កសិករមួយចំនួនរស់នៅខេត្តជាប់តំបន់បឹងទន្លេសាប កំពុងផុងខ្លួននឹងបញ្ហាបំណុលវ័ណ្ឌក ក្រោយពីស្រូវប្រាំងរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ដោយសារខ្វះទឹក។ កសិករមួយចំនួនរស់នៅជាប់តំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សោកស្ដាយស្រូវប្រាំង របស់ពួកគាត់ជាច្រើនពាន់ហិកតារងាប់ជាបន្តបន្ទាប់ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាច្រើន និងប្រឈមបញ្ហាបំណុលប៉ះពាល់ជីវភាពគ្រួសារ។កសិកររស់នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោក ជួង ភណ្ឌ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៣១ មករាថា ពេលនេះ ស្រែប្រាំងរបស់កសិករក្នុងឃុំតាលោ យ៉ាងហោចណាស់ជាង ១ ម៉ឺនហិកតារ (១០.០០០) ងាប់ទាំងស្រុង ដោយសារខ្វះទឹកបូមបញ្ចូលស្រែ។
រីឯអាជ្ញាធរមិនទាន់ឃើញអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងរបស់កសិករនៅឡើយទេ។
លោកថា កសិករភាគច្រើនខ្ចីបុលគេ ទិញស្រូវពូជ ជី និងថ្លៃចំណាយផ្សេងៗ ដែលរំពឹងថា ផលស្រូវនឹងបង្វិលសងម្ចាស់បំណុលវិញ តែផ្ទុយទៅវិញ ស្រូវប្រាំងងាប់ស្ទើរទាំងអស់។
លោក ជួង ភណ្ឌ៖ «និយាយពីលំបាក គឺលំបាកពេក មិនមែនតែលំបាកតែយើងទេ សុទ្ធតែយកលុយធនាគារមកធ្វើ។ បើមានទឹកយើងខ្ចីលុយគេ ២ពាន់ដុល្លារ យើងអាចចំណេញបាន ១ពាន់ ដល់ ៣ពាន់ដុល្លារទៅវិញ។ ស្នើរាល់ថ្ងៃដល់ស្រុក និងអាជ្ញាធរខេត្ត គេអត់ធ្វើផងហ្នឹង»។លោក ជួង ភណ្ឌ បន្ថែមថា គ្រួសារលោកធ្វើស្រែប្រាំង ៤ហិកតារ ងាប់ស្រូវអស់ជាង ២ហិកតារទៀត នៅសល់ជិត ២ហិកតារ កំពុងប្រឈមងាប់បណ្តើរៗ ហើយ។
លោកថា ដើម្បីសង្គ្រោះស្រូវប្រាំង ដែលនៅសល់តិចតួច គ្រួសារលោកបានបុកអណ្ដូងទឹកកណ្ដាលវាលស្រែមួយទៀត ដើម្បីទាញទឹកក្រោមដី ស្រោចស្រពស្រូវបណ្ដោះអាសន្ន ក៏ប៉ុន្តែនៅពេលបុក បែរជាអណ្ដូងគ្មានទឹកទៀត។ចំណែកឯក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ឯនោះវិញ ថ្វីត្បិតតែមានទំនប់ទឹកធំៗ ចំនួន ៣ គឺទំនប់អាចាង ទំនប់លំហាច និងទំនប់ ២០ ឧសភា ផ្ដល់ភាពងាយស្រួលឱ្យកសិកររាប់ពាន់គ្រួសារ ធ្វើស្រែប្រាំង ក៏ប៉ុន្តែពលរដ្ឋថា ការបើកបង្ហូរទឹកខ្វះបច្ចេកទេស និងមានអំពើពុករលួយ ធ្វើឱ្យកសិកររាប់រយគ្រួសារ នៅផ្នែកខាងក្រោមទំនប់ នៅតែប្រឈមខ្វះទឹកធ្វើស្រែប្រាំង។
រីឯកសិកររស់នៅឃុំអញ្ចាញរូង លោកស្រី ពេញ អាត ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលដែលអាជ្ញាធរបើកបង្ហូរទឹកម្តងៗ គ្មានម៉ាស៊ីនធំៗ ដើម្បីទាញទឹកតាមប្រឡាយមេ បូមបញ្ចូលស្រែទៅតាមប្រឡាយតូចៗ ដើម្បីឱ្យកសិករមានលទ្ធភាពបូមទឹកដាក់ស្រែគ្រប់ច្រកល្ហកនោះទេ។
លោកស្រីបន្ថែមថា ស្រែប្រាំងដែលមានទឹកបូមបញ្ចូលស្រែគ្រប់គ្រាន់នៅកៀកប្រឡាយធំៗ រីឯស្រែប្រាំងនៅឆ្ងាយៗ ខ្វះទឹកស្រោចស្រព ដោយសារខ្វះបច្ចេកទេសចែកចាយទឹកតាមប្រឡាយតូចៗ។
