កសិករ​តាម​បណ្តា​ខេត្ត​នានា​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ដូច​ពលរដ្ឋ​រស់​នៅ​ទីក្រុង និង​តំបន់​បិទ​ខ្ទប់​ដែរ

កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា​ត្អូញត្អែរ ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដូច​ពលរដ្ឋ ដែល​រស់​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​អ្នក​រស់​ក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់​ដែរ ពីព្រោះ​ពួកគាត់​រស់នៅ​ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មិន​ទាន់​អាច​ហ៊ាន​ចេញ​ប្រកប​មុខរបរ ដើម្បី​បាន​ប្រាក់ចំណូល​ដូច​មុន​នោះ​ឡើយ។

ពួកគាត់​ឱ្យ​ដឹង​ថា បន្ថែម​ពីលើ​ការបាត់បង់​ប្រាក់ចំណូល​ហើយ​នោះ ពួកគាត់​ត្រូវ​ដក់​ប្រាក់​ដើមទុន​ខ្លះ​ដែល​ខ្ចី​ពី​ធនាគារ​រំលែក​ទៅ​ឱ្យ​កូនចៅ ដែល​កំពុង​ជាប់ឃុំ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រា​ធានី​ភ្នំពេញ ដែល​កំពុង​ដាច់​ស្បៀង​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ថែម​ទៀត។

ក្រុម​កសិករ នៅ​តាម​ខេត្ត មួយចំនួន ឱ្យ​ដឹង​ថា ទោះបី​ពួកគាត់ មិន​ជាប់​បម្រាម បិត​ខ្ទប់​ភូមិ ស្រុក ដូច​អ្នក​រស់​ទីក្រុង​ក៏​ពិតមែន ប៉ុន្តែ​ការ​ខ្វះខាត ក្នុង​ជីវភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ។

ពួកគាត់​ថា គ្រួសារ​កសិករ​ភាគច្រើន សុទ្ធតែ​មាន​កូន​ចៅ​ទៅ​ធ្វើការ​នៅ​ទីក្រុង ហើយ​ដល់​ពេល​នៅ​ទីក្រុង​មាន​បញ្ហា​បិទ​ខ្ទប់​ចេញ​ទៅ​ណា​មិន​រួច ដោយសារ​ជំងឺ​កូវីដ​ផ្ទុះឡើង​ខ្លាំង ធ្វើ​ឱ្យ​ពួក​បាត់បង់​ការងារ គ្មាន​ប្រាក់ខែ គ្មាន​ស្បៀងអាហារ ហូបចុក​។ ចំណែក​ប្រាក់​ដែល​ធ្លាប់​ផ្ញើ​ទៅផ្ទះ​រាល់​ខែ ដើម្បី​ជួយ​សម្រួល​ដល់​ភាព​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​នៅ​ឯ​ស្រុកកំណើត ក៏​ត្រូវ​កាត់ផ្ដាច់​។ ជាង​នេះ​ទៅ​ទៀត ក្នុង​គ្រួសារ​នៅ​ឯ​ស្រុក​ស្រែចម្ការ ក៏​បង្ខំចិត្ត ដក​លុយ​ដែល​សល់​បន្តិចបន្តួច​ពី​ការ​ខ្ចី​បុល​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើមទុន​រកស៊ី ធ្វើស្រែ ចម្ការ ឬ​ចិញ្ចឹមសត្វ​នោះ ទៅ​ជួយសង្គ្រោះ​អ្នក​នៅ​ទីក្រុង​ដែល​កំពុង​ជួប​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ។

ក្រុម​កសិករ បាន​ឱ្យ​ដឹង​បន្ត​ទាំង​ក្រៀមក្រំ​ថា​៖ « បញ្ហា​ទាំងអស់​នេះ គឺជា​ទុក្ខ ជាន់​ទុក្ខ​របស់ កសិករ ក្នុង​សម័យ​កូវីដ ហើយ​បន្ថែម​លើ​បញ្ហា​ចាស់​ដោះស្រាយ​មិន​ចេញ​កន្លង​ទៀត​…»។

