះ​គឺ​លោក ឡុង សុង។ លោក​មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ថា រូប​គាត់​ជា​កសិករ​ទី​ពឹង​តែ​លើ​មុខ​របរ​ធ្វើ​ចម្ការ ហាក់​ដូចជា​គ្មាន​ក្ដី​សង្ឃឹម​អ្វី​ទៀត​ទេ​នៅ​ពេល​ដែល​គាត់​ខំ​ចំណាយ​ទុន​អស់​ជាច្រើន​លាន​រៀល​ដើម្បី​ដាំ​ល្ពៅ ក៏ប៉ុន្តែ​នៅ​រដូវ​ចុង​ដៃ បែរ​ជា​ផ្លែ​ល្ពៅ​លក់​មិន​បាន​ថ្លៃ​ដូច្នេះ៖ «ថ្ងៃ​ខាង​មុខ បើ​កសិករ​ធ្វើ​នៅ​តែ​អ៊ីចឹង​គឺ​កាន់​តែ​ជីវភាព​ដុនដាប។ មិន​ដឹង​សង្ឃឹម​អី​បើ​ដាំ​បាន​ផល​មក​យក​ទៅ​លក់​អត់​មាន​ទីផ្សារ»

កសិករ​ជា​ច្រើន​ទៀត​រអ៊ូរទាំ​ប្រហាក់​ប្រហែល​គ្នា​ថា កាល​ពី​អំឡុង​ខែ​ឧសភា និង​មិថុនា កន្លង​ទៅ ដំណាំ​ល្ពៅ​មាន​ទីផ្សារ​សមរម្យ ដោយ ១​គីឡូក្រាម អាច​លក់​បាន​ថ្លៃ​ពី ២.៥០០ ទៅ ៣.០០០​រៀល ក៏ប៉ុន្តែ​រហូត​មក​ចុង​រដូវ​ដំណាំ​ល្ពៅ​បាន​ទទួល​ផល​ច្រើន បែរជា​ក្រុម​ឈ្មួញ​បញ្ចុះ​តម្លៃ​រហូតដល់​១​គីឡូក្រាម​ថ្លៃ ១៥០ ទៅ​ ២០០​រៀល​តែម្ដង។

បច្ចុប្បន្ន ដោយសារ​តែ​ផ្លែ​ល្ពៅ​លក់​បាន​ថោក​ពេក គឺ​នៅ​តាម​ផ្ទះ​ជាច្រើន​បាន​ត្រឹមតែ​បេះ​ផ្លែ​ពី​ចម្ការ​មក​គរ​ទុកចោល។ អ្នកខ្លះ​បាន​បោះ​វា​ឱ្យ​រលួយ​ចោល​គ្មាន​ស្ដាយ​ស្រណោះ ឯ​អ្នក​ខ្លះ​ទៀត​ក៏បាន​ត្រឹមតែ​ពុះ​កាយ​យក​គ្រាប់ ចំណែក​សាច់​គឺ​គ្រវាត់​ចោល។

ស្ត្រី​ឈ្មោះ ឡាយ ចាន់ថន ដែល​កំពុង​ពុះ​ផ្លែ​ល្ពៅ ហើយ​អង្គុយ​កាយ​យក​គ្រាប់​នៅ​កណ្ដាល​ថ្ងៃ​ក្នុង​ភូមិ​ស្រយង់​ខាងជើង មាន​ប្រសាសន៍​ថា គាត់​បាន​ដាំ​ល្ពៅ​នៅ​លើ​ផ្ទៃដី​ចម្ការ​ទំហំ ៤​ហិកតារ ដោយ​ចំណាយ​ដើម​ទុន​អស់​ប្រមាណ​ជាង ២​លាន​រៀល ក៏ប៉ុន្តែ​ដោយសារ​ល្ពៅ​លក់​បាន​ថោក​ពេក គឺ​គាត់​បាន​ទុក​ផ្លែ​ល្ពៅ​ឱ្យ​រលួយ​ចោល​អស់​ប្រហែល​ជាង ១០​តោន រួច​ហើយ​ព្យួរ​ដី​លុប៖ «សល់​ប្រហែល​ជា​ជាង ១០​តោន​នៅ​ក្នុង​ដី សាច់​ល្ពៅ​យក​ទៅ​បោះ​ក្នុង​ចម្ការ​វិញ អត់​មាន​យក​វា​ទៅ​ធ្វើ​អ្វី​កើត​ទេ»

កសិករ​នៅ​ភូមិ​ស្រយង់ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រមូល​ផ្លែ​ល្ពៅ​មក​គរ​ទុក​ចោល​ក្នុង​ផ្ទះ​ដោយសារ​តែ​មិន​មាន​ទីផ្សារ​លក់ កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៦។
កសិករ​នៅ​ភូមិ​ស្រយង់ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រមូល​ផ្លែ​ល្ពៅ​មក​គរ​ទុក​ចោល​ក្នុង​ផ្ទះ​ដោយសារ​តែ​មិន​មាន​ទីផ្សារ​លក់ កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៦។
RFA/Hang Savyouth

