"កម្ពុជា​ខាតបង់​ថវិកា​ជាង ៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយសារតែ​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅ​ប្រទេស"

0:00 / 0:00

មន្ត្រី​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២១ ឧសភា​ថា កម្ពុជា​ខាតបង់​ថវិកា​ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដោយសារតែ​ការ​នាំ​សត្វ​ជ្រូក​ចូល​មក​ពី​ក្រៅ​ប្រទេស។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បញ្ជាក់​ថា បើសិនជា​រដ្ឋាភិបាល​ចង់​ឱ្យ​កំណើន​សេដ្ឋកិច្ច​កើន​​ឡើង គឺ​ត្រូវ​បិទ​ការ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស ហើយ​ប្រជាពលរដ្ឋ​ត្រូវ​នាំគ្នា​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​វិញ​។ លោក​បញ្ជាក់​ថា ការ​នាំ​គ្នា​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​វិញ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ពង្រីក​មុខរបរ​ផ្សេងទៀត​បាន​ពិសេស ការ​ដាំ​ដំណាំ​កសិផល​ជា​ចំណី​ជ្រូក​ដូចជា​ពោត​ជាដើម​៖ «ធ្វើ​ម៉េច​ឱ្យ​ចំណូល​GDP​របស់​ប្រជាជន​មាន​ការ​កើនឡើង ដែល​រដ្ឋាភិបាល​ចង់​បាន​ចំណូល​ ៨​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ តែ​ឥលូវ​យើង​បានតែ​ ១៦០០​ពាន់​លាន​ដុល្លារ​ហ្នឹង​? យើង​យក​លុយ​ទៅ​ទិញ​ជ្រូក​ពី​បរទេស​មួយ​ឆ្នាំ ៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ចុះបើ​យើង​យក​លុយ​នេះ​មក​ចែក​ប្រជាជន​ស្រុក​វិញ ទិញ​ពោត ទិញ​បន្លែ​របស់​ពួកគាត់​យើង​វិញ វា​ល្អ​ជាង ខ្មែរ​យើង​សង់​អង្គរ​បាន ហេតុ​អី​ថា​ចិញ្ចឹម​ជ្រូក​មិន​បាន​? លុយ ៤០០​លាន​ដុល្លារ​នេះ បើ​យើង​គិត​ទាំង​មាន់ គោក្របី​ផ្សេងទៀត ជិត ១​ពាន់​លាន​ដុល្លារ​បូក​ទាំង​ការ​ទិញ​បន្លែ តែ​បើ​យើង​យក​លុយ​នេះ​មក​ចែក​ប្រជាពលរដ្ឋ​យើង​វិញ គឺ​មិន​ដឹង​ជា​បាន​ប៉ុនណា?

លោក ស្រ៊ុន ពៅ បាន​បន្ថែម​ថា ចាប់​តាំង​ពី​ក្រសួងកសិកម្ម​រឹត​បន្តឹង​ការ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​មក ការ​ចិញ្ចឹម​ក្នុង​ការ​ស្រុក​កើន​ឡើង ហើយ​តម្លៃ​ក៏​កើន​ឡើង​ដែរ គឺ​ចន្លោះ​ពី​១១.០០០-១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​កាលពីមុន​១​គីឡូក្រាម​តម្លៃ​តែ ៨​.០០០​រៀល​តែប៉ុណ្ណោះ ។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ លោក តាន់ សុផាន់ណារ៉ា បាន​អះអាង​ថា កម្ពុជា​អាច​នឹង​លែង​ពឹងផ្អែក​ការ​នាំចូល​ទាំងស្រុង ក្នុង​រយៈពេល ២ ឬ​៣​ឆ្នាំ​ខាងមុខ ប្រសិនបើ​គ្មាន​ជួប​បញ្ហា​ជំងឺ​រាតត្បាត ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​សត្វ​ទេ​នោះ​។ លោក​អះអាង​ថា ក្រសួងកសិកម្ម​បាន បិទ​ការ​នាំចូល​សត្វ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​សហគមន៍​ចិញ្ចឹម​សត្វ និង​កន្លែង​ចិញ្ចឹម​សត្វ​ធំៗ អាច​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅ​ខែ​ក្នុង​ខែត្រ​នេះ​ទាំងមូល​បាន ហើយ​ខេត្ត​ព្រះសីហនុ មាន​តម្រូវការ​នាំចូល​ជ្រូក ១៤០​ក្បាល​ក្នុង​១​ថ្ងៃ។

លោក តាន់ សុផាន់ណារ៉ា បាន​បង្ហាញ​របាយការណ៍​ថា បន្ទាប់ពី​ក្រសួង​ដាក់​វិធានការ​រឹត​បន្តឹង​ការ​នាំ​ចូល​មក​ឃើញ​ថា ចំនួន​មេ​ជ្រូក​ពូជ និង​កូនជ្រូក​ពូជ​ដែល​បាន​នាំចូល​ក្នុង​ឆ្នាំ​២០១៩ មេ​ជ្រូក​ពូជ​មាន​ត្រឹមតែ​៧.០០០​ក្បាល​។ ចំណែក​ការ​នាំ​ចូល​កូនជ្រូក​ពូជ​មាន​ប្រហែលជា ២​ម៉ឺន​ក្បាល​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២០​នេះ​វិញ ការ​នាំ​ចូល​មេ​ជ្រូក​ពូជ ចំនួន​ប្រមាណ ៥.០០០​ក្បាល ហើយ​ការ​នាំចូល​កូនជ្រូក​ពូជ យក​មក​ចិញ្ចឹម​មាន ៦​ម៉ឺន​ក្បាល។

លោក​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​ផ្គត់ផ្គង់​ទីផ្សារ​ជ្រូក​ក្នុងស្រុក​ប្រមាណ​៨២​ភាគរយ តម្រូវការ​នាំចូល​មានតែ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ។ សត្វ​ជ្រូក​ដែល​កំពុង​ចិញ្ចឹម​ទាំងអស់​នៅ​កម្ពុជា មាន​ប្រមាណ ២​លាន ៣​សែន​ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។