សាំង​បន្ត​ធ្លាក់​ថ្លៃ ក្នុង​ស្ថានភាព​លែង​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ

តម្លៃ​ប្រេងសាំង បាន​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត នៅ​ដើម​ខែ​មេសា​នេះ ក្នុង​ខណៈ​ដែល​មនុស្ស​ធ្វើ​ដំណើរ​កាន់​តែ​តិច​ទៅៗ។ ក្រសួង​ពាណិជ្ជកម្ម ​ចេញ​ផ្សាយ​ថា សាំង​ធម្មតា និង​ម៉ាស៊ូត លក់​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៥ មេសា ក្នុង​មួយ​លីត្រ សាំង​ធម្មតា​តម្លៃ ២.៣៥០​រៀល រីឯ​ប្រេង​ម៉ាស៊ូត ២.៤៥០​រៀល។

បើ​ធៀប​ទៅ​នឹង​ខែ​មីនា ប្រេង​សាំង​ធម្មតា​លក់​ក្នុង​តម្លៃ ៣.៤៥០​រៀល គឺ​នៅ​ដើម​ខែ​មេសា​នេះ តម្លៃ​ធ្លាក់​ចុះ ១.១៥០​រៀល។ ក្រសួង​ពាណិជ្ជកម្ម ​ធ្លាប់​បង្ហាញ​មូលហេតុ​នៃ​ការ​ចុះ​ថ្លៃ​ប្រេង​សាំង ថា ដោយសារ​​​តម្លៃ​ប្រេង​ នៅ​លើ​ទីផ្សារ​អន្តរជាតិ ធ្លាក់​ចុះ​ខ្លាំង​ដែរ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សាទរ​ចំពោះ​ការ​បន្ត​ធ្លាក់​ថ្លៃ​ប្រេង​សាំង ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ​ ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩ កំពុង​រាល​ដាល។ ប៉ុន្តែ​ លោក​ វ៉ន់ ពៅ​ ចង់​ឃើញ​រដ្ឋាភិបាល រក​យន្ត​ការ​ទប់​តម្លៃ​ប្រេង​សាំង​នេះ កុំ​ឲ្យ​ឡើង​ថ្លៃ​វិញ ទោះ​ក្រោយ​ការ​ស្ងប់​ជំងឺ​កូវីដ១៩ វិញ ក៏​ដោយ។ ម្យ៉ាង លោក​ថា ពេល​នេះ រដ្ឋាភិបាល​ក៏​គួរ​តែ​បន្ត​ជួយ​សម្រួល​ឲ្យ​តម្លៃ​ទំនិញ​ចុះ​ថោក​តាម​ថ្លៃ​សាំង​ដែរ ព្រោះ​ពលរដ្ឋ​កំពុង​បាត់​បង់​មុខ​របរ និង​ចំណូល។

បើ​ទោះ​តម្លៃ​ប្រេង​សាំង​បន្ត​ចុះ​ថ្លៃ នៅ​កាលៈទេសៈ​នេះ តែ​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​យល់​ថា មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ក្រី​ក្រ អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​មាន​ភាព​ប្រសើរ​ឡើង​ទេ។ លោក​ទទូច​ដល់​រដ្ឋាភិបាល ត្រូវ​រក​យន្ត​ការ​ចុះ​ថ្លៃ​ទំនិញ​តាម​សាំង​ឲ្យ​បាន ទើប​ជា​ការ​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ ក្នុង​កាលៈទេសៈ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។