ប្រជានេសាទមួយចំនួននៅខេត្តសៀមរាបត្អូញត្អែរពីតម្លៃត្រីចុះថ្លៃធ្វើឱ្យពួកគាត់កាន់តែក្រីក្រ
2022.12.10

ប្រជានេសាទមួយចំនួន ដែលរស់នៅដោយពឹងលើការរកត្រីក្នុងតំបន់ទន្លេសាបអស់រយៈពេលជាច្រើនទសវត្សរ៍ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្អូញអំពីតម្លៃត្រីចុះថ្លៃ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារការចំណាយច្រើនជាងចំណូល។
ក្រោយពីមានវិធានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់រួចមក ឆ្នាំនេះគឺខុសពីឆ្នាំមុនៗ ដែលធ្វើឱ្យប្រជានេសាទអាចរកត្រីបានច្រើនសម្រាប់ទុកបរិភោគ និងយកទៅលក់ឱ្យឈ្មួញ គ្រាន់បានថវិកាខ្លះយកមកទិញអង្ករ និងសម្ភារៈផ្សេងៗ។ ប៉ុន្តែពលរដ្ឋបារម្ភថា ចំណូល ដែលរកបានសឹងតែមិនគ្រប់លើការចំណាយ ដោយសារតែទីផ្សារត្រីចុះថ្លៃ ដូច្នេះពួកគាត់ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យជួយរកទីផ្សារត្រីឱ្យបានថ្លៃជាងនេះ។
ប្រជានេសាទម្នាក់ ដែលយកត្រីមកលក់នៅផ្សារភ្នំក្រោម សង្កាត់ចុងឃ្នៀស លោកស្រី ប៉ា ធឿន ប្រាប់វិទ្យុអាស៊ីសេរីថា ការនេសាទត្រីបច្ចុប្បន្ននេះ មិនសូវបានទៀងទាត់នោះទេ ពេលខ្លះអាចរកបាន ៣០គីឡូ ទៅ ៤០គីឡូ និងពេលខ្លះទៀត បានត្រឹម ១០គីឡូក៏មាន។ តែយ៉ាងណា រយៈពេល ២ខែនេះលោកស្រីសង្កេតឃើញថា ត្រីសម្បូរជាង ២ឆ្នាំមុន ក្រោយពីបិទការនេសាទខុសច្បាប់ ខណៈដែលកន្លងទៅ រកតែត្រីសម្រាប់បរិភោគសឹងមិនបាន។
លោកស្រីអះអាងថា រាល់ថ្ងៃការនេសាទរបស់ប្រជាពលរដ្ឋបានត្រីច្រើនជាងមុនក៏ពិត ប៉ុន្តែបើគិតលើការចំណាយវិញសឹងតែលើសចំណូល ព្រោះទិញផ្សេងៗ ឡើងថ្លៃ ហើយប្រជានេសាទ ត្រូវជិះទូកស្មាច់ ដើម្បីទៅនេសាទ រយៈពេល ២យប់ទៅ ៣យប់ ទើបមកគោក ដើម្បីលក់ម្ដង ដូច្នេះការប្រើសាំង ម៉ាសូត ក៏កើនឡើង។ លោកស្រីបន្តថា សព្វថ្ងៃត្រីលក់បានត្រឹម ១គីឡូ ១ម៉ឺនរៀលសម្រាប់ត្រីរ៉ស់ និង ១ពាន់រៀលសម្រាប់ប្រភេទត្រីតូចៗ។
«រកបាន ឥឡូវរកបាន ប៉ុន្តែពិបាកលក់ ត្រីវាថោក ឈ្មួញទិញឯណោះ ត្រីក្រាញ់ ត្រីអីថោកណាស់។ ១គីឡូ ១ពាន់ (រៀល) ២ពាន់ គឺថា រើសណាស់ យ៉ាប់លក់។ រកត្រីបាន ពិបាកលក់ត្រី អ្នកទិញហ្នឹង វាថោកនិយមទៅ វាទិញបង្អាប់។ បើទិញឱ្យគូរសម ដែលគ្នាអាចរកបានអត់។ ត្រីស្លាតត្រីអ៊ីចឹង កាលពីមុន ១គីឡូ ៨ពាន់ ៩ពាន់ (រៀល) ព្រឹកមិញនៅ ១គីឡូ ៤ពាន់ (រៀល)»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត ដែលទើបមកពីនេសាទនៅក្នុងទន្លេ លោក ឈឿន សារី ឱ្យដឹងថា ថ្ងៃនេះលោករកត្រីបានតែ ៥គីឡូប៉ុណ្ណោះ ជាប្រភេទត្រីរ៉ស់ ហើយលក់បានថវិកា ៥ម៉ឺនរៀល ដោយសារតែរកត្រីមិនសូវបាន។ លោកបន្តថា បើកុំមានខ្យល់ ជាធម្មតាលោកអាចរក ច្រើនជាងនេះ។ តែយ៉ាងណា លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យបានតឹងរ៉ឹងបន្តទៀត ខណៈដែលបច្ចុប្បន្ននៅតែឃើញបទល្មើសកើតមានបែបលួចលាក់។
លោក ឈឿន សារី៖ «ពេលណាទៅ បាន ១៤ម៉ឺន (រៀល) ទៅ ២០ម៉ឺន (រៀល) តែថ្ងៃនេះវាខ្យល់ យប់មិញវាខ្យល់ពេកត្រីវាអត់ត្រូវ។ ខ្យល់ទៅវាបាត់ត្រូវទៅណាបាត់ កាលមុនចេះតែសន្សំបាន ២០ម៉ឺនឋ(រៀល) ៣០ម៉ឺន (រៀល)។ វារឿងកើនឡើង ២ឆ្នាំនេះ វាកើតឡើង ឆ្នាំមុន និងឆ្នាំនេះរាងគ្រាន់ បើប៉ុន្មានឆ្នាំមុនអត់ ហើយបានត្រីតិចតួចលក់ឱ្យថោកទៀត»។
