អ្នក​វិភាគ​ថា កំណើន​អ្នក​វិនិយោគ​ចិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់​តែ​រឹតត្បិត​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2024.11.28
អ្នក​វិភាគ​ថា កំណើន​អ្នក​វិនិយោគ​ចិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់​តែ​រឹតត្បិត​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួប​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាវិមានសន្តិភាព កាលពីថ្ងៃទី២២ មេសា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អះអាង​ថា ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ ​អ្នក​វិនិយោគ​បរទេស​ដែល​ចូល​មក​រកស៊ី​នៅ​កម្ពុជា គឺ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ យល់​ថា​វត្តមាន​របស់​អ្នក​វិនិយោគ​ចិន​ នៅ​កម្ពុជា​កាន់​តែ​ច្រើន​មិនមែន​ជា​មោទនភាព​ទេ ​គឺ​នឹង​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ប្រឈម​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​បាត់បង់​ធនធាន​ធម្មជាតិ ​ការ​រឹតត្បិត​សេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​វិញ។

អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ ​សំអាន យល់​ថា ការ​ដែល​កម្ពុជា​មាន​តែ​អ្នក​វិនិយោគ​ចិន​មក​រកស៊ី​ច្រើន​ ហើយ​មិនសូវ​មាន​អ្នក​វិនិយោគ​ពី​ប្រទេស​សេរី​ផ្សេងៗ​នោះ ​មិនមែន​ជា​រឿង​ដែល​គួរ​ឱ្យ​មោទនភាព​ឡើយ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ថ្វីត្បិត​តែ​អ្នក​វិនិយោគ​ចិន​ចូល​មក​រកស៊ី​បាន​ផ្ដល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​ពលរដ្ឋ​កម្ពុជា​ខ្លះៗ​ក៏​វា​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​កាន់​អំណាច​ដោយ​គ្រួសារ​ត្រកូល​​ហ៊ុន​កំពុង​តែ​គំរាមកំហែង​ដល់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ដែរ។

លោក អ៊ុំ សំអាន៖ «នៅ​ពេល​ដែល​កម្ពុជា​ពឹងផ្អែក​តែ​លើ​ចិន​ គឺ​កម្ពុជា​ប្រាកដ​ជា​ដើរ​ខុស​ពី​គន្លង​ប្រជាធិបតេយ្យ​កាន់​អំណាច​ផ្ដាច់ការ​ រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ​ពីព្រោះ​ចិន​គឺ​អត់​ខ្វល់​​​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ការ​សម្លាប់​ប្រជាធិបតេយ្យ​​អ្វី​នោះ​ទេ។ ចិន​ជា​ប្រទេស​កុម្មុយនីស្ត ​ដែល​ចូល​មក​វិនិយោគ ​គឺ​វា​មិន​ដូច​ជា​អ្នក​វិនិយោគ​មក​ពី​ប្រទេស​លោក​ខាង​លិច​ទេ។ ​ក្រុមហ៊ុន​របស់​ប្រទេស​សេរី ​ពេល​ដែល​គេ​មក​វិនិយោគ​នៅ​កម្ពុជា​គឺ​គេ​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​​ងាក​មក​រក​ផ្លូវ​ប្រជាធិបតេយ្យ​​និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ»

ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ដូច​នេះ​ បន្ទាប់​ពី​មន្ត្រី​ស្ថានទូត​ចិន​បង្ហាញ​មោទនភាព ​អំពី​ចំនួន​អ្នក​វិនិយោគ​ចិន​ច្រើន​ជាង​គេ​ កំពុង​រកស៊ី​នៅ​កម្ពុជា។

ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ អ្នកស្រី ចុង ជី (Zhong Jie) បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​​មួយ​ឈ្មោះ​យេនមីនប៊ី ឃ្លារីង ហៅស៍ (Renminbi Clearing House) កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា​ ប្រទេស​ចិន​គឺ​ជា​ប្រភព​នៃ​ការ​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ជាប់ៗ​គ្នា។ អ្នកស្រី ចុង ជី បញ្ជាក់​ទៀត​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា​ឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ចិន​មាន​ទំហំ​ទឹក​ប្រាក់​ជាង ១៤ (១៤,៤) ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង​១៩​ ភាគ​រយ​បើ​ប្រៀប​ធៀប​និង​​ឆ្នាំ​មុន។ បន្ថែម​លើ​នេះ​ ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ​នេះ សហគ្រាស​ចិន​ជា​ច្រើន​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​សារ​សំខាន់​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ ​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និង​អនុ​ប្រធាន​ទី​១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ស៊ុន ចាន់ថុល បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ។

ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សុខ ឥសាន យល់​ថា វត្តមាន​អ្នក​វិនិយោគ​ចិន​​ក្នុង​ពេល​បច្ចុប្បន្ន ​ពិត​ជា​មាន​សារ​សំខាន់​ណាស់ ដោយ​បង្កើត​ឱ្យ​មាន​ជា​រោងចក្រ ​សហគ្រាស​និង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ជា​ច្រើន ក្នុង​ពេល​ដែល​អ្នក​វិនិយោគ​ពី​ប្រទេស​ផ្សេងៗ​មិនសូវ​មក​រកស៊ី​នៅ​កម្ពុជា។

លោក សុខ ឥសាន បញ្ជាក់​ទៀត​ថា ថ្វីត្បិត​តែ​ពេល​នេះ​ អ្នក​វិនិយោគ​ចិន​មាន​ចំនួន​ច្រើន​ក៏​កម្ពុជា​នៅ​តែ​ស្វាគមន៍​គ្រប់​អ្នក​វិនិយោគ​ថ្មីៗ​មក​ពី​ប្រទេស​ផ្សេងៗ។

លោក សុខ ឥសាន៖ «នយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល​កម្ពុជា​ បើក​ទូលាយ​ឱ្យ​អ្នក​វិនិយោគ​មក​ពី​គ្រប់​ប្រទេស​ទាំង​អស់​ ជា​ពិសេស​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ កម្ពុជា​មិន​បាន​បើក​ចំហ​ឱ្យ​តែ​ប្រទេស​មួយ​វិនិយោគ​ហើយ​រារាំង​ប្រទេស​ផ្សេង​ទៀត​ទេ។ ប្រទេស​លោក​សេរី​ ដូច​ជា​សហរដ្ឋ​​អាមេរិក ​បារាំង​ អង់គ្លេស​ជា​ដើម ​ប្រសិន​បើ​ចង់​មក​វិនិយោគ​រកស៊ី​នៅ​កម្ពុជា ​គឺ​កម្ពុជា​នៅ​តែ​ស្វាគមន៍ ​ក៏​ប៉ុន្តែ​ប្រទេស​ដែល​ចូល​មក​វិនិយោគ​ទាំង​នោះ ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​វិនិយោគ​របស់​​កម្ពុជា​ដូចៗ​គ្នា»។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បង្ហាញ​ថា គិត​ត្រឹម​ខែ​តុលា​ឆ្នាំ​២០២៤ ក្នុង​ចំណោម​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ជាង ២​ពាន់ ៣​រយ​(២.៣២៦) នៅ​កម្ពុជា គឺ​រោងចក្រ​ជិត ១​ពាន់ ៣​រយ (១.២៧៣) ជា​របស់​ថៅកែ​ចិន។

ចំពោះ​ការ​វិនិយោគ​វិញ ចិន​បាន​នាំមុខ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៩ (៩.០៨៦) ពាន់​លាន​ដុល្លារ​អាមេរិក ​ស្មើ​ជិត ៥០ (៤៥,៤៩) ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​របស់​កម្ពុជា។

ចំណែក​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ​ស៊ុន ចាន់ថុល ធ្លាប់​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​អគារ​ខុនដូ​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ ​កាល​ពី​អំឡុង​ខែ​សីហា ថា រយៈពេល​១២​ខែ របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៣៩១គម្រោង​ ដែល​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ៣៤​ម៉ឺន​កន្លែង។

