មន្ត្រីក្រសួងឧស្សាហកម្ម ប្រកាសថា មានរោងចក្រថ្មី ចំនួន៧៧ បានបើកដំណើរការនៅកម្ពុជា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែរោងចក្រដែលបានបើកដំណើរការកន្លងមក ចំនួន ៦រោងចក្រ បានដាក់ពាក្យសុំបិទរោងចក្រ។ សហជីពយល់ថា ការបើករោងចក្រថ្មី ជាព័ត៌មានល្អ សម្រាប់កម្មករ បើមានការបើករោងចក្រថ្មីៗ ព្រោះស្ថានភាពកម្មករកំពុងប្រឈមគ្មានការងារធ្វើ ដោយសាររោងចក្របិទទ្វារជាបន្តបន្ទាប់។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងឧស្សាហកម្ម អះអាងថា កាលពីពេលថ្មីៗ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថា បើទោះ កម្ពុជា ស្ថិតក្នុងស្ថានភាពរងការគំរាមកំហែង ពីជំងឺកូវីដ១៩ (Covid-19) ប៉ុន្តែ នៅតែអាចមានសមត្ថភាពទាក់ទាញរោងចក្រថ្មី ជាច្រើន មកឱ្យបើកដំណើរការបន្ថែមទៀត។ លោកថា តួលេខ ៧៧រោងចក្រនេះ ជាចំនួនរោងចក្រថ្មី ដែលស្នើសុំបើកក្នុងត្រីមាស (៣ខែ)ដំបូង នៅឆ្នាំ២០២០។
លោក ហេង សុគង់ អះអាងថា រោងចក្រថ្មី ទាំង៧៧ ដែលបានដាក់ឱ្យដំណើរការថ្មីនេះ អាចមានលទ្ធភាពបង្កើតការងារឱ្យកម្មករបានជិត ពីរម៉ឺន (២៧ ៩០៩)នាក់។ ចំណែករោងចក្រ ចំនួន៦ ដែលបានប្រកាសបិទជាផ្លូវការរួចហើយនោះ មានកម្មករសរុប ជាងប្រាំមួយពាន់ (៦ ០៥២)នាក់។ មន្ត្រីរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា គិតត្រឹមចុងខែមីនា កម្ពុជា មានរោងចក្រធុនធំកំពុងដំណើរការសរុបជិតពីរពាន់ (១ ៨០១) រោងចក្រ ដែលមានកម្លាំងពលកម្ម កំពុងធ្វើការជាងមួយលាន (១.០៦៣.០៣១) នាក់។
លោក ហេង សុគង់ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ មេសា ថា ៧៧រោងចក្រថ្មីនេះ ជាតួលេខផ្លូវការ ដែលខាងរោងចក្រ បានដាក់ពាក្យស្នើសុំបើក។ ឯ៦រោងចក្រ ដែលដាក់ពាក្យស្នើសុំបិទនោះ មិនរាប់បញ្ចូលជាមួយ តួលេខរោងចក្រដាក់ពាក្យស្នើសុំព្យួរកិច្ចសន្យាការងារកម្មករឡើយ ព្រោះការព្យួរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ៖ «បាទ ! អាហ្នឹងជាតួលេខផ្លូវការ ដែលរោងចក្រ គេបានស្នើសុំ ប្រកាសបង្កើតរោងចក្រ ពីក្រសួង ហើយសម្រាប់ ៦រោងចក្រ គេបានដាក់ពាក្យស្នើសុំផ្លូវការមកក្រសួង ដើម្បីស្នើបិទរោងចក្រ។ អាហ្នឹង ខ្ញុំបញ្ជាក់ឱ្យយល់ដែរណា ពាក្យថា បិទរោងចក្រ ហើយនិងព្យួរការងារ ពីរហ្នឹង ខុសគ្នា។ ខ្ញុំអត់និយាយ រឿងព្យួរការងារទេ ព្រោះអាខាងព្យួរការងារ អាហ្នឹង គេទំនាក់ទំនងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អានេះ គឺបិទរោងចក្រ បានន័យថា គេប្រកាសបើកពីក្រសួងឧស្សាហកម្ម គេបិទវិញ ក៏ក្រសួងឧស្សាហកម្មដែរ។ ហ្នឹង សុំយល់ចំណុចហ្នឹងណា»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ជីម៉ាក់ (GMAC) លោក ខេន លូ បានទេ កាលពីថ្ងៃទី២៥ មេសា ដោយសារ គ្មានអ្នកទទួលទូរស័ព្ទ។ តែ លោក បានប្រាប់សារព័ត៌មានក្នុងស្រុកថា សមាគម ទទួលបានសមាជិកថ្មី ចំនួន ៥ រោងចក្រក្នុងរយៈពេល ៣ខែដំបូងឆ្នាំ ២០២០ នេះ។ ប៉ុន្តែសមាជិករបស់ជីម៉ាក់មួយចំនួនក៏បានបិទដែរ ប៉ុន្តែ លោកអត់មានតួលេខទេ។
