មុខរបចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តព្រៃវែង កំពុងរងផលប៉ះពាល់ដោយសារខ្វះទីផ្សារសម្រាប់លក់ចេញនៅពេលដល់រដូវប្រមូលផល។ អ្នកប្រកបរបចិញ្ចឹមត្រីនេះ ទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ និងបិទការនាំចូលត្រីពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។ រីឯមន្ត្រីរដ្ឋាភិបាលថា ការនាំចូលត្រីពីបរទេស មិនមានឥទ្ធិពលអ្វីដល់ទីផ្សារលក់ត្រីក្នុងស្រុកនោះទេ ប៉ុន្តែដោយសារត្រីស្រែនៅតែសម្បូរនៅឡើយ។
ថ្វីត្បិតតែគោលនយោបាយរបស់រដ្ឋាភិបាលលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដើម្បីបង្កើនផលិតកម្មស្បៀងលក្ខណៈគ្រួសារ ព្រមទាំងធ្វើឲ្យប្រជាកសិករទទួលបានការងារ និងប្រាក់ចំណូលពីមុខរបខ្នាតតូចនេះក្តី ប៉ុន្តែការរអាក់រអួលស្វែងរកទីផ្សារលក់ត្រីរបស់ពលរដ្ឋ កំពុងក្លាយជាបញ្ហាប្រឈមខ្លាំង។
អ្នកប្រកបរបចិញ្ចឹមត្រីក្នុងខេត្តព្រៃវែង ជាច្រើនគ្រួសារ កំពុងដង្ហោយសុំអោយអាជ្ញាធរជំនាញរដ្ឋាភិបាល ជួយស្វែងទីផ្សារសម្រាប់ពួកគាត់ ព្រោះចាប់តាំងពីឆ្នាំ២០១៦ មក ទីផ្សារត្រីបានចាប់ផ្ដើមធ្លាក់ចុះខុសឆ្ងាយពីបណ្ដាលឆ្នាំកន្លងមក។
ពលរដ្ឋម្នាក់ឈ្មោះ ឈឺន ហុន ដែលចាប់អាជីពជាអ្នកចិញ្ចឹមត្រីប្រា និងត្រីអណ្ដែង នៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង រៀបរាប់ថា ពួកគាត់បានចំណាយដើមទុនជាង ៧០លានរៀល ដើម្បីជីកស្រះ ទិញពូជត្រី និងចំណីត្រី។ ផ្ទុយទៅវិញ លោក ឈឺន ហុន និងភរិយា បានត្អូញត្អែរថា ពេលចិញ្ចឹមបានផលហើយ ត្រីរបស់ពួកគេក្នុងឆ្នាំ២០១៦ មិនមានឈ្មួញមកចាប់យកទៅចែកចាយបន្តដូចបណ្ដាឆ្នាំកន្លងទៅនោះទេ ហើយអូសបន្លាយរហូតដល់ខែមករា ឆ្នាំ២០១៧ នេះ ក៏មិនទាន់មានឈ្មួញមកចាប់នោះឡើយ៖ « ប្ដី ៖ គ្មានតែម្តង គ្មានឈ្មួញណាឡើងមករកទិញនោះទេ ។ ភរិយា៖ យើងទូរស័ព្ទទៅរកគេ តែគេឲ្យតម្លៃ ៣ . ៥០០ ទៅ ៣ . ៨០០។ ដូច្នេះមិនអាចលក់បានទេ ព្រោះវាខាតច្រើន ។ ប្រឈមមុខខ្លាំងណាស់ អាចត្រូវធនាគាររឹបអូសផ្ទះសម្បែង ឬដីស្រែអស់ហើយ »។
កំពុងឈរបាចចំណីត្រី លោកស្រី ផា យឺន ឲ្យដឹងទៀតថា ការដែលទីផ្សារត្រីពួកគាត់ត្រូវជាប់គាំងនោះ ដោយសារមានការនាំចូលត្រីសាច់បន្លែផ្លែឈើពីបរទេសច្រើនពេក ជាពិសេសនាំចូលពីប្រទេសវៀតណាម តែម្ដង។ ការងាកទៅនាំចូលត្រីពីវៀតណាម ព្រោះតម្លៃត្រីថោកជាងនៅកម្ពុជា។ ពួកគាត់សំណូមពរឲ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយទប់ស្កាត់ការនាំចូលត្រីមិនប្រក្រតី ហើយស្វែងរកទីផ្សារពួកគាត់៖ « សូមបិទត្រីពីខាងគេខ្លះទៅ ( វៀតណាម ) សូមជួយខ្មែរខ្លះផង ងាប់ខ្មែរអស់ហើយ ។ ចិញ្ចឹមមាន់ទាជ្រូកអីកំពុងលំបាកណាស់រាល់ថ្ងៃ ។ មិនដឹងរកស៊ីអីកើតទេ។ បើនាំចូលខាងគេមកថោកៗ ហើយបើយើងលក់ថ្លៃលក់មិនចេញ។ ដល់ពេលលក់ថោកដូចគេ វាអត់រួចខ្លួន ព្រោះចំណីទិញពីគេថ្លៃ ហើយគេនៅទីនោះចំណីថោកត្រឹម ៤ម៉ឺន ហើយយើងមកនេះដល់ទៅ ៨ម៉ឺន ២ពាន់ ទៅ ៨ម៉ឺន ៣ពាន់ណោះ វាខុសត្រូវគ្នាច្រើនណាស់ »។