ទោះបីជា​យ៉ាង​នេះ​ក្តី  អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ យល់​ថា​ កំណើន​នៃ​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា​ មិន​ត្រឹម​តែ​មិន​បាន​ផល​ប្រយោជន៍​ធំដុំ ដល់​ពលរដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​បង្កើត​ឱ្យ​សង្គម​កម្ពុជា​ព្រួយ​បារម្ភ​លើ​បញ្ហា​ជា​ច្រើន។

លោក​ថា កំណើន​នៃ​អ្នក​វិនិយោគ​ចិន​បាន​បង្កើត​ឱ្យ​មាន​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ មាន​ការ​រំលោភ​សិទ្ធិ​កម្មករ​ ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​វ័ណ្ឌក និង​បំណុល​បរទេស​ព្រម​ទាំង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​មាន​ការ​ភ័យខ្លាច និង​មាន​ឈ្មោះ​អាក្រក់​ផង។

លោក គឹម សុខ៖ «នៅ​ពេល​ដែល​ចិន​មាន​កំណើន​វិនិយោគ​នៅ​កម្ពុជា ​គឺ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ​ពីព្រោះ​ខ្ញុំ​ឃើញ​ថា ជំនួញ​វិនិយោគ​របស់​ចិន​កាន់​តែ​កើន កម្ពុជា​ក៏​កាន់​តែ​មាន​វិបត្តិ។​ វិបត្តិ​ទាំង​នោះ ​មាន​ដូចជា វិបត្តិ​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ វិបត្តិ​បំផ្លាញ​ព្រៃឈើ​ វិបត្តិ​ជីក​យក​រ៉ែ​ធម្មជាតិ ​ អំពើ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ជួញ​ដូរ​គ្រឿង​ស្រវឹង​ រហូត​ដល់​វិបត្តិ​ប្រជាធិបតេយ្យ​និង​អយុត្តិធម៌​សង្គម​ជា​ទូទៅ​តែម្ដង។ វិបត្តិ​ទាំងអស់​ហ្នឹង​ហើយ នាំ​មក​នូវ​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​សង្គម​កម្ពុជា»។

កាល​ពី​ដើម​ខែ​វិច្ឆិកា កម្មករ​ខ្លះ​ដែល​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ស្បែកជើង​ស៊ូព្រី មៀរ (Shoe Primer Cambodia) ក្នុង​សង្កាត់​ទួលសង្កែ រាជធានី​ភ្នំពេញ ធ្លាប់​ត្អូញត្អែរ​ជុំវិញ​បញ្ហា​ថៅកែ​ជនជាតិ​ចិន​ រំលោភ​សិទ្ធិ​ដោយ​បង្ខំ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​នាំ​ចេញ​លើស​ពី​សមត្ថភាព ​ខណៈដែល​ពួកគេ​ទទួល​បាន​ប្រាក់​ខែ​​ត្រឹម​ប្រមាណ ២៥០​ដុល្លារ​ក្នុង​១​ខែ។

សមាគម​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក (AAFA) និង​ក្រុមហ៊ុនVF Corporation ក៏​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ថៅកែ​បង្ខំ​ឱ្យ​កម្មករ​នៅ​តាម​រោងចក្រ ​បង្កើន​ការ​ផលិត​ទំនិញ​នាំចេញ​ហួស​ពី​សមត្ថភាព​កម្មករ​នេះ​ដែរ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០២៤ ​សមាគម​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក​​​​​ធ្លាប់​ជំរុញ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​កិច្ចសន្យា ជួល​ផលិត​បន្ត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ វាយនភណ្ឌ និង​ស្បែកជើង​របស់​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ថៅកែ​បង្ខំ​​កម្មករ​នៅ​តាម​រោងចក្រ​ឱ្យ​​​បង្កើន​ការ​ផលិត​ទំនិញ​នាំ​ចេញ​ហួស​ពី​សមត្ថភាព​​​នេះ​​​ម្ដង​មក​ហើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។