លោកស្រី ពេញ អាត៖ «បារម្ភរឿងបំណុលហ្នឹងតែម្ដង បើគាត់ធ្វើស្រែ ស្រូវងាប់អស់ បើសិនគាត់ធ្វើ ពូជគាត់ទិញគេ គាត់ជំពាក់ទាំងអស់ ចាំបានផលបានគាត់ឱ្យលុយទាំងពូជ និងជី។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិន និង អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បាននៅឡើយទេ នៅថ្ងៃទី៣១ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតមួយ កាលពីថ្ងៃទី៣០ មករាថា មូលហេតុ ដែលអាជ្ញាធរខេត្តមួយចំនួនហាមប្រជាកសិករមិនឲ្យធ្វើស្រែនៅរដូវប្រាំងឆ្នាំនេះ ព្រោះមានគ្រោះរាំងស្ងួត ហើយកសិករសម្រុកដាំដុះតាមគ្នា ដោយសារតម្លៃស្រូវកើនឡើងខ្ពស់។
លោកបន្តថា ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តចំនួន១០ បានតាមដាន និងជួយអន្តរាគមន៍សង្គ្រោះស្រូវជាង ២ម៉ឺនហិកតាររបស់ប្រជាកសិករ។
ទោជាយ៉ាងណាក្ដី កសិកររស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន សង្កេតឃើញថា ការបើកទ្វារបង្ហូរទឹក ទំនប់ទឹកអាចាង មានអំពើពុករលួយ និងបក្ខពួកនិយម ធ្វើឱ្យកសិករមួយចំនួននៅតែប្រឈមខ្វះទឹកស្រោចស្រព។
លោក ស្ងួន ញឿន៖ ១ខ្ញុំទៅឃើញផ្ទាល់ មានទំនប់ហ្នឹងមួយ មានទឹកគ្រប់គ្រាន់ អ្នកកាន់ទ្វារទឹកលំអៀង អត់បង្ហូរទឹកឱ្យពលរដ្ឋ ប្រសិនបើបើកទ្វារទឹក ក៏ពលរដ្ឋមានទឹក តែអត់បើក។ អ៊ីចឹងហើយ បានជាពលរដ្ឋគាត់ទៅតវ៉ានៅខាងលើទ្វារទឹក ដើម្បីបានទឹកស្រោចស្រូវប្រាំង។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា រដ្ឋាភិបាលត្រូវតែរកមធ្យោបាយដោះស្រាយបញ្ហានេះជូនប្រជាកសិករជាបន្ទាន់ ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់កសិករ និង លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
លោក យង់ គិមអេង៖ «រៀបចំប្រព័ន្ធធារាសាស្ត្រ មានភាពទូលំទូលាយ ហើយនិងធារាទឹកគ្រប់គ្រាន់ជួយកសិករ។ គួរបញ្ឈប់ការលុបបឹងបួជាបន្ទាន់ ការលុបបឹងប្រឈមនឹងការអត់ទឹកនៅតែកើតមាន»។
អាជ្ញាធរខេត្តពោធិ៍សាត់ឱ្យដឹងថា ផែនការទឹកស្រោចស្រពស្រូវប្រាំងបានត្រឹមតែ ២ម៉ឺនហិកតារ (២០.០០០) ប៉ុណ្ណោះ ក៏ប៉ុន្តែជាក់ស្ដែង ការបង្កបង្កើនផលរបស់កសិករកើនឡើង រហូតដល់ជិត ៥ ម៉ឺនហិកតារ (៤៦.៣៤១) បណ្ដាលឱ្យខ្វះទឹកស្រោចស្រព។
រីឯមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានជូនដំណឹង ឱ្យកសិករទាំងអស់ផ្អាកការធ្វើស្រែស្រូវប្រាំង ព្រោះកសិករធ្វើស្រូវប្រាំងលើសផែនការកំណត់ ដែលផែនការប្រើប្រាស់ទឹកសម្រាប់ឱ្យកសិករដាំដុះបានជិត ៤ ម៉ឺនហិកតារ (៣៧.៧០០) ក៏ប៉ុន្តែ កសិករដាំដុះរហូតដល់ជាង៤ ម៉ឺនហិកតារ ធ្វើឱ្យខ្វះខាតទឹកស្រោចស្រព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
