កសិករដាំបន្លែបង្ការនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងជាច្រើនគ្រួសារកំពុងជួបបញ្ហាជីវភាពខ្វះខាត ដោយសារតែតម្លៃកសិផលឆ្នាំនេះចុះថោកធ្វើឱ្យពួកគាត់លក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ។ ស្ថានភាពបែបនេះបណ្ដាលឱ្យកសិករខ្លះត្រៀមលក់គោនិងដីកេរ្តិ៍ពីដូនតា ដើម្បីយកប្រាក់សងធនាគារ ដែលបានខ្ចីគេធ្វើដើមដាំដុះកន្លងមក។ មន្ត្រីសង្គមស៊ីវិលយល់ថា បញ្ហានេះ រដ្ឋាភិបាលគួរតែរកវិធីដោះស្រាយជូនដល់កសិករជាបន្ទាន់ ដើម្បីកុំឱ្យពួកគាត់មានជីវភាពដុនដាបកាន់តែខ្លាំង។
ក្រុមកសិករនៅស្រុកឯកភ្នំលើកឡើងស្រដៀងគ្នាថា ការដាំដុះបន្លែបង្ការឆ្នាំនេះឡុងចុងជាងឆ្នាំណាៗ ទាំងអស់ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។
កសិកររស់នៅភូមិដួងមា ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លោក ធីម វីរៈ រៀបរាប់ប្រាប់អាស៊ីសេរីថា ជីវភាពគ្រួសាររបស់លោកឆ្នាំនេះដុនដាបខ្លាំងមិនធ្លាប់ជួបប្រទះ ដោយសារតែតម្លៃបន្លែចុះថោក ធ្វើឱ្យលក់កសិផលមិនបានប្រាក់ចំណេញដោះស្រាយជីវភាព។ កសិករវ័យ ៣៦ឆ្នាំរូបនេះ ដាំបន្លែលើផ្ទៃដី ២ហិកតារ ក្នុងនោះដំណាំម្ទេស ១ហិកតារ និងត្រឡាច ១ហិកតារ ដោយចំណាយអស់ដើមទុនប្រហែល ៣ពាន់ដុល្លារ។ លោកបន្តថា នោះក្នុងប្រាក់ ២ពាន់ដុល្លារ លោកខ្ចីពីធនាគារ ដោយសន្យានឹងសង់គេវិញនៅពេលប្រមូលផលហើយ ក៏ប៉ុន្តែអ្វីៗ មិនដូចក្ដីស្រមៃនោះឡើយ ដោយសារតែកសិផលចុះថោកជាបន្តបន្ទាប់ ហើយលក់មិនបានប្រាក់កម្រៃ ដើម្បីសងធនាគារនោះទេ។ លោកប្រាប់ថា តម្លៃផ្លែត្រឡាចខ្ចីលក់ដុំនៅផ្សារខេត្តបាត់ដំបង តម្លៃ ២០០រៀលក្នុងមួយគីឡូក្រាម ចំណែកម្ទេសស្រស់តម្លៃពី ៨០០ ទៅ ១ពាន់រៀលក្នុងមួយគីឡូក្រាម ដែលខុសគ្នាប្រហែល ១០ដង បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃត្រឡាច ១ពាន់រៀលក្នុងមួយគីឡូក្រាម ហើយម្ទេសតម្លៃពី ៨ពាន់ ទៅជាង ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាមឯណោះ៖ «ឆ្នាំនេះឡុងចុងខ្លាំងជាងគេហ្មង។ ប៉ះពាល់ខ្លាំងហ្នឹងការយើងជំពាក់លុយគេអត់មានអីសងគេទេ ហើយខ្ញុំមិនដឹងថា ធ្វើយ៉ាងម៉េចទេនេះ សព្វថ្ងៃ។ ធនាគារគេក៏មិនបានលើកលែងឱ្យយើងដែរ ដល់ខែគេមកយកការប្រាក់ ហើយប្រេះបន្លែបង់តែការប្រាក់មិនចង់គ្រប់ ហើយនៅទីផ្សារស្ងាត់ដូចអត់មានមនុស្សទិញដូចឆ្នាំមុនទេ។ កាលពីខែមុនខាងស្រុកខ្ញុំមិនដល់បន្លែចេញមកពីស្រុកគេវាច្រើនដឹកមកទាំងឡានៗ ប្រហែលមកពីវៀតណាម ឬមកពីថៃ»។
