រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងខ្វះខាតដើមទុនជិត ១ពាន់ ២រយលានដុល្លារ ដើម្បីដោះស្រាយបញ្ហាវិនិយោគនៅតាមអគារខ្មោច ឬអគារទុកចោលមិនទាន់សាងសង់រួចរាល់ក្នុងខេត្តព្រះសីហនុ។ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល រិះគន់ថា នេះជាបរាជ័យរបស់រដ្ឋាភិបាលដែលមិនអាចរៀបចំសណ្ដាប់ធ្នាប់ និងប្រព័ន្ធច្បាប់ឱ្យល្អប្រសើរ ដើម្បីផ្ដល់ឱ្យអ្នកជំនួញក្នុងស្រុក និងវិនិយោគិនបរទេសមានទំនុកចិត្តបោះទុនវិនិយោគបន្តលើសំណង់អគារខ្មោច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ដល់ពេលអាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តផែនការដោះស្រាយបញ្ហាវិនិយោគ និងសំណង់អគារកំពុងជាប់គាំងក្នុងខេត្តនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ការវិនិយោគ និងដើម្បីជំរុញឱ្យខេត្តព្រះសីហនុក្លាយជាពលសេដ្ឋកិច្ចគំរូពហុបំណង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់ព្យាយាមស្វែងរកអ្នកវិនិយោគ ដើម្បីមកបោះទុនវិនិយោគបន្តលើអគារខ្មោច ឬអគារមិនទាន់សាងសង់រួចរាល់ក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះថ្លៃត្រួតពិនិត្យលើការសាងសង់អគារ សម្រួលនីតិវិធីក្នុងការបោះទុនវិនិយោគ បង្កើតទីផ្សារលក់អចលនទ្រព្យឡៃឡុង និងការអនុគ្រោះពន្ធចំពោះអ្នកវិនលោក ហ៊ុន ម៉ាណែត៖«កន្លងទៅក៏មានសំណួរសួរ បានជជែកជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យចុះបើវិនិយោគិនមួយគាត់ទិញស្រង់ឡើងអគារមួយដែលជាប់គាំង ហើយយកទៅជួសជុល យកទៅបញ្ចប់ ដើម្បីដំណើរការ តើបានការគិតគូរអនុគ្រោះពន្ធយ៉ាងម៉េច?កិច្ចការងារនេះ ក្រុមការងារក៏បានគិត ហើយក៏មានគោលការណ៍អនុគ្រោះពន្ធ ប៉ុន្តែត្រូវចងលក្ខខណ្ឌថា ទិញទៅប្រាកដជាយកទៅជួសជុលដំណើរការធ្វើការ មិនមែនទិញទៅទុក ដើម្បីទុកលក់បានថ្លៃទេ។ អ៊ីចឹងកិច្ចការលម្អិតនេះ ក្រុមការងារនឹងចេញលក្ខខណ្ឌលម្អិត និងផ្ដល់គោលការណ៍លម្អិតបន្ថែមទៀត»។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី៣១ ខែមករា។ លោក ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិនិយោគ និងសំណង់អគារកំពុងជាប់គាំងឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ដាក់ចេញផែនការជាកញ្ចប់ បន្តស្វែងរកអ្នកជំនួញក្រៅប្រទេសមកបោះទុនជាពិសេសលោកណែនាំដល់អាជ្ញាធរធានាឱ្យបាននូវបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា សំណង់អគារក្នុងខេត្តព្រះសីហនុមានសរុប ១.០០៦អគារ។ ក្នុងនោះសំណង់អគារជាង ៣រយ (៣៦២) បានផ្អាកការសាងសង់ និងត្រូវការដើមទុនជិត ១ពាន់ ២រយលានដុល្លារ ដើម្បីបញ្ចប់ការសាងសង់គម្រោងសំណង់អគារខ្មោច ឬអគារមិនទាន់សាងសង់រួចរាល់ទាំងនោះ។ ដោយឡែកចំពោះអគារជិត ២រយអគារ (១៧៦) ផ្សេងទៀត បើទោះបីជាបានបញ្ចប់ការសាងសង់រួចរាល់ក្ដី ក៏មកទល់ពេលនេះ មិនទាន់មានដំណើរការ ឬមានវិនិយោគិនណាមកបោះទុននៅឡើយ។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ព្រួយបារម្ភថា ផែនការជំរុញឱ្យមានការបោះទុនវិនិយោគលើសំណង់អគារខ្មោច ក្រុមអ្នកវិនិយោគនឹងបន្តសាងសង់អគារសម្រាប់បើកអាជីវកម្មវិស័យបនល្បែងកាស៊ីណូ។ អ្នកស្រីថា ការរីករាលដាលនៃអាជីវកម្មបនល្បែងនេះ គឺជាកត្តាជំរុញឱ្យមានបទល្មើសឧក្រិដ្ឋដូចជា ជួញដូរគ្រឿងញៀន បង្ខាំងមនុស្ស និងការជួញដូរផ្លូវភេទជាដើម។ អ្នកស្រីចង់ឃើញរដ្ឋាភិបាលស្វែងរកអ្នកជំនួញមកបោះទុនវិនិយោគនៅខេត្តព្រះសីហនុក្រៅពីវិស័យបនល្បែងកាស៊ីណូ។