មិនខុសគ្នាប៉ុន្មានឡើយ ពលរដ្ឋមួយគ្រួសារទៀត បានត្អូញត្អែរដែរថា ទោះបីជាត្រូវលក់ខាតខ្លះក្តី ក៏លោកស្រីនឹងលក់ចេញវិញដែរ ដើម្បីយកលុយទៅរកស៊ីមុខរបផ្សេង ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏គ្មានអ្នកមកទិញយកទៅចែកចាយបន្តឡើយ៖ « ដល់កំណត់ចាប់ហ្នឹង ក្រែងបានដើមរកស៊ីទៀត តែឥឡូវមានតែប៉ុណ្ណឹងហើយ បែរជានៅក្នុងទឹកទាំងអស់ »។
ប្រជាកសិករទាំងនេះអះអាងថា ពួកគាត់មិនដែលឃើញមុខមន្ត្រីជំនាញ ឬខាងមន្ត្រីកសិកម្ម ជួយផ្ដល់ជំនួយគាំទ្រដូចជាបច្ចេកទេស និងកូនត្រីពូជ រួមទាំងបញ្ហាផ្សេងៗទៀត ដូចជាទីផ្សារនេះជាដើម។
រីឯនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង លោក អូន ស៊ីណាត បញ្ជាក់ថា ការចិញ្ចឹមត្រីលក្ខណៈគ្រួសារមានពលរដ្ឋប្រមាណជាង ៧ពាន់គ្រួសារ ដែលមានជាង ៧ពាន់ស្រះដែរនៅទូទាំងខេត្តព្រៃវែង។ លោកថា អាជ្ញាធរបានជួយបង្រៀន និងផ្ដល់បច្ចេកទេស រួមទាំងកូនត្រីពូជផងដែរ។ ចំពោះបញ្ហាទីផ្សារនោះ លោកបញ្ជាក់ថា ឆ្នាំនេះសម្បូរត្រីធម្មជាតិ ឬត្រីស្រែច្រើនពេក ម្ល៉ោះហើយទើបបានជាត្រីចិញ្ចឹមលក្ខណៈគ្រួសាររងផលប៉ះពាល់៖ « ត្រីស្រែអត់ទាន់អស់ផង នៅបាភ្នំ នៅមេសាង អីត្រីច្រើន ហើយបងប្អូននេសាទបានមក ខ្លះដឹកលក់ដល់ភ្នំពេញទៀតត្រីស្រែ។ ដល់អ៊ីចឹងទៅត្រីដែលគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារក្នុងមូលដ្ឋាន វាអត់ទាន់មានទីផ្សារល្អទេ ។ ប៉ុន្តែរាល់ឆ្នាំវាមានល្អក្នុងខែ៣ ហើយយើងនៅតែរកទីផ្សារឲ្យគាត់អ៊ីចឹង ហើយបើមានគេមកដឹកជញ្ជូនអី គឺយើងនឹងបង្កលក្ខណៈងាយស្រួល »។
លោក អូន ស៊ីណាត ឲ្យដឹងថា ក្នុងមួយខែកម្ពុជា នាំចូលត្រីពីប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តព្រៃវែង ចន្លោះពី ២៥០តោន ទៅ ៣០០តោន ហើយដឹងឆ្លងកាត់ទៅលក់នៅភ្នំពេញ ខេត្តកំពង់ចាម រួមទាំងខេត្តផ្សេងៗ។ ថ្វីបើការនាំចូលត្រីពីវៀតណាម មានច្រើនក្ដី តែលោកថា មិនបានអនុញ្ញាតឲ្យនាំចូលប្រភេទត្រីដែលប្រជាពលរដ្ឋកំពុងចិញ្ចឹមឡើយ៖ « ជាទូទៅ រដ្ឋបាលជលផលមិនដែលឲ្យនាំចូលត្រីដែលយើងចិញ្ចឹមទេ។ បងប្អូនចិញ្ចឹមសម្បូរត្រីប្រា និងត្រីពោ អ៊ីចឹងត្រីទាំងពីរប្រភេទនេះមិនដែលឲ្យនាំចូលតាមច្រកព្រៃវែង ទេ »។
ចំពោះការនាំចូលត្រីពីប្រទេសវៀតណាម នេះដែរ ថ្មីៗនេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក បានប្រាប់អង្គភាពព័ត៌មានហ្វ្រេសញូវ (FreshNews) ថា កម្ពុជាបាននាំត្រីពីប្រទេសវៀតណាម ចន្លោះពី ៧០ ទៅ ៨០តោនក្នុងមួយថ្ងៃៗ ដើម្បីបំពេញតម្រូវការនៅតាមសណ្ឋាគារ អាហារដ្ឋាន ក៏ដូចជាការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ណៅ ធួក បានបញ្ជាក់បន្តថា