អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត៤០ទៅតុលាការ ក្រោយពេលបោះឆ្នោត
2023.09.18
អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត ៤០ ទៅតុលាការ ពាក់ព័ន្ធនឹងការខកខានបង់ពន្ធតាមការកំណត់។ ការព្រមានប្តឹងនេះធ្វើឡើងស្របពេលការប្រមូលពន្ធរយៈពេល៨ខែ នៅខ្វះ២១ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារចាត់ទុកក្រុមហ៊ុនជិត៤០ ដែលខកខានបង់ពន្ធតាមការកំណត់ថា ជាបទល្មើសហើយប្រឈមប្តឹងទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់។
នៅលើហ្វេសប៊ុកផេក(Facebook Page) របស់អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកញ្ញា បានផ្សព្វផ្សាយលិខិតក្រើនរំឭកដល់តំណាង ក្រុមហ៊ុនជិត៤០ (៣៨ក្រុមហ៊ុន) ឱ្យចូលខ្លួនទូទាត់បំណុលពន្ធ។ លិខិតក្រើនរំឭកទាំងនោះបានទុកពេលឱ្យក្រុមហ៊ុននីមួយៗ ចូលខ្លួនទូទាត់បំណុលមិនឱ្យលើស១៥ថ្ងៃក្រោយទទួលលិខិត។
នៅផ្នែកក្រោមនៃលិខិតអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់សារដូចគ្នាថា បើតំណាង ក្រុមហ៊ុន មិនចូលខ្លួនតាមការកំណត់ទេ ខាងពន្ធដារចាត់ទុកជាបទល្មើសហើយប្តឹងទៅតុលាការ ដើម្បីផ្ដន្ទាទោស តាមមាត្រា ២២៦ មាត្រា២៤២ និងមាត្រា២៤៣ នៃច្បាប់ស្ដីពីសារពើពន្ធ។
លិខិតអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនជិត ៤០នោះ ភាគច្រើនបានទទួល លិខិតក្រើនរំឭកលើសពី១ដង ប៉ុន្តែនៅមិនព្រមទូទាត់ពន្ធដែលនៅជំពាក់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការពន្យល់បន្ថែមជុំវិញបញ្ហានេះពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ទោះយ៉ាងណានៅថ្ងៃទី១៥ ខែកញ្ញា ក្នុងកម្មវិធីផ្សាយពិសេសពីពន្ធដារ នៅលើផេក ហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល លើកឡើងថា លោកបានដឹងពីការលំបាក រកចំណូលរបស់ក្រុមហ៊ុនទាំងនេះក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។ ប៉ុន្តែ លោកថា ជាគោលការណ៍ច្បាប់ក្រុមហ៊ុនត្រូវចេញមុខ ដោះស្រាយ ជាមួយមន្ត្រីពន្ធដារ។
លោក គង់ វិបុល៖ «យើងខ្ញុំមានវិធានការប្លុកAccountដកអាជ្ញាប័ណ្ណនាំចូល ឬក៏ស្អីផ្សេងៗទៀតតាមច្បាប់មិនមែនធ្វើតាមតែចិត្តទេ។ យើងខ្ញុំបើមិនធ្វើយើងខ្ញុំខុស មន្ត្រីអនុវត្តច្បាប់មន្ត្រីនគរបាលយុត្តិធម៌មិនធ្វើខុសហើយ ខ្ញុំទទួលខុសត្រូវចំពោះមុខក្រសួងសេដ្ឋកិច្ច និងរដ្ឋាភិបាល»។
របាយការណ៍អគ្គនាយកដ្ឋានពន្ធដារ គឺក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៣ ស្ថាប័ននេះប្រមូលពន្ធបាន ចំនួន១ពាន់ ៩រយលានដុល្លារអាមេរិក។ ចំនួននេះនៅខ្វះ ២១ភាគរយ នៃផែនការប្រចាំឆ្នាំ។
ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល ពន្ធឱ្យបាន ជាង៣ពាន់ ៥រយលានដុល្លារ(៣.៥៧១,៥៤ លានដុល្លារ)។
នៅក្នុងកម្មវិធីផ្សាយពិសេសពីពន្ធ លោក គង់ វិបុល ប្ដេជ្ញារកចំណូលលើផ្នែកផ្សេងៗទៀត ឱ្យបានគ្រប់តាមផែនការនៅចុងឆ្នាំ២០២៣។
លោក គង់ វិបុល៖ «ការដែលថមថយនៅក្នុងឆ្នាំនេះយើងគិតថា វាថមថយក្នុងរង្វង់២១ភាគរយនៅក្នុង៨ខែនេះ។ ប៉ុន្តែ២១ភាគរយនៃការថមថយនេះបើគិតទៅបូកទៅបូកមករួមទាំងវិធានការផ្សេងៗទៀតខ្ញុំគិតថា ខ្ញុំរកបានគ្រប់ផែនការមិនឱ្យខ្វះទេខ្ញុំខិតខំព្យាយាមរកឱ្យគ្រប់»។
នៅដើមខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរស្រុក និងឃុំមួយចំនួនចាប់ផ្តើមចុះបញ្ជីអាជីវកម្មតូចតាចដូចជា កន្លែងកាត់សក់ លក់ម្ហូបអាហារ លាងឡានម៉ូតូ និងជួសជុលគ្រឿងម៉ាស៊ីនជាដើម ដើម្បីតម្រូវឱ្យបង់ពន្ធ។ ប៉ុន្តែក្រោយពីមានប្រតិកម្មពីមហាជនទូទាំងប្រទេសនៅថ្ងៃទី១៣ខែកញ្ញា លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញលិខិតមួយប្រកាសផ្អាកការយកពន្ធលើរបរទាំងនេះវិញ។
អ្នកសិក្សាច្បាប់លោក វ៉ន ចាន់ឡូត លើកឡើងថា ជាគោលការណ៍ច្បាប់គឺ ប្រជាពលរដ្ឋទូទៅ និងក្រុមហ៊ុននានា មានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ លោកបន្តថា ច្បាប់កម្ពុជានិងច្បាប់នៅប្រទេសផ្សេងៗនៅពេលដែលមានការគេចវេសមិនបង់ពន្ធគឺត្រូវប្រឈមការផ្ដន្ទាទោសដូចគ្នា។
ប៉ុន្តែអ្នកសិក្សាច្បាប់រូបនេះ ជំរុញឱ្យរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយ ឬមិនយកពន្ធបន្ថែមផ្សេងទៀត ខណៈពលរដ្ឋកំពុងជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ច។
លោក វ៉ន់ ចាន់ឡូត៖ «ស្ថានភាពសេដ្ឋកិច្ចដែលវារងផលប៉ះពាល់ពីសកលលោកផងអ៊ីចឹងខ្ញុំគិតថាការសម្រេចណាមួយទាក់ទងការប្រមូលពន្ធឬក៏ការចេញច្បាប់យកពន្ធបន្ថែមលើផ្នែកអ្វីមួយផ្សេងខ្ញុំយល់ថា អាជ្ញាធរគួរពិចារណាឱ្យបានម៉ត់ចត់ ព្រោះករណីនេះវាពាក់ព័ន្ធដោយផ្ទាល់ករណីការរស់នៅរបស់ប្រជាពលរដ្ឋ»។
សាស្ត្រាចារ្យ និងជាទីប្រឹក្សាផ្នែកច្បាប់លោក ស៊ឹម វិបុល ពន្យល់ថា ពេលក្រុមហ៊ុនខកខាន បង់ពន្ធអាជ្ញាធរមានវិធានការជួបចរចាយ៉ាងតិច៣ដង ដើម្បីសម្របសម្រួល មុនមានវិធានការផ្សេងទៀត។ លោក ស៊ឹម វិបុល បន្តថា ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច នេះ រដ្ឋមិនគួររឹតបន្តឹងពន្ធពេកទេ ផ្ទុយទៅវិញគួរមានការបន្ធូរបន្ថយដូចនៅប្រទេសថៃ។
លោក ស៊ឹម វិបុល៖ «ខ្ញុំមើលឃើញរយៈពេលប៉ុន្មានខែចុងក្រោយហ្នឹង ខាងពន្ធដារអត់មានបន្ធូរដៃ។ជាពិសេសគួរតែលើកទឹកចិត្តដល់អាជីវកម្មតូចតាច ឬក៏មធ្យមអីហ្នឹងមិនគួរលើកលែងទេ ប៉ុន្តែគួរតែបន្ធូរបន្ថយអ៊ីចឹងទៅនៅស្រុកថៃអីគេមានអ៊ីចឹង»។
នៅឆ្នាំ២០២២ រដ្ឋាភិបាលប្រមូលពន្ធបានជាង ៣ពាន់៤រយលានដុល្លារ( ៣.៤៥៥,១១លានដុល្លារ)។ ចំនួននេះលើសច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០២២ កំណត់ ជាង២០ភាគរយ (២២,៥៤ភាគរយ)។
លោក វ៉ន ចាន់ឡូត និង លោក ស៊ឹម វិបុលលើកឡើងប្រហាក់ប្រហែលគ្នាថា អំពើពុករលួយ ក្នុងដំណើរការប្រមូលពន្ធកន្លងមក បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ចំណូលជាតិ និងអ្នកបង់ពន្ធ ដែលរដ្ឋាភិបាលថ្មីអាណត្តិទី៧ គួរមានវិធានការច្បាស់លាស់ដោះស្រាយបញ្ហានេះ។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលើកឡើងថា បើរដ្ឋាភិបាលនៅតែបន្តបង្ខំទារពន្ធក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចបែបនេះ ធ្វើឱ្យពលរដ្ឋកាន់តែលំបាកខ្លាំងហើយអាចឈានដល់ការតវ៉ាពីមហាជនផ្ទុះឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។