កសិករ ធីម វីរៈ ត្រៀមលក់គោ និងដីដែលជាកេរ្តិ៍ពីដូចតាមួយចំនួន ដើម្បីយកប្រាក់សងធនាគារវិញ ព្រោះព្រួយបារម្ភខ្លាចម្ចាស់បំណុលរឹបអូសទ្រព្យសម្បតិ្ត ហើយធ្វើឱ្យជីវភាពគ្រួសាររបស់លោកកាន់តែដុនដាបជាងនេះ។ កសិកររូបនេះ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារលក់កសិផលមានតម្លៃសមរម្យជាងពេលបច្ចុប្បន្ន ដើម្បីពួកលោកលក់កសិផលបានប្រាក់ចំណូលដោះស្រាយជីវភាព និងសងបំណុលគេវិញ៖ «ខាតហើយប្រជាពលរដ្ឋទាំងអស់ពោលគ្រប់តែគ្នា ខ្ញុំពឹងលើមុខរបរហ្នឹងឯងអត់មានរបរអីផ្សេងទេ។ កសិករមិនមែនខ្ជិលទេ ឧស្សាហ៍ណាស់តែយ៉ាប់ហ្នឹងទីផ្សារហ្នឹងអត់មានទីផ្សារបណ្ដោយ។ ខ្ញុំមិនដឹងថា ធ្វើយ៉ាងម៉េច បើបន្លែថ្លៃទៅយ៉ាងអាចដោះមកវិញបាន ប៉ុន្តែបើនៅតែអីចឹងទៀតប្រហែលជាចប់ហើយ មានអីទេបានតែលក់ដីសងគេ»។
កសិករនៅស្រុកឯកភ្នំនិយមដាំបន្លែចម្រុះ មានដូចជា ត្រឡាច ត្រសក់ ត្រប់ ម្ទេស ពោត និងឪឡឹក ជាដើម ។ដំណាំគ្រប់មុខបានចុះថោកទាំងអស់ បណ្ដាលឱ្យកសិករភាគច្រើនមានបំណុលវ័ណ្ឌក។
ដូចគ្នានេះដែរ កសិករនៅឃុំព្រែកនរិន្ទម្នាក់ទៀត លោក ធ្លក សុជាតិ ថ្លែងថា គ្រួសាររបស់លោកបានខ្ចីប្រាប់ពីធនាគារ ២ពាន់ដុល្លារធ្វើដើមទុនដាំ ត្រប់ ម្ទេស និងពោត នៅលើផ្ទៃ ២ហិកតារ។ កសិករវ័យ ៤៣ឆ្នាំរូបនេះប្រាប់ថា បន្លែចុះថោកតាំងពីដើមឆ្នាំ២០២១ រហូតមក ដោយសារតែឆ្នាំនេះប្រជាពលរដ្ឋនាំគ្នាដាំបន្លែច្រើន ព្រោះអត់ការងារធ្វើបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩។ បច្ចុប្បន្នលោក ធ្លក សុជាតិ ប្រមូលផលដំណាំគ្រប់មុខបានប្រហែល ៥០០គីឡូក្រាមក្នុងមួយថ្ងៃ និងលក់បានប្រាក់ប្រមាណ ១០ម៉ឺនរៀល (១០០.០០០) ប៉ុណ្ណោះ។ លោកបន្ថែមថា ប្រាក់ចំនួននេះទូទាត់ថ្លៃកម្មករបេះបន្លែរួចហើយ គឺពុំមានសល់ប្រាក់សម្រាប់សន្សំបង់ថ្លៃការប្រាក់ឱ្យធនាគារនោះឡើយ៖ «អូ! ខ្ញុំពិបាករឿងបន្លែថោកហ្នឹង គ្រឿងរបស់គេថ្លៃទាំងអស់ ដូចជា ជី សាំង ម៉ាស៊ុតអីថ្លៃទាំងអស់។ យើងធ្វើបានហើយបន្លែបោះយើងវាថោក ធ្វើឱ្យកសិករកាន់តែវេទនាទៅ។ ខ្ញុំចង់ឱ្យគេទប់ស្កាត់បន្លែពីក្រៅមកកុំឱ្យគេនាំ ចូលច្រើនពេក តើគេនាំចូលមកបន្លែយើងលក់អត់បានថ្លៃទេ កាន់តែថោកទៅ មួយថ្ងៃខ្ញុំឃើញឡានដឹកបន្លែចូលមកផ្សារបាត់ដំបងពីរបីឡានកុងតឺន័រ»។
ក្រុមកសិករឱ្យដឹងទៀតថា កសិករនៅអមដងស្ទឹងសង្កែតំបន់ពួកគាត់រស់នៅមានប្រហែល ១.០០០គ្រួសារ នាំគ្នាដាំបន្លែលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ដោយពុំមានរបរផ្សេងក្រៅអំពីការធ្វើកសិកម្មឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងលោក អ៊ឹម សុវណ្ណមុនី និងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែកន្លងមក ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថា មូលហេតុដែលកសិករពិបាករកទីផ្សារលក់បន្លែ និងមានតម្លៃទាបនេះ ដោយសារកសិករដាំដុះមិនបានចូលរួមនៅក្នុងបណ្ដុំអាជីវកម្មឬសហគមន៍កសិកម្ម និងមិនបានអនុវត្តតាមគោលការណ៍ស្តង់ដារបន្លែមានសុវត្ថិភាព។ បន្ថែមពីនេះ ក្រសួងថា កសិករដាំដុះក្នុងពេលតែមួយធ្វើឱ្យបរិមាណបន្លែច្រើនលើសពីតម្រូវការ ហើយស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ ទើបធ្វើឱ្យតម្លៃធ្លាក់ចុះ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសម្ដងហើយម្ដងទៀតឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះនិងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីបម្រើឱ្យទីផ្សារក្នុងស្រុកទាំងអស់ ដោយសារអំឡុងពេលនេះមិនសូវមានការនាំចូលទំនិញ និងបន្លែបង្ការមកកម្ពុជា។ នៅពេលនោះលោក ហ៊ុន សែន ថែមទាំងអួតអាងទៀតថា ការរាតត្បាតជំងឺកូវីដនេះ គឺជាឱកាសមួយ ដល់កសិករខ្មែរដាំដុះកសិកម្មលក់បានប្រាក់ចូលច្រើន។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ខំប្រឹងដាំបានផលហើយ ស្រាប់តែគ្មានទីផ្សារលក់ កសិផល ក្នុងតម្លៃសមរម្យទៅវិញ ខណៈដែលបន្លែផ្លែឈើត្រីសាច់ នៅតែនាំចូលពីប្រទេសជិតខាងដដែល។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន កត់សំគាល់ថា បញ្ហានេះដោយសារតែការនាំចូលបន្លែពីក្រៅប្រទេសមកលក់នៅកម្ពុជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់កសិផលរបស់កសិករក្នុងស្រុក។ លោកបញ្ជាក់ថា កសិករខ្មែរដាំដុះចំណាយអស់ដើមទុនខ្ពស់ជាងកសិករប្រទេសជិតខាង និងមិនសូវមានស្តង់ដារ ទើបធ្វើឱ្យមិនអាចប្រកួតប្រជែងកសិផលបរទេស៖ «ការធ្លាក់នៃតម្លៃកសិកម្មមិនមែនធ្លាក់ចុះក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដទេ គឺតម្លៃនៃការធ្លាក់ចុះនេះកើតមានស្ទើររៀងរាល់ឆ្នាំ។ កត្តាដែលធ្លាក់ចុះគឺបណ្ដាលមកពីកង្វះគាំទ្រឱ្យបានគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជាពិសេស គឺក្រសួងកសិកម្មតែម្ដង»។
របាយការណ៍របស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បង្ហាញថា ក្នុងមួយថ្ងៃ គឺប្រទេសកម្ពុជា នាំចូលបន្លែជាមធ្យម ២០០ ទៅ ៤០០តោន ហើយកម្ពុជាត្រូវចំណាយថវិកាអស់ប្រមាណ ២០០លានដុល្លារក្នុង ១ឆ្នាំ។ បន្លែទាំងនេះភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែរឹតបន្តឹងបន្លែនាំចូលពីក្រៅប្រទេស ហើយផ្ដល់ទុន និងបង្រៀនបច្ចេកទេសដល់កសិករឱ្យពួកគាត់ចងក្រងជាសហគមន៍ ដើម្បីដាំបន្លែលក់ឱ្យបានទៀងទាត់។ លោក ថេង សាវឿន ជឿថា រឿងនេះប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយទេ កសិករមួយចំនួនអាចនឹងចាកចេញពីជនបទទៅរកការងារធ្វើនៅតំបន់ក្រុង និងធ្វើចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថានកាន់តែច្រើន ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ និងសងធនាគារ ជាមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។