សមាគម​រោងចក្រ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​ពី​គណៈកម្មការ​អឺរ៉ុប​ចំពោះ​ការ​ស្នើ​សុំ​ពន្យារ​ពេល​ដកហូត ​EBA​ ពី​កម្ពុជា

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។ (RFA)

0:00 / 0:00

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​នៅ​កម្ពុជា លោក ខេន លូ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ខាង​សមាគម​នៅ​មិនទាន់​បាន​ការ​ឆ្លើយតប​ពី​គណៈកម្មការ​អឺរ៉ុប ចំពោះ​សំណើ​របស់​សមាគម ដែល​ស្នើ​អោយ​គណៈកម្មការ​នេះ​ពន្យារពេល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នៅ​ឡើយ​ទេ។

លោក ខេន លូ ច្រានចោល​ព័ត៌មាន ដែល​ថា គណៈកម្មការ​អឺរ៉ុប​បដិសេធ​សំណើ​របស់​សមាគម និង​ថា សមាគម​កំពុង​បន្ត​រង់ចាំ​ការ​ឆ្លើយ​តប​ពី​គណៈកម្មការ​អឺរ៉ុប​នៅ​ឡើយ។

សារព័ត៌មាន នីកគី អាស៊ាន រីវីយូ (Nikkei Asian Review) របស់​ជប៉ុន បាន​ដាក់​ចំណង​ជើង​ព័ត៌មាន​ដែល​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ថា​សហគមន៍​អឺរ៉ុប​នឹង​បដិសេធ​ការ​ស្នើ​សុំ​បន្ធូរបន្ថយ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ មន្ត្រី​របស់​គណៈកម្មការ​អឺរ៉ុប​បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា​កម្ពុជា​អាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ ឬ EBA បាន លុះ​ត្រា​តែ​កែ​លម្អ​សិទ្ធិ​នយោបាយ និង​សិទ្ធិពលរដ្ឋ។ ដូច្នេះ គឺ​មាន​តែ​ការ​កែ​លម្អ​ស្ថានភាព​ទាំង​នោះ​ទេ​ទើប​គណៈកម្មការ​អឺរ៉ុប​អាច​នឹង​សើរើ​សេចក្ដី​សម្រេច​លើ EBAបាន។

សមាគម​រោងចក្រ​កាត់ដេរ (GMAC) សមាគម​ស្បែក​ជើង(CFA) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា បាន​រួមគ្នា​ស្នើ​អោយ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​ដកហូត​ប្រពន្ធ​អនុគ្រោះ​ពន្ធEBA រយៈពេល ១២ខែ​ទៀត ពោល​គឺ​បន្ត​ពន្យារ​រហូត​ដល់​ខែ​សីហា ឆ្នាំ២០២១ វិញ ដោយសារ​ពេល​នេះ​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។

សេចក្ដី​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ចំនួន ២០% ពី​កម្ពុជា នឹង​ចូល​ជាធរមាន​នៅ​ក្នុង​ខែ​សីហា ខាង​មុខ​នេះ ចំពោះ​ផលិត​ផល​ទំនិញ ដែល​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ខកខាន​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ការងារ សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ​ជាដើម អោយ​ប្រសើរ។

ទោះបីជា​យ៉ាង​ណា​ក្ដី​អ្នក​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា មក​ដល់​ពេល​នេះ​ស្ថានភាព​ប្រជាធិបតេយ្យ និង​​សិទ្ធិមនុស្ស​បន្ត​ធ្លាក់​ចុះ​កាន់​តែ​អាក្រក់​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។