សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងបានផ្ញើលិខិតទៅគណៈកម្មការ និងសភាអឺរ៉ុបកាលពីថ្ងៃទី២ ខែមិថុនា ដោយស្នើអោយពន្យារពេលដកហូតប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ ឬ EBA ពីកម្ពុជា ដោយសម្អាងថា វិស័យដែលមានឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាមួយនេះអាចពិបាករើខ្លួនរួចដោយសារវិបត្តិផ្ទួនៗ គ្នា គឺពេលនេះវិស័យនេះកំពុងធ្លាក់ចុះដោយសារតែវិបត្តិជំងឺកូវីដ-១៩។
តាមគម្រោងសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា នឹងចូលជាធរមាននៅក្នុងខែសីហា ខាងមុខនេះ ចំពោះផលិតផលទំនិញ ដែលនាំចូលទៅទីផ្សារសហភាពអឺរ៉ុប ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ខកខានកែប្រែស្ថានភាពសិទ្ធិមនុស្ស អោយប្រសើឡើងវិញ។
សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងអះអាងប្រាប់គណៈកម្មការ និងសភាអឺរ៉ុប ថាពេលនេះវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើងនៅកម្ពុជាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ ហើយបើវិស័យនេះត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៀតនោះគឺមានន័យថាវិស័យនេះនឹងជួបទ្វេគ្រោះ។
ក្នុងលិខិត ដែលដាក់ទៅប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺសូឡា ហ្វុន ដែរ ឡែញ (Ursula von der Leyen) តំណាងនាយកដ្ឋានកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចូសេហ្វ បូរ៉េល ហ្វុនតេឡេស (Joseph Borrell Fonteless) និងប្រធានសភាអឺរ៉ុប ដាវីដ ម៉ារៀ សាសូលី(David Maria Sassoli) សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង លើកឡើងថា មកដល់ពេលមានរោងចក្រប្រមាណ ២៥០ហើយ ដែលបានព្យួរការងារ ឬបិទទ្វារមិនដំណើរការ ហើយកម្មករប្រមាណ ១៣ម៉ឺននាក់ ដែលភាគច្រើនជាស្រ្តី បាត់បង់ការងារ។ សមាគមលើកឡើងទៀតថា ចំនួនអ្នករងផលប៉ះពាល់នឹងបន្តកើនឡើងទៀតយ៉ាងឆាប់ក្នុងរយៈពេលដ៏ខ្លី ឯការលក់ផលិតផលរបស់កម្ពុជាក្នុងផ្នែកសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើរអាចនឹងធ្លាក់ចុះរង្វង់ ៥០ ទៅ ៦០ភាគរយនៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២០ ដោយសារការបញ្ជាទិញពីហាងម៉ាកល្បីៗ នៅសហភាពអឺរ៉ុប និងអាមេរិកខាងខាងជើងអាចនឹងការលុបចោលការបញ្ជាទិញ។ សមាគមព្យាករណ៍ថាពលរដ្ឋរាប់លាននាក់នឹងវិលត្រឡប់ទៅរកភាពក្រីក្រវិញនៅពេលខាងមុខ។
សមាគមស្នើឱ្យគណៈកម្មការអឺរ៉ុបពន្យារពេលដកហូតប្រពន្ធអនុគ្រោះពន្ធ EBA ឱ្យបានរយៈពេល ១២ខែទៀត ពោលគឺបន្តពន្យាររហូតដល់ ខែសីហា ឆ្នាំ២០២១ វិញ ដើម្បីផ្ដល់ឱកាសអោយវិស័យនេះបានរើខ្លួនរួចចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មួយគ្រាសិន។
ប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ សូអៀង លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ប្រសិនបើសេចក្ដីសម្រេចរបស់អឺរ៉ុបនៅតែបន្ត កម្ពុជានឹងបាត់បង់ការបញ្ជាទិញថែមទៀត ហើយនឹងធ្វើអោយបាត់បង់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបន្ថែម ហើយការបាត់បង់នេះនឹងមិនត្រលប់មកវិញជាដាច់ខាត។ លោកថាសហភាពអឺរ៉ុបគួរតែពន្យារពេលក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដែល ខ្លួនបានកំណត់ក្នុងខែ សីហាខាងមុខនេះ បើមិនដូច្នេះទេ វិស័យនេះនឹងធ្លាក់កាន់តែធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អោយដឹងថាសហជីពក៏មានក្ដីបារម្ភមិនខុសគ្នាពីសមាគមរោងចក្រទាំងនេះដែរ ប៉ុន្តែលោកថា អ្នកដែលត្រូវទទួលខុសត្រូវដោះស្រាយបញ្ហានេះគឺ រដ្ឋាភិបាល៖ « យើងសំណូមពរទៅរដ្ឋាភិបាលកម្ពុជា និងសហគមន៍អឺរ៉ុបបន្តធ្វើការជាមួយគ្នា យ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាបន្ត EBA ហ្នឹងអោយបាន។ បើសិនមិនអាចដោះស្រាយបានទេមានន័យថាកម្ពុជាយើងវាមានបញ្ហា២ផ្ទួនគ្នាក្នុងពេលតែមួយ ដែលប្រទេសទូទៅគេបញ្ហាតែកូវីដទេ តែយើងបញ្ហាកូវីដផងបញ្ហានាមទំនិញទៅអឺរ៉ុបនឹងផង»។