ក្នុងចំណោមត្រីដែលនាំចូលពីវៀតណាមនេះ មានត្រីខ្លះក៏មានការបង់ពន្ធ ហើយត្រីខ្លះទៀតលួចនាំចូលតាមច្រករបៀង ដោយមិនមានបង់ពន្ធនោះឡើយ។ លោក ណៅ ធួក បានទទួលស្គាល់ថា ការនាំចូលត្រីពីប្រទេសវៀតណាម ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺពិតជាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការចិញ្ចឹមត្រីក្នុងស្រុក ហើយក្រសួងក៏បានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ផងដែរ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋខ្មែរ គឺចិញ្ចឹមតាមលក្ខណៈគ្រួសារ និងប្រពៃណី ដែលចំណាយដើមទុនច្រើន ចំណាយពេលវេលាយូរ ដូច្នេះហើយទើបពួកគាត់មិនអាចលក់ក្នុងតម្លៃថោកដូចត្រីចិញ្ចឹមរបស់វៀតណាម ឡើយ។ លោកបញ្ជាក់ថា ថ្វីត្បិតវៀតណាម លក់ក្នុងតម្លៃថោកក្តី ក៏ពួកគេនៅតែទទួលបានផលចំណេញច្រើនដែរ ព្រោះរបៀបចិញ្ចឹមត្រីរបស់ពលរដ្ឋវៀតណាម គឺប្រើរយៈពេលខ្លី និងចំណាយដើមទុនតិច ដោយសារគេមានជំនាញ និងបច្ចេកទេស រួមទាំងប្រើចំណីគីមីឲ្យឆាប់ធំទៀតផង។
ដើម្បីដោះស្រាយបញ្ហាទីផ្សារត្រីនេះ លោក ថេង សាវឿន ជឿថា រដ្ឋាភិបាលអាចដោះស្រាយបាន តាមរយៈវិធានការទប់ស្កាត់ការនាំចូលបន្លែត្រីសាច់ខុសប្រក្រតីច្រើនហួសហេតុក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកថា រដ្ឋាភិបាលត្រូវបង្កើតទីផ្សារ និងជួយបច្ចេកទេស និងធនធានដល់កសិករផងដែរ៖ « បញ្ហាទីផ្សារខ្ញុំគិតថា រដ្ឋាភិបាលអាចធ្វើបាន ប្រសិនបើរដ្ឋាភិបាលអាចបង្កើតទីផ្សារក្នុងតំបន់ មានន័យថា ខេត្តមួយៗត្រូវផលិតលក់ក្នុងតំបន់ ដូចជាតំបន់ព្រៃវែង និងស្វាយរៀង ជាដើម។ ចឹងយើងជំរុញឲ្យផលិតម្ហូប និងបន្លែ ជាដើម ហើយលក់ក្នុងតំបន់ខ្លួនឯងក្នុងការចែកចាយ ជាជាងនាំចូលពីប្រទេសជិតខាង ។ ដើម្បីលើកទឹកចិត្តឲ្យផលិតនេះបាន រដ្ឋាភិបាលត្រូវតែមានឆន្ទៈ និងត្រូវរៀបចំធនធានថវិកា និងធនធានមនុស្សក្នុងការដឹកនាំធ្វើ ជាជាងតែប្រើប្រាស់មេភូមិ មេឃុំបច្ចុប្បន្ន ដើម្បីទៅគំរាមកំហែងប្រជាពលរដ្ឋ និងតាមស៊ើបអង្កេតប្រជាពលរដ្ឋចូលទៅបក្សណា »។
លោក ថេង សាវឿន ក៏បង្ហាញក្ដីបារម្ភដែរអំពីម្ហូបអាហារ មានបន្លែត្រីសាច់ដែលនាំចូលពីប្រទេសវៀតណាម ខុសប្រក្រតីនោះ អាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ។
ក្រុមអ្នករកស៊ីចិញ្ចឹមត្រីសង្ឃឹមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធអាចទប់ស្កាត់ការនាំចូលត្រីពីប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាពនោះ នឹងធ្វើឲ្យទីផ្សារសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកកាន់តែទូលំទូលាយ។ ផ្ទុយទៅវិញ ប្រសិនបើបណ្ដោយឲ្យមានការនាំចូលបែបនេះតទៅទៀត អ្នករកស៊ីចិញ្ចឹមត្រី អាចនឹងត្រូវបោះបង់អាជីព ហើយនាំគ្នាចំណាកស្រុកកាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