តំណាង​សហគមន៍ សាមគ្គី​ចេកមាស ឃុំ ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា​៖ ការ​លំបាក​របស់​កសិករ​នៅ​ពេល​នេះ គឺ​ហៅ​លែង ឮ​តែម្តង ឬ​ក៏​ថា និយាយ​មិន​ចេញ។ អ្នកស្រី យស់ សោភ័ណ្ឌ រៀបរាប់​អំពី​ហេតុផល​មួយចំនួន​ដែល​នាំ​ឱ្យ​មាន​ការ​លំបាក ដូចជា​ដំណាំ និង​សត្វ​ចិញ្ចឹម ដែល​កសិករ​មាន គឺ​លក់​បាន​ថោក និង​គ្មាន​ទីផ្សារ​លក់​តែម្តង ព្រោះ​ប្រភព​ទីផ្សារ​ធំ​នៅ​ភ្នំពេញ តែ​ដល់ពេល​នៅ​ភ្នំពេញ​បិត​ខ្ទប់ នាំ​ឱ្យ​មាន​វិបត្តិ​ធំ​មែនទែន៖ «ឥឡូវ​ដេក​អាណិត​អ្នក​ភ្នំពេញ​ព្រោះ​គាត់​អី​ហូប បង​ខ្ញុំ​ផ្ទាល់​ថា​ទិញ​ត្រកួន​១​ម៊ឺ​ន​ហើយ​ហូប​មិន​គ្រប់​ទៀត ទំនិញ​ឡើងថ្លៃ​តែ​របស់​កសិករ​ធ្វើ​មិនបាន​ឡើងថ្លៃ​គុណ​នឹង​២​តែ​របស់​កសិករ​ធ្វើ​បាន​ថោក​……»

ចំណែក​តំណាង​កសិករ​មួយ​រូប​ទៀត នៅ​ភូមិ​តាខេង ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ដែរ​នោះ គឺ​កញ្ញា ម៉ែន ដារី ក៏​កំពុង​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

កញ្ញា ម៉ែន ដារី ឱ្យ​ដឹង​ថា រដូវ​នេះ ជា​រដូវ​កាល​មួយ​ដែល​កសិករ​ចាប់ផ្តើម​រៀបចំ​ធ្វើស្រែ​ហើយ ប៉ុន្តែ​វិបត្តិ​ធំ​សម្រាប់​ពួកគាត់​នោះ គឺ​កសិករ​គ្មាន​ថវិកា សម្រាប់​ជួល​គ្រឿងចក្រ​ភ្ជួរ​រាស់​ដាស់ដី សម្រាប់​ធ្វើស្រែ​ដូច​ឆ្នាំមុន​នោះ​ទេ ចំណែក​កម្លាំង​ពលកម្ម​ត្រូវ​ជាប់​គាំង​នៅ​ភ្នំពេញ​ទាំងអស់ គោក្របី​ក៏​គ្មាន៖ «ពួកគាត់​នៅតែ​ខ្វះខាត​ស្បៀង ពេល​មាន​កូវីដ​ផ្ទុះឡើង​ខ្លាំង​ពួកគាត់​អត់​បាន​ចេញទៅ​រកស៊ី​ធ្វើ​ការងារ​ផ្សេងៗ​ដូចជា​ការងារ​សំណង់​ជាដើម ដូច្នេះ​អត់​មាន​ប្រាក់​ដោះស្រាយ​ជីវភាព ហើយ​ថែមទាំង​ជំពាក់​បំណុល​ធនាគារ​ទៀត អ្នក​នៅផ្ទះ​មានការ​ចិញ្ចឹម​មាន់​តិចតួច ឥឡូវ​មាន់​លក់​មិន​ចេញ អត់​ចំណូល ជីវភាព កាន់តែ​ខ្វះខាត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្លះ​រហូតដល់​ដាច់​បាយ​ក៏​មាន​…»។

ដោយឡែក កសិករ នៅ ខេត្ត​ផ្សេងៗ​ទៀត ដូចជា​នៅ​ខេត្ត កំពង់ស្ពឺ សៀមរាប និង​ខេត្ត កណ្តាល ជាដើម ក៏​កំពុង​មាន​បញ្ហា​ដូច​កសិករ​នៅ​ខេត្តស្វាយរៀង​ដែរ។

