ការ​ទទួល​បាន​ «ទំនុកចិត្ត​ គឺជា​គន្លឹះ» ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ

ដោយ ជួន ជំនាង
2023.09.21
ការ​ទទួល​បាន​ «ទំនុកចិត្ត​ គឺជា​គន្លឹះ» ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ លោកនាយរដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត និង​ភរិយា ចូលរួមកម្មវិធី កាលពីថ្ងៃទី២០ កញ្ញា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន ម៉ាណែត

ការ​បង្ក​បរិយាកាស​អំណោយ​ផល​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​មក​បោះទុន​រកស៊ី ព្រមទាំង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​កម្ពុជា។ តើ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ព្រមទាំង​ភ្ញៀវ​ទេសចរ?

បន្ទាប់ពី​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក​មួយ​ខែ​កន្លង​មក​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បានបញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស​ចំនួន​ពីរ​លើក​មក​ហើយ ដោយ​លើកទីមួយ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) និង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ដែល​បាន​បញ្ចប់ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា កន្លង​ទៅ​នេះ។ ក្រៅពី​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស លោក ហ៊ុន ម៉ាណែត ក៏បាន​អួតអាង​ពី​ជោគជ័យ​នេះ​នៅក្នុង​ជំនួប​ជាមួយ​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃទី១៩ កញ្ញា ក្រោយពី​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។

ការ​ទាក់ទាញ​អ្នក​វិនិយោគ ឬ​ដើរ​ទាក់​ម៉ូយ ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ដោយ​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើន​ជើងហោះហើរ​ជាដើម​ គឺ​សុទ្ធ​សឹង​ជា​ជោគជ័យ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងប្រាប់​ដល់​កម្មករ​រាប់​ម៉ឺន​នាក់ ដោយ​លោក​ថែមទាំង​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​ទាក់​ម៉ូយ​មក​វិនិយោគ​តាម​ខេត្ត​ទៀត​ផង។

លោក ហ៊ុន ម៉ាណែត៖ «គឺ​ដើរ​ទាក់​ម៉ូយ​ក្នុង​មួយ​រយៈ​ពេលនេះ​។ ការ​ជួបគ្នា​បន្ថែម​ទៅលើ​ការ​បញ្ចេញ​ជំហរ​នយោបាយ​ការទូត​នៅក្នុង​ក្របខណ្ឌ​ពហុភាគី​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ឬ​ត្រីភាគី ខ្ញុំ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សេង កម្មវិធី​វិស័យ​ឯកជន កម្មវិធី​ជា​សាក្សី​នៅក្នុង​ការ​ចុះ​ហត្ថលេខា​រវាង​ក្រសួង​កសិកម្ម​យើង​ជាមួយ​ក្រសួងកសិកម្ម​ឥណ្ឌូណេស៊ី ការ​ចុះ MoU រវាង​វិស័យ​ឯកជន​យើង​ជាមួយ​វិស័យ​ឯកជន​ហ្វីលីពីន»

មាន​កិច្ចការ​ច្រើនណាស់​ ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​វិនិយោគិន ឬ​ភ្ញៀវ​ទេសចរណ៍ ដែល​ក្នុង​នោះ​មិន​ត្រូវ​មើល​រំលង​ឡើយ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ ការ​បង្ក្រាប និង​លុបបំបាត់​ការ​ជួញដូរ​មនុស្ស អំពើ​ឆបោក ការ​បំបាត់​អំពើពុករលួយ និង​ការគោរព​គោលការណ៍​នីតិរដ្ឋ​ជាដើម។