លោក ខេន លូ ធ្លាប់ប្រាប់អាស៊ីសេរីថា បញ្ហាប្រឈមរបស់វិស័យកាត់ដេរនៅកម្ពុជា ពេលនេះ គឺ ដោយសារ ក្រុមអ្នកបញ្ជាទិញ នៅក្រៅប្រទេស ពិសេសសហភាពអឺរ៉ុប សហរដ្ឋអាមេរិក មិនទទួលយកផលិតផល ដែលបានកុម្ម៉ង់រួចរាល់ ដើម្បីបញ្ចៀសបញ្ហាប្រឈមរបស់កម្មករ៖ «ផលវិបាកថា យើងបាត់ទីផ្សារមកពីអ្នកបញ្ជាទិញនៅអាមេរិក និងនៅអឺរ៉ុបគេអត់ទទួលស្គាល់កិច្ចសន្យាដែលដាក់កន្លងមកឱ្យយើងផលិត។ អីវ៉ាន់ ដែលយើងផលិត ហើយគេអត់ទទួលយកទេ ហើយអីវ៉ាន់ដែលកំពុងផលិតអត់ឱ្យយើងផលិតតទៅទៀត។ អ៊ីចឹងមានន័យថា គេអត់ទទួលស្គាល់ទេ គេអត់បើកលុយឱ្យយើងទេ ហើយសួរថា បើភ្ញៀវយើងអត់បើកលុយ ឱ្យយើង តើរោងចក្រមានលុយណាបើកឱ្យកម្មករ»។
អ្នកឃ្លាំមើលសិទ្ធិការងារវិញ រកឃើញថា តួលេខនៃការបិទរោងចក្រជាក់ស្ដែង ច្រើនជាង៦រោងចក្រ ដែលបានជូនដំណឹងជាផ្លូវការ ទៅក្រសួងឧស្សាហកម្ម។ ឯរោងចក្រ ដែលបានដាក់ពាក្យទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំព្យួរកិច្ចសន្យាការងាររបស់កម្មករ មានជាង១៣០រោងចក្រ។
ប្រធានសហព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ យល់ថា ប្រសិនបើមានរោងចក្រថ្មី ជាច្រើន បើកឱ្យដំណើរការមែន ជារឿងប្រសើរសម្រាប់កម្មករ ព្រោះ ពួកគេជាច្រើននាក់ កំពុងព្រួយបារម្ភថា គ្មានការងារធ្វើ ក្រោយពេលរោងចក្រ ប្រកាសបិទភ្លាមៗ៖ «បើបើកបានមែន ក្នុងកំឡុងពេលនេះ វាអាចធ្វើឱ្យ ភាពចម្រុះនៃវិស័យផ្សេងៗ ជំរុញឱ្យការងារឱ្យកម្មករបានល្អ។ ប៉ុន្តែរឿងមួយ ដែលសំខាន់គឺយើងក៏ត្រូវប្រយ័ត្នរឿងការឆ្លងហ្នឹងដែរ។ អ៊ីចឹង ទាំងអ្នកវិនិយោគ ទាំងរដ្ឋាភិបាលត្រូវប្រយ័ត្នប្រយែងរឿងហ្នឹងដែរ។ បើសិនជាយើងមាន System ស្រួលបួល មានប្រព័ន្ធស្រួលបួល យើងអាចបើកបាន ព្រោះដោយសារនៅស្រុកខ្មែរយើង បើតាមទិន្នន័យបច្ចុប្បន្នវាមិនទាន់ឆ្លងអ្វី ទៅដល់កម្មករផ្នែកឧស្សាហកម្មអ្វីផ្សេងៗ ទ្រង់ទ្រាយធំទេ។ អ៊ីចឹង បើសិនជា យើងសហការគ្នា រវាងនិយោជក ហើយនិងរដ្ឋាភិបាល រៀបចំប្រព័ន្ធ ( ការងារ ) ល្អ យើងអាចចាប់ផ្ដើម បើកបណ្ដើរៗបាន។ ខ្ញុំគិតថា វាល្អសម្រាប់រឿងហ្នឹងដែរ ជៀសវាងយើងខ្លាចពេក»។
បើទោះ មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម បង្ហាញពីមោទនភាព ដែលមានរោងចក្រធុនធំ កំពុងដំណើរការ ខណៈពិភពលោក កំពុងជួបប្រទះជំងឺកូវីដ១៩ ក៏ដោយ តែធនាគារពិភពលោកបានរកឃើញថា សេដ្ឋកិច្ចកម្ពុជា បានរងការប៉ះពាល់យ៉ាងខ្លាំងរួចទៅហើយ ពីការផ្ទុះជំងឺកូវីដ១៩។ ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ នឹងថយល្បឿន មកនៅត្រឹម ២,៥ ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។