តំណាង​សហគមន៍​កសិករ ដាំ​បន្លែ​សរីរាង្គ នៅ​ខេត្ត​កំពង់ស្ពឺ លោក ស៊ន ស៊ឺន បាន​ផុស​រូប​បង្ហាញ​ពី​ទិដ្ឋភាព​ចម្ការ​បន្លែ​ស្រស់​បំព្រង​ក្នុង​សហគមន៍​របស់​គាត់ ប៉ុន្តែ​បាន​បង្ហាញ​ទឹកមុខ​ម្ចាស់​ចម្ការ​ក្រៀមក្រំ​ទៅវិញ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

កសិករ ស៊ន ស៊ឺន បាន​សរសេរ​ខមមិនស៍ (Comment) ​ខ្លី​ភ្ជាប់​មក​ជាមួយនឹង​ទិដ្ឋភាព​ចម្ការ​បន្លែ​នោះ​ផង​ថា៖ «បច្ចុប្បន្ន​កូវីដ​វាយលុក មុខ​មិន​សូវ​ស្រស់​ទេ ព្រោះ​អី​បន្លែ​លក់​មិន​សូវ​ដាច់ បើ​ដាច់​គឺ​លុយ​ទៅ​វិញ​ទេ​… !!»

អាស៊ីសេរី មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​នៃ​ក្រសួងកសិកម្ម​លោក ស្រី វុទ្ធី និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ដទៃទៀត​ដើម្បី​បកស្រាយ​ពី​ក្តី​កង្វល់​របស់​កសិករ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃទី​៣០ មេសា។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​របស់​កសិករ​ធំ​ជាងគេ​នោះ គឺ​ខ្វះ​ស្បៀង។

ចំណែក​អ្នក​ដែល​នៅ​មាន​សេសសល់​ផលិតផល​កសិកម្ម​មួយចំនួន ដើម្បី​លក់​បាន​កម្រៃ​ខ្លះមក​ដោះស្រាយ​ជីវភាព​នោះ ក៏​ប្រឈម​នឹង​បញ្ហា​គ្មាន​ទីផ្សារ ឬ​គ្មាន​កន្លែង​សម្រាប់​លក់ដូរ​តែម្តង ព្រោះ​ផ្សារ​បន្លែ ត្រី សាច់ ធំៗ ភាគច្រើន នៅ​ភ្នំពេញ ដែល​ជា​ខ្នងបង្អែក​របស់​កសិករ​តាម​បណ្តា​ខេត្ត​នានា​នោះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​បិទ ក្នុង​ហេតុផល ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

តែ​ទោះ​យ៉ាងណា លោក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ដែល​កំពុង​កើតមាន​ពេលនេះ​ជា​បន្ទាន់ ហើយ​លោក​ក៏បាន​លើកឡើង​នូវ​វិធាន​ការដែល​អាច​ជា​ដំណោះស្រាយ​បណ្ដោះអាសន្ន​សម្រាប់​កសិករ ហើយ​ថា អាជ្ញាធរ​អាច​ធ្វើ​បាន ឱ្យ​តែ​ពួកគាត់​យក​ទៅ​ពិចារណា ហើយ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​នោះ៖ «យើង​ស្នើ​ឱ្យ​អាជ្ញាធរ​យល់ដឹង​ឱ្យ​បាន​ខ្ពស់ និង​អនុវត្ត​វិធានការ​របស់​រដ្ឋ​ឱ្យ​បាន​ត្រឹម​ត្រូវ ចៀសវាង​បង្អាក់ ឬ​រារាំង​មិន​ឱ្យ​កសិករ​ដឹក​កសិផល​មក​លក់​នៅ​ទីក្រុង​បណ្តាល​ឱ្យ​ចាល់ ឬ​អេ នៅ​ថ្នាក់​មូលដ្ឋាន ទី​២ បើ​ទោះជា​បិត​ផ្សារ​មួយ​ចំនួន​នៅ​ទីប្រជុំជន​ក្តី អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​មើល​រក​ទីធ្លា ដី​ឡូត៍ ឬ​ទីវាល​ណាមួយ ដើម្បី​រៀបចំ​ជា​ស្តង់ ឬ​កន្លែង​លក់ដូរ​ទំនិញ​របស់​កសិករ ខណៈ​អ្នក​ទីក្រុង​កំពុង​មាន​តម្រូវការ​បំផុត​នូវ​ស្បៀងអាហារ​ហូបចុក​ប្រចាំថ្ងៃ ជាពិសេស ត្រី សាច់ បន្លែ ផ្លែឈើ ជាដើម​នោះ​……»។