ការ​បំបាត់​សំឡេង​ប្រឆាំង​ដោយ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ ព្រមទាំង​ចាប់​មេដឹកនាំ​គណបក្ស​នេះ​ដាក់​ពន្ធនាគារ ការ​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នក​ដែល​មាន​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល ព្រមទាំង​ការ​បិទ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​ជា​បញ្ហា​ដែល​កម្ពុជា​រងគ្រោះ​ដោយ​រង​នូវ​ការ​ដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ទាំងស្រុង​ពី​សហរដ្ឋ​អាម៉េរិក និង EBA ប្រមាណ 20% ពី​សហភាព​អឺរ៉ុប​។ រដ្ឋសភា​ដែល​ជា​ស្ថាប័ន​ដែល​តាមច្បាប់​អាច​កោះហៅ មន្ត្រី​រដ្ឋាភិបាល​មក​ធ្វើការ​សាកសួរ​នៅពេល​មាន​បញ្ហា​ណាមួយ​មិន​ប្រក្រតី ក៏​ហាក់​មិន​អើពើ​រលើ​រឿងរ៉ាវ​អសកម្ម​របស់​រដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាច​មាន​អំណាច​ពេញដៃ​ចង់​ធ្វើ​អ្វី​បាន​តាមចិត្ត។ ព្រឹត្តិការណ៍​ថ្មីៗ​លើ​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្តបន្ទាយមានជ័យ និង​ការ​លប​វាយប្រហារ​ធ្វើ​ឲ្យ​សកម្មជន​ផ្នែក​កសិកម្ម​ដែល​ហ៊ាន​រិះគន់​លើ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​មិន​សំចៃមាត់​គឺ​លោក នី ណាក់ នៅ​ដើមខែ​កញ្ញា​នេះ​ជា​វិញ្ញាសា​ថ្មី​មួយទៀត សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។ ប្រាកដ​ណាស់​ប្រសិនបើ​គ្មាន​ការ​ដោះស្រាយ​ណាមួយ​ប្រកបដោយ​តម្លាភាព និង​អាច​ទទួល​យក​បាន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​យក​មក​ពិចារណា​មុននឹង​មក​ធ្វើការ​បណ្ដាក់ទុន​នៅ​កម្ពុជា​។ ការ​ឈ្លោះ​គ្នា​ក្នុង​ប្រទេស​នេះ​ប្រាកដ​ណាស់​នឹង​មិនមែន​ជា​ការ​ស្វាគមន៍​ដល់​វិនិយោគិន ឬ​ភ្ញៀវ​ទេសចរណ៍​នោះ​ទេ ដែល​នេះ​ក៏​មិន​ខុសពី​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ណែនាំ​ពេល​លោក​ជួប​កម្មករ​នៅ​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃទី១៩ កញ្ញា នេះ​ថា ក្នុង​គ្រួសារ​ត្រូវតែ​ល្អ​នឹង​គ្នា​ដើម្បី​ឲ្យ​ញាតិ​រាប់អាន។

ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​ក៏​ជា​ចំណុច​មួយទៀត​ដែល​មិន​គួរ​មើល​រំលង​ឡើយ។ ចង់​ឬ​មិន​ចង់​មេដឹកនាំ​ត្រូវតែ​ទទួល​ស្គាល់​នូវ​បញ្ហា​នេះ​កំពុងតែ​កើត​មាន​ឡើង​នៅ​កម្ពុជា។ ជាក់ស្តែង​នៅក្នុង​ជំនួប​ដាច់ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ក៏បាន​លើកឡើង​បញ្ហា​នេះ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​ដែរ ដោយ​ស្នើសុំ​កិច្ចសហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេះ។ ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​នេះ​មិនមែន​តែ​បង្ក​ការភ័យខ្លាច​ដល់​វិនិយោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ទេសចរ​មកលេង​កម្ពុជា​ផង​ដែរ។ សារព័ត៌មាន​ជប៉ុន The Japan Times បាន​រាយការណ៍​ពី​ខ្សែភាពយន្ត​ដ៏​មាន​ភាព​ពេញនិយម​មួយ​ ដែល​បង្ហាញ​ពី​ករណី​ពិត​នៃ​អ្នក​ដែល​រង​អំពើ​ឆបោក ដែល​តាមរយៈ​ភាពយន្ត​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ទេសចរណ៍​ក្រៅប្រទេស​របស់​ចិន ដោយ​ប្រជាជន​ចិន​មិន​ចង់​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ទាំងឡាយ​ណា​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក។