នៅក្នុងសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបក្នុងការដកហូតប្រពន្ធអនុគ្រោះពន្ធពីកម្ពុជានោះបានបញ្ជាក់ពីតម្រូវការ អោយរដ្ឋាភិបាលកែប្រែស្ថានភាពសិទ្ធិមនុស្សអោយប្រសើរឡើងវិញប្រសិនបើរដ្ឋាភិបាលមិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ ជាពិសេសគឺផ្នែកសិទ្ធិការងារ សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ ជាដើម។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាតែងតែអះអាងម្ដងហើយម្ដងទៀតថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% មិនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនាំចេញផលិតផលទៅកាន់សហភាពអឺរ៉ុបនោះទេ និងថារដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់រួចហើយ រួមមាន ការកាត់បន្ថយការចំណាយមិនសមរម្យ និងបង្កើនភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជា ជាដើម ដើម្បីប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។
នាយកមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា សហភាពអឺរ៉ុបក៏ត្រូវទទួលខុសត្រូវ ចំពោះអ្នកប្រើប្រាស់ទំនិញពីកម្ពុជាដែរ។ លោកមើលឃើញថា កម្ពុជាពិបាកនឹងគេចផុតពីការកំណត់ដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះណាស់ ពីព្រោះមកដល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់ធ្វើអោយមានភាពប្រសើរនៅឡើយទេចំពោះបញ្ហាសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌរបស់ គណៈកម្មការអឺរ៉ុបនោះ៖ « យើងឃើញរដ្ឋាភិបាលកម្ពុជាលោកហាក់ដូចជាធ្វើបានតិចមែនទែនក្នុងការកែលម្អបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិការងារ។ ប៉ុន្តែផ្ទុយទៅវិញការសម្រេចរបស់សហគមន៍អឺរ៉ុបព្យួរ ២០ % ហ្នឹង ជាការសម្រេចមួយ ដែលផ្អែកទៅលើគោលការណ៍ទាំងការទូត និងគោលការណ៍មនុស្សធម៌។ ខ្ញុំគិតថា ខាងសហគមន៍អឺរ៉ុបគេបានព្យាយាមសម្របសម្រួលអស់ជាច្រើនមកហើយ » ។
លោក មឿន តុលា លើកឡើងថាក្នុងផ្នែកសិទ្ធិការងារ រួមនឹងសេរីភាពសហជីព ក៏មិនទាន់មានការកែលម្អ បន្ថែមពីលើនេះអាជ្ញាធរក្រុងភ្នំពេញក៏ចាប់ផ្ដើមរឹតត្បិតកាន់តែខ្លាំងដល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដោយការចាប់ខ្លួនសមាជិក និងសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ ទៅជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក្ដី។
ក្នុងស្ថានភាពនេះលោក នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈកាលពីថ្ងៃ ទី១ ខែមិថុនាថាក្នុងស្ថានភាពគ្រោះថ្នាក់ចំពោះមុខជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ នេះ រឿងសិទ្ធិមនុស្ស សិទ្ធិនយោបាយជាដើមនោះគឺត្រូវដកទុកមួយឡែកសិន៖ « អ្ហែងត្រូវដឹង ហើយអញប្រាប់អ្ហែងឱ្យត្រង់ អោយច្បាស់ រាប់ទាំងអ្នកធ្វើសកម្មភាពក្នុងស្រុក អ្ហែងធ្វើអញចាប់ វិទ្ធង្សនា ភេរវកម្ម មិនមែនសំដៅតែទៅលើការវាយប្រហារដោយគ្រាប់បែកគ្រាប់មីននោះទេ។ អ្នកឯងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចបំផ្លាញជាតិយ៉ាងដូច្នេះគ្មានរឿងត្រូវទុកអ្នកឯងទេ។ រឿងសិទ្ធិមនុស្សទុកមួយឡែកសិន។ ពួកអ្ហែងបំផ្លាញរឿងអីនិយាយដល់សិទ្ធិមនុស្ស »។
តែទោះជាយ៉ាងណាលោក មឿន តុលា មិនយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នេះទេ ដ្បិតកម្ពុជានៅអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលចាំបាច់ត្រូវធានាការគោរពសិទ្ធិមនុស្ស។
ចំពោះសំណើរបស់សមាគមរោងចក្រកាត់ដេរ និងផលិតស្បែកជើងដែលសុំពន្យារការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ អាស៊ីសេរីនឹងព្យាយាមសាកសួរទៅគណៈកម្មការអឺរ៉ុប ដើម្បីបានការឆ្លើយតបមកវិញ។
សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហាខាងមុខ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន នៅមានមួយរយៈពេលទៀត ដើម្បីកែប្រែស្ថានភាពសិទ្ធិមនុស្សឱ្យល្អឡើងវិញ ប្រសិនបើចង់ទទួលបាន EBA ២០% នេះឡើងវិញ និងថែរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ កុំឱ្យបាត់បង់បន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។