ការ​លើក​ឡើង​បែប​នេះ ក្រោយពី​កសិករ​ដាំ​បន្លែ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នាំគ្នា​ទុក​កសិផល​ចោល​ពេញ​ចម្ការ ហើយ​អ្នកខ្លះ​សម្រេច​ចិត្ត​ឈូស​ដំណាំ​បន្លែ​នោះ​ចោល​តែម្តង ដោយសារ​គ្មាន​ទីផ្សារ​លក់ និង​ពុំ​មាន​ឈ្មួញ​ចុះទៅ​ទិញ​ដូច​មុន ក្រោយពេល​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ស្ថានភាព​បែបនេះ​ធ្វើ​ឱ្យ​ក្រុម​កសិករ​ម្នាក់ៗ ខាតបង់​ដើមទុន​រាប់​សិប​លាន​រៀល ឬ​ស្មើនឹង​ជិត​៣​ពាន់​ដុល្លារ ហើយ​ដើមទុន​ទាំងនេះ​ពួកគាត់​បាន​ខ្ចី​ពី​ធនាគារ។ ដំណាំ​បន្លែ​ទាំង​នោះ មាន​ចំនួន​រាប់ពាន់​តោន ក្នុង​នោះ​មាន​ដូចជា សាឡាដ និង​ខាត់ណា និង​ដំណាំ​រួមផ្សំ​មួយ​ចំនួន​ទៀត។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ការ​ដែល​កសិករ​លក់​បន្លែ​មិន​ចេញ​នេះ បណ្ដាល​មក​ពី​អាជ្ញាធរ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ធ្វើ​ឱ្យ​ឈ្មួញកណ្ដាល​មិនអាច​ធ្វើដំណើរ​ទៅ​ដឹក​បន្លែ​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន។

លោក​បន្ត​ថា ប្រសិនបើ​ស្ថានការណ៍​រាតត្បាត​ជំងឺ​កូវីបន្ត​អូស​បន្លាយ​យូរ ហើយ​រដ្ឋាភិបាល​មិន​ប្រញាប់​ដោះស្រាយ​រឿង​នេះ​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​កសិករ​ធ្ងន់ធ្ងរ​ជាមិនខាន​។ ជាង​នេះ​ទៅ​ទៀត ពួកគាត់​ប្រឈម​នឹង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​នៅ​ពេល​ខាងមុខ បើ​ការ​ដាំ​បន្លែ​របស់​ពួកគាត់​ខាត​ឡុងចុង​បែបនេះ។

អ្នកជំនាញ​កសិកម្ម​រូប​នេះ​បង្ហាញ​ទស្សនវិស័យ និង​ផ្តល់​ជា​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ​ថា​៖ រដ្ឋ​គួរ​ជួយ​ទិញ​ផលិតផល​ពី​កសិករ ក្នុង​តម្លៃ​សមរម្យ ហើយ​យក​មក​ចែក​ជូន​ពលរដ្ឋ​រស់​នៅ​តំបន់​ក្រហម ឬ​កន្លែង​បិទ​ខ្ទប់ ដើម្បី​កសិករ​បាន​ចំណូល​ខ្លះ ចំណែក​អ្នក​ទីក្រុង​បាន​បន្លែ​បរិភោគ ហើយ​រដ្ឋាភិបាល​ក៏បាន​បំពេញភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដូច​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។