ជុំវិញរឿងនេះ ចៅសង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប លោក អ៊ុំ ណារី ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ចុងឃ្នៀសមានជាង ២ពាន់គ្រួសារ (២.០៥៦គ្រួសារ) ហើយ ពលរដ្ឋប្រកបរបរនេសាទមានជាង ៦០ភាគរយ។ តែយ៉ាងណា លោកអះអាងថា នៅតំបន់ទន្លេសាបបច្ចប្បន្នមិនមានបទល្មើសខុសច្បាប់នោះឡើយ តាំងពីមានវិធានការតឹងរ៉ឹងពីសំណាក់រដ្ឋាភិបាល។ ចំណែកការត្អូញត្អែររបស់ពលរដ្ឋជុំវិញតម្លៃត្រីចុះថ្លៃលោកថា ជារឿងធម្មតា ព្រោះកាលណាពលរដ្ឋរកត្រីបានច្រើន គឺវាចុះថ្លៃទៅតាមឈ្មួញអ្នកទិញ ដូច្នេះលោកមិនដឹងថា ជួយរកទីផ្សារបែបណានោះទេ។
លោក អ៊ុំ ណារី៖ «ភក់ផលដែលបានច្រើន គឺវាពិបាកណាស់ គឺថា [ឈ្មួញ] ទម្លាក់ថ្លៃហ្នឹង អ៊ីចឹងវាពិបាកក្នុងការរកដំណោះស្រាយ។ ឥឡូវនេះគឺ ត្រីរបស់យើងនៅក្នុងសង្កាត់ហូរចេញទៅ ប៉ោយប៉ែត ចេញទៅគ្រប់ទីកន្លែង តែយប់ឡើងមានស្ទង់ត្រីគេទិញយកមកស្តុកនៅឯណោះឯង។ អានេះជារឿងមួយ ដែលកន្លងមកតែងតែមានបញ្ហាអ៊ីចឹង។ វាមិនទៀងទាត់តម្លៃទីផ្សារ ត្រីតែពេលច្រើនគឺថោក។ ព្រោះគេខាងណោះក៏រកបានច្រើន ខាងណេះក៏រកបានច្រើនដែរ»។
ទោះយ៉ាងនេះក្ដី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា កន្លងទៅប្រជាពលរដ្ឋសាទរ ចំពោះយុទ្ធនាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅតំបន់បឹងទន្លេសាប ដោយសង្ឃឹមថា ត្រីនឹងសំបូរឡើងវិញ ប៉ុន្តែពួកគាត់បែរជាអស់សង្ឃឹមក្រោយពីតម្លៃទីផ្សារត្រីចុះតម្លៃ តាមតែមាត់ឈ្មួញ ខណៈដែលអាជ្ញាធរពាក់ព័ន្ធហាក់មិន យកចិត្តទុកដាក់ ដោះស្រាយជូនពួកគាត់ឱ្យបានត្រឹមត្រូវ។
លោក យង់ គិមអេង៖ «ព្រោះយើងដឹងហើយថា ទន្លេសាបបានផ្ដល់នូវ ភក់ផលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសកម្ពុជា ហើយ អាចនឹងយកទៅលក់នៅខាងក្រៅទៀត ហើយអាចបង្កើននូវចំណូល សម្រាប់ជាតិផល សម្រាប់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋផង បើសិនជាយើងគ្រប់គ្រង ហើយនឹងរក្សានូវការនាំចេញទៅបានទូលំទូលាយ គឺជាការប្រសើរ»។
កាលពីថ្ងៃទី២៣ ខែមីនា លោក ហ៊ុន សែន បាន បទបញ្ជាផ្ទាល់មាត់ ឱ្យកងទ័ព និងកងកម្លាំងនគរបាលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ឱ្យចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព ក្រោយការស្រាវជ្រាវរកឃើញបទល្មើសនេសាទជាទ្រង់ទ្រាយធំ នៅតំបន់បឹងទន្លេសាបពីសំណាក់ លោក សុខ ទូច។ ប៉ុន្តែការចុះទប់ស្កាត់បទល្មើសនេសាទនេះ គេសង្កេតឃើញថា កើតឡើងតែមួយប៉្រាវ ក្រោយមានបទបញ្ជាប៉ុណ្ណោះ។សង្គមស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែបង្ក្រាបបទល្មើសនេសាទជាប្រចាំ និងជួយរកទីផ្សារលក់ត្រីឱ្យបានតម្លៃជាងនេះ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋកាន់តែល្អប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។