រដ្ឋាភិបាលសម្រេចឱ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា ជីម៉ាក(GMAC) ផលិត និងនាំចេញនូវ ផលិតផលម៉ាស់គ្រប់ប្រភេទ សម្ភារៈពេទ្យ និងសំលៀកបំពាក់សម្រាប់ការពារជំងឺឆ្លងហៅកាត់ជាភាសាអង់គ្លេសថា ភីភីអ៊ី(Personal Protective Equipment)។
លិខិតអនុញ្ញាតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៣ ខែឧសភា បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យរោងចក្រកាត់ដេរនៅកម្ពុជាចូលរួមផលិតម៉ាសគ្រប់ប្រភេទ សម្ភារៈការពារជំងឺឆ្លងនេះ សម្រាប់ផ្គត់ផ្គង់ទាំងតម្រូវការក្នុងស្រុក និងបម្រើឱ្យការនាំចេញ នៅពេលដែលទាំងកម្ពុជា និងសកលលោកកំពុងមានតម្រូវការ។
ការសម្រេចនេះគឺជាការឆ្លើយតបនឹងសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានដាក់ទៅរដ្ឋាភិបាលកាលពីចុងខែមេសា។
មកដល់ពេលនេះមានរោងចក្រកាត់ដេរចំនួន ១៨០ បានព្យួរការងារបណ្ដោះអាសន្ន ដោយសារការបញ្ជាទិញពីបណ្ដាប្រទេស ដែលមានទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបធ្លាក់ចុះយ៉ាងគំហុក និងមានរោចចក្រចំនួន ៦០ទៀត អាចនឹងព្យួរការងារដែរ ដែលនឹងធ្វើឱ្យប៉ះពាល់កម្មករប្រមាណ២សែន នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។