កសិករ​ម្នាក់​ទៀត​ដែល​កំពុងតែ​ប្រមូល​ផ្លែ​ល្ពៅ​ពី​ចម្ការ​មក​ដាក់​ទុក លោក ក្រឹម សួរ មាន​ប្រសាសន៍​ថា លោក​បាន​ចំណាយ​ទុន​ដាំ​ល្ពៅ និង​ជួល​កម្មករ​អស់​ទឹកប្រាក់​ជាង ២​លាន​រៀល ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ទទួល​ផល គឺ​លក់​បាន ១​គីឡូក្រាម ២០០ ទៅ ៣០០​រៀល ដូច្នេះ​ធ្វើ​ឱ្យ​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង។កសិករ​ដដែល​ចង់​ឱ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ជា​បន្ទាន់​ណា​មួយ ដើម្បី​ជួយ​លើក​ស្ទួយ​ផលិតផល​កសិកម្ម​ក្នុង​ពេល​ដែល​កសិករ​កំពុង​ជួប​វិបត្តិ​ទីផ្សារ​ដូច​នេះ៖ «ធ្វើ​ចម្ការ​ខាត ខ្ញុំ​អស់​ទឹក​ចិត្ត​ធ្វើ​ដែរ បើ​យើង​ចំណាយ​ដើម​ទុន​អស់​ច្រើន តែ​ចំណូល​បាន​តិច។ អ្នក​ចម្ការ​ឆ្នាំ​នេះ​គឺ​វេទនា​មែន​ទែន»

ពេល​បច្ចុប្បន្ន ដោយសារ​តែ​ផ្លែ​ល្ពៅ​ស្ទះ​រក​ទីផ្សារ​មិន​បាន គឺ​កសិករ​ជា​ច្រើន​គ្រួសារ​មិន​ដឹង​ថា​តើ​ត្រូវ​យក​វា​ទៅ​ណា ឬ​ក៏​ធ្វើ​អ្វី​ជាធំ​ដុំ​ទេ មាន​តែ​យក​វា​ខ្លះ​ចម្អិន​ធ្វើ​ជា​បង្អែម ហើយ​ចែក​គ្នា​ទទួល​ទាន​ប៉ុណ្ណោះ។ បី​ទៅ​បួន​ថ្ងៃ​ម្ដង​គេ​ឃើញ​ឈ្មួញ​ខ្លះ​បាន​ចូល​មក​សាក​សួររក​ទិញ ក៏ប៉ុន្តែ​គេ​ហ៊ាន​ក្នុង​តម្លៃ​ថោក ព្រមទាំង​សម្រាំង​រើស​យក​តែ​ផ្លែ​ល្ពៅ​ណា​ល្អ​ផង។

ក្រុម​ឈ្មួញ​ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី ៣​ខែ​មុន រហូត​មក​ដល់​ពេល​នេះ គឺ​ទីផ្សារ​ទិញ​ផ្លែ​ល្ពៅ​បាន​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ថៃ តែមួយគត់។ មូលហេតុ​ដែល​ពួកគេ​ហ៊ាន​ទិញ​ពី​កសិករ​ថោក ដោយសារ​តែ​ឈ្មួញ​ថៃ បាន​ទិញ​បន្ត​ឱ្យ​តម្លៃ​តែ​ពី ៥ ទៅ ៦​បាត​ប្រាក់​ថៃ ក្នុង ១​គីឡូក្រាម ហើយ​ល្ពៅ​ដែល​គេ​ទិញ​ពី​កសិករ​ទៀតសោត ត្រូវ​ឈ្មួញ​ថៃ សម្រាំង​រើស​យក​តែ​ល្អ​ម្ដង​ទៀត គឺ​ពេល​ខ្លះ​ពួកគេ​ត្រូវ​ដឹក​យក​មក​ចាក់​ចោល​ដូចជា​កសិករ​ដែរ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ស្រុក​គូលែន ទទួល​បន្ទុក​ខាង​កសិកម្ម លោក ប៉ែន ជឹង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​ផ្លែ​ល្ពៅ​ធ្លាក់​ថ្លៃ​នោះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា មាន​ប្រសាសន៍​ថា បញ្ហា​ល្ពៅ​របស់​កសិករ​ធ្លាក់​ថ្លៃ​ទាប​បំផុត​នេះ មិន​មែន​មាន​បញ្ហា​តែ​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​ទេ គឺ​នៅ​ខេត្ត​បាត់ដំបង ក៏​ដូចគ្នា។ មន្ត្រី​ដដែល​បញ្ជាក់​ថា ផ្លែ​ល្ពៅ​ដែល​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ដាំ​បាន​នោះ គឺ​រោងចក្រ​របស់​ប្រទេស​ថៃ ត្រូវ​ការ​ទិញ​ដោយមាន​កំណត់​ត្រឹមតែ ២០០ ទៅ ៣០០​ឡាន​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ល្ពៅ​ដែល​កសិករ​ដាំ​បាន​គឺ​វា​ច្រើន​ហួស​តម្រូវការ​ក្រៅ​ប្រទេស​មាន​តែ​រក្សាទុក​លក់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក៖ «បើ​ល្ពៅ​ចាស់​អាច​រក្សាទុក​បាន​យូរ​រាប់​ខែ​ដែរ។ ឥឡូវ​បើ​នៅ​សល់​ល្ពៅ​ចុង​ដៃ​នេះ គឺ​អាច​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ រាជធានី​ភ្នំពេញ ក៏​លក់​បាន​ថ្លៃ​គួរ​សម​ដែរ»

កសិករ​ភាគ​ច្រើន​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា បញ្ហា​ផ្លែ​ល្ពៅ​ធ្លាក់​ថ្លៃ​ដ៏​គំហុក​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គេ​ខាត​ទុន​ផលិត​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​កំពុង​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​វ័ណ្ឌក ជំពាក់​បំណុល​ធនាគារ ឬ​ក៏​ពី​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។