អ្នកស្រី ជៀប សុធារី៖«ហើយក្នុងហ្នឹងដើម្បីឱ្យមានអតិថិជន ចូលទៅលេងច្រើនគាត់[ម្ចាស់កាស៊ីណូ]ប្រើគ្រប់មធ្យោបាយក្នុងការអូសទាញ លួងលោមបញ្ចុះបញ្ចូល បោកប្រាស់មានគ្រឿងញៀន មានការផ្ដល់សេវាអីផ្សេងៗ គ្រប់បែបយ៉ាងទាំង ដើម្បីយកចិត្តអតិថិជនចូលមកលេងកម្សាន្តនៅទីហ្នឹង មានទាំងគ្រឿងញៀន គ្រឿងស្រវឹង មានទាំងស្ត្រីបម្រើផ្លូវភេទក៏មានដែរ។ យើងជាប្រជាពលរដ្ឋខ្មែរ យើងមិនចង់ឱ្យមានការវិនិយោគទុនលើរឿងទាំងអស់ហ្នឹងទេ។ កម្ពុជា ជាប្រទេសមួយដែលមាន សក្ដានុពលខាងវិស័យកសិកម្ម និងធនធានធម្មជាតិតែឥឡូវអ្វីទាំងអស់ហ្នឹងចាប់ផ្ដើមបាត់បង់បន្តិចម្ដងៗ ដោយសារតែអ្នកវិនិយោគគេកែប្រែតំបន់ទាំងអស់ហ្នឹងឱ្យក្លាយជាសណ្ឋាគារ រមណីយដ្ឋាន ជាកន្លែងកម្សាន្តបែបសិប្បនិម្មិត»។
រីឯ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា វិញវាយតម្លៃថា សំណង់អគារខ្មោចនៅខេត្តព្រះសីហនុ ក្រៅពីអ្នកជំនួញចិន អ្នកជំនួញ ឬក្រុមហ៊ុនមកពីបណ្ដាប្រទេសលោកសេរីទំនងមិនហ៊ានបោះទុនវិនិយោគបន្តលើសំណង់អគារទាំងនោះទេ ដោយសារតែក្រុមហ៊ុនពីលោកសេរីប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើជំនួញដែលជាប់ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ។ លោកបារម្ភថា ផែនការរបស់រដ្ឋាភិបាលក្នុងការអូសទាញអ្នកជំនួញមកបោះទុនវិនិយោគអគារខ្មោច អាចផ្ដល់ឱកាសសម្រាប់អ្នកជំនួញទុច្ចរិតខ្លះមកបើកក្រុមហ៊ុនរកស៊ីខុសច្បាប់នៅខេត្តព្រះសីហនុបន្ថែមទៀត។
លោក ប៉ោ មករា៖«អ៊ីចឹងធ្វើឱ្យតំបន់ខេត្តព្រះសីហនុ អគារនៅហេដ្ឋារចនាសម្ពន្ធដែលបោះបង់ចោលមានការខាតបង់តាមរយៈវិបត្តិសេដ្ឋកិច្ចហ្នឹង វារឹតតែមានបញ្ហាធ្ងន់ធ្ងរបន្ថែមពីលើអ្វីដែលមានស្រាប់ហ្នឹងទៀត។ កន្លែងទីតាំងក្រុងព្រះសីហនុនេះ វិនិយោគទុនក្រៅពីប្រទេសចិន ក៏អត់ហ៊ានចូលមកដែរ ដោយសារតែទីមួយ វាពាក់ព័ន្ធទៅនឹងអំពើពុករលួយ អ្នករកស៊ីពិភពអឺរ៉ុប នៅសហរដ្ឋអាមេរិក គេអត់ហ៊ានមកទេ គេអត់ចង់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស គេអត់ចង់ពាក់ព័ន្ធជាមួយក្រុមហ៊ុនចិនមួយចំនួន ដែលរកស៊ីមិនស្របច្បាប់។ អ៊ីចឹង ចង់មិនចង់វិនិយោគទុនមានតែវិនិយោគទុនចិនទេ ដែលបកមករកទីតាំងខេត្តព្រះសីហនុមានអគារទុកចោល អគារខ្មោចហ្នឹង»។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសំណង់អគារកំពុងជាប់គាំងស្របតាមយន្តការដែលបានដាក់ចេញ និងណែនាំដល់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុពង្រឹងស្មារតីទទួលខុសត្រូវ និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីបញ្ហាប្រឈមនៃដំណើរការរបស់វិនិយោគិនចូលមកវិនិយោគនៅខេត្តព្រះសីហនុ។
ថ្វីបើបែបនេះក្ដី ទាំងអ្នកស្រី ជៀប សុធារី និងលោក ប៉ោ មករា លើកឡើងស្របគ្នាថា ប្រសិនបើរដ្ឋាភិបាលអូសទាញបានតែអ្នកជំនួញជនជាតិចិន ដើម្បីបន្តការសាងសង់ ឬវិនិយោគសំណង់អគារខ្មោចក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលនឹងមិនទទួលបានផលចំណេញជាដុំកំភួននោះទេ និងអាចធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍប៉ះពាល់សេដ្ឋកិច្ចជាតិកាន់តែខ្លាំង ដ្បិតប្រទេសចិនខ្លួនឯងក៏កំពុងជួបវិបត្តិសេដ្ឋកិច្ច និងបញ្ហាជាប់គាំងផ្នែកអចលនទ្រព្យសំណង់អគារដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