សន្ទស្សន៍​អំពើពុករលួយ​ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ថ្នាក់​កាល​ពី​ឆ្នាំ២០២២ ប្រទេស​កម្ពុជា​ក៏​ជាប់​ថ្នាក់​រហូត​ដល់​លេខ១៥០ ដែល​ជា​ប្រទេស​មាន​អំពើពុករលួយ​ខ្លាំង​បំផុត​មួយ​ផង​ដែរ។ អំពើពុករលួយ​នេះ​ច្បាស់​ណាស់​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ជាទីបំផុត​ដល់​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស។ អំពើពុករលួយ​នេះ​បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា តាំងពី​ថ្នាក់ក្រោម​ជាតិ​រហូតដល់​ថ្នាក់​ជាតិ​តែម្តង។ មិនតែប៉ុណ្ណោះ​វា​ហាក់បីដូច​ក្លាយជា​ការប្រតិបត្តិ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅពេល​ទៅ​រក​សេវាកម្ម​ផ្សេងៗ​ពី​រដ្ឋ គឺ​ចង់​មិន​ចង់​គឺ​ត្រូវ​ដាក់​មក​ជាមួយ​នូវ​ទ្រនាប់ បើ​ពុំ​នោះ​ទេ ពលរដ្ឋ​នឹង​មិន​ទទួល​បាន​សេវា​ងាយៗ​ដោយ​រាប់ទាំង​ពេល​ពលរដ្ឋ​ទៅ​បង់ពន្ធ​ផ្សេងៗ​ ផង។

ចំណុច​សំខាន់​មួយទៀត​ដែល​រដ្ឋាភិបាល​មិន​គួរ​មើល​រំលង​នោះ គឺ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ធ្វើ​យ៉ាងណា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ស្ថិត​នៅ​ក្រោម និង​ស្មើភាព​ចំពោះមុខ​ច្បាប់​ទាំងអស់គ្នា។ មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ច្រើនណាស់​ដែល​បាន​កើតមានឡើង ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​អាណត្តិ​មុនៗ​។ ជាក់ស្តែង​ដូចជា​ករណី​លោក ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស ឬ​ឧកញ៉ា គិត ឃាង ដែល​ជា​បងប្រុស​របស់​អ្នកឧកញ៉ា គិត ម៉េង ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម​សុទ្ធតែ​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ពេញលេញ និង​តឹងរ៉ឹង​តាមច្បាប់ ផ្ទុយទៅវិញ​ពួកគេ​ទទួល​បាន​ការ​អនុគ្រោះ​ជា​ច្រើន​ពី​តុលាការ និង​ពន្ធនាគារ​នៅពេល​ពួកគេ​ជាប់ឃុំ​ខ្លួន ដែល​ខុសពី​ក្រុម​អ្នកនយោបាយ សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម ដែល​តុលាការ​អនុវត្ត​ច្បាប់​តឹងតែង និង​គ្មាន​ការ​អនុគ្រោះ។

កុំថាឡើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខំ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ឬ​ខំ​ប្រឹងប្រែង​ទាក់​ម៉ូយ​ដោយ​ខ្លួន​លោក​យ៉ាងណាក៏ដោយ ក៏​វិនិយោគិន ឬ​ភ្ញៀវ​ទេសចរណ៍​នៅតែ​ខ្លាចរអា​ក្នុង​ការ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ដែរ ប្រសិនបើ​រដ្ឋាភិបាល​មិន​ខិតខំ​ដោះស្រាយ​លើ​វិបត្តិ​នយោបាយ អំពើពុករលួយ អំពើ​ឆបោក និង​យុត្តិធម៌​សង្គម​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។